ក្រុមអ្នកជំនាញ៖ ដល់ពេលដែលកម្ពុជាត្រូវកែលម្អប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក

ក្រុមអ្នកជំនាញ៖ ដល់ពេលដែលកម្ពុជាត្រូវកែលម្អប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក

ចរាចរណ៍​នៅក្នុង​រាជធានីភ្នំពេញ​កាលពី​ចុង​ឆ្នាំ​២០១៧ (រូបភាព៖ ហ៊ុយ ឧស្សាហ៍)

Smart​ Logistic​ នឹង​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​សង្គម​ កាត់​បន្ថយ​ថ្លៃ​ដើម​ដឹក​ជញ្ជូន​ទំនិញ​ និង​មាន​ភាព​ឆាប់​រហ័ស​ក្នុង​ការ​ដំណើរ​ការ​ឯកសារ​ដឹក​ជញ្ជូន។​ នេះ​ជា​អ្វី​ដែល​អ្នក​ជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​ជា​លើក​ទី​២​ស្តី​ពី​ «ការ​អភិវឌ្ឍ​ផែនការ​មេ​ព័ស្តុភារកម្ម​នៅ​កម្ពុជា»​ កាល​ពី​ពាក់​កណ្ដាល​ខែកុម្ភៈ​ ឆ្នាំ​២០១៨។​

កិច្ច​ពិភាក្សា​នេះ​ចូលរួម​ដោយ​អ្នក​ជំនាញ​ជាតិ​និង​អន្តរជាតិ​សំខាន់ៗ​រួម​មាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA)​ ធនាគារ​ពិភពលោក​(World​ Bank)​ វិស័យ​ឯកជន​ និង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។​

យោង​តាម​ JICA​ ប្រព័ន្ធ​ដឹក​ជញ្ជូន​ឬ ​Logistic​ គ្រប​ដណ្តប់​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ទាំង​អស់​ទាំង​ដំណើរ​ការ​រៀបចំ​រត់​ឯកសារ​ ឃ្លាំង​ស្តុក​ទំនិញ​ និង​ការ​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរជាតិ។​

លោក​ យូហេ​ស៊ូម៉ា​ អនុប្រធាន​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​នៃ​អង្គការ​JICA​បាន​បង្ហាញ​របាយការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ថា​Smart​ Logistic​ មាន​គោលដៅ​បង្កើន​សមត្ថភាព​ដឹក​ជញ្ជូន​ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ប្រើ​រយៈពេល​កាន់​តែ​ខ្លី​ និង​បង្កើន​ការ​តភ្ជាប់។​ ជាមួយ​នឹង​គោលដៅ​នេះ​លោក​បាន​លើក​ឡើង​ថា​ កម្ពុជា​ត្រូវ​តែ​អភិវឌ្ឍ​ហេដ្ឋារចនា​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដូចជា​ផ្លូវ​ថ្នល់​ កំពង់ផែ​ ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាស​ ព្រម​ទាំង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ថ្នាក់​តំបន់​ និង​ការ​អភិវឌ្ឍ​ ការ​ឆ្លង​កាត់​ព្រំដែន។​

មន្រ្តី​ជំនាញ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ កម្ពុជា​ត្រូវ​តែ​ពង្រីក​សមត្ថភាព​ឱ្យ​ធំ​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​កាន់​តែ​រហ័ស​ ពេល​វេលា​កាន់​តែ​ខ្លី​សេវាកម្ម​ដឹក​ជញ្ជូន​ត្រូវ​តែ​សម្បូរ​បែប​ ព្រម​ទាំង​បើក​ច្រក​សេដ្ឋកិច្ច​ឱ្យ​បាន​កាន់​តែ​ច្រើន។​

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ លោក​ទេស​រដ្ឋ​មន្រ្តី​ ស៊ុន​ ចាន់ថុល​មាន​ប្រសាសន៍​ថា​ កិច្ច​ប្រជុំ​នេះ​មាន​សារៈសំខាន់​ដើម្បី​ធានា​ថា​ផែនការ​មេ​នៃ​វិស័យ​ដឹក​ជញ្ជូន​នេះ​អាច​អនុវត្ត​បាន​មាន​ប្រសិទ្ធភាព​និង​មាន​ភាព​ប្រកួត​ប្រជែង​សម្រាប់​កម្ពុជា​ក្នុង​ថ្ងៃ​អនាគត។​ លោក​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ផ្ដល់​នូវ​ធាតុ​ចូល​ដែល​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា។​

លោក​ ស៊ុន​ ចាន់ថុល​ មាន​ប្រសាសន៍​ថា៖​«បញ្ជី​ឈ្មោះ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​logistic​ និង​គណៈកម្មការ​តម្រង់​ទិស​នឹង​ទទួល​បាន​ការ​អនុម័ត​ពី​នាយក​រដ្ឋមន្រ្តី​ ហើយ​អ្វី​ដែល​ជជែក​ពិភាក្សា​នា​ពេល​នេះ​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​ប្រឹក្សា​ភិបាល​logistic​ នៅ​ពេល​ខាង​មុខ។​ ដូច្នេះ​ ដៃគូ​អភិវឌ្ឍ​របស់​យើង​ ដូចជា​ JICA​ ធនាគារ​ពិភពលោក​ និង​ផ្នែក​ឯកជន​ អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​ប្រាប់​យើង​នូវ​អ្វី​ ដែល​ត្រូវ​បញ្ចូល​ក្នុង​ផែន​ការ​មេ​នេះ​ ពី​ព្រោះ​logistic​master​ plan​មិន​មែន​ជា​របស់​ក្រសួង​សារធារណការ​ដឹក​ជញ្ជូន​តែ​មួយ​នោះ​ទេ​ គឺ​ជា​របស់​កម្ពុជា​ទាំង​មូល​ ដែល​អ្នក​ទាំង​អស់​គ្នា​មាន​ចំណែក​ទទួល​ខុស​ត្រូវ»។​

លោក​ ស៊ុន​ ចាន់ថុល​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ បច្ចុប្បន្ន​កម្ពុជា​កំពុង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្លូវ​ទឹក​ និង​ផ្លូវ​គោក​ដូចជា​ការ​ពង្រីក​ផ្លូវ​ក្រវាត់​ក្រុង​ ការ​កសាង​ផ្លូវ​៤គន្លង​ ផ្លូវ​ល្បឿន​លឿន​ទៅ​កាន់​បណ្តា​ខេត្ត​ ដើម្បី​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍​និង​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​ទំនិញ។​

កិច្ចពិភាក្សាជាលើកទី២ស្តីពី «ការអភិវឌ្ឍន៍ផែនការមេព័ស្តុភារកម្មនៅកម្ពុជា»
កិច្ចពិភាក្សាជាលើកទី២ស្តីពី «ការអភិវឌ្ឍន៍ផែនការមេព័ស្តុភារកម្មនៅកម្ពុជា»

អគ្គលេខាធិការ​សមាគម​អ្នក​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា​លោក​ ស៊ីម​ ចន្ធី​មាន​ប្រសាសន៍​ថា​ ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​ផ្លូវ​គោក​ ផ្លូវ​ដែក​ និង​ផ្លូវ​ទឹក​ មាន​តម្លៃ​ថ្លៃ​ធ្វើ​ឱ្យ​កម្ពុជា​ជួប​ការ​លំបាក​ក្នុង​ការ​នាំ​ចេញ​ទំនិញ។​ លោក​ថា​ ការ​ដឹក​ជញ្ជូន​បច្ចុប្បន្ន​មិន​អាច​ធ្វើ​ឱ្យ​ថ្លៃ​ដឹក​ជញ្ជូន​ចុះ​ថ្លៃ​បាន​នោះ​ទេ។​

លោក​ ស៊ីម​ ចន្ធី​ និយាយ​ថា​«ផ្នែក​ពាណិជ្ជកម្ម​យើង​ឃើញ​ហើយ​ថា​ ការ​ដឹក​ជញ្ជូន​ ហេដ្ឋារចនាសម្ព័ន្ធ​យើង​ថា​ មាន​មួយ​ចំនួន​ហើយ​មិន​មែន​អត់​ទេ។​ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​តែ​ one way​(ដឹក​ទៅ​តែ​មួយ​ជើង)​ដែល​ធ្វើ​ឱ្យ​cost​(តម្លៃ)​ថ្លៃ។​ ឧទាហរណ៍​ថា​ យើង​មាន​ទំនិញ​តែ​ពី​ជ្រុង​ម្ខាង​មក​ភ្នំពេញ​ដល់​ទៅ​ដល់​ភ្នំពេញ​យើង​ឡប់​ទៅ​វិញ​ដោយ​ឡាន​ទទេ​ហ្នឹង​ណា!​ អាហ្នឹង​វា​ធ្វើ​ឱ្យ​ការ​ចំណាយ​ប្រេង​ច្រើន។​ដូច្នេះ​យើង​មិន​អាច​ចុះ​ថ្លៃ​បាន​ទេ​ អាហ្នឹង​ផ្នែក​ទន់។​ មួយ​ទៀត​យើង​ដឹង​ទាំងអស់​គ្នា​ហើយ​ថា​ វា​មាន​នូវ​អា​តម្លៃ​ខ្លះ​វា​មិន​ផ្លូវ​ការ​ហ្នឹង​ ឥឡូវ​ហ្នឹង​យើង​កំពុង​តែ​ជម្រុះ​ហើយ»។​

ជាមួយ​គ្នា​នោះ​ដែរ​លោក​ ឈឹម​ សុកន​ ប្រធាន​សមាគម​ដឹក​ជញ្ជូន​ទំនិញ​ផ្លូវ​គោក​នៅ​កម្ពុជា​លើក​ឡើង​ថា​ ដល់​ពេល​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​រៀបចំ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​នៅ​កម្ពុជា។​

លោក​បន្ត​ថា​ការ​នាំ​ចូល​របស់​កម្ពុជា​ច្រើន​ តែ​ការ​នាំ​ចេញ​គឺ​តិច​ហើយ​អ្វី​ជា​ឧបសគ្គ​គឺ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ត្រូវ​ឆ្លង​កាត់​ច្រើន​ដំណាក់​គឺ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ជិត​ខាង​រួច​បន្ត​ទៅ​ប្រទេស​ទី​៣។​ ដូច​នេះ​លោក​ថា​ ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​គឺ​ជា​រឿង​ចាំបាច់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។​

លោក​ ឈឹម​ សុកន​មាន​ប្រសាសន៍​ថា៖​«ជា​ការ​ពិត​ សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយៗ​វា​ផ្សារ​ភ្ជាប់​គ្នា​ទាំងអស់។​ឧទារហរណ៍​ថា​ កំណើន​នៃ​វិស័យ​នាំ​ចេញ​ត្រូវ​ភ្ជាប់​នឹង​វិស័យ​ដឹក​ជញ្ជូន។​ យើង​មិន​កំណត់​ថា​ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ ផ្លូវ​ទឹក​ ឬ​ក៏​ផ្លូវ​អាកាស​ទេ។​ ដូច្នេះ​វិស័យ​ដឹក​ជញ្ជូន​ទាំងអស់​ហ្នឹង​វា​ផ្សារ​ភ្ជាប់​ វា​ដំណើរការ​ល្អ​ វា​ទាល់​តែ​ស្ថានភាព​ផ្លូវ​ទាំងអស់​ដំណើរការ​បាន​ល្អ។​ អ៊ីចឹង​បាន​ជា​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​គាត់​មាន​ផែន​ការ​ធ្វើ​ផ្លូវ​សព្វ​បែប​យ៉ាង»។​

របាយការណ៍​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០០៥​ រហូត​ដល់​ឆ្នាំ​២០១៦​ ការ​នាំ​ចេញ​របស់​កម្ពុជា​កើន​ឡើង​រហូត​ដល់​ ១២%។ ការ​ព្យាករណ៍របស់ធនាគារពិភពលោក​បាន​បង្ហាញ​ថា ​ការ​នាំ​ចេញ​របស់​កម្ពុជា​នឹង​កើន​ឡើង​៤ដង​ក្នុង​ចន្លោះ​ឆ្នាំ​២០១៦ ដល់​ឆ្នាំ២០៣០។ ​ក្នុងឆ្នាំ២០១៦កន្លង​មក​ការ​នាំចេញ​របស់​កម្ពុជាមាន​ចំនួន​១០ប៊ីលាន​ដុល្លារ​(១០០៦៩ លាន ហើយនៅ​​ឆ្នាំ២០៣០​ រំពឹងថា​នឹង​កើន​ឡើង​ដល់​ជាង​៤១ប៊ីលាន​(៤១ ៥១៤លាន)​ដុល្លារ។​ ក្រុម​អ្នក​ជំនាញ​អះអាង​ថា​ដល់​ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​បែប​ Smart​ Logistic​ ដើម្បី​ត្រៀម​ខ្លួន​ទទួល​យក​កំណើន​នេះ៕​

ចែករំលែកតាម៖