ការបណ្តុះបណ្តាលជំងឺទឹកនោមផ្អែមនឹងអាចកាត់បន្ថយការកើនឡើងជំងឺនេះ

ការបណ្តុះបណ្តាលជំងឺទឹកនោមផ្អែមនឹងអាចកាត់បន្ថយការកើនឡើងជំងឺនេះ

ពិធីសម្ភោធចាប់ផ្តើមដំណើរការជាផ្លូវការរបស់គម្រោង CEP-D

ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ពេញ​វ័យ ដែល​មាន​អាយុ​ចន្លោះ​ពី ២០ ទៅ ៧៩​ឆ្នាំ ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​បាន​រក​ឃើញ​ថា​ជាង​៦០​ភាគរយ (៦២,៩%) នៃ​ករណី​ជំងឺ​នេះ ពុំ​ដែល​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឡើយ។ នេះ​បើ​តាម​អត្ថបទ​ស្តី​ពី​សំឡេង​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម (Diabetes Voice)។

ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ​ហើយ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា លោកស្រី ដាវ ធូង៉ា (Dao Thu Nga) បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​លោកស្រី​បាន​រៀបចំ​កម្មវិធី​អប់រំ​ជំងឺ​ទឹកនោម​ផ្អែម​នៅ​កម្ពុជា ហៅ​កាត់​ថា CEP-D ក្នុង​គោល​បំណង​អប់រំ​ផ្សព្វផ្សាយ​ពី​អំពី​ជំងឺ​ទឹក​ផ្អែម ក៏​ដូចជា​ដើម្បី​កាត់​បន្ថយ​អត្រា​កើន​ឡើង​នៃ​ជំងឺ​នេះ។

លោកស្រី ដាវ ធូង៉ា មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖ “កម្មវិធី​អប់រំ​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បណ្តាល​មក​ពី​ជំងឺ​នេះ​ដល់​សាធារណជន​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​នឹង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​សហគមន៍​វេជ្ជសាស្រ្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ចំណេះដឹង ព្រម​ទាំង​ព័ត៌មាន​វិទ្យាសាស្រ្ត​វេជ្ជសាស្រ្ត​ចុង​ក្រោយ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា។”

អ្នកចូលរួមក្នុងពិធីសម្ភោធចាប់ផ្តើមដំណើរការជាផ្លូវការរបស់គម្រោង CEP-D
អ្នកចូលរួមក្នុងពិធីសម្ភោធចាប់ផ្តើមដំណើរការជាផ្លូវការរបស់គម្រោង CEP-D

រដ្ឋលេខាធិកា​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​គណៈ​គ្រូ​ពេទ្យ​កម្ពុជា វេជ្ជបណ្ឌិត ធា គ្រុយ បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ​នឹង​ជម្រុញ​បន្ថែម​នូវ​ក្រុម​គ្រូ​ពេទ្យ​ទូទាំង​ប្រទេស ដែល​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បាន​យល់​កាន់​តែ​ស៊ី​ជម្រៅ និង​អាច​ធ្វើ​ការ​ណែនាំ ចែក​រំលែក​បទពិសោធន៍​ទៅ​ដល់​អ្នក​ជំងឺ និង​ក្រុម​អ្នក​ថែទាំ​សុខភាព​នៅ​ទូទាំង​ប្រទេស។

“២៣០,៨០០ ករណី​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៥ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ ប៉ុន្តែ​តួ​លេខ​នា​ពេល​បច្ចុបន្ន​នេះ គឺ​ទំនង​ជា​កាន់​តែ​ខ្ពស់​ជាង​មុន” នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រធាន​សមាគមន៍​គ្រូ​ពេទ្យ​ទឹក​នោម​ផ្អែម និង​ក្រពេញ​​កម្ពុជា វេជ្ជបណ្ឌិត កុយ​ វ៉ាន់នី។

គម្រោង CEP-D រយៈពេល​បី​ឆ្នាំ​នេះ ដែល​សម្ភោធ​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១១ សីហា​នេះ នឹង​រៀបចំ​ទូទាំង​ប្រទេស ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា កន្លះ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្រោម​សហហិរញ្ញប្បទាន​រវាង​ក្រុមហ៊ុន​សាណូហ្វី និងKFW DEG ដោយ​មាន​ការ​សហការ​ប្រតិបត្តិការ​ជាមួយ សមាគម​គ្រូ​ពេទ្យ​ទឹក​នោម​ផ្អែម និង​ក្រពេញ​​កម្ពុជា។ ក្នុង​នោះ ក្រុម​វេជ្ជបណ្ឌិត ប្រមាណ ១១៨០​នាក់ និង​និស្សិត​សាកល​វិទ្យាល័យ​វេជ្ជសាស្រ្ត​សុខាភិបាល​ចំនួន ៥០០​នាក់ នឹង​ត្រូវ​ទទួល​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល៕

ចែករំលែកតាម៖