របាំព្រះរាជទ្រព្យ “នាងវឌ្ឍនាទេវី” គ្រោងបង្ហាញវត្តមាននៅពាក់កណ្តាលខែមករា

របាំព្រះរាជទ្រព្យ “នាងវឌ្ឍនាទេវី” គ្រោងបង្ហាញវត្តមាននៅពាក់កណ្តាលខែមករា

ការសម្តែងរបាំព្រះរាជទ្រព្យខ្មែរ

នាង​វឌ្ឍនា​ទេវីជា​ចំណងជើង​របាំ​ព្រះ​រាជទ្រព្យ​ដែល​គ្រោង​នឹង​លើក​យក​មក​សម្តែង​ជូន​សាធារណជន នៅ​សាល​មហោស្រព​ចតុមុខ កណ្តាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៨ និង​១៩ ខែ​មករា ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ ការ​លើក​យក​រឿង​នេះ​មក​សម្តែង គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​បែបបទ​នៃ​ចលនា​ក្បាច់​រាំ សម្លៀកបំពាក់ និង​ការ​តុប​តែង​ខ្លួន​របស់​អ្នក​រាំ​របាំ តាម​លំនាំ​ឆ្នាំ​១៩០៦។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​អ្នក​រៀបចំ​កម្មវិធី។

បើ​តាម​ប្រភព​ដដែល ការ​សម្តែង​របាំ​ព្រះ​រាជ​ទ្រព្យ​ដែល​មាន​ចំណងជើង​ថា “នាង​វឌ្ឍនា​ទេវី” នឹង​ត្រូវ​សម្តែង​ដោយ​អ្នក​រាំ​ដែល​មាន​ទេពកោសល្យ និង​ជំនាញ​ប៉ិន​ប្រសព្វ​មួយ​ចំនួន​ប្រចាំ​ព្រះ​រាជា​ណាចក្រក​ម្ពុជា។ កម្មវិធី​នេះ​រៀបចំ​ដោយ​មូលនិធិ​អ្នក​ម្មាង ផាត់ កាញ៉ុល ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អង្គការ​យូនីស្កូ និង​វិទ្យាស្ថាន​ភាសា​បារាំង។

“នាង​វឌ្ឍនា​ទេវី” គឺ​ជា​រឿង​និទាន​អំពី​ព្រះ​នាង​មួយ​អង្គ​ដែល​មាន​សម្រស់​ល្អ​ឥត​ខ្ចោះ ហើយ​បាន​ក្លាយ​ជា​ប្រភព​នៃ​ភាព​ភ័យ​ខ្លាច ស្នេហា និង​សង្គ្រាម​រវាង​អាទិទេព​នៅ​ស្ថាន​សួរគ៌ា និង​អសុរ។

(កណ្ដាលស្ដាំដៃ) សម្តេច​ព្រះ​រាម នរោត្តម បុប្ជាទេវី និង(កណ្ដាលឆ្វេងដៃ) លោកស្រី Anne Lemaistre ប្រធានការិយាល័យ និងជាតំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា
(កណ្ដាលស្ដាំដៃ) សម្តេច​ព្រះ​រាម នរោត្តម បុប្ជាទេវី និង(កណ្ដាលឆ្វេងដៃ) លោកស្រី Anne Lemaistre ប្រធានការិយាល័យ និងជាតំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា

ដើម្បី​ធ្វើ​ឱ្យ​ការ​សម្តែង​បាន​ផ្តល់​ឱ្យ​ទស្សនិកជន​នូវ​បទ​ពិសោធន៍​ដ៏​រំភើប​អស្ចារ្យ​ដើម្បី​ឱ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​ថា ខ្លួន​ឯង​កំពុង​តែ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​អតីតកាល និង​ស្វែងយល់​ពី​ពិភព​ពី​រឿង​ព្រេង​ដែល​ទាក់ទង​នឹង​ដើម​កំណើត​នៃ​ប្រជាជន និង​វប្បធម៌​ខ្មែរ។ នេះ​បើ​តាម​សម្តេច​ព្រះ​រាម នរោត្តម បុប្ជាទេវី ដែល​ជា​អ្នក​ដឹកនាំ និង​ហ្វឹកហាត់​អ្នក​របាំ។

សូម​បញ្ជាក់​ថា ការ​សម្តែង​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ ត្រូវ​បាន​គេ​ឃើញ​ថា មាន​វត្តមាន​ភាគ​ច្រើន​នៅ​ក្នុង​ពិធី​បុណ្យ​សាសនា​ធំៗ និង​ព្រះ​រាជ​ពិធី​ផ្សេងៗ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​ដូចជា ពិធី​សោយរាជ្យ​សម្បត្តិ ពិធី​អភិសេក ពិធី​បុណ្យ​សព ឬ​ឱកាស​បុណ្យ​ជាតិ​ជា​ដើម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

ដោយ​ឡែក​ប្រធាន​ការិយាល័យ និង​ជា​តំណាង​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា លោកស្រី Anne Lemaistre អះអាង​ថា លោកស្រី​មាន​ក្តី​សង្ឃឹម​ថា តាមរយៈ​ការ​សម្តែង​នេះ​អាច​បង្កើន​ការ​យល់ដឹង​អំពី​តម្លៃ​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ដែល​ជា​បេតិកភណ្ឌ​កម្ពុជា និង​មនុស្ស​ជាតិ​លើ​ពិភពលោក។

កាល​ពី​ឆ្នាំ២០០៣ របាំ​ព្រះ​រាជ​ទ្រព្យ​កម្ពុជា ត្រូវ​បាន​អង្គការ UNESCO ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ផ្នែក​សម្បត្តិ​មនុស្ស​ជាតិ៕

ចែករំលែកតាម៖