សិលាចារឹកខ្មែរភាគច្រើនជាភាសាសំស្ក្រឹតខណៈអ្នកចេះភាសានេះមានតិចតួចនៅកម្ពុជា

សិលាចារឹកខ្មែរភាគច្រើនជាភាសាសំស្ក្រឹតខណៈអ្នកចេះភាសានេះមានតិចតួចនៅកម្ពុជា

សិលាចារឹក

អ្នក​ជំនាញ​ផ្នែក​ភាសា​សំស្រ្កឹត​បង្ហាញ​ក្តី​បារម្ភ​ពី​កង្វះ​អ្នក​ចេះ​ដឹង​ភាសា​សំស្ក្រឹត​ដែល​ជា​ភាសា​កម្ចី​មួយ​ដ៏​មាន​ឥទ្ធិពល​កាល​ពី​សម័យ​អតីតកាល​និង​ជា​ភាសា​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​កម្ពុជា។

ការ​បង្ហាញ​ក្តី​បារម្ភ​នេះ​បាន​ធ្វើ​ឡើង​នៅ​កម្មវិធី​បាឋកថា​ប្រចាំ​ខែ​ស្ដី​ពី​ការ​សាកល្បង​ពិនិត្យ​នូវ «ធាតុ​សំស្រ្កឹត​ក្នុង​កាល​បរិច្ឆេទ​នៃ​អត្ថបទ​ចារឹក​ជា​ភាសាខ្មែរ​ចាស់» នា​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ពុទ្ធសាសនបណ្ឌិត្យ។ កម្មវិធី​នេះ​បង្កើត​ឡើង​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​និស្សិត​និង​អ្នកសិក្សា​ទូទៅ​ឱ្យ​បាន​យល់​ដឹង​ពី​ភាសា​សំស្ក្រឹត ដែល​ជា​ភាសា​កម្ចី​របស់​កម្ពុជា ខណៈ​យុវជន​ខ្មែរ​ភាគ​ច្រើន មិន​ចាប់​អាម្មណ៍។

អ្នកនាង​បណ្ឌិត ឆោម គន្ធា នាយិកា​សារមន្ទីរ​ព្រះនរោត្ដម​សីហនុ​អង្គរ ដែល​ជា​អ្នកជំនាញ ភាសា​សំស្រ្កឹត​ដ៏​កម្រ​នៅ​កម្ពុជា​គឺ​ជា​វាគ្មិន​នៃ​កម្មវិធី​នេះ។ អ្នកនាង​មាន​ប្រសាសន៍​ក្រោយ​ធ្វើ​បទ​បង្ហាញ​ថា ភាសា​សំស្ក្រឹត​គឺ​ជា​ភាសា​កម្ចី​ដ៏​យូរ​លង់​ណាស់​មក​ហើយ​របស់​កម្ពុជា ហើយ​វា​មាន​ចារ​លើ​សិលា​ចារឹក​ខ្មែរ​ជា​ច្រើន​ដែល​ប្រៀប​បាន​ជា​អត្តសញ្ញាណ​ខ្មែរ។

អ្នកជំនាញ​ខាង​ភាសា​សំស្ក្រឹត​ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បណ្ឌិត​មក​ពី​ឥណ្ឌា​ដំបូង​គេ​រូប​នេះ​បន្ត​ថា សិលា​ចារឹក​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​និង​ត្រូវ​បាន​ចារ​ជា​ភាសា​សំស្ក្រឹត ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​សម័យ​អតីតកាល ហេតុនេះ​កម្ពុជា​ត្រូវ​ការ​អ្នក​ចេះ​ដឹង​ភាសា​នេះ​ជា​ចាំបាច់។ តែ​លោកស្រី​ថា កូន​ខ្មែរ​តិច​ណាស់​ដែល​អាច​អាន​ភាសា​នេះ​បាន។

អ្នកនាង​មាន​ប្រសាសន៍​ថា៖ «បើ​សំស្ក្រឹត​ហ្នឹង​អត់​មាន​អ្នក​ចេះ​គឺ​ប៉ះពាល់​ខ្លាំង​ណាស់ ព្រោះ​សិលា​ចារឹក យើង​នៅ​តែ​រក​ឃើញ​ជា​ហូរហែ​គឺ​មាន​សរសេរ​ជា​សំស្ក្រឹត។ មក​ដល់​ឥឡូវ​ហ្នឹង គឺ​អ្នក​ប្រាជ្ញ​យើង​ហ្នឹង​មិន​សូវ​ចាប់​អារម្មណ៍​នឹង​សំស្ក្រឹត​ហ្នឹង​ទេ។ ដល់​ពេល​មាន​សិលា​ចារឹក​ចារ​ជា​សំស្ក្រឹត​អី​គឺ​រុញ​ទៅ​ឱ្យ​អ្នក​ប្រាជ្ញ​បរទេស​អ៊ីចឹង​ទៅ។ ដល់​ពេល​គេ​សួរ វា​ជា​អត្តសញ្ញាណ​ខ្មែរ​យើង វា​ប៉ះពាល់​ខ្លាំង​ព្រោះ​ថា​ជា​របស់​ខ្មែរ​ចង់​ឬ​មិន​ចង់ ទោះ​ជា​សរសេរ​សំស្ក្រឹត​ក៏​វា​ជា​របស់​ខ្មែរ ក៏​ប៉ុន្តែ​ខ្មែរ​អត់​មាន​អ្នក​ចេះ​អាន»។

អ្នកនាងបណ្ឌិត ឆោម គន្ធា នាយិកាសារមន្ទីរព្រះនរោត្ដមសីហនុអង្គរ និងអ្នកជំនាញខាងភាសាសំស្ក្រឹត
បណ្ឌិត ឆោម គន្ធា នាយិកាសារមន្ទីរព្រះនរោត្ដមសីហនុអង្គរ
និងអ្នកជំនាញខាងភាសាសំស្ក្រឹត

បណ្ឌិត ឆោម គន្ធា បាន​ឱ្យ​ដឹង​ថា ភាសា​សំស្ក្រឹត​បាន​ចូល​មក​កម្ពុជា​តាម​ឈ្មួញ​ឥណ្ឌា​អំឡុង​ឆ្នាំ​សូន្យ​នៃ​គ.ស.។

អ្នកនាង​ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​កម្ពុជា​ពុំ​សូវ​មាន​ថ្នាក់​បើក​បង្រៀន​ភាសា​នេះ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ សាលា​ដែល​មាន​បង្រៀន​ភាសា​សំស្ក្រឹត​នេះ​គឺ​មាន​តែ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​តែ​ប៉ុណ្ណោះ ហើយ​ចំនួន​អ្នក​ចូលចិត្ត​រៀន​ភាសា​នេះ​គឺ​តិច​តួច​បំផុត។

លោក មី សុវណ្ណ គរុនិស្សិត​អក្សរសាស្ត្រ​ខ្មែរ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​លើក​ឡើង​ថា បើ​ទោះ​ជា​ពុំ​សូវ​មាន​អ្នក​ស្គាល់​ពី​តម្លៃ​និង​ចង់​ដឹង​ពី​ភាសា​សំស្ក្រឹត​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​សម្រាប់​លោក ភាសា​សំស្ក្រឹត​គឺ​ជា​ភាសា​វប្បធម៌​និង​ជា​ភាសា​ដែល​បង្ហាញ​ភាព​អស្ចារ្យ​មិន​អាច​កាត់​ថ្លៃ​បាន​តាំង​ពី​សម័យ​ដើម​រហូត​ដល់​បច្ចុប្បន្ន។

លោក​បន្ត​ថា៖ «ភាសា​សំស្ក្រឹត​គឺ​ជា​ភាសា​មួយ​ដ៏​ពិសិដ្ឋ​ក្នុង​គម្ពីរ​សាសនា​ព្រាហ្ម​ដែល​ជា​ឧបករណ៍​មួយ​ស្តែង​ពី​គំនិត​ស្តែង​ពី​អារម្មណ៍។ ចឹង​យើង​ដឹង​ពាក្យ​ពេចន៍​ខ្មែរ​គឺ​មាន​ប្រភព​មក​ពី​បាលី​សំស្ក្រឹត​ច្រើន​ណាស់។ ចឹង​យើង​អាច​សិក្សា​ស្វែង​យល់​បាន​ច្រើន​ពី​បាលី​សំស្ក្រឹត​ហ្នឹង។ គឺ​មាន​ប្រយោជន៍​សម្រាប់​យើង​ជា​អ្នក​អក្សរសាស្ត្រ សម្រាប់​កូន​ខ្មែរ​ដែល​គម្បី​ស្គាល់​ថា​តើ​ពាក្យ​ហ្នឹង​ឫសគល់​មក​ពី​ណា មាន​ន័យ​ដូចម្តេច»។

លោក មី សុវណ្ណ គរុនិស្សិតអក្សរសាស្ត្រខ្មែរនៅវិទ្យាស្ថានជាតិអប់រំ
លោក មី សុវណ្ណ គរុនិស្សិតអក្សរសាស្ត្រខ្មែរនៅវិទ្យាស្ថានជាតិអប់រំ

តាម​បទ​បង្ហាញ​ការ​ស្រាវជ្រាវ​ស្តី​ពី​ការ​សាកល្បង​កំណត់​តួនាទី​របស់​ភាសា​សំស្ក្រឹត​ក្នុង​អត្ថបទ​ចារឹក​នៃ​ប្រទេស​កម្ពុជា​ដែល​រៀបចំ​ឡើង​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៧ របស់​បណ្ឌិត ឆោម គន្ធា ភាសា​សំស្ក្រឹត​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​កត់​ត្រា​ក្នុង​អំឡុង​អាណាចក្រខ្មែរ​អស់​រយៈពេល​ជាង​១០០០​ឆ្នាំ​មក​ហើយ។

តាមរយៈ​ការ​ប្រើប្រាស់​ភាសា​សំស្ក្រឹត​នេះ បច្ចុប្បន្ន បាន​បន្សល់​ទុក​សិលា​ចារឹក​ជាង ១៣០០​ផ្ទាំង ដែល​គេ​ចាត់​ទុក​ថា​ជា​របស់​ខ្មែរ។ សិលា​ចារឹក​នេះ ត្រូវ​បាន​រក​ឃើញ នៅ​តំបន់​មួយ​ចំនួន​ទូទាំង​ប្រទេស រួម​ទាំង​ប្រទេស​ជិត​ខាង ដែល​ជា​អតីត​ទឹក​ដី​កម្ពុជា​ជា​ដើម។

អ្នកនាង ឆោម គន្ធា លើក​ទឹក​ចិត្ត​ដល់​យុវជន​និង​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ងាក​មក​សិក្សា​ស្វែង​យល់ និង​រួម​គ្នា​ថែរក្សា​ភាសា​សំស្ក្រឹត​បុរាណ ស្រប​ពេល​អ្នកនាង​ខ្លួន​ឯង​ផ្ទាល់​បង្ហាញ​ការ​តាំង​ចិត្ត​ខ្ពស់ ចំពោះ​ការ​ចូលរួម​ការពារ​ថែរក្សា​នូវ​ភាសា​សំស្ក្រឹត​នេះ ដើម្បី​លើក​ស្ទួយ​វិស័យ​អក្សរសាស្ត្រ​ជាតិ៕

ចែករំលែកតាម៖