ក្រុម “តំណក់” លើកកម្ពស់​ល្ខោន​ស្បែកធំ​តាមរយៈ​របស់ប្រើប្រាស់​ជាប់ខ្លួន

ក្រុម “តំណក់” លើកកម្ពស់​ល្ខោន​ស្បែកធំ​តាមរយៈ​របស់ប្រើប្រាស់​ជាប់ខ្លួន

សិល្បៈ​ដែល​មាន​ចម្លាក់​នៅ​លើ​ស្បែក​គោ មាន​ទំហំ​ធំៗ​រហូត​ដល់​ផ្ទាំង​ខ្លះ​មាន​ផ្ទៃ​ក្រឡា​ជាង​២​ម៉ែត្រ​ការ៉េ មាន​ទម្ងន់​រហូត​ដល់​ទៅ​ប្រាំបី​គីឡូក្រាម ជា​រូប​ចម្លាក់​នឹង​ថ្កល់​គ្មាន​ចលនា​កម្រើក​បាន​នោះ មាន​ឈ្មោះ​ថា ស្បែក​ធំ។ នេះ​បើ​យោង​តាម​សៀវភៅ​ “ល្ខោន​ស្បែក​ពណ៌​និង​ស្បែក​តូច” របស់​លោក​ ពេជ្រ​ ទុំក្រវ៉ិល បោះពុម្ព​ឡើង​វិញ​នៅ​ឆ្នាំ២០០០។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​បាន​ឆ្លង​កាត់​ជា​ច្រើន​ជំនាន់​មក ស្បែក​ធំ បាន​ទទួល​រង​គ្រោះថ្នាក់​ស្ទើរ​តែ​បាត់បង់​ឈ្មោះ​និង​រូបរាង​ពី​ប្រទេស​កម្ពុជា​តែ​ម្ដង។

ដោយ​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​នៃ​ល្ខោន​ស្បែក​ធំ យុវជន​មួយ​ក្រុម​បាន​មូល​មតិ​គ្នា​បង្កើត​ ជា​ក្រុម​មួយ​ឈ្មោះ​ថា តំណក់។ គោល​បំណង​របស់​តំណក់​គឺ​ដើម្បី​ជួយ​ស្តារ​កេរ្តិ៍​ឈ្មោះ​ល្ខោន​នេះ​ឡើង​វិញ តាមរយៈ​ការ​យក​ឈុត​ឆាក​នៃ​ល្ខោន​ស្បែក​ធំ​ទៅ​បោះពុម្ព​លើ​អាវ​យឺត កាបូប និង​ស្រោម​លិខិត​ឆ្លងដែន​ជាដើម។

អ្នក​ទំនាក់ទំនង​និង​កាន់​ស្តុក​នៃ​ក្រុម​តំណក់ លោក វន់ វរៈ លើក​ឡើង​ថា ក្រុម​តំណក់​បាន​សម្រេច​ចិត្ត​យក​ល្ខោន​ស្បែក​ធំ​មក​ផ្សព្វផ្សាយ​ដោយសារ​ក្រុម​ការងារ​លោក​កោត​ស្ញប់​ស្ញែង​ទៅ​លើ​ភាព​ចំណាស់​របស់​ល្ខោន​នេះ​រួម​ទាំង​កម្លាំង​កាយ​ចិត្ត​ដែល​សិល្បករ​និង​អ្នក​ដាប់​ស្បែក​បាន​ខំ​ប្រឹង​ធ្វើ​វា​ឱ្យ​ចេញ​ជា​រូប​រាង។

លោក វន់ វរៈ មានប្រសាសន៍​ថា៖ «បើសិន​ជា​យើង​មើល​តែ​រូបភាព វា​លក្ខណៈ​សាមញ្ញ​ទេ។ ប៉ុន្តែ​យើង​ទាក់ទង​ជាមួយ​នឹង​ដំណើរការ​នៃ​ការ​ផលិត​ឬ​ក៏​ការ​រៀបចំ​នៅ​ពេល​ដែល​គាត់​មុន​ឡើង​លើ​ឆាក​សម្ដែង​មាន​ការ​លំបាក​ខ្លាំង។ [អ៊ី]ចឹង​យើង​គិត​ថា​ គាត់​ចាប់​ផ្ដើម​ពី​លក្ខណៈ​ដំបូង​របៀប​ថា​ទម្រាំ​គាត់​យក​ស្បែក​មក​ចោះ​មក​ធ្វើ​រៀបចំ​ក្បាច់​រៀបចំ​អី ហើយ​ទម្រាំ​តែ​គាត់​បាន​សម្ដែង​ធ្វើ​ម៉េច​ឱ្យ​សម​នៅ​លើ​ឆាក បង្ហាញ​គ្រាន់​តែ​ផ្ទាំង​ទេ ប៉ុន្តែ​បញ្ចេញ​ជា​ទស្សនីយភាព​សាច់​រឿង​មួយ​របៀប​ថា​ដំណើរ​ប្រទាក់​ក្រឡា​គ្នា​ហ្មង»។

លោក វន់ វរៈ អ្នកទំនាក់ទំនងនិងកាន់ស្តុកនៃក្រុមតំណក់
លោក វន់ វរៈ អ្នកទំនាក់ទំនងនិងកាន់ស្តុកនៃក្រុមតំណក់

បើ​តាម​សៀវភៅ​ “ល្ខោន​ស្បែក​ពណ៌​និង​ស្បែក​តូច”​ របស់​លោក​ ពេជ្រ​ ទុំក្រវ៉ិល ដដែល​បញ្ជាក់​ថា ទម្រង់​សិល្បៈ​ល្ខោន​ស្បែក​ធំ​គឺ​មាន​សុទ្ធ​តែ​សិល្បករ​ប្រុសៗ​ជា​អ្នក​រាំ​សូម្បី​តួ​ស្រី​ក៏​ដោយ​នោះ។ លើក​លែង​តែ​ការ​សម្តែង​រឿង​រាមកេរ្តិ៍​មួយ​តែ​ប៉ុណ្ណោះ​គឺ​អាច​មាន​តួ​សម្តែង​ជា​មនុស្ស​ស្រី។

ប្រភព​ដដែល​បន្ត​ទៀត​ថា ស្បែក​ធំ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់​ទុក​ក្នុង​ក្រុម​សិល្បៈ​សក្ការៈ ហើយ​ការ​សម្ដែង​ទៀត​សោត​គឺ​សុទ្ធ​តែ​ជាប់​ទាក់​ទង​ទៅ​នឹង​ពិធី​ខាង​សាសនា​ទាំងអស់​ដូចជា ពិធី​បូជា​ព្រះ​សព​ឬ​សព​មាតាបិតា​គ្រូបាធ្យាយ ឬ​ពេល​ខ្លះ​សម្ដែង​ដើម្បី​បួងសួង​សុំ​ទឹកភ្លៀង​ជា​ដើម។

មិន​ខុស​ពី​របាំ​ក្បាច់​បុរាណ​ឬ​ល្ខោន​ព្រះរាជទ្រព្យ​និង​ល្ខោនខោល​ដែល​មាន​វ័យ​ចំណាស់​ដូច​គ្នា​នោះ ល្ខោន​ស្បែក​ធំ​មាន​តួអង្គ​សំខាន់​ធំ​៤​គឺ​តួ​នាយ​រោង (ប្រុស) តួ​នាង(ស្រី) តួ​យក្ស និង​តួ​ស្វា។ ដោយ​ឡែក​ក្រុម​តំណក់​ជ្រើស​យក​តែ​តួ​អង្គ​ស្វា​ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ហនុមាន មក​ធ្វើ​ការ​ផ្សព្វផ្សាយ​មុន​គេ​តែ​ប៉ុណ្ណោះ។

លោក វន់ វរៈ រៀបរាប់​អំពី​មូលហេតុ​ដែល​ក្រុម​សម្រេច​ចិត្ត​ដាក់​ហនុមាន​ចូល​ក្នុង​ទីផ្សារ​មុន​គេ​យ៉ាង​ដូច្នេះ​ថា៖ «ព្រោះ​ដោយសារ​តួ​ហនុមាន​មាន​អារម្មណ៍​ថា​គាត់​រប៉ិល​រប៉ូច ហើយ​មាន​ឥទ្ធិពល ហើយ​ពូកែ។ ព្រោះ​ដោយសារ​បើសិន​យើង​គិត​ទៅ​ក្នុង​រឿង​រាមកេរ្តិ៍ រឿង​របស់​រាមកេរ្តិ៍ គឺ​តួ​ហនុមាន​នេះ​ហើយ​គាត់​ជា​សេនា​របស់​ព្រះ​រាម ប៉ុន្តែ​គាត់​ក៏​ដើរ​តួអង្គ​សំខាន់​ដែរ​នៅ​ក្នុង​រឿង​ហ្នឹង គឺ​ជា​តួ​លេច​ធ្លោ​ហ្មង។ ចឹង​សូម្បី​យើង​កម្មវិធី​អី​ផ្សេងៗ យើង​មើល​ការ​សម្ដែង​អី​គេ​អត់​ដែល​ចោល​តួ​ហនុមាន​តួ​ស្វា​ហ្នឹង​ដែរ»។

តំណក់ មាន​ន័យ​ថា ទឹក​មួយ​តក់ៗ​ដែល​អាច​បំពេញ​បំពង់ និង​បំបែក​ថ្ម​ជា​ដើម។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក វន់ វរៈ សមាជិក​ក្រុម​តំណក់។ លោក​បន្ត​ថា ក្រុម​តំណក់​ចាប់​ផ្ដើម​ដំណើរការ​ឡើង​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៥ ដោយ​ប្រកប​អាជីវកម្ម​លក់​អាវ​យឺត​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់ ដែល​មាន​បោះពុម្ព​រូប​រចនាបទ​ល្ខោន​ស្បែក​ធំ តាម​ប្រព័ន្ធ​អ៊ីនធើណែត​(អនឡាញ) រួម​មាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក អ៊ីនស្តាក្រាម និង​តាម​រយៈ​លេខ​ទូរសព្ទ​ជា​ដើម។

រហូត​មក​ដល់​ពេល​នេះ តំណក់​លក់​អាវ​បាន​ជាង​៦០០០ កាបូប​ជិត​១០០០ គម្រប​លិខិត​ឆ្លងដែន​ជាង​២០០ ដែល​វត្ថុ​នីមួយៗ​មាន​តម្លៃ​ចន្លោះ​ពី​២០០០០​រៀល​ដល់​៣២០០០​រៀល។

លោក កឹម រដ្ឋបូណ៌មី អ្នករចនាក្រាហ្វិកនិងជ្រើសរើសម៉ូតសម្រាប់ក្រុមតំណក់
លោក កឹម រដ្ឋបូណ៌មី អ្នករចនាក្រាហ្វិកនិងជ្រើសរើសម៉ូតសម្រាប់ក្រុមតំណក់

ជា​អ្នក​រចនា​ក្រាហ្វិក​និង​ជ្រើសរើស​ម៉ូត​សម្រាប់​ក្រុម​តំណក់ លោក កឹម រដ្ឋបូណ៌មី បញ្ជាក់​ថា ការ​គូរ​ក្បាច់​ល្ខោន​ស្បែក​ធំ​នីមួយៗ​គឺ​ទាមទារ​ឱ្យ​សមស្រប​ទៅ​លើ​តាម​ក្បួន​ខ្នាត​ដែល​បាន​កំណត់​តាំង​ពី​ដូនតា​មក ពោល​គឺ​លោក​មិន​ហ៊ាន​ច្នៃ​ឬ​គូរ​ឱ្យ​ប្រាស់​ចាក​រូប​ដើម​នោះ​ទេ។

លោក កឹម រដ្ឋបូណ៌មី បន្ថែម​ថា៖ «ចឹង​ល្ខោន​ស្បែក​លម្អិត​មែនទែន​គឺ​ត្រូវ​ចុច​មួយៗ និយាយ​ទៅ​គឺ​លម្អិត​ខ្លាំង​ដូចថា​បើ​ក្បាច់​ជួនកាល​យើង​គូរ​រាង​អ៊ីចេះៗ​វា​ចេញ​បាន​ជា​ក្បាច់​ហើយ។ ប៉ុន្តែ​នៅ​ពេល​ដែល​ល្ខោន​ស្បែក​ដូចថា​ដៃ​គាត់ ដូចថា​ដើម​ទ្រូង​គាត់ ចឹង​វា​ក្បាច់​គាត់​ជួន​កាល​ចុច​រង្វង់​មូល​ចឹង​វា​មាន​ឆូត​ជុំវិញ ចឹង​ខ្ញុំ​ត្រូវ​ធ្វើ​អាហ្នឹង​មួយៗ។ ខ្ញុំ​អត់​អាច​ធ្វើ​ម្ដង​ចេញ​ទាំង​ជុំវិញ​ទេ មាន​ន័យ​ថា​ខ្ញុំ​ធ្វើ​ម្ដង​មួយៗ ចុច​មូលៗ​ហ្នឹង​ក៏​ខ្ញុំ​ចុច​មួយៗ​ដែរ។ អ៊ីចឹង​វា​ចំណាយ​ពេល​យូរ​មែនទែន​ព្រោះ​ដោយសារ​ល្ខោន​ស្បែក បើសិន​ជា​យើង​អត់ detail (លម្អិត) យើង​អត់​ធ្វើ​វា​ឱ្យ​លម្អិត​ទៅ​លើ​ល្ខោន​ស្បែក​ហ្នឹង​គឺ​យើង​បោះ​មក​វា​ខ្មៅ​ម្ដុំ​ហ្មង មាន​ន័យ​ថា​វា​អត់​ស្អាត​ទេ ទៅ​លើ​អី​ក៏​អត់​ស្អាត​ដែរ។ យើង​គ្រាន់​ថា​អាច​ឃើញ​រាង​ហនុមាន ប៉ុន្តែ​យើង​អត់​ដឹង​ថា​រូប​ហនុមាន​ហ្នឹង​ស្អាត​បែប​ម៉េច​ទេ»។

យោង​តាម​សៀវភៅ​ “ល្ខោន​ស្បែក​ពណ៌​និង​ស្បែក​តូច” របស់​លោក ពេជ្រ ទុំក្រវ៉ិល បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ពិភពលោក គេ​សង្កេត​ឃើញ​មាន​ប្រភេទ​ល្ខោន​ស្រមោល​នេះ​មាន​នៅ​ច្រើន​ប្រទេស ដូចជា​ប្រទេស​អ៊ីរ៉ង់ តួកគី ឥណ្ឌា ឥណ្ឌូនេស៊ី កម្ពុជា ថៃ និង​ឡាវ​ជាដើម។

ដើម្បី​ឱ្យ​ល្ខោន​ស្បែក​ធំ​របស់​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​មាន​ប្រជាប្រិយភាព​និង​ទាក់ទាញ​ចិត្ត​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​បន្ត​ទៀត តំណាង​ក្រុម​តំណក់​អះអាង​ថា​នឹង​បន្ត​ស្វែង​រក​អ្វី​ថ្មីៗ​បន្ថែម​ទៀត ហើយ​ពួកគេ​ក៏​ត្រៀម​នឹង​រក​កន្លែង​ជាក់លាក់​មួយ​សម្រាប់​ដាក់​តាំង​លក់​ផលិតផល​ដើម្បី​ផ្ដល់​ការ​ទុក​ចិត្ត​បន្ថែម​ទៅ​កាន់​យុវជន​ខ្មែរ៕

ចែករំលែកតាម៖