ស្ទឹងស្លាគូ គឺជាផ្លូវទឹកមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដោយទឹកនេះមានប្រភពទឹកហូរមកពីស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ។ ស្ទឹងស្លាគូមានទទឹងប្រមាណជាង៣០ម៉ែត្រ និងជម្រៅជាង៣ម៉ែត្រ។ ស្ទឹងនេះស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ហើយបច្ចុប្បន្ន មានស្ពានថ្មីមួយសម្រាប់សម្គាល់ដែលគេឱ្យឈ្មោះថាស្ពានស្លាគូ ជំនួសឱ្យស្ពានចាស់ដែលបាក់ទ្រុឌទ្រោម។ នេះបើតាមឯកសារស្រាវជ្រាវរបស់លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានអ៊ីនធឺរេដ (Intered Institute)។
បណ្ឌិតរូបនេះបន្តថា ក្រៅអំពីទីតាំងភូមិសាស្រ្ត កាលពីជាងមួយរយឆ្នាំ(១៣២ឆ្នាំ)មុន ស្ទឹងស្លាគូក៏ជារមណីដ្ឋានប្រវត្តិសាស្រ្តនៃការតស៊ូរវាងខ្មែរជំនាន់មុន កាលពីសម័យអាណានិគមនិយមបារាំងផងដែរ។
បណ្ឌិតសភាចារ្យ ស៊ន សំណាង លើកឡើង៖ «ពិស្ណុលោក គឺជាចៅហ្វាយស្រុកត្រាំង (ពីមុនខេត្ត) កន្លែងយើងឈរជើង គឺកំពុងនៅក្នុងស្រុកត្រាំង (ត្រាំងកក់) ។ ចឹងក៏បានប្រមូលកម្លាំងគ្នា ជាមួយហ្នឹងចៅហ្វាយខេត្តត្រាំងនេះ បានរៀបចំកម្លាំងប្រឆាំងជាមួយបារាំងដែរ…គឺរៀបចំកម្លាំង ដើម្បីរួមជាមួយក្រឡាហោមគង់។ ចឹងបានមកបោះទីតាំងនៅកន្លែងនេះ នៅមាត់ស្ទឹងស្លាគូ ច្រាំងខាងត្បួង»។
ឈររៀបរាប់នៅខាងក្រោមស្ពានស្លាគូដែលបានសាងសង់ថ្មី បណ្ឌិត ស៊ន សំណាង បញ្ជាក់ថា ក្នុងសម័យក្រោមអាណានិគមនិយមបារាំង ការបះបោរប្រឆាំងនឹងបារាំងបានផ្ទុះឡើងចន្លោះពីឆ្នាំ១៨៨៥ ដល់១៨៨៦។ ក្នុងពេលនោះ ពួកបារាំងបានដេញបង្រ្កាបក្រុមអ្នកតស៊ូខ្មែរដែលមានមេដឹកនាំឈ្មោះ ប្រាក់ និងព្រះចៅអធិការឈ្មោះ គង់ នៃវត្តកោះក្របី ហើយព្រះអង្គក្លាយជាមេដឹកនាំចលនាបះបោរនៅខាងត្បូងភ្នំពេញ។
បណ្ឌិត ស៊ន សំណាង បន្ថែមយ៉ាងដូច្នេះ៖ «ហើយបារាំងដឹងពីដំណឹងនៃចលនានៃការតស៊ូប្រឆាំងហ្នឹងខ្លាំងទៅៗ។ បារាំងបានលើកទ័ពពីភ្នំពេញមក មកតតាំងគ្នានៅខាងជើងមាត់ស្ទឹងស្លាគូ។ នៅឈរម្ខាងម្នាក់ គឺទ័ពក្រឡាហោមគង់នៅកន្លែងយើងឈរនេះ (ខាងត្បូង) ហើយក៏ប្រយុទ្ធគ្នាជាង២ម៉ោងជាមួយទ័ពបារាំង»។

រយៈពេលជាង២ម៉ោងនៃការច្បាំងគ្នារវាងទ័ពខ្មែរដែលដឹកនាំដោយឧកញ៉ាក្រឡាហោមគង់បានធ្វើឱ្យបារាំងចុះចាញ់និងដកទ័ពត្រឡប់ទៅភ្នំពេញវិញ។ ចំណែកទ័ពបារាំងដែលនៅសេសសល់ត្រូវបានកាត់ក្បាលដោតនៅក្បែរមាត់ស្ទឹងស្លាគូនេះ។ នេះបើតាមការរៀបរាប់បន្ថែមដោយបណ្ឌិតសភាចារ្យដែលជាបញ្ញាវ័ន្តស្រាវជ្រាវរូបនេះ។
ខណៈឈរត្រង់ត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់អំពីប្រវត្តិនៃស្ទឹងស្លាគូ កញ្ញា រិទ្ធី គុល្លីកា គរុសិស្សភាសាបារាំង និងគណិតវិទ្យានៃវិទ្យាស្ថានជាតិអប់រំដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ បានលើកឡើងថា ខ្លួនពិតជាមានមោទនភាពដែលបានដឹងពីប្រវត្តិដ៏អស្ចារ្យនៃតំបន់ប្រវត្តិសាស្ត្រនេះ។ គរុសិស្សរូបនេះ បានលើកឡើងបន្តថា ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយគួរតែស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្ររបស់ខ្លួនជៀសវាងការបាត់បង់ទៅថ្ងៃអនាគត។
កញ្ញានិយាយ៖ «ក្នុងនាមយើងជាកូនខ្មែរ ប្រសិនជាយើងអត់ដឹង តើនរណាជួយចូលរួមដឹងជាមួយយើង? យើងត្រូវចូលរួមថែរក្សាអ្វីដែលមានពីមុនមក ដែលគេបានបន្សល់ទុកឱ្យយើងហើយ។ ប្រសិនជាយើងនាំគ្នាម្នាក់បំភ្លេច ពីរនាក់បំភ្លេច អ្វីជាប្រវត្តិសាស្ត្ររបស់យើង វាហ្នឹងបាត់បង់នៅថ្ងៃណាមួយ»។
បើទោះជាប្រវត្តិនៃស្ទឹងស្លាគូមានភាពអស្ចារ្យយ៉ាងនេះក្តី ពលរដ្ឋមួយចំនួន ជាពិសេសអ្នករស់នៅជិតតំបន់នោះ ហាក់មិនបានដឹងពីប្រវត្តិនៃទឹកដីស្ទឹងស្លាគូនេះទេ។

អតីតសិស្សវិទ្យាល័យសុខអាន១ឧសភា ដែលមានទីតាំងជិតស្ទឹងស្លាគូនោះ កញ្ញា ទុយ ស្រីមុំ បានលើកឡើងថា កន្លងទៅ ខ្លួនបានស្គាល់ស្ទឹងស្លាគូនេះ និងតែងរត់លេងនៅតំបន់នេះ។ ដោយឡែក ចំពោះកញ្ញាមិនដែលដឹងសោះថា តំបន់នេះមានប្រវត្តិអស្ចារ្យយ៉ាងនោះទេ។
កញ្ញា ទុយ ស្រីមុំ លើកឡើងយ៉ាងដូច្នេះ៖ «រៀននៅសាលាសុខអានឧសភា ដែលនៅជិតស្ពានស្លាគូហ្នឹងដែរ។ ប៉ុន្តែខ្ញុំមិនដែលបានដឹង (ប្រវត្តិ) ដោយសារតែការមិនយកចិត្តទុកដាក់ចង់ដឹងចង់ឭហើយមួយទៀត ដោយសារតែអត់មានដែលនរណាបង្ហើបប្រាប់ ឬនាំនិយាយពីប្រវត្តិស្ពានហ្នឹងចឹង»។
លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង រំពឹងថា ការស្រាវជ្រាវ និងបង្ហាញពីទីតាំងស្ទឹងស្លាគូនេះនឹងអាចជាចំនែកមួយឆ្លុះបញ្ចាំងពីប្រវត្តិនៃវីរភាពនៃអ្នកស្នេហាជាតិខ្មែរ ក៏ដូចជាការក្រើនរំលឹកអំពីទីតាំងប្រវត្តិសាស្ត្រដែលគួរតែយុវជនជំនាន់ក្រោយចាំបាច់រួមគ្នាចងចាំនិងស្គាល់៕