សម្រាប់អ្នកសម្តែង ទស្សនិកជនគឺសំខាន់ជាងជីវិត

សម្រាប់អ្នកសម្តែង ទស្សនិកជនគឺសំខាន់ជាងជីវិត

«ទោះ​បី​ជា​ខ្ញុំ​ដើរ​អត់​រួច ទោះ​បី​ជា​ខ្ញុំ​ឈឺ​ប៉ុណ្ណា​ក៏​ដោយ ខ្ញុំ​ដាច់​ខាត ខ្ញុំ​ត្រូវ​តែ​ទៅ​សម្តែង​បញ្ចប់ ដើម្បី​អរគុណ​ទស្សនិកជន​ដែល​គាត់​ចាំ​យើង​ដែល​គាត់​គាំទ្រ​យើង”។

នេះ​ជា​ការ​លើក​ឡើង​របស់​តួអង្គ​តៃកុង​ហំ ក្នុង​រឿង​ថៅកែ​ចិត្ត​ចោរ លោក​ កែវ រដ្ឋា ដែល​បាន​រងគ្រោះ​ថ្នាក់​ចរាចរណ៍​មុន​ការ​សម្ដែង​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ នោះ​ជា​ការ​សម្ដែង​ល្ខោន​និយាយ​លើក​ដំបូង​ដែល​រៀបចំ​ដោយ​អង្គការ​សកម្មភាព​សិល្បៈ​ខ្មែរ។

លោក​ កែវ រដ្ឋា បន្ត​ថា៖«ថ្ងៃ​សម្តែង​លើក​ទី១ គឺ​យើង​បាន​ជុំ​គ្នា​ហាត់​តាំង​ពី​ព្រឹក រហូត​ដល់​ទៅ​ម៉ោង​៥​កន្លះ ទៅ​៦ បាន​យើង​ចប់ នៅ​សាលសន្និសីទ​ចតុមុខ។ យើង​ទៅ​សម​ឆាក បន្ទាប់​មក​គឺ​យើង​បែក​គ្នា ហើយ​យើង​បាន​ត្រឡប់​មក​ផ្ទះ​រៀងៗ​ខ្លួន… ពេល​ដែល​ខ្ញុំ​ជិះ​មក​ដល់​ភ្នំពេញ​ថ្មី ក៏​ជួប​ឧបទ្ទវហេតុ​ហ្នឹង​ទៅ។ អ៊ីចឹង​នៅ​ពេល​នោះ… អឺ… ខ្ញុំ​បាន​គិត​ហើយ​ស្រេច​ហើយ។ ពេល​ដែល​គេ​បុក​ខ្ញុំ​ម៉ាំង គឺ​ខ្ញុំ​បាន​ដួល​ទៅ​នឹង​ថ្នល់។ អា​ដៃ​បោះ​នេះ​ក៏​ខ្ញុំ​ភ្លាត់ អា​ឆ្អឹង​ខ្មង ខ្ញុំ​បាក់ អា​ជង្គង់​នេះ​ក៏​អត់​ធើ (ធ្វើ) ការ​មួយ​គ្នា។ អ៊ីចឹង​ខ្ញុំ​គិត​ថា ទស្សនិកជន​ចាំ​ខ្ញុំ​ម៉ាន​(ប៉ុន្មាន)? ជិត​៣​ខែ។ ហ៊ី! តើ​ហេតុអ្វី​ពេល​នេះ​ខ្ញុំ​ត្រូវ​មក​ជួប អកុសល​អ៊ីចឹង? ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ពេទ្យ។ ថ្វី​ដ្បិត តែ​អ្វី​ទាំងអស់​ហ្នឹង​វា​ឈឺ​ហើយ ប៉ុន្តែ​ខួរ​ក្បាល​ខ្ញុំ​នៅ​គិត​មួយ​ថា ខ្ញុំ​អត់​ត្រូវ​ធ្វើ​ឱ្យ​ទស្សនិកជន​គាត់​ខក​ចិត្ត​ទេ ពី​ព្រោះ​គាត់​ចាំ​យើង​យូរ​ហើយ គាត់​ជួយ​គាំទ្រ​យើង។ តើ​ហេតុអ្វី​យើង​ត្រូវ​បោះបង់​ពេល​ហ្នឹង»?

ក្រុមការងារល្ខោននិយាយរឿងថៅកែចិត្តចោរ (រូបភាពដោយលោក សួង សុភ័ក្រ)
ក្រុមការងារល្ខោននិយាយរឿងថៅកែចិត្តចោរ (រូបភាពដោយលោក សួង សុភ័ក្រ)

ក្រៅ​ពី​ការ​សម្ដែង លោក កែវ រដ្ឋា ក៏​ជា​គ្រូបង្រៀន​នៅ​សាលា​មធ្យម​សិក្សា​វិចិត្រសិល្បៈ​ឯកទេស​ល្ខោន​និយាយ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ផង​ដែរ។

លោក​សាស្ត្រាចារ្យ កែវ​ រដ្ឋា​ បញ្ជាក់​បន្ថែម​ថា សម្រាប់​សិល្បករ ទស្សនិកជន​គឺ​សំខាន់​ជាង​ជីវិត​ទៅ​ទៀត។ លោក​ថា ប្រសិន​បើ​លោក​ជួប​ប្រទះ​គ្រោះថ្នាក់​ពេល​សម្តែង​ក៏​លោក​មិន​សោក​ស្តាយ​ដែរ​ឱ្យ​តែ​បាន​សម្តែង​ឆ្លើយតប​នឹង​ទឹកចិត្ត​ទស្សនិកជន​គាត់​បាន។

លោក កែវ រដ្ឋា លើក​ឡើង​បន្ថែម​ថា៖ «ជាមួយ​នឹង​ទស្សនិកជន គាត់​មាន​តម្លៃ​ណាស់​សម្រាប់​យើង។ អ៊ីចឹង​ទស្សនិកជន​គាត់ ជា​មនុស្ស​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​សិល្បករ។ គ្មាន​អី​(អ្វី)​ដែល​បរាជ័យ ដែល​ល្ខោន​លេង​ទៅ​ហើយ ទស្សនីយភាព​លេង​ទៅ​ហើយ គ្មាន​អ្នក​មើល​ទេ»។

អ្នក​រៀបចំ​ដំឡើង​រឿង​ល្ខោន​និយាយ ថៅកែ​ចិត្ត​ចោរ គឺ​លោក សួង សុភ័ក្រ បាន​ឱ្យ​ដឹង​ពី​បញ្ហា​ប្រឈម​របស់​ល្ខោន​និយាយ​ថា រាល់​ការ​ដំឡើង​រឿង​មួយៗ​ទាមទារ​ឱ្យ​មាន​ការ​ចំណាយ​ច្រើន​ទាំង​ថវិកា ក៏​ដូចជា​ពេល​វេលា ប៉ុន្តែ​មិន​សូវ​បាន​ចំណូល។ ខ្វះ​ចំណូល​ព្រោះ​ថា កន្លង​មក​មិន​សូវ​មាន​ការ​គាំទ្រ​ពី​សាធារណជន ដែល​បញ្ហា​ទាំង​នេះ​បាន​ក្លាយ​ជា ឧបសគ្គ​រាំង​ស្ទះ​ក្នុង​ការ​បន្ត​ស្នាដៃ​សិល្បៈ​ខ្មែរ​ទម្រង់​នេះ។

(ខាងស្ដាំ) លោក សួង សុភ័ក្រ អ្នករៀបចំដំឡើងរឿងល្ខោននិយាយ ថៅកែចិត្តចោរ
(ខាងស្ដាំ) លោក សួង សុភ័ក្រ អ្នករៀបចំដំឡើងរឿងល្ខោននិយាយ ថៅកែចិត្តចោរ (រូបភាពដោយលោក សួង សុភ័ក្រ)

មិន​តែ​ប៉ុណ្ណោះ អ្នក​ជំនាញ​ខាង​ដឹកនាំ​រឿង​ល្ខោន​និយាយ​អស់​ជាង​មួយ​ទស្សវត្ស​រូប​នេះ​ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​សិល្បករ​សម្តែង​មាន​វ័យ​ចំណាស់ ខណៈ​សាលា​វិចិត្រសិល្បៈ​ស្ទើរ​តែ​មិន​មាន​សិស្ស​និស្សិត​ចាប់​អារម្មណ៍​សិក្សា​លើ​ជំនាញ​ល្ខោន​និយាយ​ឬ​សិល្បៈ​បុរាណ​ដទៃៗ​ទៀត​នោះ​ទេ។

លោក សួង សុភ័ក្រ អះអាង​ថា ការ​នាំ​យក​សិល្បៈ​និង​អក្សរសិល្បិ៍​ខ្មែរ​មក​បង្ហាញ​សាធារណជន​នេះ​គឺ​ដើម្បី​បន្ត​ថែរក្សា​និង​អភិរក្ស​ស្នាដៃ​កវី​ខ្មែរ​ជំនាន់​ដើម។

រឿង​ថៅកែ​ចិត្ត​ចោរ និពន្ធ​ដោយ​លោក អ៊ុំ ឈឺន និង​លោក​ ពៅ យូឡេង។ រឿង​នេះ​ជា​អក្សរសិល្បិ៍​ខ្មែរ​បែប​ទំនើប ដែល​បាន​បង្ហាញ​ពី​តថភាព​សង្គម​ខ្មែរ​នា​សម័យ​នោះ។ រឿង​នេះ​ក៏​មាន​ដាក់​បង្រៀន​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ថ្នាក់​វិទ្យាល័យ​ផង​ដែរ។

ទស្សនីយភាព​ល្ខោន​និយាយ​រឿង ថៅកែ​ចិត្ត​ចោរ ត្រូវ​បាន​សម្តែង​ជា​លើក​ដំបូង​កាល​ពី​ដើម​ឆ្នាំ​២០១៧ នៅ​មហោស្រព​ចតុមុខ​ជា​សាធារណៈ និង​លើក​ទី២ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សម្រាប់​សិស្ស​នៅ​ទីនោះ។ ឯ​ការ​សម្ដែង​លើក​ទី​៣​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ (CKCC)។

ទាំង​លោក សួង សុភ័ក្រ ក៏​ដូចជា​លោក​ កែវ រដ្ឋា សង្ឃឹម​ថា​ប្រជាជន​ខ្មែរ​នឹង​គាំទ្រ​និង​ឱ្យ​តម្លៃ​សិល្បៈ​ខ្មែរ តាម​រយៈ​ការ​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់ ក៏​ដូចជា​លើក​ទឹក​ចិត្ត​អ្នក​ស្រឡាញ់​សិល្បៈ​បន្ត​ការ​សិក្សា​ផ្នែក​សិល្បៈ​ខ្មែរ​បុរាណ​ជា​បន្ត​បន្ទាប់៕

ចែករំលែកតាម៖