មន្រ្តីថាការចរាចរផលិតផលក្លែងក្លាយបច្ចុប្បន្នមានលក្ខណៈទំនើប

មន្រ្តីថាការចរាចរផលិតផលក្លែងក្លាយបច្ចុប្បន្នមានលក្ខណៈទំនើប

មន្ត្រីកំពុងត្រួតពិនិត្យផលិតផលក្លែងក្លាយដែលត្រៀមនឹងកម្ទេចចោល

ផលិតផល​ក្លែងក្លាយ​ជាង​១០០តោន​ត្រូវ​បាន​កម្ទេច​ចោល​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ឬ​ហៅ​កាត់​ថា​ CCCC​ កាល​ពី​ដើម​ខែ​មេសា​ ឆ្នាំ​២០១៨​ នៅ​តំបន់​ជើងឯក​ ជាយ​រាជធានី​ភ្នំពេញ។​

ភាគ​ច្រើន​នៃ​ផលិតផល​ក្លែងក្លាយ​ទាំង​នេះ​គឺ​ជា​គ្រឿង​សម្អាង​ក្នុង​នោះ​មាន​ថ្នាំ​លាប​សក់​ អប់​សក់​ សាប៊ូ​លាង​មុខ​ កក់​សក់​ ម្សៅ​លាប​មុខ​ និង​ឡេ​ជា​ច្រើន​ប្រភេទ​ច្រើន​ទៀត។​

លោក​ មៀច​ សុផាន់ណា​ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​ ផលិតផល​ក្លែងក្លាយ​ទាំង​នេះ​អាច​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​បាន​ព្រោះ​ភិនភាគ​ឬ​ក៏​ទ្រង់​ទ្រាយ​របស់​វា​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​ផលិតផល​ពិត។​ រី​ឯ​ឈ្មួញ​ក៏​មាន​វិធីសាស្ត្រ​បែប​ទំនើប​ក្នុង​ការ​ចរាចរ​ផលិតផល​ទាំង​នេះ​នៅ​លើ​ទីផ្សារ​ ដើម្បី​បន្លំ​ភ្នែក​ពលរដ្ឋ​ផង​ដែរ។​

លោក​ មៀច​ សុផាន់ណា​ ពន្យល់​ថា៖​«មិនមែន​ចូល​ទីផ្សារ​កម្ពុជា​ភ្លាម​ទេ​គឺ​ត្រូវ​ដឹក​ចេញ។​ ផលិត​ហើយ​នៅ​ខេត្ត​កណ្តាល​ឬ​នៅ​ភ្នំពេញ​ ដឹក​ក្នុង​(រថយន្ត)​កុងតឺន័រ​យក​ឆ្លងដែន​ទៅ​ប្រទេស​ក្រៅ​សិន​ ហើយ​បាន​នាំ​ចូល​មក​វិញ។​ គឺ​ជា​របៀប​នាំ​ចូល​ថា​ ឆ្លង​កាត់​ប្រទេស​នានា​ ជិត​ខាង​យើង​ហ្នឹង​ដឹក​ឆ្លង​កាត់​មក​ពី​ជប៉ុន។​ (អ៊ី)ចឹង​គឺ​របៀប​របប​ដែល​គាត់​(ឈ្មួញ)​ធ្វើ​ហ្នឹង​គឺ​មាន​លក្ខណៈ​ទំនើប​ដែរ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​ជឿ​ថា​ អាច​នឹង​នាំ​ចូល​ពី​ក្រៅ​ប្រទេស»។​

លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ
លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ

កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ CCCC​ក៏​បាន​រឹប​អូស​និង​កម្ទេច​ផលិតផល​ក្លែងក្លាយ​ស្រដៀង​គ្នា​នេះ​ ជាង​៨០តោន​ ម្តង​រួច​មក​ហើយ។​ អ្នក​ជំនាញ​CCCC​ ក៏​រក​ឃើញ​ផង​ដែរ​ថា​ ឈ្មួញ​ខុស​ច្បាប់​ទាំង​នោះ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​បែប​ទំនើប​នេះ​ ដើម្បី​ចរាចរ​ផលិតផល​ក្លែងក្លាយ​លើ​ទីផ្សារ​កម្ពុជា។​

ស្រប​ពេល​ដែល​វិធីសាស្ត្រ​របស់​ឈ្មួញ​មាន​លក្ខណៈ​កាន់​តែ​ទំនើប​បែប​នេះ​ លោក​ឧបនាយករដ្ឋមន្ដ្រី​ ស​ ខេង​ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រួម​នឹង​ CCCC​ បន្ត​ខិតខំ​ទប់ស្កាត់​ចរាចរណ៍​ផលិតផល​ក្លែងក្លាយ​ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។​

លោក​ ស​ ខេង​ ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​ «(អ៊ី)ចឹង​បាន​យើង​ត្រូវ​រក​ស្អី​មួយ​ យន្តការ​ស្អី​មួយ​ មុន​នឹង​ផលិតផល​ទាំង​ឡាយ​ដាក់​ទៅ​លក់។​ យើង​មាន​មន្ទីរ​ពិសោធ​ តែ​គ្រប់គ្រាន់​សម្រាប់​ត្រួត​ពិនិត្យ​ ដើម្បី​ឱ្យ​អ្នក​យក​ទៅ​លក់​ហ្នឹង​បាន​លក់​ស្រប​ច្បាប់​ព្រោះ​ជួន​អី​គ្នា​អ្នក​លក់​ហ្នឹង​ក៏​មិន​ដឹង​ដែរ។​ យើង​បន្ទោស​គ្នា​ទាំងអស់​ក៏​មិន​បាន​ដែរ។​ អ្នក​លក់​បាន​បន្ត​ដៃ​ពី​ក្រុមហ៊ុន​មួយ​មក​ថា​របស់​ហ្នឹង​ពិត​ហើយ​ […]​ តែ​មេ​ខ្លោង​វា​នៅ​ក្រោយ​ឯណោះ​ទេ​ អ្នក​ហ្នឹង​បាន​ដឹង​ថា​ របស់​ហ្នឹង​ពិត​ឬ​មិន​ពិត។​ ហើយ​អ្នក​ទិញ​ក៏​ដូច​គ្នា​ទៀត​ គាត់​មិន​ដឹង​ទៅ​ទៀត»។​

ឯកសារ​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ CCCC​ បង្ហាញ​វិធីសាស្រ្ត​មួយ​ចំនួន​ដល់​ពលរដ្ឋ​ឱ្យ​ចេះ​ពិនិត្យ​ផលិតផល​ក្លែងក្លាយ​ដោយ​ខ្លួនឯង។​ វិធីសាស្ត្រ​ទាំង​នោះ​រួម​មាន​ទី១​ ការ​សម្គាល់​រូបរាង​ ទំហំ​ និង​ពណ៌​របស់​ផលិតផល​ដែល​មាន​លក្ខណៈ​ខុស​ពី​ស្តង់ដារ​និង​ពុំ​មាន​គុណភាព​ល្អ​ ទី២​ សង្កេត​ពី​ការ​វេច​ខ្ចប់​ដែល​មិន​ស្អាត​ដោយ​ប្រើប្រាស់​វត្ថុ​ធាតុដើម​គ្មាន​គុណភាព​ឬ​គុណភាព​ទាប។​ ទី៣​ ការ​បោះពុម្ព​ស្លាក​សញ្ញា​មិន​ច្បាស់​ រួម​ទាំង​ការ​ពិពណ៌នា​មិន​បាន​ត្រឹមត្រូវ​ និង​សរសេរ​ខុស។​ ទី៤​ ការ​ពិពណ៌នា​ពី​ផលិតផល​មាន​ការ​បំផ្លើស​ពី​ការ​ពិត​ ដោយ​ពុំ​មាន​រៀបរាប់​ពី​សារធាតុ​ផ្សំ​និង​មិន​មាន​បញ្ជាក់​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ ទី៥​ មិន​មាន​ការ​បញ្ជាក់​ពី​ការ​នាំ​ចូល​ឬ​ការ​ផលិត​ ទី៦​ ពុំ​មាន​អាស័យដ្ឋាន​របស់​រោងចក្រ​ច្បាស់​លាស់​ និង​ចុង​ក្រោយ​ទី៧​ តម្លៃ​មាន​លក្ខណៈ​ថោក​ខុស​ពី​ធម្មតា៕​

ចែករំលែកតាម៖