អុកស្វាមសម្ពោធគម្រោងប្លុករ៉េយស៍ខ្មែរដំបូងជាផ្លូវការ

អុកស្វាមសម្ពោធគម្រោងប្លុករ៉េយស៍ខ្មែរដំបូងជាផ្លូវការ

ប្លុករ៉ាយស៍ ជា​កម្មវិធី​ដែល​បាន​បង្កើត​ឡើង ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ​ស្រូវ​សរីរាង្គ​នៅ​ប្រទេស​កម្ពុជា។ រាល់​ព័ត៌មាន​នៃ​ការ​ផលិត ការ​ដឹកជញ្ជូន ការ​ទូទាត់​នានា រហូត​ក្លាយ​ជា​ផលិតផល​សម្រេច សុទ្ធ​តែ​ត្រូវ​បាន​កត់ត្រា​ច្បាស់លាស់ ក្នុង​របាយការណ៍​អេឡិចត្រូនិច (Online) ក្នុង​គម្រោង​ប្លុករ៉ាយស៍ ដើម្បី​ធានា​បាន​ថា អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​សង្វាក់​ផលិតផល​ស្រូវ​អង្ករ​សរីរាង្គ​នេះ​ត្រូវ​បាន​គិតគូរ​ប្រកប​តម្លាភាព និង​សុច្ចរិតភាព។ នេះ​បើ​តាម​ប្រសាសន៍​នាយិកា​អង្គការ​អុកស្វាម ប្រចាំ​កម្ពុជា លោកស្រី លឹម សូលីន។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ភោធ​គម្រោង​ប្លុករ៉ាយស៍​ជា​ផ្លូវការ កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ​ក្នុង​រាជធានី​ភ្នំពេញ លោកស្រី​នាយិកា​រូប​នេះ​បាន​ពន្យល់​អ្នក​ចូលរួម​តាមរយៈ​កិច្ចពិភាក្សា​អ្នក​ពាក់ព័ន្ធ (Panel Discussion) ថា នេះ​ជា​គម្រោង​សាកល្បង​ដំបូង​របស់​ស្ថាប័ន​លោកស្រី ហើយ​ក៏​ជា​គម្រោង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន លើ​វិស័យ​ស្រូវ​អង្ករ​ដំបូង​នៅ​លើ​ពិភពលោក​ផង​ដែរ ខណៈ​កន្លង​មក បច្ចេកវិទ្យា​ប្លុកឆេន​នេះ​ធ្លាប់​ធ្វើ​លើ​ដំណាំ​ចេក​នៅ​ប្រទេស​ហ្វីលីពីន បង្គារ​សមុទ្រ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ជាដើម។

ក្រោម​ស្នូរ​ទះ​ដៃ​ស្វាគមន៍​នូវ​គម្រោង​ប្លុករ៉េយស៍​ពី​អ្នក​ចូលរួម លោកស្រី លឹម សូលីន បន្ត​ថា បច្ចុប្បន្ន ប្លុករ៉េយស៍​សាកល្បង​ធ្វើ​ឡើង​ជាមួយ​ប្រជាកសិករ​ខេត្ត​ព្រះវិហារ​ចំនួន​៥០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​មាន​ដី​ស្រែ​ជា​មធ្យម​ប្រមាណ​២​ហិកតា។

លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាម ប្រចាំកម្ពុជា
លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាម ប្រចាំកម្ពុជា

នាយិកា​ស្ថាប័ន​អន្តរជាតិ​រូប​នេះ ក៏​បាន​អះអាង​បន្ថែម​អំពី​មូលហេតុ​ដែល​លោកស្រី​មើល​ឃើញ​អំពី​សក្តានុពល​នៃ​ការ​ភ្ជាប់​បច្ចេកវិទ្យា​ជាមួយ​នឹង​វិស័យ​កសិកម្ម ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖ «យើង​ឃើញ​ថា វា​ការ​សំខាន់​ណាស់ ដែល​ប្រទេស​កម្ពុជា ត្រូវ​ចាប់​ផ្តើម​ប្រើ​នូវ​បច្ចេកវិទ្យា​ដែល​សំខាន់ៗ​ទាំងអស់​ហ្នឹង ដូចជា បច្ចេកវិទ្យា​ប្លុកឆេន​នេះ ពីព្រោះ​ដើម្បី​ជម្រុញ​ទៅ​ក្នុង​ការ​ពង្រឹង​ទីផ្សារ ដែល​មិន​ទាន់​បាន​ដំណើរការ​ល្អ នៅ​លើ​វិស័យ​អង្ករ ដើម្បី​កាត់​បន្ថយ​ចំណាយ ជម្រុញ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​សង្វាក់​ផលិតកម្ម ហើយ​និង​សង្វាក់​ពាណិជ្ជកម្ម»។

ក្រុមហ៊ុន​នាំ​ចេញ​ស្រូវ​អង្ករ AMRU Rice គឺ​ជា​ដៃគូ​តែ​មួយ​គត់​របស់​អង្គការ​អុកស្វាម​ក្នុង​គម្រោង ប្លុករ៉េយស៍​នេះ។ អគ្គនាយក AMRU Rice លោក សុង សារ៉ន សារភាព​ថា រយៈពេល​ជាង​មួយ​ឆ្នាំ​ដែល​ដៃគូ​ពាក់ព័ន្ធ​ឆ្លង​កាត់​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ទម្រាំ​គម្រោង​នេះ ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត​សាកល្បង និង​សម្ពោធ​ជា​ផ្លូវ​ការ​នេះ។

(ខាងស្ដាំ) លោក សុង សារ៉ន អគ្គនាយក AMRU Rice
(ខាងស្ដាំ) លោក សុង សារ៉ន អគ្គនាយក AMRU Rice

យ៉ាង​ណា​មិញ សហគ្រិន​វ័យ​ក្មេង​ដែល​ជោគជ័យ​លើ​វិស័យ​កសិកម្ម​រូប​នេះ​អះអាង​ថា លោក​មាន​សុទិដ្ឋិនិយម​លើ​គម្រោង​ប្លុករ៉េយស៍​នេះ ខណៈ​គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាកសិករ ក្នុង​ការ​ធានា​បាន​នូវ​តម្លៃ​ទីផ្សារ​ស្រូវ​អង្ករ​ដ៏​សមរម្យ​មួយ។

ប្រសាសន៍​លោក សុង សារ៉ន៖ «ជា​ចំនុច​ចាប់​ផ្តើម ហើយ​ខ្ញុំ​ជឿ​ថា គ្រប់​គ្នា​មាន​ការ​រំពឹង​គិត​បាន​ច្រើន​ពី​គម្រោង​ហ្នឹង។ ហើយ​ដោយ​ឡែក ខាង AMRU ក៏​ដូចជា​ខាង​អុកស្វាម និង​ក្រុមហ៊ុន​ដៃគូ​គឺ​[ខិត]ខំ​អស់​[ពី]​លទ្ធភាព ដើម្បី​ឱ្យ​គម្រោង​នេះ​ចេញ​ជា​ផ្លែ​ផ្កា ដែល​ជា Platform​[ទម្រង់]​មួយ អាច​ឱ្យ​កសិករ​ផ្តល់​នូវ​ជំនឿ​ទៅ​លើ​ទីផ្សារ​ដែល​កន្លង​មក​គាត់​អស់​ជំនឿ​ដែល​គាត់​តែ​និយាយ​ថា គាត់​អត់​ទីផ្សារ។ ហ្នឹង​និយាយ​ពាក្យ​ខ្លី។ អញ្ជឹង​វា​ជា Platform​[ទម្រង់]​មួយ​ថ្មី។ បើ​ដើរ​ទៅ​ជោគជ័យ យើង​នឹង​អាច​ទាញ​កសិករ​នៅ​ស្រុក​ខ្មែរ​យើង​ដែល​ផលិត​នូវ​កសិផល​ស្រូវ​ក៏​ដូចជា​កសិផល​ផ្សេងៗ​នេះ​ឱ្យ​ចូលរួម​នៅ​ក្នុង Platform​[ទម្រង់] ហ្នឹង​ដែរ»។

អង្គការ​អុកស្វាម ប្រចាំ​កម្ពុជា ធ្វើ​ការ​លើក​កម្ពស់​ទៅ​ការ​អភិវឌ្ឍ ពង្រឹង​សិទ្ធិ ដើម្បី​ឆ្ពោះ​ទៅ​រក​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SDG) ដែល​ធានា​បាន​ថា នឹង​មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​មើល​រំលង។ គម្រោង​សង្វាក់​ផលិតកម្ម​ស្រូវ គឺ​ជា​គម្រោង​អាទិភាព​មួយ​ដែល​អង្គការ​អុកស្វាម​កំពុង​ធ្វើការ។ បើ​តាម​លោកស្រី​នាយិកា​អង្គការ​អុកស្វាម ប្រចាំ​កម្ពុជា គម្រោង​ប្លុករ៉េយស៍​គ្រោង​នឹង​ពង្រីក​វិសាល​បន្ថែម​ទៅ​លើ​ប្រជាកសិករ និង​នៅ​ខេត្ត​ផ្សេងៗ​នៅ​កម្ពុជា ក្រោយ​គម្រោង​សាកល្បង​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​នៅ​ខែ​មីនា ឆ្នាំ​២០១៩​ខាង​មុខ៕

ចែករំលែកតាម៖