ភាគីពាក់ព័ន្ធ៖ ដល់ពេលដែលស្ត្រីខ្មែរត្រូវចូលរួមក្នុងវិស័យបច្ចេកវិទ្យា

ភាគីពាក់ព័ន្ធ៖ ដល់ពេលដែលស្ត្រីខ្មែរត្រូវចូលរួមក្នុងវិស័យបច្ចេកវិទ្យា

សិស្សនៃអង្គការហ្វារពន្លឺសិល្បៈកំពុងគូររូបត្លុក

“ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​តាម​រយៈ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន”​ គឺ​ជា​ប្រធាន​បទ​នៃ​កម្មវិធី​ពាន​រង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨​ឬ​ «Cambodia​ Women​ in​ Tech​ Award»។​ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​លើក​ដំបូង​ដោយ​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅ​ក្នុង​ឆ្នាំ​២០១៨​ ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​របស់​ស្រ្តី​ បញ្ជ្រាប​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ដល់​ស្រ្តី​ និង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៏​របស់​ស្រ្តី​សហគ្រិន​ក្នុង​ផ្នែក​បច្ចេកវិទ្យា។​

ថ្លែង​នៅ​ចំពោះ​មុខ​ស្ត្រី​ដ៏​ច្រើន​ក្នុង​កម្មវិធី​ Women​ in​ Tech​ ឆ្នាំ២០១៨​ នេះ​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លោក​ កាន​ ច័ន្ទមេត្តា​ បាន​មាន​ប្រសាសន៍​ថា​ ស្រ្តី​កម្ពុជា​តិច​តួច​ណាស់​ដែល​បាន​ចាប់​យក​ជំនាញ​និង​ធ្វើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ទោះជា​ពួក​គេ​មាន​សមត្ថភាព​និង​ការ​ច្នៃប្រឌិត​មិន​ចាញ់​បុរស។​

លោក​បន្ត​ថា​ ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ​ រដ្ឋាភិបាល​បាន​បង្កើត​គោល​នយោបាយ​ជា​ច្រើន​សម្រាប់​ស្ត្រី​ឱ្យ​ស្រ្តី​ក្លាយ​ជា​សហគ្រិន​ឆ្នើម​និង​ជា​ស្ត្រី​គំរូ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​ ដើម្បី​ជំរុញ​ទៅ​កាន់​ស្ត្រី​ដទៃ​ទៀត​ឱ្យ​ពួក​គេ​ហ៊ាន​ចូលរួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែរ។​

លោក​ កាន​ ច័ន្ទមេត្តា​ សង្កត់​ធ្ងន់​ថា​ សព្វថ្ងៃ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​គឺ​ជា​ឧបករណ៍​បន្ថែម​មួយ​សម្រាប់​ស្ត្រី​ក្នុង​ការ​បង្កើត​មុខ​របរ​តាម​ប្រព័ន្ធ​អ៊ីនធើណែត​ បើ​ទោះ​បី​ជា​ពួក​គាត់​ជា​ស្ត្រី​មេផ្ទះ​ក៏​អាច​រក​កម្រៃ​បាន​តាម​រយៈ​បច្ចេកវិទ្យា​នេះ​ ហើយ​ក៏​ជួយ​ដល់​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្សេងៗ​ទៀត​ផង។​

លោក​ថា៖​ «ស្ត្រី​ក្មេងៗ​ឥឡូវ​មិន​មែន​រើស​នៅ​ផ្ទះ​ទេ​ ស្ត្រី​ឥឡូវ​មិន​មែន​[រៀប]​ការ​ហើយ​នៅ​ផ្ទះ​ទេ។​ អ៊ីចឹង​គាត់​ចង់​ចេញ​ធ្វើ​ការ​ ប៉ុន្តែ​ចំពោះ​ស្ត្រី​នៅ​ផ្ទះ​ ថា​តើ​យើង​ធ្វើ​អី​ជូន​គាត់។?​ គាត់​អាច​ប្រើប្រាស់​វិស័យ​បច្ចេកវិទ្យា​ ដើម្បី​លក់​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធើណែត។​ E-commerce​ (ពាណិជ្ជកម្ម​តាម​អ៊ីនធើណែត)​ ដែល​ឆ្នាំ​ទៅ​នេះ​បាន​កំណត់​អនុក្រឹត្យ​ពាក់ព័ន្ធ​នឹង​ Digital​ signature​ (ហត្ថលេខា​ឌីជីថល)​ ដែល​វា​ជា​ផ្នែក​មួយ​ ដើម្បី​ជំរុញ​ទៅ​លើ​ E-commerce​ផង​ដែរ។​ អ៊ីចឹង​ឃើញ​ថា​ ស្ត្រី​អាច​ចាប់​យក​បច្ចេកវិទ្យា​ ហើយ​យើង​ឃើញ​ថា​ ចំពោះ​ស្ត្រី​ដែល​គាត់​ចង់​ចាប់​យក​បច្ចេកវិទ្យា​ការ​រៀន​សូត្រ​បច្ចេកវិទ្យា​ វិទ្យាស្ថាន​ក៏​ដូចជា​ក្រសួង​ គាត់​មាន​គោល​នយោបាយ​ជា​ការ​ផ្តល់​ជា​ Scholarship​ (អាហារ​រូបករណ៍)​ ផង​ដែរ​ ដើម្បី​ឱ្យ​ពួក​គាត់​ចូលរួម​សិក្សា​ឱ្យ​បាន​ច្រើន»។​

លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ស្ត្រី​ឆ្នើម​៣​រូប​បាន​ក្លាយ​ជា​ម្ចាស់​ជ័យលាភី​កម្មវិធី​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨​នេះ។​ ម្ចាស់​ជ័យលាភី​ម្នាក់​ក្នុង​ចំណោម​ ៣នាក់​ គឺ​កញ្ញា​ចន្ទ​ ពេញល័ក្ខ​ ដែល​បាន​ចូលរួម​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សហគមន៍។​

អ្នក​ស្រាវជ្រាវ​និង​ប្រមូល​ទិន្នន័យ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​រូប​នេះ​លើក​ឡើង​ថា​ ដល់​ពេល​ហើយ​ដែល​ស្ត្រី​កម្ពុជា​ត្រូវ​ចូលរួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​និង​មិន​ត្រូវ​ខ្លាច​នោះ​ទេ។​

កញ្ញា​ ចន្ទ​ ពេញល័ក្ខ​ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​ «ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ឬ​ប្រទេស​ជិត​ខាង​យើង​ដែល​បច្ចេកវិទ្យា​កំពុង​លូតលាល់​ គេ​អាច​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​អ្វី​ខ្លះ?​ ហើយ​ឱ្យ​គិត​មើល​បញ្ហា​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ហ្នឹង​ បញ្ហា​ណា​ខ្លះ​ដែល​បច្ចេកវិទ្យា​អាច​ជួយ​ដោះស្រាយ​បាន។​ ខ្ញុំ​គ្រាន់​តែ​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គាត់​គិត​គូរ​ពី​បញ្ហា​ហ្នឹង​ ហើយ​ព្យាយាម​ចូលរួម​ ព្យាយាម​ទាក់ទង​អ្នក​ដែល​ដឹង​ខាង​ហ្នឹង​ សួរ​សំណួរ​ ធ្វើ​ការ​ជាមួយ​គ្នា​ ធ្វើ​ការ​រួម​គ្នា​ អាច​ថា​ ធ្វើ​ experiment​ (ពិសោធ)​ គាត់​មិន​ត្រូវ​មាន​ផ្នត់​គំនិត​ថា​ស្រី​គួរ​ធ្វើ​អី​ ប្រុស​គួរ​ធ្វើ​អី​នោះ​ទេ»។​

ទិន្នន័យ​សមាគម​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ហៅ​កាត់​ថា​ (GFMA)​ បាន​ឱ្យ​ដឹង​ថា​ បើ​ពិភពលោក​អាច​កំណត់​បាន​ពី​តុល្យភាព​រវាង​ស្ត្រី​និង​បុរស​ក្នុង​វិស័យ​បច្ចេកវិទ្យា​នោះ​នឹង​ធ្វើ​ឱ្យ​ពិភព​លោក​អាច​រក​ចំណូល​បន្ថែម​ទៀត​ចន្លោះ​ពី​១០​ទៅ​១៧​ពាន់​លាន​ដុល្លារ។​

ប្រភព​ដដែល​បន្ត​ថា​  វិស័យ​ការងារ​ដែល​ដឹកនាំ​ដោយ​ស្ត្រី​វិញ​គឺ​លទ្ធផល​ដែល​នឹង​សម្រេច​បាន​អាច​ដល់​៣៥%​ខ្ពស់​ជាង​បុរស​ដែល​ជា​អ្នក​ដឹកនាំ​ ខណៈ​ភាព​ជោគជ័យ​អាច​កើត​ឡើង​ដល់​ទៅ​១៤៤%។​

រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ លោកស្រី​ ប្រាក់​ ច័ន្ទណយ​ មាន​ប្រសាសន៍​ថា​ ស្ត្រី​កម្ពុជា​បច្ចុប្បន្ន​បាន​ជ្រើសរើស​យក​បច្ចេកវិទ្យា​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ដូចជា​បញ្ហា​សុខភាព​និង​ការ​ពង្រីក​មុខ​របរ​របស់​ខ្លួន​ជាដើម​ ដែល​អ្វី​ទាំង​នេះ​បាន​បង្ហាញ​ថា​ស្ត្រី​កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ ក្នុង​ការ​ចាប់​យក​អាជីព​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ជោគជ័យ។​

លោកស្រី​បន្ត​ថា៖​«សង្ឃឹម​ថា​កម្មវិធី​នេះ​ អាច​ធ្វើ​ឱ្យ​ស្ត្រី​ទាំងអស់​ ប្រមូល​ផ្តុំ​គ្នា​ និង​បង្កើត​ជា​បណ្តាញ​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ដើម្បី​បន្ត​ការងារ​នេះ​ឱ្យ​រីកចម្រើន​ត​ទៅ​ទៀត​ និង​ដើម្បី​ជួយ​ជំរុញ​ស្ត្រី​ផ្សេង​ទៀត​ ឱ្យ​ចាប់​យក​ជំនាញ​ និង​បន្ត​ការងារ​នេះ​ឱ្យ​កាន់​តែ​ជោគជ័យ»។​

លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

យោង​តាម​របាយការណ៍​របស់​អង្គការ​យូណេស្កូ​ ក្នុង​ឆ្នាំ​២០១៦​ វិស័យ​បច្ចេកវិទ្យា​ ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ពលរដ្ឋ​វ័យ​ក្មេង​នៅ​ទូទាំង​ពិភពលោក​ ក៏​ប៉ុន្តែ​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នេះ​មាន​ត្រឹម​តែ​២៨​ភាគ​រយ​តែ​ប៉ុណ្ណោះ។​ ចំណែក​កម្ពុជា​វិញ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជាទូទៅ​ម្ចាស់​អាជីវកម្ម​និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ភាគ​ច្រើន​ជា​បុរស​ ខណៈ​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ​ នៅ​តែ​ចាត់​ទុក​ថា​ ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ គឺ​ការងារ​មួយ​ដែល​លំបាក​សម្រាប់​ស្រី្ត​ ដែល​បណ្តាល​ឱ្យ​ស្រ្តី​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​បោះបង់។​

លោកស្រី​ សុខ​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​មាន​ប្រសាសន៍​ថា​ ការ​ចូលរួម​របស់​ស្ត្រី​ ក្នុង​វិស័យ​បច្ចេកវិទ្យា​ពិត​ជា​មាន​សារៈ​សំខាន់​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ ស្រប​ពេល​រាជរដ្ឋាភិបាល​ក៏​បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អេឡិកត្រូនិក​និង​ជំរុញ​ស្ត្រី​ឱ្យ​កាន់​តែ​ច្រើន​ ដើម្បី​ចូល​រួម​ក្នុង​បច្ចេកវិទ្យា​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​និង​ឯកជន​ទូទាំង​ប្រទេស។​

លោកស្រី​មាន​ប្រសាសន៍​ថា៖«បច្ចេកវិទ្យា​នេះ​ មាន​សារៈប្រយោជន៍​ច្រើន​ណាស់​ ហើយ​ឥឡូវ​ នេះ ​រាជរដ្ឋាភិបាល​កំពុង​តែ​កែ​ទម្រង់​ទាក់ទង​នឹង​ការ​គ្រប់គ្រង​បុគ្គលិក​ទាំង​ក្របខ័ណ្ឌ​ ទាំង​មន្ត្រី​ជាប់​កិច្ច​សន្យា​តាម​ប្រព័ន្ធ​ IT​ (ព័ត៌មាន​វិទ្យា)​ នេះ​ ការ​ធ្វើ​របាយការណ៍​ ការ​ទូទាត់​ថវិកា​ និយាយ​រួម​គឺ​ថា​ច្រើន​ណាស់​ ជាពិសេស​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។​ ដូច្នេះ​បច្ចេកវិទ្យា​នេះ​មាន​សារៈ​សំខាន់​ណាស់​ ដោយសារ​ការ​វិវឌ្ឍ​ ប្រែប្រួល​នៃ​ពិភពលោក​ដែល​គេ​យក​បច្ចេកវិទ្យា»។​

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៣​ ការ​ប្រើប្រាស់​អ៊ិនធើណែត​របស់​ប្រជាជន​កម្ពុជា​មាន​ត្រឹម​តែ​២៥%​ប៉ុណ្ណោះ​ ខណៈ​ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ដល់​៦៦%​ នៅ​ចុង​ឆ្នាំ​២០១៧។​ ក្រសួង​បាន​អះអាង​ថា​ ក្នុង​គោល​នយោបាយ​Telecom​និង​ ICT​ របស់​ខ្លួន​ ចំនួន​នៃ​ការ​ប្រើប្រាស់​អ៊ិនធើណែត​នឹង​កើន​ឡើង​ដល់​៨០​ភាគរយ​នៅ​ឆ្នាំ២០២០​ខាង​មុខ។​

ម្ចាស់​ពាន​រង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​ក្រសួង​ពាក់ព័ន្ធ​ជំរុញ​ស្ត្រី​នៅ​កម្ពុជា​ឱ្យ​ចូលរួម​កាន់​តែ​សកម្ម​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ដើម្បី​ប្រើប្រាស់​សិទ្ធិ​និង​សក្កានុពល​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ​ទាំង​មូល៕​

ចែករំលែកតាម៖