លក្ខណៈពិសេសរបស់ទ្រខ្មែរ

លក្ខណៈពិសេសរបស់ទ្រខ្មែរ

ទ្រខ្មែរដកស្រង់​ចេញពី​សៀវភៅ តន្រ្តីបុរាណកម្ពុជា
ទ្រខ្មែរដកស្រង់​ចេញពី​សៀវភៅ តន្រ្តីបុរាណកម្ពុជា

ទ្រ​ខ្មែរ​ឬ​ទ្រ​ខ្សែ​៣​គឺ​ជា​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​មួយ​ប្រភេទ​ដែល​មាន​អាយុកាល​ដ៏​យូរ​លង់​មក​ហើយ។ គ្រូ​បង្រៀន​តូរ្យ​តន្រ្តី​ផ្នែក​បុរាណ​នៃ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ លោក សយ សារេត ឱ្យ​ដឹង​ថា បើ​ទោះ​បី​ជា​ពុំ​មាន​ឯកសារ​បញ្ជាក់​ពី​ប្រវត្តិ​ទ្រ​ខ្មែរ​នេះ តែ​បើ​តាម​ការ​ដំណាល​តៗ​គ្នា ឧបករណ៍​ទ្រ​ខ្មែរ​នេះ​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​គឺ​មាន​តាំង​ពី​សម័យ​ព្រះ​ថោង​នាង​នាគ​មក​ម្លេះ។

លោក សយ សារេត ឱ្យ​ដឹង​ដែរ​ថា ទ្រ​នេះ​មាន​ឈ្មោះ​ហៅ​ថា​ទ្រ​ខ្សែ​៣ ព្រោះ​វា​មាន​ខ្សែ​សំនៀង​៣​ខុស​ពី​ទ្រ​ដទៃ​ទៀត​នៅ​ក្នុង​កម្ពុជា​ដែល​មាន​ខ្សែ​សំនៀង​តែ​២។ ចំណែក​មូលហេតុ​ដែល​គេ​ហៅ​ថា ទ្រ​ខ្មែរ​ពីព្រោះ​តាំង​ពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន​នេះ​គេ​ឃើញ​ជនជាតិ​ខ្មែរ​ជា​អ្នក​ប្រើប្រាស់​ទ្រ​នេះ។

លោក សយ សារេត មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គ្រាន់​តែ​បាន​ឮ​លោកគ្រូ​អ្នកគ្រូ​ប្រាប់​តៗ​ថា [ទ្រ​ខ្មែរ] មាន​ហើយ​នៅ​សិលា​ចារឹក​របស់​យើង ក៏​ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​បាន​ទៅ​ដល់… ប៉ុន្តែ​គឺ​មាន​នៅ​ក្នុង​សិលា​ចារឹក​របស់​យើង»

សៀវភៅ​ឧបករណ៍​តន្រ្តី​បុរាណ​កម្ពុជា​បោះពុម្ព​ដោយ​អង្គការ​អប់រំ​វិទ្យាសាស្រ្ត​និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ (UNESCO) សរសេរ​ថា ទ្រ​ខ្មែរ​មាន​ដង​រាង​មូល​ត្រង់ តូច​ក្រោម​ធំ​លើ មាន​ក្រឡឹង​ក្បាច់​ផ្សេងៗ​ជា​គ្រឿង​លម្អ។ ដង​ទ្រ​ខ្មែរ​ច្រើន​ធ្វើ​ពី​ឈើ​រឹង​ដូចជា​ឈើ​នាងនួន ឈើ​គ្រញូង ឬ​ឈើ​ខ្មៅ មាន​បញ្ចុះ​ភ្លុក​ដំរី ឆ្អឹង​ឬ​ឈើ​ដៃខ្លា​ពណ៌​ស​ជា​កង់ៗ ដើម្បី​ឱ្យ​កាន់​តែ​ប្រណីត។

សៀវភៅ​ដដែល​សរសេរ​ថា ទ្រ​ខ្មែរ​មាន​ព្រលួត​៣ ធ្វើ​ពី​ប្រភេទ​ឈើ​រឹង ដូច​ដង​ដែរ មាន​ទំហំ​និង​ប្រវែង​ប៉ុន​គ្នា ជួនកាល​មាន​បញ្ចុះ​ភ្លុក​ឬ​ឆ្អឹង ឬ​ឈើ​ពណ៌​ស​នៅ​ចុង​ដើម ហើយ​មាន​ក្បូរក្បាច់​ជា​គ្រឿង​លម្អ។ ចំណែក​ប្រអប់​សំនៀង​ធ្វើ​ពី​ត្រឡោក​ដូង​រាង​ដូច​ក្បាល​ដំរី ដោយ​យក​មួយ​ចំហៀង​បញ្ឈរ​មក​ធ្វើ។ នៅ​ផ្នែក​ខាង​ខ្នង​ប្រអប់​សំនៀង​មាន​ចោះ​រន្ធ​តូចៗ​ជា​ក្បាច់​ផ្សេងៗ​សម្រាប់​បញ្ចេញ​សំនៀង​មក​ក្រៅ។

លោកគ្រូ សយ សារេត រៀបរាប់​ពី​លក្ខណៈ​ពិសេស​របស់​ទ្រ​ខ្មែរ​យ៉ាង​ដូច្នេះ​ថា៖ «ព្រោះ​ឆាក​មិន​កូត​ដូច​ទ្រ​សោ មិន​កូត​ដូច​ទ្រ​អ៊ូ​ទេ។ ឆាក​គាត់​ដូច​វីយូឡុង​អ៊ីចឹង​កូត​ពី​ខាង​ក្រៅ។ ខ្សែ​៣ ខ្សែ​កណ្តាល​ហ្នឹង​ខ្ពស់​ជាង​គេ ខ្សែ​២​សង​ខាង​ទាប ទំនូល​គឺ​កណ្តាល​ទូល​ឡើង​ខ្ពស់ ដល់​ពេល​កូត​ហ្នឹង​យើង​ផ្អៀង ផ្អៀង​តាម​ដើម្បី​តម្រូវ​សំឡេង ផ្អៀង​តាម​ខ្សែ​មួយៗ ឬ​ក៏​គេ​ប៉ះ កាត់​ទាំង​២ ប៉ះ​ម្តង​២​ហ្នឹង​ឱ្យ​រ៉ែ ព្រោះ​ខ្មែរ​យើង​ថា ទ្រ​ខ្មែរ​សំឡេង​រៃ»

(ខាងឆ្វេង)​ លោក សយ សារេត គ្រូ​បង្រៀន​តូរ្យ​តន្រ្តី​ផ្នែក​បុរាណ​នៃ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ
(ខាងឆ្វេង)​ លោក សយ សារេត គ្រូ​បង្រៀន​តូរ្យ​តន្រ្តី​ផ្នែក​បុរាណ​នៃ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ

គ្រូ​តូរ្យ​តន្ត្រី​វ័យ​ជាង​៦០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ទ្រ​ខ្មែរ​មាន​ជើង​ខាង​ក្រោម​ត្រឡោក ប្រវែង​មួយ​តឹក ទ្រ​នេះ​មិន​កូត​ដាក់​លើ​ភ្លៅ​ដូច​ទ្រ​ផ្សេងៗ​ទៀត​ទេ ដែល​ចាស់​បុរាណ​និយម​ហៅ​ទ្រ​នេះ​ថា ទ្រ​ស៊ី​កន្ទេល ដោយសារ​គេ​ត្រូវ​ដាក់​វា​លើ​កន្ទេស​មូល​ទៅ​មូល​មក។ តន្ត្រីករ​ជើង​ចាស់​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ទ្រ​ខ្មែរ​មាន​មុខងារ​សំខាន់​បំផុត​នៅ​ក្នុង​វង់​ភ្លេង​អារក្ស​និង​នៅ​ក្នុង​វង់​ភ្លេង​ការ​បុរាណ។

លោក ផន ចំរើន អតីត​និស្សិត​នៃ​មហាវិទ្យាល័យ​តូរ្យតន្រ្តី​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​មាន​ប្រសាសន៍​ថា អ្នក​រៀន​ទ្រ​ខ្មែរ​ត្រូវ​ការ​អត់​ធ្មត់​ខ្ពស់​ព្រោះ​ពិបាក​រៀន​ជាង​ទ្រ​ផ្សេងៗ​ទៀត។

លោក ផន ចំរើន មាន​ប្រសាសន៍​ថា៖ «ជា​បទពិសោធ​ទាក់​ទង​នឹង​ការ​រៀន​ទ្រ​ខ្មែរ​នេះ ពិត​ណាស់​វា​មិន​ងាយស្រួល​នោះ​ទេ គ្រាន់​តែ​អ្នក​រៀន​ទាំងអស់​ត្រូវ​តែ​មាន​ការ​លះ​បង់​និង​ឆន្ទៈ មោះ​មុត​ក្នុង​ការ​រៀន ពីព្រោះ​វា​ជា​ឧបករណ៍​បុរាណ​ដែល​កម្រ ហើយ​វា​ស្ថិត​នៅ​ក្នុង​សម្បត្តិ​ជាតិ​មួយ​ដ៏​ធំ»

អតីត​និស្សិត​សម្បុរ​សណ្តែកបាយ​រូប​នេះ​បន្ថែម​ថា បើ​ក្រឡេក​មក​មើល​ទីផ្សារ​វិញ​ហាក់​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​គួរ​ឱ្យ​កត់​សម្គាល់​ទាំង​ពិធី​មង្គលការ ហើយ​ពិធី​អារក្ស​នៅ​មាន​លេង​តាម​តំបន់​ខ្លះ។ លោក​បន្ថែម​ថា ពិធី​មង្គលការ​បុរាណ​ដែល​មាន​ពិធី​បុក​ល័ក្ខ ដែល​ការ​តាម​ប្រពៃណី​បុរាណ​គេ​ប្រើ​ភ្លេង​ខ្មែរ​វង់​ធំ។

លោក ផន ចំរើន មាន​ប្រសាសន៍​ថា៖ «ជា​ឧបសគ្គ​ទី​១​ហ្នឹង​គឺ​ខ្វះ​អ្នក​បន្ត​វេន ព្រោះ​ទី​១​ដោយសារ​ពិបាក​រៀន ទី​២​លោកគ្រូ​បងៗ​មួយ​ចំនួន​គាត់​រវល់​តែ​ការងារ​បំពេញ​សេដ្ឋកិច្ច​គ្រួសារ​ដែរ អ៊ីចឹង​ទៅ​ធ្វើ​ឱ្យ​ការ​បន្ត​វេន​នេះ​វា​ខ្វះខាត។ ជា​ឧបសគ្គ​ពុំ​មាន​អ្វី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឧបករណ៍​នេះ​ទេ តែ​ខ្វះ​ខាត​អ្នក​បន្ត​វេន​និង​ការ​ផ្សព្វផ្សាយ​ជា​ឧបសគ្គ»

អតីត​និស្សិត​រូប​នេះ​បន្ថែម​ថា សម្រាប់​ឧបករណ៍​ភ្លេង​វិញ​មាន​ការ​ហូរ​ចូល​ទៅ​វិញ​ទៅ​មក​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​គឺ​បច្ចេកទេស​នៃ​ការ​លេង​និង​សំឡេង។

គ្រូ​តូរ្យ​តន្ត្រី​ជើង​ចាស់​លោក សយ សារេត លើក​ឡើង​ថា បើ​ទោះ​បី​ជា​ទ្រ​នេះ​ជា​ទ្រ​របស់​ខ្មែរ តែ​កូន​ខ្មែរ​ក៏​ដូចជា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ហាក់​មិន​ទាន់​ស្គាល់​វា​នៅ​ឡើយ​ទេ។ លោក​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ខ្មែរ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ប្រវត្តិសាស្រ្ត​របស់​ខ្មែរ​និង​ងាក​មក​ថែរក្សា​កេរ្តិ៍តំណែល​របស់​ដូនតា​ខ្មែរ៕

ចែករំលែកតាម៖