ជីវិតតស៊ូរបស់ស្ត្រីពិការនៅបាត់ដំបង

ជីវិតតស៊ូរបស់ស្ត្រីពិការនៅបាត់ដំបង

ក្នុង​សម្លៀកបំពាក់​អាវ​ក្រឡា​ការ៉ូ​ខោ​ទឹក​ប៊ិក​អុចៗ​និង​មួក​ប៉ារ៉ា ព្រម​ទាំង​មាន​ជើង​ស្ដាំ​ជា​ជើង​សិប្បនិម្មិត អ្នកស្រី ឈុន ហេង កំពុង​អង្គុយ​ធ្វើ​ត្រី​ឱ្យ​អតិថិជន​នៅ​ក្នុង​ផ្សារ​ប្រហុក​នៃ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។

អាជីវករ​មាឌ​ក្រាស់​ដំបង​រូប​នេះ បាត់បង់​ជើង​ស្ដាំ​នៅ​ឆ្នាំ​២០០៤ ដោយសារ​ដើរ​ជាន់​មីន​ខណៈ​ពេល​ដែល​អ្នកស្រី​កំពុង​ធ្វើ​ការ​ស៊ី​ឈ្នួល​គេ។

អ្នកស្រី ឈុន ហេង លើក​ឡើង​អំពី​មូលហេតុ​ដែល​អ្នកស្រី​សម្រេចចិត្ត​ប្រកប​របរ​ដោយ​ខ្លួនឯង​ថា អ្នកស្រី​មាន​អារម្មណ៍​ថា​ខ្មាសគេ​ក្នុង​ការ​ទទួល​បាន​ថវិកា​ឬ​របស់​របរ​ប្រើប្រាស់​ហូប​ចុក​ពី​អ្នក​ជុំវិញ​ខ្លួន ព្រោះ​អ្នកស្រី​គិត​ថា​ខ្លួន​នៅ​មាន​កម្លាំង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ឡើយ។

អ្នកស្រី ឈុន ហេង លើក​ឡើង​បន្ថែម​ថា៖ «ចឹង​បាន​ថា​អ្នក​ជន​ពិការ​កុំ​តូច​ចិត្ត​ខ្លួន​ឯង​ថា យើង​អស់​សង្ឃឹម មិន​ទាន់​អស់​សង្ឃឹម​ទេ។ ចឹង​យើង​ខំ​ប្រឹងប្រែង​រកស៊ី​ខ្លួនឯង កុំ​ដើរ​សុំ​ទាន​គេ។ យើង​ខំ​រក តាំង​ចិត្ត​ស្មារតី​ខ្លួន​យើង​ថា ធ្វើ​ម៉េច​យើង​ទៅ​លក់​លៀស​តែ​១០​កំប៉ុង​ក៏​យើង​បាន​២០០០​(រៀល)​ដែរ បាន​អង្ករ​មួយ​ពេល​ដែរ អ៊ីចឹង​យើង​សុំ​ទាន​គេ​ថោកទាប​ណាស់ ដើរ​សុំ​គេ​ទៅ​តាម​ផ្សារ​ទៅ ខ្លះ​គេ​ដាក់​ឱ្យ​គេ​អាណិត​ទៅ ខ្លះ​គេ​មិន​ដាក់​ឱ្យ។ ខ្ញុំ​ដ្បិត​តែ​ខ្ញុំ​ពិការ​ក៏​ខ្ញុំ​ដាក់​ឱ្យ​គេ​ដែរ គេ​ជើង​ជា​ស្អាតៗ​គេ​មក​សុំ​ខ្ញុំ ខ្ញុំ​ឱ្យ តែ​ខ្ញុំ​ធ្វើ​បុណ្យ គេ​មក​សុំ​ខ្ញុំ ខ្ញុំ​ឱ្យ។»

អ្នកស្រី ឈុន ហេង អាជីវករ​លក់​ត្រី និង​ខ្យង
អ្នកស្រី ឈុន ហេង អាជីវករ​លក់​ត្រី និង​ខ្យង

រៀងរាល់​ថ្ងៃ​អាជីវករ​លក់​ត្រី​ដែល​រស់នៅ​ឃុំ​ពាមឯក ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​រូប​នេះ​តែង​ធ្វើ​ដំណើរ​ពី​ផ្ទះ​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត ដើម្បី​ចេញ​ទៅ​លក់​ត្រី​ក្នុង​ផ្សារ​នៅ​ម៉ោង​២​ទៀប​ភ្លឺ រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម៉ោង​១១​ព្រឹក។ ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​អាច​រក​ចំណូល​ចូល​បាន​ចាប់​ពី​៤​ម៉ឺន​រៀល​ឡើង​ទៅ។

ក្រៅ​ពី​របរ​ជា​អ្នក​លក់​ត្រី ស្ត្រី​មេម៉ាយ​វ័យ​៤៩​ឆ្នាំ​រូប​នេះ​ក៏​ជា​អ្នក​បោះ​ដុំ​ខ្យង​ផង​ដែរ។ រៀងរាល់​រសៀល អ្នកស្រី​តែង​ទៅ​ប្រមូល​ខ្យង​នៅ​កំពង់​ក្បែរ​ផ្ទះ រួច​ចាំ​ឱ្យ​អតិថិជន​មក​យក​នៅ​ផ្ទះ​អ្នកស្រី​ដើម្បី​ទៅ​លក់​បន្ត។

ទម្រាំ​បាន​ចេញ​ប្រកប​អាជីវកម្ម​យ៉ាង​រលូន អ្នកស្រី ឈុន ហេង ក៏​បាន​ទទួល​ដើម​ទុន​មួយ​ចំនួន​ពី​គណៈកម្មាធិការអន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) នៅ​កម្ពុជា សម្រាប់​យក​ទៅ​ទិញ​ម៉ូតូ​ប្រើប្រាស់​ទូទៅ​ជា​ប្រចាំ ក្រោម​គម្រោង​ផ្ដួច​ផ្ដើម​អាជីវកម្ម​ខ្នាត​តូច​របស់ ICRC។

គម្រោង​ផ្ដួច​ផ្ដើម​អាជីវកម្ម​ខ្នាត​តូច​ស្ថិត​នៅ​ក្នុង​គម្រោង​ស្ដារលទ្ធភាព​កាយសម្បទា​នៃ ICRC នៅ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ក្នុង​គោល​បំណង​ជួយ​ស្ដារ​សេដ្ឋកិច្ច​ជន​ដែល​ពិការ​ដោយសារ​មីន ដែល​មាន​ផ្ដល់​ជូន​ជា​ថវិកា​ឬ​សម្ភារៈ​ជាក់លាក់​ណាមួយ​សម្រាប់​ឱ្យ​ជនពិការ​ចាប់​ផ្ដើម​មុខរបរ​អ្វី​មួយ​ឬ​សម្រាប់​ពង្រឹង​មុខរបរ​ឡើង​វិញ។

មក​ដល់​ពេល​នេះ គម្រោង​ផ្ដួច​ផ្ដើម​អាជីវកម្ម​ខ្នាត​តូច​បាន​ផ្ដល់​ទុន​ដល់​ជនពិការ​ជាង​៧០​នាក់​មក​ហើយ ដោយ​ពួក​គេ​បាន​ឆ្លង​កាត់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​និង​ការ​ចុះ​ទៅ​មើល​ស្ថានភាព​រស់នៅ​ផ្ទាល់​ពី​សំណាក់​ម្ចាស់​ជំនួយ។

លោក ហៃ ឈាង មន្រ្តី​ចុះ​សម្របសម្រួល​គម្រោង​ផ្ដួចផ្ដើម​មុខរបរ​ខ្នាត​តូច​របស់​គម្រោង​ស្ដារ​លទ្ធភាព​កាយសម្បទា​នៃ​ICRC​នៅ​កម្ពុជា រៀបរាប់​អំពី​លក្ខន្តិកៈ​សម្រាប់​ទទួល​បាន​ជំនួយ​នោះ​យ៉ាង​ដូច្នេះ​ថា៖ «ក្នុង​គម្រោង​ហ្នឹង​គឺ​យើង​ផ្ដល់​ជូន​ដល់​ជនពិការ​ណា​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​មីន ដោយសារ​គ្រាប់​មិន​ទាន់​ផ្ទុះ​ឬ​ក៏​ដោយសារ​សង្គ្រាម។ ហើយ​អាយុ​របស់​គាត់​គឺ​១៨​(ឆ្នាំ)​ទៅ​៦២​(ឆ្នាំ)​ក្នុង​ចន្លោះ​ហ្នឹង។ ហើយ​គ្រួសារ​របស់​គាត់​ជា​គ្រួសារ​ក្រីក្រ។ ហើយ​អ្វី​ដែល​សំខាន់​មួយ​ផ្នែក​ទៀត​នោះ​នៅ​ក្នុង​លក្ខន្តិកៈ​របស់​យើង​ដែរ គឺ​គាត់​មាន​គំនិត​ក្នុង​ការ​ប្រកប​របរ​រកស៊ី គាត់​មាន​ផែនការ​អាជីវកម្ម​ច្បាស់​លាស់។ ប្រសិន​បើ​គាត់​អត់​មាន​ទេ ក៏​យើង​មិន​អាច​ផ្ដល់​ដើម​ទុន​ឱ្យ​គាត់​បាន​ដែរ»។

លោក ហៃ ឈាង មន្រ្តីចុះសម្របសម្រួលគម្រោងផ្ដួចផ្ដើមមុខរបរខ្នាតតូច
លោក ហៃ ឈាង មន្រ្តីចុះសម្របសម្រួលគម្រោងផ្ដួចផ្ដើមមុខរបរខ្នាតតូច

គម្រោង​ផ្ដួចផ្ដើម​អាជីវកម្ម​ខ្នាត​តូច​មាន​ទីស្នាក់ការ​ធំ​នៅ​ក្នុង​មណ្ឌល​ស្ដារលទ្ធភាព​ពលកម្ម​កាយសម្បទា​នៅ​ខេត្ត​បាត់ដំបង ដែល​ដំណើរការ​ភ្ជាប់​ជាមួយ​នឹង​ខេត្ត​ចំនួន​៤​ទៀត​គឺ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ប៉ៃលិន ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ពោធិ៍សាត់ ព្រម​ទាំង​មាន​បើក​ដំណើរការ​នៅ​មណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​នៅ​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៨។

ជាមួយ​នឹង​បទពិសោធ​ជីវិត​ផ្ទាល់ អ្នកស្រី ឈុន ហេង ផ្ដាំផ្ញើ​ទៅ​ជនពិការ​ទាំងអស់​ថា សូម​កុំ​ទន់ជ្រាយ​ទៅ​តាម​ពិការភាព​របស់​ខ្លួន​ឱ្យ​សោះ។ អ្នកស្រី​ក៏​សំណូមពរ​ទៅ​កាន់​ជន​ដែល​មាន​កាយសម្បទា​គ្រប់គ្រាន់​ផង​ដែរ​ថា សូម​កុំ​មើល​ងាយ​ជន​ពិការ​ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ផ្ដល់​ជា​កម្លាំងចិត្ត​ស្មារតី ឱកាស​ការងារ​និង​ផ្ដល់​ជា​វគ្គ​បណ្ដុះ​បណ្ដាល​ទាក់ទង​នឹង​ជំនាញ​ណាមួយ​ដល់​ជនពិការ៕

ចែករំលែកតាម៖