រដ្ឋមន្ត្រីទូរគមនាគមន៍៖ កម្ពុជាត្រូវអនុវត្ត៤ចំណុចដើម្បីធ្វើឱ្យប្រសើរលើផ្នែកឌីជីថល

រដ្ឋមន្ត្រីទូរគមនាគមន៍៖ កម្ពុជាត្រូវអនុវត្ត៤ចំណុចដើម្បីធ្វើឱ្យប្រសើរលើផ្នែកឌីជីថល

រូបភាពដោយ NIPTICT

ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​កាន់​តែ​ប្រសើរ​លើ​ផ្នែក​ឌីជីថល​នា​ពេល​អនាគត កម្ពុជា​ទាមទារ​ឱ្យ​ផ្តោត​លើ​ចំណុច​សំខាន់​៤។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក នៅ​ក្នុង​សិក្ខា​សាលា​ស្តី​ពី​ការ​ផ្លាស់ប្ដូរ​ទៅ​កាន់​យុគសម័យ​ឌីជីថល ជាមួយ​នឹង​បច្ចេកវិទ្យា​កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៨។

ចំណុច​ទាំង​៤​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​អះអាង​រួម​មាន ទី​១ គឺ​រដ្ឋាភិបាល​ឌីជីថល និង​បញ្ហា​សន្តិសុខ​លើ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន​(ITC) ទី​២ គឺ​សេដ្ឋកិច្ច​ឌីជីថល ទី​៣ ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន​(FDI) និង​ទី​៤ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ឆ្ពោះ​ទៅ​កាន់​ឌីជីថល។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (រូបភាពដោយ NIPTICT)
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (រូបភាពដោយ NIPTICT)

យ៉ាង​ណា​មិញ ដើម្បី​ឱ្យ​សម្រេច​បាន​នូវ​ការ​ផ្លាស់ប្ដូរ​នេះ រដ្ឋមន្រ្តី​ត្រាំ អ៊ីវតឹក សង្កត់​ធ្ងន់​ថា វា​ទាមទារ​ឱ្យ​មាន​ការ​សហការ​ពី​ដៃគូរ​ពាក់ព័ន្ធ ដូចជា​ស្ថាប័ន​រដ្ឋ ឯកជន និង​ដៃគូរ​អភិវឌ្ឍន៍​ក្នុង​ផ្នែក​ឧស្សាហកម្ម ITC ផង​ដែរ។

ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា NIPTICT បណ្ឌិត​ សេង សុភាព មាន​ប្រសាសន៍​ថា ការ​ផ្លាស់ប្តូរ​ទៅ​កាន់​ឌីជីថល នឹង​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​ដល់​កម្ពុជា ពិសេស​លើ​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម តាមរយៈ​ការ​នាំ​មក​នូវ​គំរូ​អាជីវកម្ម​ដែល​មាន​លក្ខណៈ​នវានុវត្តន៍​(បែប​ថ្មី) ការ​បង្កើន​លទ្ធភាព​ប្រកួត​ប្រជែង ការ​បង្កើត​ការងារ​កាន់​តែ​ច្រើន ដើម្បី​កំណើន​សេដ្ឋកិច្ច​ជាតិ៕

ចែករំលែកតាម៖