អ្នកជំនាញ៖ ហិង្សា​លើកុមារ​ជា​ទម្លាប់​ដែល​ត្រូវកែប្រែ​ក្នុង​​សង្គម​ខ្មែរ

អ្នកជំនាញ៖ ហិង្សា​លើកុមារ​ជា​ទម្លាប់​ដែល​ត្រូវកែប្រែ​ក្នុង​​សង្គម​ខ្មែរ

កុមារនិងមនុស្សចាស់ (រូបភាពដោយលោក ទេព សូនី)

របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​យូនីសេហ្វ​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​មាន​កុមារ​កំព្រា​និង​កុមារ​រងគ្រោះ​ប្រហែល​ជា​១,៥​លាន​នាក់។ មួយ​ចំនួន​នៃ​កុមារ​ទាំង​នេះ​គឺ​ជា​ជន​រងគ្រោះ​ដោយ​ការ​បង្ខំ​ឱ្យ​ធ្វើការ​និង​ការ​ជួញ​ដូរ ហើយ​មួយ​ចំនួន​ទៀត​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ឬ​ការ​រំលោភ​បំពាន។

ការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ​២០១៣​នេះ​បង្ហាញ​ថា អំពើ​ហិង្សា​លើ​កុមារ​ផ្នែក​រាង​កាយ ផ្លូវ​ភេទ និង​ផ្លូវ​ចិត្ត​មាន​កម្រិត​ខ្ពស់។

គោល​នយោបាយ​ស្ដី​ពី​កិច្ច​ការពារ​កុមារ​នៅ​សាលារៀន​ត្រូវ​បាន​រៀបចំ​ឡើង​កាល​ពី​ឆ្នាំ​២០១៦។ គោល​នយោបាយ​និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោល​នយោបាយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​និង​ដាក់​ឱ្យ​អនុវត្ត​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​អង្គការ​ដៃគូ​ពាក់ព័ន្ធ។

លោក ចាន់ សុភា ប្រធាន​នាយកដ្ឋាន​បឋម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លើក​ឡើង​ថា គោល​នយោបាយ​ការពារ​កុមារ​នៅ​តាម​សាលារៀន​នេះ​មាន​បំណង​បញ្ឈប់​រាល់​អំពើ​ហិង្សា​គ្រប់​រូបភាព​នៅ​តាម​សាលា​រដ្ឋ​និង​ឯកជន។ លោក​បន្ថែម​ថា អំពើ​ហិង្សា​លើ​កុមារ​គឺ​ជា​បញ្ហា​សិទ្ធិ​មនុស្ស សង្គម និង​សុខភាព​សាធារណៈ​មួយ​ដ៏​ធ្ងន់ធ្ងរ​នៅ​បណ្តា​ប្រទេស​លើ​សកលលោក ហើយ​ផលវិបាក​នៃ​អំពើ​ហិង្សា​នេះ​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​សង្គម​ជាតិ​ទាំង​មូល។  

លោក​មាន​ប្រសាសន៍៖ «អំពើ​ហិង្សា​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នូវ​គ្រឹះ​ដ៏​រឹងមាំ ដែល​កុមារ​ត្រូវ​ការ​ដើម្បី​រស់រាន​មាន​ជីវិត ប្រកប​ដោយ​សុខុមាលភាព​និង​ផលិតភាព​ខ្ពស់ ព្រម​ទាំង​ធ្វើ​ឱ្យ​មាន​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ ក្នុង​ការ​ទទួល​បាន​សុខុមាលភាព​ប្រកប​ដោយ​សុវត្ថិភាព»

នៅ​ឆ្នាំ​១៩៩២ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ ព្រម​ទាំង​អនុសញ្ញា​អន្តរជាតិ​១៨​ផ្សេង​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិ​កុមារ។ បន្ថែម​ពី​នេះ មាត្រា​៤៨​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​បាន​ទទួល​ស្គាល់​សិទ្ធិ​កុមារ ជាពិសេស​សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​ទទួល​បាន​ការ​អប់រំ​និង​សេរីភាព​រួច​ផុត​ពី​ការ​កេង​ប្រវ័ញ្ច​ផ្នែក​សេដ្ឋកិច្ច​ឬ​ផ្លូវ​ភេទ។ លើស​ពី​នេះ រដ្ឋាភិបាល​ក៏​បាន​បង្កើត​យន្តការ​និង​យុទ្ធសាស្ត្រ​ជា​ច្រើន ដើម្បី​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ការពារ​កុមារ​នៅ​កម្ពុជា។

បើ​ទោះ​ជា​មាន​គោល​នយោបាយ​និង​ការ​លើក​ទឹក​ចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ​រាល់​គ្រប់​រូបភាព ទោះ​ក្នុង​ទម្រង់​តិច​តួច​ក្តី​ក៏​អ្នក​ជំនាញ​មើល​ឃើញ​ថា វប្បធម៌​ប្រើ​អំពើ​ហិង្សា មិន​ថា​ក្នុង​គ្រួសារ និង​នៅ​តាម​សាលារៀន​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា។

លោកស្រី ជា លីដា ប្រធានយុទ្ធនាការបញ្ឈប់អំពើហិង្សាលើកុមារនៅសាលារៀននិងនៅតាមផ្ទះនៃអង្គការទស្សនពិភពលោកកម្ពុជា
លោកស្រី ជា លីដា ប្រធានយុទ្ធនាការបញ្ឈប់អំពើហិង្សាលើកុមារនៅសាលារៀននិងនៅតាមផ្ទះនៃអង្គការទស្សនពិភពលោកកម្ពុជា

ប្រធាន​យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​នៅ​សាលារៀន​និង​នៅ​តាម​ផ្ទះ​នៃ​អង្គការ​ទស្សន​ពិភពលោក​កម្ពុជា លោកស្រី ជា លីដា លើក​ឡើង​ថា ការ​ចាក់​ឫស​នេះ​នាំ​ឱ្យ​អាណាព្យាបាល​ឬ​លោកគ្រូ​អ្នកគ្រូ​គិត​ថា ការ​ប្រើប្រាស់​ហិង្សា​គឺ​ជា​ការ​អប់រំ​ប្រៀន​ប្រដៅ​លើ​កុមារ ដើម្បី​ឱ្យ​ពួកគេ​មាន​ទម្លាប់​ល្អ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ដូចជា​ការ​វ៉ៃ ការ​ស្តី​បន្ទោស គឺ​ដើម្បី​បំណង​ឱ្យ​គាត់​កែប្រែ​អាកប្បកិរិយា ហើយ​រៀន​សូត្រ​ឱ្យ​បាន​ល្អ​ប្រសើ​ជាង​ហ្នឹង។ អ៊ីចឹង​រាល់​ទង្វើ​ទាំងអស់​ហ្នឹង​ត្រូវ​បាន​ទទួល​ស្គាល់​ថា មិន​មែន​ជា​អំពើ​ហិង្សា​ទេ ចឹង​នៅ​មាន​ការ​ទទួល​យក​ទម្រង់​មួយ​ចំនួន​នៃ​អំពើ​ហិង្សា​ដែល​គិត​ថា ជា​វិធីសាស្ត្រ​នៃ​ការ​បង្រៀន​កុមារ។ ប៉ុន្តែ​យើង​ដឹង​ស្រាប់​ហើយ មាន​ការ​ស្រាវជ្រាវ បែប​វិទ្យាសាស្ត្រ​បញ្ជាក់​ថា ការ​វាយ​ជេរ​ស្តី​អី​ជា​ដើម អត់​បាន​ជួយ​ឱ្យ​កុមារ​រៀន​សូត្រ​បាន​ល្អ​ទេ តែ​បែប​ជា​ផ្តល់​ផល​ប៉ះពាល់​ជា​ច្រើន»

លោកស្រី ជា លីដា បន្ត​ថា អំពើ​ហិង្សា​លើ​កុមារ ដែល​ក្លាយ​ជា​ទម្លាប់​នោះ​គឺ​បង្ហាញ​ចេញ​ពី​ការ​ប្រើប្រាស់​ហិង្សា​បែប​ស្រាលៗ។ លោកស្រី​បញ្ជាក់​ថា រូបភាព​នេះ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កុមារ។

សៀវភៅ​គោល​នយោបាយ​ស្តី​ពី​កិច្ច​ការពារ​កុមារ​នៅ​សាលារៀន​របស់​ក្រសួង​អប់រំ បោះពុម្ព​ឆ្នាំ​២០១៦ បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ភាគ​ធំ​ជា​កុមារ​ដោយ​ក្នុង​នោះ​៣៥% មាន​អាយុ​តិច​ជាង​១៥​ឆ្នាំ។ សៀវភៅ​ដដែល​នោះ​បញ្ជាក់​ថា កុមារ​ជាង​៥០​ភាគរយ​ទទួល​រង​អំពើ​ហិង្សា​ផ្នែក​រាងកាយ ២៥​ភាគរយ​ទទួល​រង​ការ​រំលោភ​បំពាន​ផ្លូវ​ចិត្ត និង​៥​ភាគរយ​ទទួល​រង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ។

សៀវភៅ​គោល​នយោបាយ​ដដែល​នេះ​ឱ្យ​ដឹង​ទៀត​ថា អំពើ​ហិង្សា​លើ​កុមារ​ផ្តល់​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​កុមារ​ពេញ​មួយ​ជីវិត​របស់​គេ។ បន្ថែម​ពី​លើ​នេះ ផល​ប៉ះពាល់​រយៈពេល​ខ្លី​ដូច​ជា​រង​របួស​រាងកាយ​និង​ផ្លូវ​ចិត្ត ខណៈ​ការ​ធ្លាប់​រង​នូវ​អំពើ​ហិង្សា​តាំង​ពី​ក្មេង​វ័យ​នៅ​កុមារ ជា​កត្តា​មួយ​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​ពេញវ័យ​ដែល​មាន​បញ្ហា​មួយ​ចំនួន​ខាង​អាកប្បកិរិយា​និង​ផ្លូវ​ចិត្ត។

ដោយសារ​តែ​ការ​ប្រើ​ហិង្សា​លើ​កុមារ​ផ្តល់​ផល​ប៉ះពាល់​ដូច្នេះ​ហើយ ទើប​ទាមទារ​នូវ​ការ​អប់រំ និង​ការ​មើល​ថែទាំ​កុមារ​ដោយ​យក​ចិត្ត​ទុក​ដាក់។

លោកស្រី អ៊ីន កល្យាណ មន្ត្រីជំនាញកិច្ចគាំពារកុមារប្រចាំអង្គការ Child Fun Cambodia
លោកស្រី អ៊ីន កល្យាណ មន្ត្រីជំនាញកិច្ចគាំពារកុមារប្រចាំអង្គការ Child Fun Cambodia

លោកស្រី អ៊ីន កល្យាណ មន្ត្រី​ជំនាញ​កិច្ច​គាំពារ​កុមារ​ប្រចាំ​អង្គការ Child Fun Cambodia ពន្យល់​ពី​របៀប​ថែរក្សា​កុមារ​តាម​បែប​វិជ្ជមាន​យ៉ាង​ដូច្នេះ៖ «ភាគ​ច្រើន​យើង​អត់​សូវ​បាន​ពន្យល់ ផ្តល់​ការ​ណែនាំ​កូន​ហ្នឹង​ឱ្យ​បាន​ត្រឹមត្រូវ។ ឧទាហរណ៍​ថា របៀប​ញុំា​បាយ​ចឹង ដោយ​យើង​អត់​បាន​បង្ហាញ​ប្រាប់​គាត់​ថា​តើ​ការ​ញុំា​បាយ​ដែល​ត្រឹមត្រូវ មាន​របៀប​ម៉េច។ អ៊ីចឹង​យើង​ច្រើន​តែ​ឱ្យ​កូន​ហ្នឹង​ញុំា​ដោយ​ឯងៗ ដល់​ពេល​ការ​ញុំា​របស់​គាត់ មិន​មាន​សណ្តាប់ធ្នាប់ យើង​ចាប់​ផ្តើម​ប្រើ (ហិង្សា) ដោយ​ការ​ដាក់​ពិន័យ​អវិជ្ជមាន ដូចជា​ការ​ស្តី​ឱ្យ​វ៉ៃ​អ៊ីចឹង»។

ជាមួយ​នឹង​ការ​ណែនាំ​នេះ លោកស្រី​បញ្ជាក់​ថា ការ​ប្រើ​អំពើ​ហិង្សា​ឬ​ការ​អប់រំ​កូន​តាម​បែប​អវិជ្ជមាន​ក៏​ព្រោះ​តែ​អាណា​ព្យាបាល​និង​លោកគ្រូ​អ្នកគ្រូ​ទាំង​នោះ ខ្វះ​ចំណេះដឹង ដោយ​បូក​រួម​នឹង​កត្តា​ជីវភាព​ជា​ដើម។ លោកស្រី​បន្ត​ថា បើ​ចង់​ងាក​មក​អប់រំ​កុមារ​តាម​បែប​វិជ្ជមាន​វិញ គឺ​ទាមទារ​ការ​ប្រើប្រាស់​ពេល​វេលា និង​ការ​អត់ធ្មត់ ក្នុង​នាម​ជា​អ្នក​អាណា​ព្យាបាល​និង​លោកគ្រូ​អ្នកគ្រូ ដែល​តម្រូវ​ឱ្យ​មាន​ការ​អប់រំ​តាម​បែប​វិទ្យាសាស្ត្រ ដើម្បី​បណ្តុះ​វប្បធម៌​អប់រំ​ក្មេង​ដែល​ទទួល​បាន​ប្រសិទ្ធភាព​ជៀសវាង​ការ​ប្រើ​ហិង្សា។

ដូចនេះ ក្នុង​នាម​ជា​អ្នក​ជំនាញ​គាំពារ​កុមារ និង​ជា​អាណា​ព្យាបាល​ម្នាក់ លោកស្រី​សំណូមពរ​ដល់​អាណា​ព្យាបាល និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ គួរ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា ទោះ​ក្នុង​ទម្រង់​តិច​តួច​ក្តី​ទៅ​លើ​កុមារ ហើយ​ចូលរួម​ប្រើប្រាស់​វិធី​អប់រំ​កុមារ​តាម​បែប​វិជ្ជមាន ដើម្បី​ឱ្យ​ពួកគេ​ក្លាយ​ជា​ធនធាន​មនុស្ស​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​ចេរភាព៕

ចែករំលែកតាម៖