កម្មវិធីវប្បធម៌ពង្រឹងចំណងមិត្តភាពកម្ពុជាជប៉ុន

កម្មវិធីវប្បធម៌ពង្រឹងចំណងមិត្តភាពកម្ពុជាជប៉ុន

នេះ​ជា​លើក​ទី​១៤ ហើយ​ដែល​កម្ពុជា​រៀបចំ​ពិធី​បុណ្យ​វប្បធម៌​តាណាបាតា​ឬ​ជា​ភាសាខ្មែរ​ថា «ពិធី​បុណ្យ​ផ្កាយ»។ ក៏​ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៨​នេះ ការ​រៀបចំ​បុណ្យ​តាណាបាតា​មាន​លក្ខណៈ​ពិសេស​ជាង​ឆ្នាំ​មុនៗ ដើម្បី​អបអរ​ខួប​៦៥​ឆ្នាំ​នៃ​ចំណង​ការទូត​កម្ពុជា​ជប៉ុន។

ប្រសាសន៍​លោក ស៊ាង និមល នាយករង​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)៖ «ឆ្នាំ​ដំបូងៗ យើង​ធ្វើ​គ្រាន់​តែ​ជា​លក្ខណៈ​ថា យក​ដើម​ឫស្សី​មួយ​ដើម​មក ហើយ​បង្ហាញ​សិស្ស​នៅ​ក្នុង​ថ្នាក់​រៀន​តែ​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ​ដោយ​ឡែក ឆ្នាំ​ទៅ​យើង​ធ្វើ​លក្ខណៈ​មាន​ទ្រង់ទ្រាយ​ធំ ហើយ​ឆ្នាំ​នេះ​មាន​ស្ថាប័ន​៣​ចូលរួម»។

ព្រឹត្តិប័ត្រ​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា តាណាបាតា គឺ​ជា​កម្មវិធី​បុណ្យ​ប្រពៃណី​ជប៉ុន​ដែល​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ជា​រៀងរាល់​ឆ្នាំ។ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំឭក​ពី​ដំណើរ​រឿង​របស់​គូ​ស្នេហ៍​មួយ​គូ​គឺ​នារី​តម្បាញ​និង​បុរស​គង្វាល​គោ​ដែល​អាច​ជួប​គ្នា​បាន​តែ​ម្តង​គត់​ក្នុង​មួយ​ឆ្នាំ​គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​នេះ។ តាម​ជំនឿ​របស់​ប្រជាជន​ជប៉ុន នៅ​ថ្ងៃ​នេះ​ពួក​គេ​តែង​តែ​នាំ​គ្នា​សរសេរ​បំណង​ប្រាថ្នា​របស់​ខ្លួន​ហើយ​ចង​ព្យួរ​នឹង​ដើម​ឫស្សី​ដើម្បី​បួងសួង​ឱ្យ​បាន​សម្រេច​តាម​អ្វី​ដែល​ខ្លួន​ប៉ង​ប្រាថ្នា។

លោក​ឯកអគ្គរាជទូតជប៉ុន
លោក​ឯកអគ្គរាជទូតជប៉ុន

ប្រសាសន៍​លោក​ឯកអគ្គរាជទូត៖ «ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ​នេះ ស្ថានទូត​ជប៉ុន​និង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធី​ជប៉ុន​ក៏​ចូលរួម​សហការ​ជាមួយ​CJCC ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​តាណាបាតា​ដោយ​បញ្ចូល​ក្នុង​វិធី​មួយ​ចំនួន»។

កម្មវិធី​វប្បធម៌​ជា​ច្រើន​ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​ពិធី​បុណ្យ​តាណាបាតា​នា​ឆ្នាំ​នេះ​មាន​ដូចជា សិក្ខាសាលា​ស្តី​ពី​ឧបករណ៍​តន្ត្រី​បុរាណ​ជប៉ុន ការ​បញ្ចាំង​ខ្សែភាពយន្ត​គំនូរ​ជីវចល​ជប៉ុន​ដ៏​ល្បីល្បាញ​រឿង «One Piece» ការ​ប្រឡង​ចម្រៀង​ភាសា​ជប៉ុន Nodojiman ឆ្នាំ​២០១៨ ថ្នាក់​រៀន​ចម្អិន​ម្ហូប​ជប៉ុន សិល្បៈ​បត់​ក្រដាស«អូរីហ្គាមី» សិល្បៈ​កាត់​ក្រដាស«គីរីហ្គាមី» ការ​សរសេរ​អក្សរ​ផ្ចង់ «ស្យូដូ» ការ​សាកល្បង​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ជប៉ុន​និង​កម្ពុជា ព្រម​ទាំង​ការ​តាំង​ពិព័រណ៍​ផ្សេងៗ​ទៀត។

កម្មវិធី​វប្បធម៌​តាណាបាតា​នេះ​ដែល​ចូលរួម​អបអរសាទរ​ខួប​៦៥​ឆ្នាំ នៃ​មិត្តភាព​រវាង​ជប៉ុន​និង​កម្ពុជា​ក៏​ទទួល​បាន​ការ​គាំទ្រ​និង​ចូលរួម​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា​ផង​ដែរ។

លោក សោម សុគន្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌
លោក សោម សុគន្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌

លោក សោម សុគន្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​អះអាង​ថា ជប៉ុន​ជា​ដៃគូ​អភិវឌ្ឍ​មួយ​របស់​កម្ពុជា ដែល​មិន​អាច​មើល​រំលង។

ប្រសាសន៍​របស់​លោក សោម សុគន្ធ៖ “ខ្ញុំ​សូម​រម្លឹក​ដោយ​សង្ខេប​ថា កម្ពុជា​មាន​សុខសន្តិភាព​ពេញលេញ​ស្ថិរភាព​នយោបាយ​និង​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃ​នេះ គឺ​មាន​ចំណែក​នៃ​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន”។

លោក​រដ្ឋលេខាធិការ​រូប​នេះ​បញ្ជាក់​ផង​ដែរ​ថា ការ​បង្ហាញ​ពី​វប្បធម៌​ប្រទេស​ទាំងពីរ​នៅ​ក្នុង​កម្មវិធី​តាណាបាតា​នេះ​ក៏​ជា​ការ​រឹត​ចំណង​មិត្តភាព​មួយ​ផង​ដែរ ដើម្បី​ឱ្យ​ប្រជាជន​ប្រទេស​ទាំង​ពីរ​ពិសេស​យុវជន​កម្ពុជា​បាន​ស្គាល់​និង​ដឹង​អំពី​វប្បធម៌​ជប៉ុន៕

ចែករំលែកតាម៖