ទ្រសោតូចមានប្រជាប្រិយភាពខណៈប្រភេទទ្រផ្សេងៗទៀតមិនមានសិស្សរៀន

ទ្រសោតូចមានប្រជាប្រិយភាពខណៈប្រភេទទ្រផ្សេងៗទៀតមិនមានសិស្សរៀន

សិល្បករកំពុងកូតទ្រ

ដៃ​ម្ខាង​កាន់​ដង​ទ្រ​ភ្ជាប់​ជាមួយ​ម្រាម​ដៃ​សង្កត់​ខ្សែ​ទ្រ ដៃ​ម្ខាង​កាន់​ឆាក​សម្រាប់​កូត លោក ទុយ សុវណ្ណារ៉ា កំពុង​កូត​ទ្រ​ចេញ​ជា​បទឈ្មោះ​បទ​ភ្លេង​ការ​យ៉ាង​ពីរោះ​រណ្ដំ។

លោក ទុយ សុវណ្ណារ៉ា ជា​អនុប្រធាន​សាលា​ភ្លេង​នៅ​សាលា​មធ្យម​សិក្សា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ឯកទេស​ទ្រ។ លោក​ឱ្យ​ដឹង​ថា ទ្រ​ដែល​លោក​កំពុង​តែ​កូត​នេះ​គឺ​ជា​ទ្រ​សោ​តូច។ ទ្រ​សោ​តូច​នេះ​មាន​សំឡេង​ខ្ពស់​ជាង​ប្រភេទ​ទ្រ​ផ្សេងៗ​ទៀត​របស់​ខ្មែរ។

លោក ទុយ សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា៖ «ចេញ​ក្បាល​ឱ្យ​គេ​ចូល​ច្រៀង ហ្នឹង​ជា​មេ​គេ​ក្នុង​វង់​ភ្លេង​ការ។ បើ​ក្នុង​[វង់​ភ្លេង]​មហោរី​វិញ​ចេញ​ក្រោយ​គេ រនាថ​ចេញ​មុន ឬ​អ្នក​ចំរៀង​ចេញ​មុន។  បើ​ទ្រ​នេះ​[ទ្រ​សោ​តូច]​វិញ​ដើរ​តួរ​ឯក​គេ លេង​ខុស​គ្នា តួនាទី​ខុស​គ្នា ទ្រអ៊ូ​លេង​ណោត​ផ្សេង គឺ​ដូ​សុល(ទ្រ​អ៊ូ) ស៊ុល​រ៉េ​(ទ្រ​សោ​តូច)។ [ទ្រ​សោ​តូច] លេង​ញឹក​បន្តិច​ទៅ ដល់​ពេល​ទ្រអ៊ូ​ទ្រឆេ​វិញ កូត​មួយៗ កាត់ៗ បើ ​[ទ្រ​សោ​តូច] នេះ ចិញ្រ្ចាំ​យកៗ ជា​ផ្លូវ​ យក​ពីរោះ​តែ​ម្តង»

អនុប្រធាន​សាលា​ភ្លេង​វ័យ​ជាង​៥០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ក្នុង​ចំណោម​ទ្រ​ទាំងអស់​មាន​តែ​ទ្រ​សោ​តូច​នេះ​ទេ​ដែល​មាន​ប្រជាប្រិយ មាន​សិស្ស​រៀន​ចាប់​យក​ជា​អាជីព ដោយ​ឡែក​ទ្រ​ផ្សេងៗ​ទៀត​មិន​មាន​នោះ​ទេ។ លោក​ថា ទ្រ​ផ្សេងៗ​ទៀត​ក្រៅ​ពី​ទ្រ​សោ​តូច​និង​ទ្រ​អ៊ូ​ហាក់​មិន​មាន​អ្នក​រៀន​នោះ​ទេ។

លោក ទុយ សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា៖ «ទ្រ​សោ​[តូច]​នេះ មាន​ទីផ្សារ​ជាង​គេ នៅ​តាម​រោង​ការ ទ្រអ៊ូ​ដូច​មិន​សូវ​មាន​កូន​សិស្ស​ទេ​១០​នាក់ មានម្នា​ក់​ឬ​២​នាក់​អស់​ហើយ ព្រោះ​មិន​ទីផ្សារ​នោះ​ទេ។ ទាល់​តែ​មាន​គេ​លេង​វង់​ធំ​ទើប​មាន​ទ្រ​អ៊ូ ។ វង់​ធំ​ចាប់​ពី​១០​នាក់​ចុះ​មក ត្រឹម​៤​ទៅ​៥​នាក់​ដូច​លេង​ភ្លេង​ការ​រាល់​ដង ​លេង​ត្រឹម​ទ្រ​សោ​តូច តាខេ ឃឹម ប៉ុនហ្នឹង ទ្រអ៊ូ​អត់​មាន​ទេ»

លោក ទុយ សុវណ្ណារ៉ា ជា​អនុប្រធាន​សាលា​ភ្លេង​នៅ​សាលា​មធ្យម​សិក្សា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ឯកទេស​ទ្រ
លោក ទុយ សុវណ្ណារ៉ា ជា​អនុប្រធាន​សាលា​ភ្លេង​នៅ​សាលា​មធ្យម​សិក្សា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ឯកទេស​ទ្រ

សៀវភៅ​ឧបករណ៍​តន្រ្តី​បុរាណ​កម្ពុជា​បោះ​ពុម្ព​ដោយ​អង្គការ​អប់រំ​វិទ្យាសាស្រ្ត​និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ UNESCO ជា​លើក​ទី​២ ឆ្នាំ​២០០៣ បាន​ចង​ក្រង​ឯកសារ​ទាក់​ទង​នឹង​ប្រភេទ​ទ្រ​ខ្មែរ​ចំនួន​៦​ប្រភេទ​រួម​មាន ទ្រ​សោ​ធំ ទ្រ​សោ​តូច ទ្រ​អ៊ូ ទ្រ​អ៊ូ​ចំហៀង ទ្រ​ឆេ និង​ទ្រ​ខ្មែរ។

យោង​តាម​សៀវភៅ​នេះ ទ្រ​សោ​តូច​គឺ​ជា​ឧបករណ៍​គ្រឿង​ខ្សែ​កូត​មួយ​ប្រភេទ​តូច​ជាង​ទ្រ​សោ​ធំ ដែល​ប្រជាជន​ខ្មែរ​តែង​តែ​ប្រគំ​នៅ​ក្នុង​វង់​ភ្លេង​មហោរី។ ជួន​កាល​គេ​យក​ទ្រ​សោ​តូច​នេះ​ទៅ​ប្រគំ​លេង​នៅ​ក្នុង​វង់​ភ្លេង​ការ​សម័យ​បច្ចុប្បន្ន​និង​វង់​ភ្លេង​អាយ៉ៃ​ផង​ដែរ ដោយ​គ្រាន់​តែ​បន្ធូរ​ខ្សែ​ឱ្យ​ធូរ​ជាង​សំនៀង​ដែល​ប្រគំ​នៅ​ក្នុង​វង់​ភ្លេង​មហោរី។

សៀវភៅ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ទ្រ​សោ​ធំ​គឺ​ជា​ឧបករណ៍​គ្រឿង​ភ្លេង​ខ្សែ​កូត​មួយ​ប្រភេទ​ធំ​ជាង​ទ្រ​សោ​តូច ដែល​ប្រជាជន​ខ្មែរ​តែង​តែ​ប្រ​គំ​ក្នុង​វង់​ភ្លេង​មហោរី ក្នុង​វង់​ភ្លេង​ការ​សម័យ​បច្ចុប្បន្ន និង​ក្នុង​វង់​ភ្លេង​អាយ៉ៃ។

ចំណែក​ទ្រ​អ៊ូ​គឺ​ជា​ប្រភេទ​ឧបករណ៍​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​យក​ទៅ​ប្រគំ​នៅ​ក្នុង​វង់​ភ្លេង​មហោរី និង​នៅ​ក្នុង​វង់​ភ្លេង​អាពាហ៍ពិពាហ៍​តាំង​ពី​សម័យ​លង្វែក​មក​ម្លេះ។ បច្ចុប្បន្ន​ឧបករណ៍​ទ្រ​អ៊ូ​ត្រូវ​បាន​តន្រ្តីករ យក​ទៅ​ប្រគំ​ក្នុង​វង់​ភ្លេង​មហោរី​ច្នៃ​និង​វង់​ភ្លេង​អាយ៉ៃ​ផង​ដែរ។

ទ្រ​អ៊ូ​ចំហៀង​គឺ​ជា​ឧបករណ៍​ខ្សែ​កូត​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​យក​ទៅ​ប្រគំ​ក្នុង​វង់​ភ្លេង​ល្ខោន​បាសាក់ និង​នៅ​ក្នុង​វង់​ភ្លេង​ល្ខោន​យីកេ​តាំង​ពី​ឆ្នាំ​១៩៣០​មក​ម្លេះ។ បច្ចុប្បន្ន​គេ​មិន​ដែល​យក​ទ្រ​អ៊ូ​ចំហៀង​នេះ​ទៅ​ប្រគំ​ក្នុង​វង់​ភ្លេង​ដទៃ​ឡើយ។

ទ្រ​ឆេ​គឺ​ជា​ឧបករណ៍​គ្រឿង​ខ្សែ​កូត​មួយ​ប្រភេទ​តូច​ជា​ឧបករណ៍​ទ្រ​ទាំងអស់ ដែល​ប្រជាជន​ខ្មែរ​តែង​តែ​ប្រគំ​ក្នុង​វង់​ភ្លេង​ល្ខោន​បាសាក់​ពី​ឆ្នាំ​១៩៣០​រហូត​មក​ដល់​បច្ចុប្បន្ន។

ទ្រ​ខ្មែរ​គឺ​ជា​ឧបករណ៍​មួយ​ក្នុង​ចំណោម​ឧបករណ៍​ឯ​ទៀត ដែល​ប្រជាជន​កម្ពុជា​ប្រគំ​ក្នុង​វង់​ភ្លេង​អារក្ស​ឬ​វង់​ភ្លេង​អាពាហ៍ពិពាហ៍។

ឧបករណ៍​ភ្លេង​នេះ​រស់នៅ​ជាប់​នឹង​ប្រជាជន​ផ្សារ​ភ្ជាប់​ជាមួយ​ជីវភាព​ប្រជាជន​តាំង​ពី​យូរ​ណាស់​មក​ហើយ។ វា​ជា​ឧបករណ៍​ដែល​មាន​សារៈសំខាន់​និង​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ទំនៀម​ទំលាប់​ប្រពៃណី របស់​ប្រជាជន​កម្ពុជា។

គ្រូ​ទ្រ​វ័យ​ជាង​៥០​ឆ្នាំ លោក ទុយ សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​រៀន​យក​ជំនាញ​ទ្រ​នេះ  ​ត្រូវ​ចំណាយ​ពេល​៩​ឆ្នាំ​ទើប​ទទួល​បាន​សញ្ញាបត្រ​បាក់​ឌុបផ្នែក​​ភ្លេងបុរាណ​នេះបាន។ លោក​បន្ថែម​ថា ភាគ​ច្រើន​នៃ​សិស្ស​ដែល​រៀន​ជំនាញ​នេះ​មាន​តែ​អ្នក​ដែល​មាន​ដុង​ចង់​រៀន​និង​អ្នក​ដែល​មាន​សាច់​ញាតិ​ជា​អ្នក​ភ្លេង​តែ​ប៉ុណ្ណោះ​ហើយ​សិស្ស​ចាប់​ផ្តើម​រៀន​ពី​អាយុ​៨​ឆ្នាំ​ឡើង​ទៅ។

លោក ទុយ សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា៖ «ដល់​ពេល​ចូល​ឆ្នាំ​ទី​១​សិស្ស​ត្រូវ​ហាត់​យក​កម្មវិធី​បទ​ដូចថា ១៥​បទ​ហាត់​ឱ្យ​បាន​ហ្នឹង​ផ្នែក​មហោរី ហើយ​ភ្លេង​ការ​ត្រូវ​ការ​ដៃ​ខ្លាំង​ជាង​ហ្នឹង ចូល​ដល់​៣​ទៅ​៤​ឆ្នាំ​ទៀត​ទើប​លេង​ភ្លេង​ការ​បាន»

យុវជន ប៊ុន ឆាត សិស្សសិក្សា​ជំនាញ​ទ្រ​សោ​តូច​
យុវជន ប៊ុន ឆាត សិស្សសិក្សា​ជំនាញ​ទ្រ​សោ​តូច​

យុវជន ប៊ុន ឆាត វ័យ​១៧​ឆ្នាំ មក​ពី​ស្រុក​កោះ​ដាច់​ ខេត្ត​កណ្តាល​ដែល​បាន​សិក្សា​ជំនាញ​ទ្រ​សោ​តូច​នេះ លើក​ឡើង​ថា រូប​គេ​បាន​មក​ចូល​រៀន​នៅ​ក្នុង​សាលា​មធ្យម​វិចិត្រ​សិល្បៈ​តាំង​ពី​អាយុ​៩​ឆ្នាំ​មក​ម្លេះ។ យុវជន​រូប​នេះ​បន្ថែម​ថា ឪពុក​ម្តាយ​របស់​គេ​មិន​មែន​ជា​អ្នក​លេង​ភ្លេង​នោះ​ទេ តែ​ពួក​គាត់​ស្រឡាញ់​ជំនាញ​នេះ​និង​ចង់​ឱ្យ​កូន​ចេះ​លេង​ភ្លេង​ខ្មែរ។

ប៊ុន ឆាត​ បន្ថែម​ថា បច្ចុប្បន្ន​គេ​បាន​យល់​ដឹង​ច្រើន​ពី​ឧបករណ៍​ទ្រ​នេះ​និង​មាន​ចិត្ត​ស្រឡាញ់​ភ្លេង​ទ្រ​កាន់​តែ​ខ្លាំង​ទៅ​ថ្ងៃ​អនាគត​គេ​ចង់​ក្លាយ​ជា​អ្នក​បង្កើត​ទំនុក​ភ្លេង​ទ្រ​ដោយ​ខ្លួន​ឯង ក្រៅ​តែ​ពី​បទ​ដែល​បន្សល់​ទុក​ពី​ដូនតា។

ប៊ុន ឆាត បន្ថែម​ថា៖ «ខ្ញុំ​ចង់​ឱ្យ​ទ្រ​នេះ​ទៅ​ថ្ងៃ​មុខ​ទៅ​ល្បី​ពេញ​ពិភពលោក! [ខ្ញុំ]​ចង់​បង្កើត​បទ​ភ្លេង [ខ្ញុំ]​ចង់​បង្កើត​អ្វីៗ​ដែល​ខ្លួន​មាន​យក​ទៅ​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ»

យ៉ាង​ណា​មិញ លោក ទុយ សុវណ្ណរ៉ា បន្ថែម​ថា ស្រប​ពេល​ដែល​មិន​មាន​សិស្ស​ចង់​រៀន​ជំនាញ​ទ្រ​ផ្សេង ក្រៅ​ពី​ទ្រ​សោ​តូច​នេះ ទ្រ​ផ្សេងៗ​អាច​នឹង​ត្រូវ​បាត់បង់​នៅ​លើ​ទីផ្សារ​តន្រ្តី ប្រសិន​បើ​មិន​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​អាច​ជួយ​លើក​ស្ទួយ​ឧបករណ៍​ទ្រ​ផ្សេងៗ​ទៀត​បាន តាមរយៈ​ការ​គាំទ្រ​ការ​ប្រគំ​តន្រ្តី​បុរាណ​ជា​លក្ខណៈ​ក្រុម​ភ្លេង​វង់​ធំ​ចាប់​ពី​១០​នាក់​ឡើង​ទៅ៕

ចែករំលែកតាម៖