និស្សិតរៀនចប់ពីក្រៅប្រទេសចែករំលែកគន្លឹះបានអាហារូបករណ៍

និស្សិតរៀនចប់ពីក្រៅប្រទេសចែករំលែកគន្លឹះបានអាហារូបករណ៍

លោក ស្រ៊ាង បូរមី នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន វីឌូស៊ែរ នៅក្នុងកម្មវិធី​ពិព័រណ៍​អាហារូបករណ៍​និង​សាកលវិទ្យាល័យ

ការ​ជជែក​ដេញ​ដោល​ពី​ការ​ស្នើ​សុំ​អាហារូបករណ៍​និង​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ញឹកញាប់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។​ កាល​ពីពាក់​កណ្តាល​ខែ​មីនា​ ឆ្នាំ​២០១៨​  ពិព័រណ៌​២ផ្សេង​គ្នា​ នៅ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ គឺ​ពិព័រណ៌​ Education​ USA​ ២០១៨​ របស់​ស្ថានទូត​អាមេរិក​និង​ពិព័រណ៌​ GAW​ ២០១៨​ របស់​ក្រុមហ៊ុន​ វីឌូស៊ែរ។​

លោកស្រី​ ម៉ៅ​ កូលាប​ អ្នក​ប្រឹក្សា​កម្មវិធី​អប់រំ​របស់​សហរដ្ឋ​អាមេរិក​ជា​អ្នក​ដែល​បាន​រៀបចំ​ពិព័រណ៌​ Education​ USA​ ឆ្នាំ​២០១៨​ ជា​លើក​ទី​៧​នៅ​កម្ពុជា។​ អតីត​និស្សិត​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​រូប​នេះ​ចែក​រំលែក​បទពិសោធ​ថា ​ការ​អាន​និង​ការ​សរសេរ​ឱ្យ​បាន​ល្អ​ប្រសើរ​គឺ​ជា​មូលដ្ឋាន​គ្រឹៈក្នុង​ការ​ទទួល​បាន​ឱកាស​អាហារូបការណ៍។​

លោកស្រី​ ម៉ៅ​ កូលាប​ មាន​ប្រសាសន៍​ថា៖​ «ការ​រៀន​នៅ​ខ្មែរ​នៅ​អាមេរិក​ មាន​២​ខុស​គ្នា។​ លក្ខណៈ​មាន​ច្រើន​តែ​កត់​សំគាល់​មាន​២​ចុះ​ ទី​១​ និយាយ​ពី​រឿង​ធនធាន​ បើ​ជា​សៀវភៅ​ឯកសារ​សម្រាប់​ជួយ​ឱ្យ​យើង​រៀន​ហ្នឹង​គឺ​សំបូរ​បែប​តែ​ម្តង។​ បើ​យើង​រៀន​វិស្វកម្ម​គឺ​គេ​មាន​ឧបករណ៍​សម្រាប់​ឱ្យ​យើង​ធ្វើ​ខាង​វិស្វកម្ម​ហ្នឹង​ទៅ​ ហើយ​បើ​ធ្វើ​ខាង​ពេទ្យ​គឺ​គេ​មាន​ឧបករណ៍​សំបូរ​បែប​សម្រាប់​ឱ្យ​យើង​អនុវត្ត​ដឹង​ទៅ។​ អា​ហ្នឹង​ទី​១!​  ទី​២​ និយាយ​ពី​នៅ​ស្រុក​ខ្មែរ​យើង​ការ​រៀន​អត់​សូវ​សរសេរ​ប៉ុន្មាន​ទេ​ អត់​សូវ​អាន​ប៉ុន្មាន​ទេ​ យើង​ត្រូវ​ស្តាប់​គ្រូ​ច្រើន​ការ​រៀន​នៅ​ស្រុក​គេ​ទាល់​តែ​យើង​ ពូកែ​អាន​ ពូកែ​សរសេរ​ ចឹង​រៀន​អត់​ទាន់​គេ​ទេ។»

ក្រៅ​ពី​ឱកាស​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន​អាហារូបករណ៍​ ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ប្រទេស​ជប៉ុន​ ប្រទេស​អូស្រ្តាលី​ និង​ប្រទេស​ផ្សេងៗ​ជា​ច្រើន​ទៀត។​ អាហារូបករណ៍​នេះ​ជា​ធម្មតា​ផ្តល់​តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ផ្ទាល់​ពី​សាលា​នៅ​ក្រៅ​ប្រទេស​ឬ​តាម​រយៈ​ស្ថានទូត​ អង្គការ​ និង​ស្ថាប័ន​ផ្សេងៗ​ទៀត។​

កញ្ញា​ អៀង​ ច័ន្ទគ្រីស្នា​ ជា​អតីត​និស្សិត​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ The​ University​ Of​ Tokyo​ ប្រទេស​ជប៉ុន​ហើយ​បច្ចុប្បន្ន​ជា​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា។​ កញ្ញា​រៀបរាប់​ថា​ និស្សិត​កម្ពុជា​មាន​ឱកាស​ច្រើន​ដោយសារ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ម្ចាស់​ជំនួយ។​ កញ្ញា​ចែក​រំលែក​ថា​ ដើម្បី​ទទួល​បាន​អាហារូបករណ៍​ និស្សិត​គួរ​ត្រៀម​ភាសា​ដែល​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​សិក្សា​ ពិសេស​គឺ​ភាសា​អង់គ្លេស​និង​ជំនាញ​ពាក់ព័ន្ធ​នឹង​មុខវិជ្ជា​ដែល​ខ្លួន​ចង់​រៀន។​

កញ្ញា​ អៀង​ ច័ន្ទគ្រីស្នា​ ចែក​រំលែក​ថា៖​ «តាម​ពិត​វា​មាន​ជម្រើស​ច្រើន​ វា​អាស្រ័យ​ទៅ​ប្រភេទ​អាហារូបករណ៍។​ ប្រសិន​បើ​ដូច​[អាហារូបករណ៍]​របស់​ខ្ញុំ​គឺ​ប្រភេទ​អាហារូបករណ៍​ Japan​ IMF​ ដែល​គេ​មាន​ជំនាញ​មួយ​ដែល​គេ​ហៅ​ថា​ public​ policy​ (គោល​នយោបាយ​សាធារណៈ)​ ហើយ​រៀន​ជា​ភាសា​អង់គ្លេស​អត់​មាន​ជា​ភាសា​ជប៉ុន​ទេ។​ ប៉ុន្តែ​បើ​អាហារូបករណ៍​ផ្សេងៗ​ទៀត​ដូចជា​ ADB​ ក៏​មាន​ដៃគូ​ជា​មួយ​សាលា​ខ្ញុំ​អាច​រៀន​ដូច​ខ្ញុំ​ក៏​បាន​ប៉ុន្តែ​មាន​ Civil​ Engineering​ (វិស្វកកម្ម​សំណង់​ស៊ីវិល)​ និង​ Health​ Medical​ (សុខភាព)​ មាន​ច្រើន​ទៀត។​ ចឹង​បើ​ចង់​ដឹង​ច្បាស់​ទាល់​តែ​ សិស្ស​ដែល​គាត់​ចាប់​អារម្មណ៍​មើល​គេហទំព័រ​ហ្នឹង!​ ​មើល​ឱ្យ​ច្បាស់!​ ថា​គាត់​ចង់​រៀន​អ្វី​ឱ្យ​ពិត​ប្រាកដ​ ហើយ​ requirement​ (ការ​ទាមទារ)​ ដែល​គាត់​មាន​ហ្នឹង​វា​ត្រូវ​គ្នា​ឬ​អត់»?​

កញ្ញា អៀង ច័ន្ទគ្រីស្នា ជាអតីតនិស្សិតទទួលបានអាហារូបករណ៍ទៅសិក្សានៅ The University Of Tokyo ប្រទេសជប៉ុន
កញ្ញា អៀង ច័ន្ទគ្រីស្នា ជាអតីតនិស្សិតទទួលបានអាហារូបករណ៍ទៅសិក្សានៅ The University Of Tokyo ប្រទេសជប៉ុន

ចំណែក​លោកស្រី​ ឃាង​ ឡាលីន​ អតីត​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ហិរញ្ញវត្ថុ​ (Master​ of​ finance)​ នៅ​ប្រទេស​អូស្រ្តាលី​និង​បច្ចុប្បន្ន​ជា​ប្រធាន​គ្រប់គ្រង​លទ្ធផល​អាជីវកម្ម​នៅ​ក្រុមហ៊ុន​ Callard​ លើកឡើង​ថា​ អាហារូបករណ៍​ភាគ​ច្រើន​ត្រូវ​បាន​ផ្ដល់​ឱ្យ​សម្រាប់​ថ្នាក់​អនុបណ្ឌិត​ឡើង​ទៅ​ ដូច្នេះ​និស្សិត​គួរ​ត្រៀម​រៀន​ជំនាញ​ឱ្យ​ត្រូវ​តាម​គោលដៅ​ដែល​ប៉ង​ទុក។​

លោកស្រី​ ឃាង​ ឡាលីន​ បាន​លើក​ជា​ទស្សនៈ​ថា៖​  «គួរ​តែ​ត្រៀម​តាំង​ពី​ថ្នាក់​បរិញ្ញាបត្រ​ឱ្យ​ហើយ​ ព្រោះ​ថ្នាក់​បរិញ្ញាបត្រ​គឺ​បង្ហាញ​អំពី​ជំនាញ​ដែល​គាត់​ចង់​បន្ត​ទៅ​ថ្នាក់​អនុបណ្ឌិត​ ដោយសារ​ពួក​នេះ​ (អាហារូបករណ៍)​ គេ​ឱ្យ​តែ​ប្រភេទ​អនុបណ្ឌិត​និង​បណ្ឌិត​ទេ។​ អ៊ីចឹង​មាន​ន័យ​ថា​ បរិញ្ញាបត្រ​របស់​គាត់​គួរ​តែ​មាន​ជំនាញ​ណា​មួយ​ដែល​អាច​ផ្សារ​ភ្ជាប់​ពី​បរិញ្ញាបត្រ​ទៅ​អនុបណ្ឌិត​បាន។​ ការ​ត្រៀម​ខ្លួន​សួរ​ថា​ តើ​គាត់​មាន​ជំនាញ​ដែល​អាច​ឱ្យ​គេ​រើស​បាន​ គាត់​មាន​បទពិសោធ​២ឆ្នាំ​នៅ?​ ព្រោះ​បទពិសោធ​២ឆ្នាំ​ឆ្លុះ​បញ្ចាំង​ពី​ចំណេះដឹង​របស់​គាត់​នៅ​ក្នុង​វិស័យ​ហ្នឹង​ព្រោះ​ថា​គាត់​ចេះ​តែ​ទ្រឹស្តី​ទេ​ គាត់​ត្រូវ​ចេះ​អនុវត្ត​ទៀត​ ដើម្បី​អាច​ជំរុញ​ឱ្យ​គាត់។​ ពាក្យ​ថា​អនុបណ្ឌិត​មាន​ន័យ​ថា​ យើង​ហ្នឹង​ខ្លាំង​ហើយ​ដែល​អាច​យក​អនុបណ្ឌិត​នៅ​ក្នុង​ផ្នែក​ហ្នឹង​បាន»។​

លោក​ ស្រ៊ាង​ បូរមី​ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ វីឌូស៊ែរ​ មាន​ប្រសាសន៍​ថា​ ពិព័រណ៌​ដែល​លោក​បាន​រៀបចំ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ប្រមូល​ផ្តុំ​មហាវិទ្យាល័យ​ សាកលវិទ្យាល័យ​ដែល​ផ្តល់​អាហារូបករណ៍​នៅ​ក្រៅ​ប្រទេស​និង​អតីត​និស្សិត​ឱ្យ​មក​ជួប​គ្នា​ផ្ទាល់​ជាមួយ​សិស្ស​ និស្សិត​កម្ពុជា​ ដើម្បី​ស្វែង​យល់​ពី​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស។​

លោក​ ស្រ៊ាង​ បូរមី​ មាន​ប្រសាសន៍​ថា៖​ «ដោយសារ​តែ​អាហារូបករណ៍​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​គឺ​ច្រើន​ខ្លាំង​មែន​ទែន​ ប៉ុន្តែ​សិស្ស​និស្សិត​យើង​អត់​សូវ​ដឹង​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ឱកាស​ទាំងអស់​ហ្នឹង​ទេ។​ ចឹង​ទៅ​គឺ​យើង​គិត​ថា​ វេទិកា​នេះ​គឺ​គាត់​ដឹង​ទាក់ទង​ទៅ​នឹង​ព័ត៌មាន​ច្រើន​មែន​ទែន​ទាក់ទង​ទៅ​នឹង​ប្រភេទ​អាហារូបករណ៍​អី​ផ្សេងៗ​ រួម​ជាមួយ​នឹង​ការ​សិក្សា​អី​ផ្សេងៗ។»

យុវជន​វ័យ​២៤ឆ្នាំ​ រូប​នេះ​បន្ថែម​ថា​ ចំនួន​សាលា​ដែល​បាន​មក​តាំង​បង្ហាញ​អាហារូបករណ៍​នៅ​ក្នុង​កម្មវិធី​នេះ​បាន​កើន​ឡើង​ជិត​៤ដង​ ពោល​គឺ​ឆ្នាំ​២០១៧​ មាន​ត្រឹម​តែ​១០​ស្ថាប័ន​តែ​ប៉ុណ្ណោះ​ តែ​នៅ​ឆ្នាំ​២០១៨​ មាន​រហូត​ដល់​ជិត​ ៤០ស្ថាប័ន។​ ក្រៅពី​នោះ​ចំនួន​សិស្ស​ និស្សិត​ដែល​មក​ចូលរួម​ក៏​កើន​ឡើង​ប្រមាណ​៣ដង។​

អ្នកប្រឹក្សា​កម្មវិធី​អប់រំ​របស់​សហរដ្ឋ​អាមេរិក​លោកស្រី​ ម៉ៅ​ កូលាប​ មាន​ប្រសាសន៍​ថា​ កាល​ពី​ឆ្នាំ​២០១២​ ចំនួន​សិស្ស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​មាន​ប្រមាណ​ ២០០០នាក់​តែ​ប៉ុណ្ណោះ​ តែ​ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ​ ចំនួន​សិស្ស​និស្សិត​បាន​កើន​ឡើង​រហូត​ដល់​៤០០០​ ទៅ​៥០០០នាក់៕​

ចែករំលែកតាម៖