លេខាទូតទី១សង្ឃឹមថាបុណ្យតាណាបាតានឹងធ្វើឱ្យជប៉ុនកម្ពុជារឹតតែស្និទ្ធស្នាល

លេខាទូតទី១សង្ឃឹមថាបុណ្យតាណាបាតានឹងធ្វើឱ្យជប៉ុនកម្ពុជារឹតតែស្និទ្ធស្នាល

សន្និសីទសារព័ត៌មាននៃកម្មវិធីបុណ្យតាណាបាតា

ពិធី​បុណ្យ​តាណាបាតា ឬ​ជា​ភាសាខ្មែរ​ថា «ពិធី​បុណ្យ​ផ្កាយ» គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​កក្កដា នៅ​CJCC ដោយ​មាន​ភ្ជាប់​សកម្មភាព​កម្សាន្ត​បែប​ផ្លាស់ប្តូរ​វប្បធម៌​រវាង​កម្ពុជា​ជប៉ុន។ ពិធី​នេះ​រៀបចំ​ដោយ​ស្ថាប័ន​ចំនួន​រួម​មាន​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) និង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន (JFAC)។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​កម្មវិធី​បុណ្យ​តាណាបាតា កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ នៅ​ធ្វើ​ឡើង​នៅ CJCC នាយករង​នៃ CJCC លោក​ ស៊ាង និមល អះអាង​ថា ឆ្នាំ​នេះ​មាន​កម្មវិធី​វប្បធម៌​ជប៉ុន​និង​កម្ពុជា​ប្រមាណ​ជាង​១០​សម្រាប់​អ្នក​ចូលរួម​អាច​កម្សាន្ត​និង​ស្វែង​យល់​ពី​វប្បធម៌​អរិយធម៌​ប្រទេស​ទាំង​ពីរ។ កម្មវិធី​ទាំង​នោះ​មាន​ដូចជា​ការ​ស្លៀក​សម្លៀកបំពាក់​បុរាណ​ខ្មែរ​សម័យ​លង្វែក សម្លៀកបំពាក់​ជប៉ុន​យ៉ូកាតាក់ ឬ​ក៏​ការ​ចម្អិន​ម្ហូប​អាហារ​និង​នំ​ជប៉ុន ដោយ​អ្នក​ចូលរួម​ជា​ជនជាតិ​ខ្មែរ​ផ្ទាល់​តែ​ម្តង។

លោក ស៊ាង និមល បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​គិត​ថា នេះ​ជា​អ្វី​ដែល​របស់​ជប៉ុន មិន​ថា​នំ​របស់​ជប៉ុន​ប៉ុន្តែ​វា​មិនមែន​ជប៉ុន​អ្នក​ធ្វើ​ទេ គឺ​ជនជាតិ​ខ្មែរ​របស់​យើង​ហ្នឹង ធ្វើ​នំ​ដែល​មាន​រសជាតិ​ជប៉ុន​ហ្នឹង ដើម្បី​បាន​ភ្លក់​បាន​ស្គាល់ ថា​គេ​ធ្វើ​យ៉ាង​មេច ហើយ​រសជាតិ​វា​យ៉ាង​មេច។ ធ្វើ​ស្គាល់​ជា​ជនជាតិ​ខ្មែរ ពិសេស​គឺ​អ្នក​ចូលរួម​តែ​ម្តង»។

(កណ្ដាល) លោកស្រី Tanabe Kaori (ថាណាបេ កាអូរី) លេខាទូតទី១ប្រចាំស្ថានទូតជប៉ុននៅកម្ពុជា
(កណ្ដាល) លោកស្រី Tanabe Kaori (ថាណាបេ កាអូរី) លេខាទូតទី១ប្រចាំស្ថានទូតជប៉ុននៅកម្ពុជា

លេខា​ទូត​ទី​១​ប្រចាំ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​ លោកស្រី Tanabe Kaori (ថាណាបេ កាអូរី) ថ្លែង​ក្នុង​សន្និសិទ​សារព័ត៌មាន​នេះ​បញ្ជាក់​ពី​ក្តី​សង្ឃឹម​ថា សកម្មភាព​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ក្នុង​កម្មវិធី​បុណ្យ​តាណាបាតា​នៅ​CJCC​នោះ នឹង​អាច​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​រឹត​តែ​មាន​ភាព​ស្និតស្នាល​ជាមួយ​វប្បធម៌​ជប៉ុន ក៏​ដូចជា​ជនជាតិ​ជប៉ុន​បន្ថែម​មួយ​កម្រិត​ទៀត។

លោកស្រី ថាណាបេ មាន​ប្រសាសន៍​ថា៖ «នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​គឺ​ជា​កន្លែង​ផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ជប៉ុន​និង​កម្ពុជា។ ដូច្នេះ​ហើយ​នៅ​ក្នុង​កម្មវិធី​យើង​នេះ មិន​គ្រាន់​តែ​ជា​ការ​ផ្សព្វផ្សាយ​វប្បធម៌​ជប៉ុន​ទេ គឺ​យើង​បង្ហាញ​អំពី​ភាព​ស្រដៀង​គ្នា​និង​ភាព​ខុស​គ្នា​រវាង​វប្បធម៌​ជប៉ុន​និង​កម្ពុជា។ ហើយ​ម៉្យាង​វិញ​ទៀត បង្ហាញ​នៅ​ក្នុង​ពិធី​បើក​[កម្មវិធី​តាណាបាតា]គឺ​[មាន]​តន្រ្តី​ប្រពៃណី​របស់​យើង​គឺ​ខាង​កម្ពុជា​ក៏​ចូលរួម​ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌​ហើយ​ខាង​យើង​ក៏​រៀបចំ​តន្រ្តី​ប្រពៃណី​ផង​ដែរ»។

ព្រឹត្តិប័ត្រ​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា តាណាបាតា គឺ​ជា​កម្មវិធី​បុណ្យ​ប្រពៃណី​ជប៉ុន​ដែល​តែង​តែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​ជប៉ុន ដើម្បី​រំឭក​ពី​ដំណើរ​រឿង​របស់​គូ​ស្នេហ៍​មួយ​គូរ គឺ​នារី​តម្បាញ និង​បុរស​គង្វាល​គោ។

ដោយ​ឡែក​នៅ​កម្ពុជា តាណាបាតា​គឺ​កម្មវិធី​វប្បធម៌​ដែល​រៀបចំ​ឡើង​ក្នុង​គោល​បំណង​បន្ត​ជំរុញ​ការ​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត។ នៅ​កម្ពុជា ពិធី​បុណ្យ​នេះ​ត្រូវ​បាន​រៀបចំ​ដំបូង​ក្នុង​ឆ្នាំ​២០០៤ និង​ជា​បន្ត​បន្ទាប់​រហូត​ដល់​បច្ចុប្បន្ន ដោយ​មាន​ការ​បើក​ឱ្យ​សាធារណជន​ចូលរួម​ដោយ​សេរី។ កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ពិធី​បុណ្យ​តាណាបាតា មាន​អ្នក​ចូលរួម​ជាង​២​ពាន់​នាក់ ដោយ​ភាគ​ច្រើន​ជា​សិស្ស​និស្សិត។

បើ​តាម​លេខា​ទូត​ទី​១ នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ឆ្នាំ​នេះ​ពិធី​បុណ្យ​តាណាបាតា ប្រារព្ធ​ឡើង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​កន្លង​មក ដោយ​កាល​ពី​មុន​តាណាបាតា​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៨​នេះ បុណ្យ​ប្រពៃណី​ជប៉ុន​តាណាបាតា រៀបចំ​ឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ដល់​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៥​ឆ្នាំ នៃ​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​ផង​ដែរ៕

ចែករំលែកតាម៖