របរ៥ប្រភេទដែលព្រះពុទ្ធទូន្មានឱ្យជៀសវាង

របរ៥ប្រភេទដែលព្រះពុទ្ធទូន្មានឱ្យជៀសវាង

សម្មាអាជីវៈ​ឬ​ការ​ចិញ្ចឹម​ជីវិត​ត្រូវ​គឺ​ជា​មគ្គ​មួយ​ក្នុង​ចំណោម​អដ្ឋង្គិកមគ្គ​ប្រកប​ដោយ​អង្គ​៨​ដែល​ជា​វិថី​ជីវិត​ឆ្ពោះ​ទៅ​រក​សេចក្ដីសុខ​ដែល​ប្រៀន​ប្រដៅ​ដោយ​ព្រះ​សម្មាសម្ពុទ្ធ។

យោង​តាម​គោលការណ៍​សម្មាអាជីវៈ ព្រះ​ពុទ្ធ​អង្គ​ណែនាំ​មនុស្ស​ទាំងឡាយ​ក្នុង​សង្គម​ឱ្យ​ប្រកប​មុខរបរ​រកស៊ី​ទទួលទាន​ឬ​ធ្វើ​ជំនួញ​ទាំង​ឡាយ​ណា​ដែល​ត្រឹមត្រូវ​និង​មិន​ប៉ះពាល់​ដល់​សេចក្តីសុខ​របស់​អ្នក​ដទៃ។ និយាយ​ជា​រួម​សម្មាអាជីវៈ​នេះ​គឺ​ជា​គោលការណ៍​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ព្រះពុទ្ធ​សាសនា។

សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា លោក ស៊ិន គង់ ដែល​បាន​បួស​រៀន​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ជាច្រើន​ឆ្នាំ មាន​ប្រសាសន៍​ថា ក្នុង​ការ​ប្រៀនប្រដៅ​ពី​ការ​ប្រកប​មុខរបរ​ត្រឹមត្រូវ​នេះ ព្រះ​សម្មាសម្ពុទ្ធ ក៏​បាន​ហាម​ឃាត់​ជំនួញ​៥​ប្រភេទ​ផង​ដែរ។ លោក​ថា ជំនួញ​ទាំង​នោះ​នាំ​ឱ្យ​មនុស្ស​សោកសៅ ស្លាប់ វិនាស ព្រាត់​ប្រាស់ និង​ប៉ះពាល់​បរិស្ថាន​ទៀត​ផង។

ជំនួញ​ប្រាំ​ប្រភេទ​ដែរ​ព្រះអង្គ​ហាម​មិន​ឱ្យ​មនុស្ស ជួញដូរ​គឺ​មាន​ដូច​តទៅ«ជំនួញ​ប្រាំ​ប្រភេទ​ហ្នឹង និយាយ​ពី​ការ​ជួញដូរ​មនុស្ស។ ហេតុអី​បាន​ជា​ការ​ជួញដូរ​មនុស្ស​ត្រូវ​បាន​ហាម​ឃាត់? ព្រោះ​ជា​រឿង​អមនុស្សធម៌​ណាស់ ក្នុង​នាម​មនុស្ស​ជាតិ​ដូច​គ្នា យើង​ទៅ​ជួញដូរ​មនុស្ស​វា​ព្រៃផ្សៃ​ពេក​ហើយ។ ទី​ពីរ​និយាយ​ពី​ការ​ជួញដូរ​សត្វ បាន​ន័យ​ថា​ចិញ្ចឹម​យក​មក​សម្លាប់​យក​សាច់។ ទី​បី​និយាយ​ពី​ការ​ជួញដូរ​ថ្នាំ​ពុល។ ថ្នាំ​ដាក់​បំពុល​សម្លាប់​សត្វ​ល្អិត​ក៏​ដោយ សម្លាប់​មនុស្ស​ក៏​ដោយ។ ហើយ​ទី​បួន​និយាយ​ពី​ការ​ជួញដូរ​អាវុធ។ ហើយ​ជំនួញ​ជួញដូរ​ចុង​ក្រោយ​ហ្នឹង គឺ​ជំនួញ​ជួញដូរ​គ្រឿង​ស្រវឹង​និង​ថ្នាំ​ញៀន»

លោក ស៊ិន គង់ សាស្ត្រាចារ្យទស្សនវិជ្ជានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
លោក ស៊ិន គង់ សាស្ត្រាចារ្យទស្សនវិជ្ជានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

សាស្ត្រាចារ្យ​ដដែល​បន្ថែម​ថា ន័យ​ទូលំទូលាយ​ជាង​នេះ​ទៀត ជំនួញ​ត្រឹមត្រូវ​គឺ​ជា​ការ​រក​ទទួលទាន​ដោយ​មិន​បង្ក​ភាព​ក្តៅ​ក្រហាយ​ដល់​អ្នកដទៃ មិន​បង្ក​ភាព​ក្តៅ​ក្រហាយ​ដល់​ខ្លួនឯង និង​មិន​បង្ក​ភាព​ក្តៅ​ក្រហាយ​ដល់​បរិស្ថាន។ លោក​ឱ្យ​ដឹង​ថា ក្នុង​ពុទ្ធ​ឱវាទ​មាន​ការ​ណែនាំ​ពី​ភាព​ជា​គំរូ​របស់​សត្វ​ឃ្មុំ​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត។ លោក​ថា សត្វ​ឃ្មុំ​ទៅ​ក្រេប​រស់​របស់​ផ្កា ដើម្បី​ចិញ្ចឹម​ជីវិត ប៉ុន្តែ​មិន​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ផ្កា​ឡើយ។

លោក​មាន​ប្រសាសន៍​ថា«ឃ្មុំ​មិន​ដែល​ធ្វើ​ឱ្យ​ខូចខាត​ដល់​ពណ៌ ដល់​ក្លិន ដល់​រូបភាព រូប​របស់​ផ្កា​ទេ។ មាន​ន័យ​ថា​ផ្កា​នៅ​តែ​ស្អាត​ដដែល នៅ​តែ​មាន​ក្លិន​ដដែល ហើយ​នៅ​តែ​មាន​ពណ៌​ដដែល។ ដូច្នេះ លោក​ប្រាប់​យើង​ថា​ក្នុង​នាម​យើង​ជា​មនុស្ស​ទូទៅ ជា​គ្រហស្ថ គួរ​តែ​ត្រាប់​តាម​សត្វ​ឃ្មុំ ដោយ​ការ​ស្វែង​រក​ទ្រព្យសម្បត្តិ​ណា ដែល​មិន​បៀតបៀន​ដល់​បរិស្ថាន ខូចខាត​ដល់​បរិស្ថាន»

ដោយឡែក​នៅ​ក្នុង​គោលការណ៍​នៃ​ការ​ទទួល​ខុសត្រូវ​សង្គម​របស់​សាជីវកម្ម​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CSR ត្រូវ​គេ​កត់​សម្គាល់​ឃើញ​ថា​មាន​ខ្លឹមសារ​ស្រដៀង​គ្នា​ទៅ​នឹង​ទ្រឹស្តី​របស់​ព្រះពុទ្ធ​សាសនា។

លោក អៀង សុធារ៉ា ស្ថាបនិកមូលនិធិអៀងដែលគាំទ្រវិស័យអប់រំនិងសុខភាព
លោក អៀង សុធារ៉ា ស្ថាបនិកមូលនិធិអៀងដែលគាំទ្រវិស័យអប់រំនិងសុខភាព

ស្ថាបនិក​មូលនិធិ​អៀង​ដែល​គាំទ្រ​វិស័យ​អប់រំ​និង​សុខភាព លោក អៀង សុធារ៉ា មាន​ប្រសាសន៍​ថា CSR បាន​លើក​ឡើង​ពី​គោលការណ៍ ស្រ៊ីភី (3P) មនុស្ស (People) ភព​ផែនដី (Planet) និង​ផលចំណេញ​ឬ​ភាព​ចម្រើន​រុងរឿង (Profit or prosperity)។

លោក អៀង សុធារ៉ា ពន្យល់​ពី​គោលការណ៍​ទាំង​៣​ដូចនេះ​ថា៖ «People មាន​ន័យ​ថា​ពេល​យើង​ធ្វើការ​រកស៊ី​ហ្នឹង យើង​ជួយ​ដល់​ខ្លួន​ឯង ជួយ​ដល់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ជួយ​ដល់​សង្គម​មនុស្ស​និង​ជួយ​ដល់​មនុស្ស​នៅ​លើ​ពិភពលោក​ហ្នឹង។ ហើយ​ទី​ពីរ Planet មាន​ន័យ​ថា​ពេល​យើង​ធ្វើការ​រកស៊ី យើង​ត្រូវ​គិត​ដល់​បរិស្ថាន យើង​មិន​បំពុល​ទឹក យើង​មិន​បំពុល​ខ្យល់ មិន​បំពុល​បរិស្ថាន។ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ យើង​ត្រូវ​គិត​គូរ​ពី​រឿង​ដាំ​ដើម​ឈើ ឬ​ក៏​ធ្វើ​ប្រព័ន្ធ​សម្អាត​ទឹក​អី​ហ្នឹង​ទាំងអស់​ហ្នឹង។ ហើយ​ទី​បី ភី​ទី​បី Profit or prosperity គឺ​យើង​ធ្វើ​ម៉េច​ឱ្យ​មាន​ការ​រីក​ចម្រើន​ទាំងអស់​គ្នា»

លោក​សាស្ត្រាចារ្យ ស៊ិន គង់ ឱ្យ​ដឹង​ថា​លោក​ត្រៀម​នឹង​បោះពុម្ព​សៀវភៅ​ថ្មី​មួយ ដែល​និយាយ​ពី​សម្មាជីវៈ​ឬ​ការ​ចិញ្ចឹម​ជីវិត​ត្រូវ។ គោលបំណង​នៃ​ការ​ចងក្រង​និង​បោះពុម្ព​សៀវភៅ​នេះ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​បែប​ពុទ្ធ​សាសនា​ក្នុង​ការ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ត្រូវ ទៅ​កាន់​បណ្តា​អ្នក​ធ្វើ​ជំនួញ​ទាំង​ឡាយ​ឱ្យ​គិតគូរ​ដល់​សីលធម៌ គុណធម៌​ក្នុង​អាជីវកម្ម​របស់​ខ្លួន ដែល​អាច​ផ្តល់​សេចក្តីសុខ​ដល់​ខ្លួនឯង ដល់​មនុស្ស​ក្នុង​សង្គម ព្រម​ទាំង​ភព​ផែនដី​ទាំង​មូល៕

ចែករំលែកតាម៖