តាខេអាចប្រឈមមុខនឹងការបាត់បង់ប្រសិនបើកូនខ្មែរមិនរួមគ្នាអភិរក្ស

តាខេអាចប្រឈមមុខនឹងការបាត់បង់ប្រសិនបើកូនខ្មែរមិនរួមគ្នាអភិរក្ស

តាខេ

គ្រូ​ភ្លេង​បុរាណ​ជំនាញ​ផ្នែក​តាខេ​នៃ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ ​លោក អ៊ីង វណ្ណា កំពុង​បង្រៀន​សិស្ស​លេង​តាខេ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ដៃ​ទាំង​ពីរ​ដាក់​លើ​តាខេ​ចុច​ពី​មួយ​ចំណុច​ទៅ​មួយ​ចំណុច​តាម​បទ​ភ្លេង​នៅ​លើ​ឧបករណ៍​តាខេ ភ្នែក​រំពៃ​មើល​ទៅ​កាន់​កូន​សិស្ស​ដែល​អង្គុយ​ទល់​មុខ លោក អ៊ីង វណ្ណា តែង​ណែនាំ​ប្រាប់​សិស្ស​នៅ​ពេល​ចុច​ខុស​ចំណុច។

លោក​ឈប់​សម្រាក​បន្តិច​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ទៅ​ដល់​ដើម្បី​សាក​សួរ​ពី​ព័ត៌មាន​និង​ស្ថានភាព​ឧបករណ៍​ភ្លេង​តាខេ​នៅ​ពេល​បច្ចុប្បន្ន។

ក្នុង​ទឹក​មុខ​មាំ លោក អ៊ីង វណ្ណា រៀបរាប់​ថា កាល​ពី​ឆ្នាំ​២០១៧ សិស្ស​រៀន​ជំនាញ​តាខេ​នេះ​មាន​តែ​២​ទៅ​៣​នាក់​តែ​ប៉ុណ្ណោះ។ ក្នុង​ឆ្នាំ​២០១៨​នេះ មាន​សិស្ស​មក​ចុះ​ឈ្មោះ​ចូល​រៀន​៤​នាក់​តែ​ការ​សិក្សា​ហាក់​មិន​សូវ​ទៀត​ទាត់​នោះ​ទេ ដោយសារ​ខ្វះ​ការ​ជំរុញ​ពី​អាណា​ព្យាបាល។ លោក​ថា ការ​រៀន​យក​ជំនាញ​តាខេ​នេះ អាច​ជា​ការ​លំបាក​សម្រាប់​សិស្ស ដែល​ចង់​រៀន​តែ​មិន​មាន​ដុង ព្រោះ​សិស្ស​ដែល​អាច​ចាប់​យក​អាជីព​នេះ​បាន​ចាំបាច់​ត្រូវ​មាន​ដុង​ពី​កំណើត។

លោកគ្រូ អ៊ីង វណ្ណា មាន​ប្រ​សាសន៍​ថា៖ «អ្នក​ខ្លះ​គាត់​អត់​សូវ​មាន​និស្ស័យ។ មាន​និស្ស័យ​ស្រឡាញ់​មែន ប៉ុន្តែ​ដុង​ពី​ធម្មជាតិ​ហ្នឹង​គឺ​អត់​មាន។ មុន​រើស​ចូល​ត្រូវ​ការ​ធ្វើ​តេស្ត​(សាក​ល្បង)​សិន ជួន​កាល​អ្នក​ឯង​និស្ស័យ​ស្រឡាញ់ ប៉ុន្តែ​ដុង​អត់​មាន ដល់អ៊ី​ចឹង​ធ្វើ​តេស្ត​ទៅ​មិន​អាច​ទទួល​យក​បាន​ដែរ»។

សំឡឹង​មើល​មុខ​សិស្ស​បន្តិច លោក​គ្រូ​បន្ថែម​ថា ការសិក្សា​ជំនាញ​នេះ​អាច​ប្រើ​ពេល​វេលា​យូរ​ឬ​ឆាប់​គឺ​អាស្រ័យ​ទៅ​លើ​សមត្ថភាព​របស់​សិស្ស។ លោក​ថា ប្រសិន​បើ​សិស្ស​ពូកែ​ត្រឹម​តែ​មួយ​ឆ្នាំ​ទៅ​២​ឆ្នាំ​អាច​លេង​កើត តែ​បើ​សិស្ស​មិន​សូវ​មាន​ដុង​ត្រូវ​ចំណាយ​ពេល​យូរ​អាច​ដល់​៩​ឆ្នាំ រហូត​ចប់​បាក់ឌុប​ជំនាញ​ភ្លេង។

លោក អ៊ីង វណ្ណា គ្រូ​ភ្លេង​បុរាណ​ជំនាញ​ផ្នែក​តាខេ​នៃ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ ​
លោក អ៊ីង វណ្ណា គ្រូ​ភ្លេង​បុរាណ​ជំនាញ​ផ្នែក​តាខេ​នៃ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ ​

លោកគ្រូ​វ័យ​ជាង​៥០​ឆ្នាំ​រូប​នេះ បន្ថែម​ថា ទីផ្សារ​ការងារ​សម្រាប់​អ្នក​លេង​តាខេ​បច្ចុប្បន្ន​មិន​សូវ​ខុស​គ្នា​ពី​ទ្រសោ​តូច​នោះ​ទេ​គឺ​សម្បូរ​ជាង​ឧបករណ៍​ភ្លេង​ផ្សេងៗ​ទៀត ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ប្រគំ​ក្នុង​ពិធី​មង្គលការ​ខ្នាត​កណ្តាល។ លោក​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា កម្មវិធី​ធំៗ​ដូចជា​ក្នុង​វង់​ភ្លេង​មហោរី អាយ៉ៃ ពិធី​មង្គលការ​ដែល​ប្រើ​វង់​ភ្លេង​ខ្នាត​ធំ​ហាក់​មិន​សូវ​មាន​ទីផ្សារ​នោះ​ទេ។

លោកគ្រូ អ៊ីង វណ្ណា មាន​ប្រសាសន៍​ថា៖ «ដោយសារ​ឥឡូវ​នៅ​តាម​ពិធី​មង្គលការ ដូច​ថា​គ្នា​មិន​សូវ​មាន​លុយ​កាក់​ធំ​ដុំ គ្នា​យក​គ្រឿង​[វង់​ភ្លេង​ខ្មែរ]​សម័យ​កណ្តាល មាន​ឃឹម តាខេ ទ្រ​សោ​[តូច]​ អត់​មាន​ទ្រអ៊ូ​ទៀត មាន​តែ​ស្គរ​ដៃ​និង​អ្នក​ច្រៀង​ប៉ុណ្ណឹង​ទេ។ បើ​ថា ដូច​គេ​មាន​ថវិកា​ធូរធារ​ដូចជា​ឯកឧត្តម អស់​លោក​ធំៗ ដូចជា​លោក​ឧកញ៉ា​អីចឹង​ទៅ​គេ​យក​វង់​ភ្លេង​ធំៗ ដូចជា​វង់​បុរាណ​មាន​ទ្រ​ខ្មែរ ខ្សែ​ដៀវ​ឬ​ខ្សែ​តែ​មួយ មាន​ចាប៉ី​ដង​វែង ប៉ីអរ ស្គរ​២ មាន​គ្នា​ជាង​១០​នាក់ ដោយសារ​តម្លៃ​វា​ថ្លៃ​ជាង​វង់​ភ្លេង​សម័យ​កណ្តាល»។

សៀវភៅ​តន្រ្តី​បុរាណ​កម្ពុជា​ដែល​ចង​ក្រង​និង​ស្រាវជ្រាវ​ដោយ លោក ហ៊ុន សារិន សាស្រ្តាចារ្យ​សិល្បៈ​តន្រ្តី​បោះពុម្ព​ឆ្នាំ​២០០០ សរសេរ​ថា ខ្មែរ​ហៅថា តាខេ ស្រដៀង​គ្នា​ទៅ​នឹង​ភាសា​សៀម ហៅ​ថា ចរខេ៍ មាន​ន័យ​ថា​សត្វ​ក្រពើ។ ពាក្យ​ថា​តាខេ​ក៏​មាន​ន័យ​ថា​សត្វ​ក្រពើ​ដែរ​ពីព្រោះ​ឧបករណ៍​តាខេ​នេះ​មាន​រូប​រាង​ដូច​សត្វ​ក្រពើ​សុទ្ធសាធ​កាល​ពី​សម័យ​ដើម។ ដូនតា​ខ្មែរ​បាន​បែងចែក​តាខេទាំង​មូល​ជា​៣​ផ្នែក​គឺ​ក្បាល ដង​ខ្លួន និង​ពោះ។

សៀវភៅ​ដដែល​សរសេរ​ថា សម័យ​បច្ចុប្បន្ន​នេះ តាខេ​នៅ​កម្ពុជា​ធ្វើ​អំពី​ឈើ​ខ្នុរ​ដែល​ជា​ប្រភេទ​ឈើ​ឱ្យ​សំនៀង​ល្អ​ជាង​ឈើ​ដទៃ តែ​មាន​រូបរាង​ធម្មតា​បាត់​លក្ខណៈ​ជា​រូបរាង​សត្វ​ក្រពើ​អស់​ហើយ។ នៅ​ក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​ខ្លះ​ហៅ​ថា តៈខេ ខ្លះ​ទៀត​ហៅ​ថា​តាខេ ដែល​ពាក្យ​ខ្មែរ​មាន​ន័យ​ថា ក្រពើ។

ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឧបករណ៍​នេះ​វិញ សៀវភៅ​តន្ត្រី​បុរាណ​កម្ពុជា​សរសេរ​ថា តាខេ​មាន​មុខងារ​សំខាន់​ក្នុង​វង់​ភ្លេង​មហោរី វង់​ភ្លេង​អាយ៉ៃ វង់​ភ្លេង​ការ​សម័យ​ទំនើប ប្រគំ​ម្នាក់​ឯង និង​ជួន​កាល​ប្រើ​ជាមួយ​នឹង​ចម្រៀង​ដេញ​បែប​ចាប៉ី​ដង​វែង។ នៅ​ក្នុង​វង់​ភ្លេង​មហោរី គេ​ច្រើន​តែ​យក​តាខេ​ណា​ធំៗ​មាន​សំនៀង​ក្រាង​ក្រអៅ​ធ្ងន់​មក​ចូលរួម​ប្រគំ។ ប៉ុន្តែ​នៅ​ក្នុង​វង់​ភ្លេង​អាយ៉ៃ​និង​វង់​ភ្លេង​ការ​សម័យ​ទំនើប​វិញ គេ​ច្រើន​តែ​យក​តាខេ​តូច​បន្តិច​មាន​សំនៀង​ចចាត​ស្រាល​មក​ប្រគំ។

កុមារ៉ា ឈាន រតនា ​សិស្ស​តាខេ
កុមារ៉ា ឈាន រតនា ​សិស្ស​តាខេ

ឈាន រតនា វ័យ​១៤​ឆ្នាំ​ជា​កូន​សិស្ស​ម្នាក់​ដែល​មិន​សូវ​មាន​វោហាសព្ទ​ឆ្លើយ​មួយ​ម៉ាត់ៗ​ថា គេ​បាន​មក​សិក្សា​នៅ​ក្នុង​សាលា​នេះ​បាន​មួយ​ឆ្នាំ ហើយ​ទើប​តែ​ចេះ​លេង​តាខេ​បាន​បន្តិច​បន្តួច។ រតនា​បន្ថែម​ថា គេ​មក​សិក្សា​នៅ​ក្នុង​សាលា​នេះ​គឺ​ដោយសារ​ឪពុក​ម្តាយ​បញ្ជូន​ឱ្យ​មក​រៀន។

រតនា បន្ថែម​ថា៖ «គាត់​[ឪពុក​ម្តាយ]​ថា​គាត់​ស្រឡាញ់​ខាង​ភ្លេង។ (អ្នក​ព័ត៌មាន​សួរ៖ ហើយ​ចុះ​ប្អូន​ស្រឡាញ់​ទេ?) ស្រឡាញ់​ខាង​ភ្លេង​តាខេ។ (សំណួរ​៖ ហេតុអ្វី​បាន​ជា​ស្រឡាញ់​តាខេ?) ចង់​ថ្ងៃ​មុខ​ចង់​ហាត់​កន្លែងធំៗ ប្រណាំង​ជាមួយគេ​ដែរ។ (សំណួរ៖  ប្រណាំង​ជាមួយ​អ្នក​ឧបករណ៍​ដូចគ្នា​ឬ​ឧបករណ៍​បរទេស?) ឧបករណ៍​បរទេស​ប្រណាំង​ជាមួយ​គេ​ដែរ»

លោកគ្រូ អ៊ីង វណ្ណា បាន​ឱ្យ​ដឹង​ថា តាខេ​ជា​ឧបករណ៍​ភ្លេង​បុរាណ​មួយ​ប្រភេទ​ដែល​មាន​ប្រជាប្រិយភាព​កាល​ពី​សម័យ​បុរាណ តែ​បច្ចុប្បន្ន​មិន​សូវ​នោះ​ទេ ដោយសារ​កូន​ខ្មែរ​មួយ​ចំនួន​មិន​សូវ​បាន​យល់​ដឹង​ពី​វប្បធម៌។

លោកគ្រូ អ៊ីង វណ្ណា អំពាវនាវ​ថា៖ «កូន​ខ្មែរ​ខ្លះ​អត់​សូវ​បាន​យល់​ពី​វប្បធម៌​ពី​របស់​ដូនតា​យើង​ដែល​មាន​តម្លៃ​ទេ។ គិត​តែ​ថា​អ្វី​ដែល​គេ​ចង់​បាន​ឆើត​ឆាយ​ទទួល​តែ​ពី​របស់​បរទេស។ សូម​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​កូន​ខ្មែរ​ទាំង​អស់ សូម​ជួយ​ចាប់​អារម្មណ៍​ពី​តន្រ្តី​ខ្មែរ ជា​មរតក​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន សូម​ឱ្យ​ជួយ​ថែរក្សា​ទាំងអស់​គ្នា បើ​កូន​ខ្មែរ​មិន​ជួយ​ទេ ថ្ងៃ​ក្រោយ​នឹង​អាច​រេច​រឹល​បន្តិច​ម្តងៗ ប្រឈម​មុខ​អាច​នឹង​បាត់បង់»។

ចែករំលែកតាម៖