ការចាក់​វ៉ាក់សាំង​ជំងឺ​រលាក​ផ្លូវដង្ហើម​មានប្រសិទ្ធភាព​ការពារ​ជីវិត​កុមារ

ការចាក់​វ៉ាក់សាំង​ជំងឺ​រលាក​ផ្លូវដង្ហើម​មានប្រសិទ្ធភាព​ការពារ​ជីវិត​កុមារ

គ្រួពេទ្យកំពុងចាក់វ៉ាក់សាំងរលាកផ្លូវដង្ហើម

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​គឺ​ជា​ជំងឺ​ទាំង​ឡាយ​ណា​ដែល​កើត​មាន​ឡើង​នៅ​លើ​ផ្លូវ​ដង្ហើម ដោយ​រាប់​ចាប់​ពី​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​រហូត​ដល់​ផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម​ដែល​មាន​ដូចជា ច្រមុះ បំពង់ខ្យល់ ទងសួត ថង់​សួត និង​សួត​ជាដើម។ នេះ​បើ​តាម​ឯកសារ​គោលការណ៍​នៃ​ការ​អនុវត្ត​ផ្នែក​វេជ្ជសាស្ត្រ​ថ្នាក់​ជាតិ។

បើ​តាម​ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក វេជ្ជបណ្ឌិត សេង សាម៉ន មាន​ប្រសាសន៍​ថា ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ ជាទូទៅ​តែង​កើត​មាន​លើ​កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ ព្រោះ​អំឡុង​ពេល​នោះ​ប្រព័ន្ធ​ការពារ​របស់​កុមារ​ខ្សោយ​ដែល​ងាយ​នឹង​ទទួល​ជំងឺ​ឱកាស​និយម​ទាំង​នេះ។

បើ​តាម​ប្រភព​ដដែល ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដែល​គេ​តែង​ជួប​ប្រទះ​ជា​ញឹកញាប់​ដូចជា ជំងឺ​ផ្ដាសាយ ឬ​ជំងឺ​រលាក​ទង​សួត និង​សួត​ជាដើម ខណៈ​មូលហេតុ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ គឺ​បណ្ដាល​មក​ពី​ពពួក​វីរុស និង​បាត់តេរី​ដែល​ជ្រៀត​ចូល​ក្នុង​ផ្លូវ​ដង្ហើម​តាមរយៈ​ការ​ដក​ដង្ហើម​របស់​កុមារ។

លោក​មាន​ប្រសាសន៍៖ «ដំបូង​ចេញ​ពី​ជា​លក្ខណៈ​ដូចជា​ហៀរ​សម្បោរ ក្អក ក្រដាស ហើយ​គាត់​អាច​ក្តៅ​ខ្លួន​អីចឹង​ទៅ។ ហើយ​ក្រោយ​មក វា​ស្ថិត​ទៅ​លើ​ទំហំ​នៃ​ការ​រលាក អាច​ជំហាន​ទី​២ គាត់​ចេញ​ជា​សញ្ញា​ហត់ ពិបាក​ដក​ដង្ហើម ក្អក​មក​មាន​ស្លេស​ច្រើន ហើយ​យើង​ស្តាប់​សំឡេង​គាត់​ទៅ គ្រាន់​តែ​យក​ត្រចៀក​ទៅ​ស្តាប់​ជិត​គាត់ គឺ​មាន​សំឡេង​ពិបាក​ដក​ដង្ហើម តឹងៗ យើង​ចាប់​ផ្តើម​ដង្ហើម​គាត់​ញ៉ាប់។ ដល់​ដំណាក់កាល​ធ្ងន់ អាច​ចេញ​ជា​សញ្ញា ស្វាយ​ចុង​ដៃ​ចុង​ជើង ស្វាយ​មាត់ រួច​គាត់​ស្ពឹក»។

វេជ្ជបណ្ឌិត សេង សាម៉ន ប្រធានមន្ទីរសម្រាកព្យាបាលកុមារផ្កាឈូក
វេជ្ជបណ្ឌិត សេង សាម៉ន ប្រធានមន្ទីរសម្រាកព្យាបាលកុមារផ្កាឈូក

ជាមួយ​នឹង​ការ​រៀបរាប់​ពី​អាការៈ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កុមារ​យ៉ាង​ដូច្នេះ វេជ្ជបណ្ឌិត​ដែល​មាន​បទពិសោធន៍​លើ​កុមារ​ជាង​១០​ឆ្នាំ​រូប​នេះ បាន​ណែនាំ​ពី​វិធី​ព្យាបាល ក៏​ដូចជា​វិធី​បង្ការ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថា អាណា​ព្យាបាល គួរ​ប្រញាប់​យក​កូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត បើ​ឃើញ​អាការ​ទាំង​នេះ​នៅ​លើ​កុមារ។

លោក​មាន​ប្រសាសន៍៖ «បើ​មាន​សញ្ញា​រលាក​ផ្លូវ​ដង្ហើម​របៀប​នេះ គឺ​យើង​ត្រូវ​ប្រញាប់ (នាំ​កុមារ) ទៅ​មន្ទីរពេទ្យ​ណា​ដែល​ជិត​ផ្ទះ​បងប្អូន និង​មាន​ខ្យល់​អុកស៊ីសែន ដើម្បី​យើង​មើល ពីព្រោះ​អី​កាលណា​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​ផ្លូវ​ដង្ហើម​របស់​គាត់​ហ្នឹង​វា​ស្ទះ។ ត្រឡប់​មក​វិញ ផ្លូវ​ដង្ហើម​មាន​តួនាទី​សំខាន់​ណាស់ គឺ​ផ្លាស់ប្តូរ​អុកស៊ីសែន​ក្នុង​ខ្លួន​យើង កាលណា​យើង​គ្មាន​អុកស៊ីសែន គឺ​ជា​រឿង​មួយ​ធំ»

គ្រូពេទ្យ​ជំនាញ​ផ្នែក​ព្យាបាល​កុមារ វេជ្ជបណ្ឌិត សេង សាមន បាន​ផ្ដល់​ដំបូន្មាន​ថា ដើម្បី​ការពារ​ឲ្យ​កុមារ​ជៀស​ផុត​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​គឺ​ឪពុក​ម្ដាយ​កុមារ​ត្រូវ​សម្អាត​អនាម័យ​កន្លែង​រស់នៅ និង​ខ្លួន​ប្រាណ​កុមារ​ឲ្យ​បាន​ស្អាត។ ជាង​នេះ​ទៅ​ទៀត ពួក​គាត់​ត្រូវ​ផ្ដល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​កុមារ និង​ពិសេស​គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​ដល់​កុមារ។

លោក​មាន​ប្រសាសន៍៖ «វិធីសាស្ត្រ​ដែល​យើង​ការពារ​ល្អ​បំផុត​នោះ គឺ​យល់​ដឹង​អំពី​វ៉ាក់សាំង ដែល​ជួយ​ទៅ​លើ​កុមារ ពីព្រោះ​វ៉ាក់សាំង​សំខាន់​សម្រាប់​ក្មេង​អាយុ​ក្រោម​៦​ឆ្នាំ ពី​កើត​ទៅ​រហូត​ដល់​៦​ឆ្នាំ។ កម្មវិធី​រដ្ឋ​របស់​យើង​មាន…»

លោកស្រី ឯក កណ្ណិកា អាណាព្យាបាលដែលមានកូនស្រីមានជំងឺរលាកផ្លូវដង្ហើម
លោកស្រី ឯក កណ្ណិកា អាណាព្យាបាលដែលមានកូនស្រីមានជំងឺរលាកផ្លូវដង្ហើម

លោកស្រី ឯក កណ្ណិកា អាណា​ព្យាបាល​ម្នាក់​ដែល​មាន​កូនស្រី​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​តាំង​ពី​អាយុ​៥​ឆ្នាំ។ អ្នកស្រី​បាន​រៀបរាប់​ក្រោយ​នាំ​កូនស្រី​មក​តាម​ដាន​ជំងឺ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក​ថា ជំងឺ​រលាក​ផ្លូវ​ដង្ហើម គឺ​ជា​ជំងឺ​មួយ​ដែល​អាណាព្យាបាល​មិនអាច​ធ្វេស​ប្រហែស​បាន​ទេ។

ឆ្លង​កាត់​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​តាមរយៈ​អាការៈ​ជំងឺ​របស់​កូន​ស្រី អ្នកស្រី​លើក​ទឹក​ចិត្ត​ឱ្យ​អាណាព្យាបាល​គ្រប់​រូប គួរ​នាំ​កុមារ​មក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម ខណៈ​អ្នកស្រី​ទទួល​ស្គាល់​ថា ការ​ចាក់​វ៉ាក់សាំង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បាន​ចូលរួម​ជួយ​កូន​អ្នកស្រី​បាន​ច្រើន។

អ្នកស្រី​និយាយ៖ «ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ​របស់​ក្មេង​ដែល​យល់​ដឹង​ពី​ទឹក​ចិត្ត​ម្តាយ​ទូទៅ​ដែល​ស្រឡាញ់​កូន។ (អ៊ី)ចឹង​ខ្ញុំ​អំពាវនាវ​សូម​ឱ្យ​ពួក​គាត់​យក​កូន​ចាក់​ថ្នាំ​វ៉ាក់សាំង​ទៅ។ ពីព្រោះ​អី​ចំពោះ​កូន​របស់​ខ្ញុំ​ផ្ទាល់ ការ​ចាក់​វ៉ាក់សាំង​ហ្នឹង វា​ជួយ​បាន​ច្រើន។ ពី​មុន​កូន​ខ្ញុំ​ក្តៅ​ខ្លួន​ជានិច្ច ងាក​ក្តៅៗ ឱ្យ​តែ​មាន​ផ្តាសាយ​ចូល​មក ដឹង​តែ​ក្តៅ តែ​ឥឡូវ​អត់​ទេ»។

យោង​តាម​មូលនិធី Gapminder របស់​ប្រទេស​ស៊ុយអ៊ែត ដែល​ធ្វើ​ការ​ទៅ​លើ​ការ​ចងក្រង​ទិន្នន័យ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា​ជា​រៀងរាល់​ថ្ងៃ នៅ​កម្ពុជា កុមារ​ចន្លោះ​ពី​អាយុ​០​ឆ្នាំ ដល់​៥​ឆ្នាំ ក្នុង​ចំណោម ១០០០ នាក់ មាន​២៣.៦% បាន​ស្លាប់​ដោយ​ជំងឺ​ផ្លូវ​ដង្ហើម៕

ចែករំលែកតាម៖