Technovation ជួយ​តម្រង់​កុមារី​ឱ្យ​ក្លាយ​ជា​អ្នកដោះស្រាយ​បញ្ហា​នា​ពេលអនាគត

Technovation ជួយ​តម្រង់​កុមារី​ឱ្យ​ក្លាយ​ជា​អ្នកដោះស្រាយ​បញ្ហា​នា​ពេលអនាគត

កម្មវិធី Technovation នៅកម្ពុជា​ដែល​ត្រូវ​បាន​ធ្វើឡើង​កាលពី​ចុង​ខែ​ឧសភា ឆ្នាំ២០១៨ (រូបភាព៖ ឡុង គីមម៉ារីតា)

Technovation គឺជា​កម្មវិធី​មួយ​ដែល​ត្រូវ​បង្កើត​ឡើង​ដើម្បី​លើក​ទឹកចិត្ត​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​ឱ្យ​យល់​ដឹង​ពី​បច្ចេក​វិទ្យា។ កម្មវិធី​នេះ​ទទួល​បាន​ការ​​គាំទ្រ​ពី​គម្រោង Development Innovations របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ហៅ​កាត់​ថា USAID ​ចាប់​តាំងពី​ឆ្នាំ​២០១៤​មក។

យោងតាម​ទីភ្នាក់ងារ​ USAID កម្មវិធី Technovation បាន​ផ្តល់ឱ្យ​ស្ត្រី​វ័យ​ក្មេង​អាយុ​ចន្លោះ​ពី​១០​ទៅ​១៨ឆ្នាំ​នូវ​ការ​បណ្តុះបណ្តាល​និង​អ្នក​ប្រឹក្សាយោបល់ ដើម្បី​កំណត់​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​សហគមន៍។ បន្ថែម​ពីនេះ Technovation ក៏​ជួយ​ឱ្យ​ពួកគេ​អាច​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ព្រមទាំង​កសាង​ផែនការ​អាជីវកម្ម​មួយ​ដើម្បី​ផ្សព្វផ្សាយ​កម្ម​វិធី​ទូរសព្ទ​របស់ខ្លួន​នៅ​លើ​ទីផ្សារ។

ប្រធាន​គម្រោង Development Innovations លោកស្រី Kate Heuisler មានប្រសាសន៍​ថា ​កម្មវិធី Technovation គឺជា​មាគ៌ា​មួយ​ដ៏ល្អ ដើម្បី​ជួយ​កុមារី​ក្នុង​ការ​ទទួល​បាន​ឱកាស​ចូលរួម​ក្នុង​វិស័យ​បច្ចេកវិទ្យា។

លោក​ស្រី​មានប្រសាសន៍​ថា៖ «ពួកយើង​សង្ឃឹម​ថានេះ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​របស់​ពួកគាត់​នៅក្នុង​វិស័យ​បច្ចេកវិទ្យា។ ពួកគាត់​នឹង​បន្ត​រៀន​សរសេរ​កូដ​និង​ជំនាញ​ទន់​ផ្សេងៗ​ថែមទៀត។ កម្មវិធី Technovation ជួយ​តម្រែតម្រង់​កុមារី​ឱ្យក្លាយ​ជា​អ្នក​ដោះស្រាយ​បញ្ហា​នា​ថ្ងៃ​អនាគត»។

នៅ​ឆ្នាំ​២០១៨​នេះ​ កម្មវិធី Technovation ​បាន​ជួយ​គាំទ្រ​កុមារី​ជិត​២០០​នាក់​ដែល​មាន​ចំនួន​៤៤​ក្រុម​ដើម្បី​ចូលរួម​ប្រកួតប្រជែង​និង​ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាលអំ​ពី​សហគ្រិនភាព​និង​បច្ចេកវិទ្យា​រយៈពេល​១២​សប្ដាហ៍។ ការ​បណ្ដុះ​បណ្ដាល​នេះ​រួមមាន​ការសរសេរ​កូដ គំនិត​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ ការរៀបចំ​ផែនការ​អាជីវកម្ម​ និង​ការធ្វើ​បទបង្ហាញ​ទៅ​កាន់​គណៈកម្មការ​។ នេះ​បើតាម​ទីភ្នាក់ងារ USAID។

លោក អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​លើ​កម្មវិធី​នេះ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា។ ​លោក​ចាត់​ទុកថា កម្មវិធី Technovation គឺ​ជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​ស្រ្តី​វ័យ​ក្មេង​ដើម្បី​បង្ហាញ ពី​គំនិត​បង្កើតថ្មី​របស់​កុមារី​និង​ធ្វើ​វា​ឱ្យ​ទៅជា​ការពិត។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​ចង់​ឱ្យ​មាន​សិស្ស​ស្រី​​ពី​សាលា​ឯកជន​និង​សាលា​រដ្ឋ​ចូលរួម​កាន់តែ​ច្រើន​ថែម​ទៀត​និង​ទទួលបាន​ការជួយ​ឧបត្ថម្ភ​បន្ថែមទៀត​ទាំង​វិស័យ​ឯកជន​ទាំង​វិស័យ​សាធារណៈ ព្រមទាំង​សហគ្រិន​ដែល​មាន​បទពិសោធ​និង​អ្នក​ជំនាញ IT (ព័ត៌មាន​វិទ្យា) ដើម្បី​ធ្វើ​ជា​អ្នក​ណែនាំ​ក្នុង​កម្មវិធី Technovation នេះ»។

យុវតី រស់ អេនចលលី (ទីពីរ​រាប់​ពី​ស្ដាំ) និង​​ក្រុម Five Infinities ដែល​បាន​បង្កើត​កម្មវិធី​ទូរសព្ទ​ឈ្មោះថា "MEP Center” (រូបភាព៖ ឡុង គីមម៉ារីតា)
យុវតី រស់ អេនចលលី (ទីពីរ​រាប់​ពី​ស្ដាំ) និង​​ក្រុម Five Infinities ដែល​បាន​បង្កើត​កម្មវិធី​ទូរសព្ទ​ឈ្មោះថា “MEP Center” (រូបភាព៖ ឡុង គីមម៉ារីតា)

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កម្មវិធី​នេះ​បាន​ទាក់ទាញ​ស្ត្រីវ័យក្មេង​កម្ពុជា​ជាច្រើន​នាក់​ពី​គ្រប់​សាលារដ្ឋ​និង​ឯកជន ឱ្យ​ចាប់​អារម្មណ៍​ចូលរួម​ប្រកួត​ប្រជែង ដើម្បី​បង្កើត​គំនិត​ថ្មី​ៗទាក់ទងនឹង​បច្ចេក​វិទ្យា។

យុវតី រស់ អេនចលលី សមាជិក​ម្នាក់​ក្នុង​ក្រុម Five Infinities ដែលបាន​បង្កើត​កម្មវិធី​ទូរសព្ទ​ឈ្មោះ​ថា “MEP Center”។ កម្មវិធី MEP Center គឺជា​កម្មវិធី​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកផ្តល់​សេវាកម្ម​លើ​ជំនាញ​ជួសជុល​គ្រឿងយន្ត អគ្គិសនី ទុយោទឹក​និង​អ្នកប្រើ​ប្រាស់។

ស្ថិត​ក្នុងចំណោម​យុវតី​ប្រាំ​នាក់​មាន​វ័យ​ស្របាល​ៗគ្នា យុវតី​វ័យ​១២​ឆ្នាំ​មកពី​សាលា Liger រូបនេះ​បាន​លើកឡើង​ក្រោយ​បញ្ចប់​បទបង្ហាញ​របស់ខ្លួន​ថា នាង​តែងតែ​ឮ​ពាក្យ​ស្ត្រី​បង្វិល​ចង្រ្កាន​មិន​ជុំ ដែល​ធ្វើឱ្យ​នាង​មាន​គំនិត​ចង់​ឱ្យមាន​ការផ្លាស់ប្តូរ​ផ្នត់គំនិត​ទាំង​នេះ តាម​រយៈ​ស្ត្រី​បង្កើត​បច្ចេកវិទ្យា។

យុវតី អេនចលលី បន្ត​ថា៖ «និយាយ​រួមទៅ មិនមែន​ត្រឹម​ថ្ងៃ​ហ្នឹង​ដែល​ពួកខ្ញុំ​មក​គឺ​បាន​ត្រៀមខ្លួន​តាំងពី​អត់​បាន​រៀន (Technovation) មកម្លេះ។ កម្ម​វិធី  Technovation ហ្នឹង គ្រាន់​តែដឹង​ថា​មាន​ឱកាស​ហ្នឹង​ភ្លាម ពួកខ្ញុំ​នាំ​គ្នា​រក​ក្រុម​ហើយ​ធ្វើម៉េច​លើកទឹកចិត្ត​គ្នា ធ្វើ​ម៉េច​ឱ្យ​ជោគជ័យ​ក្នុង​កម្មវិធី Technovation នេះ​ឱ្យបាន»។

កម្មវិធី Technovation ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ចុងក្រោយ​សម្រាប់​គម្រោង​៥​ឆ្នាំ​នៅ​កម្ពុជា។ កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​ជា​លក្ខណៈ​ថ្នាក់​ជាតិ​កាលពី​ពាក់​បណ្តាល​ខែ​ឧសភា ដោយ​ក្មេងស្រី​ចូលរួម​បាន​រក​ឃើញ​គំនិត​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធនឹង​ការអប់រំ សុខភាព សេដ្ឋកិច្ច និង​សង្គម។

កាលពី​ឆ្នាំ​២០១៧ សិស្ស​ស្រី​មួយ​ក្រុម​មកពី​សាលា Liger បានទៅ​ចូលរួម​ប្រកួត​ប្រជែង​វគ្គ​ចុងក្រោយ​នៃ​ការប្រកួតប្រជែង​ Technovation នៅ​តំបន់​បច្ចេកវិទ្យា​ស៊ីលីខិនវ៉ាលី (Silicon Valley) ដ៏​ល្បីល្បាញ​នៃ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ សហរដ្ឋអាមេរិក។

ប្រធាន​គម្រោង Development Innovations លោកស្រី Kate Heuisler បញ្ជាក់​ថា នៅ​ខែ​សីហា ឆ្នាំ​២០១៨​នេះ កម្មវិធី Technovation កម្ពុជា​ក៏នឹង​ជ្រើសរើស​ក្រុម​កុមារីវ័​យក្មេង​មួយ​ក្រុម​ដ៏​ឆ្នើម​របស់​កម្ពុជា ទៅ​ធ្វើ​ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី Technovation ពិភពលោក​នៅ​តំបន់​បច្ចេកវិទ្យា​ស៊ីលីខិនវ៉ាលី ដែល​មានអ្នក​ចូលរួម​មកពី​១០០​ប្រទេស​ផងដែរ៕

ចែករំលែកតាម៖