ភាគីពាក់ព័ន្ធ ចង់ឃើញអ្នកជំនួញនៅកម្ពុជា ងាកមកវិនិយោគលើវិស័យខ្សែភាពយន្ត

ភាគីពាក់ព័ន្ធ ចង់ឃើញអ្នកជំនួញនៅកម្ពុជា ងាកមកវិនិយោគលើវិស័យខ្សែភាពយន្ត

ថ្លែង​នៅ​ក្នុង​កម្មវិធី INTER CHAMBER លើក​ទី​៥ ដែល​សុទ្ធសឹង​តែ​ជា​អ្នក​ជំនួញ និង​ម្ចាស់​ក្រុមហ៊ុន​ចូលរួម​ជាង​៣០០​នាក់​នោះ នាយក​នៃ​គណៈកម្មាធិការ​ភាពយន្ដ​ខ្មែរ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង​ជា​ផលិតករ​ភាពយន្ត លោក ចៀប សុវិជ្ជា ថ្លែង​ថា លោក​ចង់​ឃើញ​ម្ចាស់​អាជីវកម្ម ជាពិសេស​អ្នក​ជំនួញ​ធំៗ​ទាំង​នោះ​ងាក​មក​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​ខ្សែភាពយន្ត​នៅ​កម្ពុជា។ ផលិតករ​ជំនាញ​រូប​នេះ​បន្ត​ថា ការ​វិនិយោគ​នៅ​ពេល​នេះ ក៏​ជា​ឱកាស​មួយ​ល្អ​ផង​ដែរ ខណៈ​រដ្ឋាភិបាល​កំពុង​ផ្តល់​ការ​អនុគ្រោះ​ច្រើន​ក្នុង​វិស័យ​នេះ។

ប្រសាសន៍ លោក ចៀប សុវិជ្ជា៖ «ពាណិជ្ជករ​ទាំងអស់​ហ្នឹង គាត់​អាច​ពាំនាំ ស្អី​ដែល​គាត់​បាន​ឃើញ បាន​កើត​ឡើង​ហើយ​នៅ​ស្រុក​ខ្មែរ អាច​ទៅ​ប្រាប់​មិត្តភក្តិ​គាត់ ឬ​ក៏​គាត់​មាន​មិត្តភក្តិ​ជា​ផលិតករ​ភាពយន្ត ថា​អាច​មក​ផលិត​កុន​នៅ​ក្នុង​ស្រុក​ខ្មែរ​បាន។ គឺ​យើង​មាន​ទាំងអស់ មាន​ធនធាន​មនុស្ស មាន​សក្តានុពល និង​ទីកន្លែង​ថត​ភាពយន្ត។ ហើយ​មួយរយៈ​នេះ គឺ​យើង​បាន​ការ​គាំទ្រ​ពី​អាជ្ញាធរ ជាពិសេស​ទៀត​គឺ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ជំរុញ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្លាយ​ជា​ដែនដី​ស្វាគមន៍​ក្រុម​ថត​ភាពយន្ត»។

ផលិតករ​ភាពយន្ត​ខ្មែរ​ដែល​ទទួល​ពាន​រង្វាន់​ឆ្នើម​ពី​មហោស្រព​ភាពយន្ត​អាស៊ាន​ឡូសអានជីឡេស (Los Angeles Asian Film Festival) នាទី​ក្រុង​ឡូសអានជីឡេស សហរដ្ឋ​អាមេរិក ក្នុង​រឿង “តន្រ្តី​ជីវិត” លោក សុខ វិសាល លើក​ឡើង​ថា កន្លង​មក​ដោយសារ​តែ​កង្វះ​ធនធាន ពិសេស​ការ​ចូលរួម​គាំទ្រ​ជា​ថវិកា​នៅ​មាន​កម្រិត ទើប​ធ្វើ​ឱ្យ​វិស័យ​នេះ​ជួប​នូវ​ឧបសគ្គ។ លោក​បន្ត​ថា វិស័យ​ខ្សែភាពយន្ដ​ខ្មែរ​នឹង​មាន​សន្ទុះ​កាន់​ល្អ​បន្ថែម​ទៀត បើ​មាន​អ្នក​ជំនួញ​ជាតិ និង​អន្តរជាតិ​កាន់​តែ​ច្រើន​ចូលរួម​គាំទ្រ។

លោក សុខ វិសាល លើក​ឡើង​យ៉ាង​ដូច្នេះ៖ «ភាគ​ច្រើន​មនុស្ស​ដែល​ចូលរួម​ថ្ងៃ​ហ្នឹង សុទ្ធ​តែ​ខាង​ឯកជន ខាង​អ្នក​រកស៊ី បើសិន​ឧបមា​ថា ពួក​គាត់​អាច​គាំទ្រ ជួយ​ឧបត្ថម្ភ​ភាពយន្ត​មួយ​ចំនួន ប្រគល់​ឱកាស​ប្រគល់​លុយ ជួយ​វិស័យ​ខ្សែភាពយន្ត​ក៏​ល្អ​ដែរ»

នៅ​ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ឬ Eurocham Cambodia នេះ ក៏​មាន​វត្តមាន​របស់​សមាជិក​បរទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែរ ក្នុង​នោះ​រួម​មាន សភាពាណិជ្ជកម្ម​កាណាដា ឥណ្ឌា និងអង់គ្លេស​ជា​ដើម។ នាយកប្រតិបត្តិ​ស្តី​ទី​នៃ Eurocham Cambodia លោក Blaise Kilian បាន​ឱ្យ​ដឹង​ថា ឧស្សាហកម្ម​ខ្សែភាពយន្ត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រភព​ចំណូល​ធំ​បំផុត​មួយ​នៃ​សេវាកម្ម​កម្សាន្ត​នៅ​លើ​ពិភពលោក។ បុរស​ជន​ជាតិ​បារាំង ប៉ុន្តែ​ចេះ​និយាយ​ភាសាខ្មែរ​ដ៏​ស្ទាត់​ជំនាញ​រូប​នេះ​ក៏​បង្ហាញ​ក្តី​សង្ឃឹម​ថា កម្មវិធី​នេះ​ជា​ឱកាស​មួយ​សម្រាប់​ពាំនាំ​ឱ្យ​អ្នក​ជំនួញ​ជាតិ និង​អន្តរជាតិ​ចាប់​ផ្តើម​ដាក់​ទុន​វិនិយោគ​របស់​ខ្លួន​លើ​វិស័យ​ខ្សែភាពយន្ត ដើម្បី​ចូលរួម​ចំណែក​ជួយ​លើក​ស្ទួយ​វប្បធម៌​កម្ពុជា។

ប្រសាសន៍ លោក Blaise Kilian៖ «យើង​រើស​ប្រធានបទ​មួយ​គឺ​ភាពយន្ត​ខ្មែរ ដោយសារ​យើង​ឃើញ​ថា វិស័យ​ភាពយន្ត​ខ្មែរ កំពុង​រីក​ចម្រើន កំពុង​ស្ទុះ​ឡើង​វិញ ព្រោះ​ពី​មុន​មក​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​បំផុត ធ្លាប់​វិនាស​ជិត​អស់​សូន្យ​ហើយៗ ឥឡូវ​កំពុង​រស់​ឡើង​វិញ​ហើយ ។ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា ជា​ឱកាស​ល្អ​ដើម្បី​បង្ហាញ​ថា មាន​វិស័យ​មួយ​ដែល​ជា​វិស័យ​ភាពយន្ត ជា​វិស័យ​វប្បធម៌​ផង វិស័យ​សេដ្ឋកិច្ច​ផង ចឹង​ចង់​លើក​ស្ទួយ​ឱ្យ​គេ​ចាប់​អារម្មណ៍ គេ​ឃើញ​បាន​ទាំងអស់​គ្នា»។

INTER CHAMBER លើក​ទី​៥ គឺ​ជា​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា។ កម្មវិធី​នេះ ប្រារព្ធ​ឡើង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​នេះ ក្រោម​ប្រធានបទ «មួយ​យប់​រះ​បំភ្លឺ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ឧស្សាហកម្ម​ខ្សែភាពយន្ត​នៅ​កម្ពុជា»

ចែករំលែកតាម៖