ផលិតករអាមេរិករំពឹងភាពយន្តខ្លួនជួយជំរុញ Startup នៅកម្ពុជា

ផលិតករអាមេរិករំពឹងភាពយន្តខ្លួនជួយជំរុញ Startup នៅកម្ពុជា

លោកស្រី Cheryl Miller Houser ផលិតករភាពយន្តអាមេរិក

«Generation Startup» ឬ​ក្រុមហ៊ុន​ក​កើត​ថ្មី​តាម​ជំនាន់​គឺ​ជា​ខ្សែភាពយន្ត​ឯកសារ​មួយ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​តស៊ូ​និង​ជោគជ័យ​របស់​និស្សិត​អាមេរិក​៦​រូប​ដែល​ទើប​រៀន​ចប់​មហាវិទ្យាល័យ​ហើយ​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​លំបាក​ទាំងអស់​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​ជា​សហគ្រិន​របស់​ពួកគេ។

ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​អន្តរជាតិ​មួយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​កម្មវិធី​របស់​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​ឧសភា​ជាមួយ​នឹង​វត្តមាន​ផលិតករ​ខ្សែភាពយន្ត​នេះ​គឺ​លោកស្រី Cheryl Miller Houser។

នា​កម្មវិធី​ចាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​នេះ​នៅ​រោងភាពយន្ត​មួយ​កណ្តាល​រាជធានីភ្នំពេញ លោកស្រី Cheryl Miller Houser មាន​ប្រសាសន៍​ថា «Generation Startup» គឺ​ជា​រឿង​មួយ​ដែល​បង្ហាញ​ពី​ភាព​លំបាក​របស់​យុវជន​៦​នាក់​របស់​អាមេរិក​ដែល​បាន​ឆ្លង​កាត់​បញ្ហា​ប្រឈម​រាប់​មិន​អស់​ក្នុង​ជីវិត​ ដើម្បី​បង្ក​បង្កើត​ក្រុមហ៊ុន​មួយ​នៅ​ទីក្រុង Detroit។

ស្ថិត​ក្នុង​ចំណោម​ក្រុម​មនុស្ស ស្រ្តី​សម្បុរ​ស​ច្រមុះ​ស្រួច​ភ្នែក​ធំៗ​រូប​នេះ​មាន​ប្រសាសន៍​ថា ការ​តស៊ូ​របស់​យុវជន​ទាំង​៦​នាក់​ជីវិត​វ័យ​ក្មេង​បាន​ធ្វើ​ឱ្យ​តំបន់​ទីក្រុង​មាន​ភាព​រស់​រវើក​ឡើង។ ផលិតករ​ភាពយន្ត​អន្តរជាតិ​ល្អ​រូប​នេះ​រំពឹង​ថា សាច់​រឿង​នេះ​នឹង​ក្លាយ​ជា​កម្លាំង​ចិត្ត​មួយ​ដល់​យុវជន​កម្ពុជា​ដែល​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​នៅ​ក្នុង​សង្គម​កម្ពុជា។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ដោយសារ​តែ​កន្លង​មក​ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​យុវជន​ខ្មែរ​ជា​ច្រើន​នាក់​ដែរ ហើយ​មើល​ទៅ​ពួក​គាត់​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​វិស័យ Startup (ក្រុមហ៊ុន​បង្កើត​ថ្មី)​ហ្នឹង។ ដោយ​ឡែក​តួ​អង្គ​នៅ​ក្នុង​រឿង​របស់​យើង​ហ្នឹង​បង្ហាញ​នូវ​ការ​តស៊ូ ជម្នះ ពុះពារ​រាល់​ឧបសគ្គ ពេល​ដែល​បង្កើត Startup។ ដូច្នេះ ខ្ញុំ​ចង់​យក​ឧបសគ្គ​និង​ការ​ពុះពារ​អស់​ហ្នឹង​ធ្វើ​ជា​កម្លាំង​ដល់​យុវជន​កម្ពុជា»។

«Generation Startup» ឬ ក្រុមហ៊ុន​កកើត​ថ្មី​តាម​ជំនាន់​គឺ​ជា​ខ្សែភាពយន្ត​មួយ​ត្រូវ​បាន​ដឹកនាំ​ដោយ​ផលិតករ​ពីរ​នាក់​គឺ​ឈ្មោះ Cynthia Wade ដែល​ធ្លាប់​ទទួល​បាន​រង្វាន់ Academy Award និង​ផលិតករ​ភាពយន្ត​ដែល​ធ្លាប់​បាន​ទទួល​រង្វាន់​ឈ្មោះ Cheryl Miller Houser ។

ខ្សែភាពយន្ត​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​ឈរ​ឈ្មោះ​ក្នុង​ពានរង្វាន់ Academy Award នេះ​ត្រូវ​ចំណាយ​ពេល​ថត​អស់​រយៈពេល​១៧​ខែ​និង​មាន​រយៈពេល​ជាង​១ម៉ោង ដោយ​បាន​ស្តែង​ចេញ​ទៅ​លើ​អ្វី​ដែល​គេ​ត្រូវ​មាន​សម្រាប់​បង្កើត​មុខ​ជំនួញ​មួយ​ជា​លើក​ដំបូង។

លោក សុខ សុភមង្គល បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​មាន​ឈ្មោះ Codingate ។ លោក​រៀបរាប់​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ក្រោយ​បាន​ទស្សនា​ខ្សែភាពយន្ត​នេះ​ថា បើ​ទោះ​ជា​សាច់​រឿង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​កម្ពុជា​ក៏​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​តស៊ូ​របស់​យុវជន​អាមេរិក​ដែល​ហាក់​ដូចគ្នា​ទៅ​នឹង​ជីវិត​តស៊ូ​របស់​លោក​និង​យុវជន​វ័យ​ក្មេង​កម្ពុជា​ដទៃ​ទៀត។

ក្នុង​វ័យ​៣០ឆ្នាំ សហគ្រិន​វ័យ​ក្មេង​កម្ពុជា​រូប​នេះ​អះអាង​ថា ខ្សែ​រឿង​នេះ​ពិត​ជា​ជួយ​ពញ្ញាក់​អារម្មណ៍​ដល់​យុវជន​វ័យ​ក្មេង​កម្ពុជា​ដូចជា​រូប​លោក​បាន​ច្រើន។

លោក​បន្ត​ថា៖ «មើល​រឿង​ហ្នឹង ឃើញ​ពី​ការ​បើក​អាជីវកម្ម​របស់​ខ្លួន​ដំបូង ឱ្យ​ឃើញ​ពី​ទិដ្ឋភាព​ដែល​ខ្លួន​ធ្លាប់​ជួប មាន​ការ​បង្កើត​អាជីវកម្ម ការ​រីកចម្រើន​ទៅ​មុខ និង​ការ​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ និង​ការ​បង្កើត​ជោគជ័យ​ផ្សេងៗ​នៅ​លើ​ហ្នឹង ជាមួយ Team (ក្រុម​ការងារ) របស់​យើង។ មើល​រឿង​ហ្នឹង ពាក់​កណ្តាល​មាន​អារម្មណ៍​អ៊ីចេះ ដល់​ចុង​បញ្ចប់​គេ​ជោគជ័យ​ទៅ​មាន​អារម្មណ៍​ល្អ​មែនទែន។ ពេល​ខ្លះ​ រឿង​បែប​ហ្នឹង​ធ្វើ​ឱ្យ​មនុស្ស​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង ព្រោះ​គ្មាន​អ្នកណា​ដឹង​ថា​យើង​បាន​ឆ្លង​កាត់​អី​ទេ ដល់​ពេល​ខ្លះ​និយាយ​ក៏​មិន​ចេញ​ដែរ​ដល់​ពេល​មើល​រឿង​ហ្នឹង​ដែល​គេ​និយាយ​ពី​អ្វី​ដែល​យើង​ឆ្លង​កាត់​មាន​អារម្មណ៍​ថា មនុស្ស​ភាគ​ច្រើន​នឹង​យល់»។

លោក David Josar មន្ត្រីនាំពាក្យនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
លោក David Josar មន្ត្រីនាំពាក្យនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា

លោក David Josar មន្ត្រី​នាំ​ពាក្យ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា បំណង​នៃ​កម្មវិធី​បញ្ចាំង​ភាពយន្ត​អាមេរិក​នៅ​កម្ពុជា​នេះ​គឺ​ដើម្បី​បង្កើន​ការ​យល់​គ្នា​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​កម្ពុជា​ដោយ​ភ្ជាប់​ការ​ទាក់ទង​គ្នា​រវាង​អ្នក​ឯកទេស​ភាពយន្ត​អាមេរិក​និង​យុវជន​កម្ពុជា។

លោក David Josar រំពឹង​ថា ការ​ចាក់​បង្ហាញ “Generation Startup” របស់​ផលិតករ​ភាពយន្ត​កម្ពុជា​តាមរយៈ​ការ​បញ្ចាំង​ភាពយន្ត សិក្ខាសាលា និង​ការ​ពិភាក្សា​ជាមួយ​ក្រុម​វាគ្មិន ស្តី​ពី​ប្រធានបទ​ទាក់ទង​នឹង​ភាពយន្ត គឺ​នឹង​ចូលរួម​បង្កើន​ភាព​ជា​សហគ្រិន​វ័យ​ក្មេង​និង​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី​នៅ​កម្ពុជា។

បន្ទាប់​ពី​ចំណាយ​ពេល​វេលា​ដ៏​ច្រើន ដើម្បី​ផ្តិត​យក​សកម្មភាព​របស់​យុវជន​វ័យ​ក្មេង​អាមេរិក​ឱ្យ​កើត​ជា​ភាពយន្ត​រឿង “Generation Startup” នេះ​ឡើង លោកស្រី Cheryl បាន​បង្ហាញ​គោលដៅ​បន្ត​របស់​ខ្លួន​ថា លោកស្រី​នឹង​បន្ត​បង្កើត​ជា​ភាពយន្ត​ឯកសារ​ពាក់ព័ន្ធ​នឹង​សហគ្រិនភាព​របស់​យុវជន​ជំនាន់​ថ្មី​បន្ត​ទៀត។ ហើយ​បើ​អាច សម្រាប់​ប្រទេស​កម្ពុជា លោកស្រី​នឹង​ចាប់​អារម្មណ៍​បង្កើត​ជា​ខ្សែភាពយន្ត​ស្ដី​ពី​យុវជន​វ័យ​ក្មេង​កម្ពុជា បើសិន​ជា​ពួកគេ​ហ៊ាន​បង្ហាញ​ពី​ជីវិត​ជោគជ័យ​របស់​ពួកគេ​ដល់​លោកស្រី៕

ចែករំលែកតាម៖