បទពិសោធជោគជ័យក្រុមហ៊ុនអនុវត្តCSR

បទពិសោធជោគជ័យក្រុមហ៊ុនអនុវត្តCSR

បញ្ហា​បុគ្គលិក​កម្មករ​ចេញ​ចូល​ឬ​ឈប់​បម្រើ​ការងារ​គឺ​ហាក់​ដូចជា​ល្ខោន​នៅ​លើ​ឆាក។​ ប៉ុន្តែ​ល្ខោន​មួយ​រោង​នេះ​អាច​មិនមែន​ជា​ក្តី​ប្រាថ្នា​សម្រាប់​និយោជក​ចង់​ទស្សនា​នោះ​ទេ។​

យ៉ាង​ណា​មិញ​ រាល់​បញ្ហា​តែង​តែ​មាន​ដំណោះស្រាយ។​ ឯកសារ​ស្តី​ពី​ទំនួល​ខុស​ត្រូវ​សង្គម​នៅ​កម្ពុជា​ បោះពុម្ព​ក្នុង​ឆ្នាំ​២០១៦​ បាន​ជ្រើសរើស​ក្រុមហ៊ុន​ជាង​១០​ដែល​បាន​អនុវត្ត​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ឬ​CSR​ ហើយ​ទទួល​បាន​ជោគជ័យ។​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​មួយ​ដែល​ធ្លាប់​ប្រឈម​ បញ្ហា​លំហូរ​បុគ្គលិក​គឺ​ក្រុមហ៊ុន​ផាកទីក​ (Pactics)។​

ផាកទីក​ជា​រោងចក្រ​ផលិត​ប្រអប់​វែនតា​ឬ​ក្រណាត់​វែនតា​ឱ្យ​ម៉ាក​ល្បីៗ​នៅ​បរទេស​ដូចជា​ រៃប៉ាន់​ (Ray-Ban)​ និង​អូក្លី​(Oakley)​ជា​ដើម។​

ឯកសារ​កម្រាស់​២០​ទំព័រ​នេះ​បាន​ឱ្យ​ដឹង​ថា​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ដំណើរការ​នៅ​កម្ពុជា​ដំបូង​កាល​ពី​ឆ្នាំ​២០០៩​ ផាកទីក​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​សៀមរាប​ បាន​ប្រឈម​នឹង​បញ្ហា​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ លំហូរ​បុគ្គលិក​កម្មករ​ចេញ​ចូល​ បញ្ហា​សុខភាព​របស់​និយោជិត​ និង​បញ្ហា​ផ្សេង​ទៀត។​ បញ្ហា​ទាំង​នេះ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ចង្វាក់​ផលិតកម្ម​របស់​ស្ថាប័ន​ទាំង​មូល។​

ក្រោយ​ទទួល​បាន​ការ​ណែនាំ​ពី​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC)​ របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO)​ ផាកទីក​ក៏​បាន​បង្កើត​បរិយាកាស​ការងារ​ស្តង់ដា​ដែល​ទីតាំង​មាន​បង្អួច​ធំៗ​ មាន​ខ្យល់​ និង​ពន្លឺ​ចេញ​ចូល​គ្រប់គ្រាន់​ រី​ឯ​ពេល​យប់​ មាន​រៀបចំ​អំពូល​ភ្លើង​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ឬ​សូឡា។​ មិន​តែ​ប៉ុណ្ណោះ​ ក្រុមហ៊ុន​ថែម​ទាំង​ផ្តល់​អាហារ​ មួក​សុវត្ថិភាព​ ក៏​ដូចជា​ការ​ធានា​រ៉ាប់រង​សុខភាព​ និង​ការ​យកចិត្ត​ទុកដាក់​កុមារ​ ដល់​បុគ្គលិក​កម្មករ​និយោជិត​ទៀត​ផង។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ឯកសារ​ដែល​ត្រូវ​បាន​បោះពុម្ពដោយ​អង្គការ​អភិវឌ្ឍន៍​និង​ភាព​ជា​ដៃ​គូ​ក្នុង​សកម្មភាព​ DPA​។​

លោក សុខ ឃីម អ្នកគ្រប់គ្រងកម្មវិធីផ្នែកអភិបាលកិច្ចធនធានធម្មជាតិនៃអង្គការអុកស្វាម ប្រចាំកម្ពុជា
លោក សុខ ឃីម អ្នកគ្រប់គ្រងកម្មវិធីផ្នែកអភិបាលកិច្ចធនធានធម្មជាតិនៃអង្គការអុកស្វាម ប្រចាំកម្ពុជា

ជា​ការ​ពិត​ណាស់​ វា​ហាក់​ដូចជា​ទាមទារ​ឱ្យ​មាន​ការ​ចំណាយ​ច្រើន​ដំបូង​ ប៉ុន្តែ​សម្រាប់​ផាកទីក​ នេះ​គឺ​ជា​ការ​វិនិយោគ​ ព្រោះ​ជា​លទ្ធផល​ក្រុមហ៊ុន​ទទួល​បាន​ការ​សន្សំ​សំចៃ​អគ្គិសនី​ដោយ​ផ្ទាល់​ រី​ឯ​ផលិតភាព​ការងារ​មាន​ការ​កើន​ឡើង។​ ចំពោះ​បុគ្គលិក​វិញ​ទៀត​សោត​ស្រឡាញ់​ស្ថាប័ន​និង​មិន​សូវ​មាន​ការ​លា​ឈប់​ជា​ញឹកញាប់​ទៀត​នោះ​ទេ។​

យ៉ាង​ណា​មិញ​ បច្ចុប្បន្ន​មិន​មាន​សហគ្រាស​ច្រើន​ប៉ុន្មាន​ទេ​ ដែល​បាន​និង​កំពុង​អនុវត្ត​CSR​ ព្រោះ​តែ​ថ្នាក់​ដឹកនាំ​សហគ្រាស​ទាំង​នោះ​មិន​ទាន់​បាន​យល់​ច្បាស់​អំពី​គុណ​តម្លៃ​នៃ​CSR​ ឬ​ក៏​ខ្លះ​ទៀត​នៅ​ច្រលំ​ថា​ CSR​ គឺ​ជា​សកម្មភាព​មនុស្សធម៌​ប៉ុណ្ណោះ។​ នេះ​បើ​តាម​អ្នក​គ្រប់គ្រង​កម្មវិធី​ផ្នែក​អភិបាលកិច្ច​ធនធាន​ធម្មជាតិ​នៃ​អង្គការ​អុកស្វាម​​ ប្រចាំ​កម្ពុជា​លោក​ សុខ​ ឃីម។​

សំឡេង​លោក​ សុខ​ ឃីម៖​ «តាម​ស្ថានភាព​ពិត​ដែល​យើង​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​ នៅ​ក្នុង​ការ​យល់​ឃើញ​របស់​ក្រុមហ៊ុន​ទាក់ទិន​នឹង​ការងារ​CSR​នេះ​ ភាគ​ច្រើន​គាត់​យល់​ឃើញ​ថា​ជា​ការ​បរិច្ចាគ។​ បាទ!​ ជា​ការ​បរិច្ចាគ​ផ្នែក​ជំនួយ​មនុស្សធម៌។​ ប៉ុន្តែ​អត្ថន័យ​នៃ​CSR​ គឺ​មិនមែន​មាន​ន័យ​ថា​ការ​បរិច្ចាគ​ផ្នែក​មនុស្សធម៌​ហ្នឹង​ទេ។​ គឺ​ពាក់ព័ន្ធ​ទៅ​លើ​ទំនួល​ខុស​ត្រូវ​លើ​ផ្នែក​អាជីវកម្ម​ ផ្នែក​ជំនួញ​ដែល​គាត់​បាន​ធ្វើ​ ដែល​ក្រុមហ៊ុន​បាន​ធ្វើ។​ ហើយ​ផ្នែក​អាជីវកម្ម​ទាំងអស់​នោះ​មាន​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ទៅ​លើ​សង្គម​ និង​បរិស្ថាន​ ជា​ពិសេស​ធ្វើ​ឱ្យ​អាជីវកម្ម​ហ្នឹង​មាន​និរន្តភាព»។

លោកស្រី​ កែវ​ មុំ អគ្គនាយិកា​ក្រុមហ៊ុន​លីលី​ ផលិត​នំ​ស្រួយ​
លោកស្រី​ កែវ​ មុំ អគ្គនាយិកា​ក្រុមហ៊ុន​លីលី​ ផលិត​នំ​ស្រួយ

អគ្គនាយិកា​ក្រុមហ៊ុន​លីលី​ ផលិត​នំ​ស្រួយ​ លោកស្រី​ កែវ​ មុំ​ មាន​ប្រសាសន៍​ថា​ សម្រាប់​ក្រុមហ៊ុន​លោកស្រី​ ការ​អនុវត្ត​CSR​ជា​គោល​នោះ​គឺ​សំដៅ​ដល់​ការ​រីក​ចម្រើន​របស់​សង្គម​ ព្រោះ​នៅ​ពេល​សង្គម​មាន​ការ​រីក​ចម្រើន​ អាជីវកម្ម​ក៏​មាន​ការ​រីក​ចម្រើន​ប្រកប​ដោយ​ចីរភាព​ផង​ដែរ។​

អគ្គនាយិកា​រូប​នេះ​ក៏​ផ្តាំ​ផង​ដែរ​ដល់​សហគ្រិន​និង​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត​ថា​ អ្នកណា​ក៏​អាច​ធ្វើ​CSR​បាន​ដែរ​ហើយ​បញ្ហា​ថវិកា​មិន​មែន​បញ្ហា​ប្រឈម​នោះ​ទេ​ ព្រោះ​សកម្មភាព​CSR​ខ្លះ​គឺ​មិន​មាន​ការ​ចំណាយ​ថវិកា​នោះ​ទេ។​

លោកស្រី​ កែវ​ មុំ​ ពន្យល់​យ៉ាង​ដូច្នេះ​ថា៖​ «ការ​ចូលរួម​ក្នុង​សង្គម​ វា​មិន​មែន​ចាំបាច់​ទាល់​តែ​ក្រុមហ៊ុន​ធំ​នោះ​ទេ។​ អ្នកណា​ក៏​មាន​សិទ្ធិ​ អាច​ចូលរួម​ធ្វើ​CSR​បាន​ដែរ។​ សូម្បី​ក្មេង​តូច​មួយ​ក៏​គាត់​អាច​ចូលរួម​បាន​ដោយ​ការ​គាត់​ចែក​រំលែក​នូវ​ចំណេះដឹង​ឬ​ក៏​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។​ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​មិន​មាន​ចំណាយ​ថវិកា​នោះ​ទេ​ ការ​ចែក​រំលែក​ចំណេះដឹង​ក៏​គាត់​អត់​មាន​ត្រូវ​ការ​ចំណាយ​ថវិកា​ដែរ។​ ច៎ា!​ អា​ហ្នឹង​យើង​អាច​ចូលរួម​បាន។​ ហើយ​វា​មាន​សកម្មភាព​ជា​ច្រើន​ ពេល​ខ្លះ​យើង​ចំណាយ​តែ​ពេល​វេលា​ចូលរួម​ទៅ​ក្នុង​សកម្មភាព​ហ្នឹង​ក៏​វា​ជា​សកម្មភាព​មួយ​ហៅ​ថា​CSR​ដែរ»។

ឯកសារ​ស្តី​ពី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​បោះពុម្ព​ក្នុង​ឆ្នាំ​២០១៦​ បាន​ឱ្យ​និយមន័យ​ CSR​ ថា​ជា​ការ​រួម​បញ្ចូល​ការ​អភិវឌ្ឍ​ដើម្បី​ឱ្យ​ពាណិជ្ជកម្ម​អាច​បន្ត​បាន​យូរ​អង្វែង​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​យកចិត្ត​ទុកដាក់​លើ​សង្គម​និង​បរិស្ថាន​នៅ​ក្នុង​ការ​អនុវត្ត​នៃ​ជំនួញ​នោះ។​ ការ​អនុវត្ត​ទាំង​នោះ​រួម​មាន​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​បុគ្គលិក​និយោជិត​ សហជីព​ អតិថិជន​ អ្នក​ផ្គត់ផ្គង់​ ពាណិជ្ជករ​ អង្គការ​សង្គម​ស៊ីវិល​ រដ្ឋាភិបាល​ និង​សហគមន៍​ជា​រួម។​

អង្គការ​ស្តង់ដា​អន្តរជាតិ​ (ISO)​ បាន​ឱ្យ​ដឹង​ថា​ ការទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​(CSR)​ មាន​គោលការណ៍​គន្លឹះ​ចំនួន​៧​ជា​សកល​គឺ​ អភិបាលកិច្ច​ស្ថាប័ន​ សិទ្ធិ​មនុស្ស​ គោលការណ៍​ពលកម្ម​ បរិស្ថាន​ គោលការណ៍​ការងារ​យុត្តិធម៌​ ដោះស្រាយ​បញ្ហា​អតិថិជន​ និង​ការ​ចូលរួម​និង​អភិវឌ្ឍ​សហគមន៍៕​

ចែករំលែកតាម៖