ភាគីពាក់ព័ន្ធព្យាយាមជំរុញផលិតភាពការងារកម្ពុជាដើម្បីឆ្លើយតបតម្រូវការទីផ្សារ

ភាគីពាក់ព័ន្ធព្យាយាមជំរុញផលិតភាពការងារកម្ពុជាដើម្បីឆ្លើយតបតម្រូវការទីផ្សារ

សន្និសីទ​សារព័ត៌មាន​ស្ដីពី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ2018

ដ្បិត​ឱកាស​ការងារ​នៅ​កម្ពុជា​ត្រូវ​បាន​ប្រកាស​តាមរយៈ​គេហទំព័រ ផ្សព្វផ្សាយ​តាម​បណ្តា​ក្រុមហ៊ុនឬ​ក៏​តាមរយៈ​ការ​រៀបចំ​ពិព័រណ៍​ជា​ហូរហែ​យ៉ាង​ណា​ក្តី ឱកាស​ទទួល​បាន​ការងារ​ធ្វើ​របស់​យុវជន​នៅ​តែ​មាន​ចំនួន​តិច​តួច​មិន​គ្រប់​តាម​តម្រូវការ​នៅ​ឡើយ។ ជាក់​ស្តែង​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៨​នេះ យ៉ាង​ហោច​ណាស់​មាន​អ្នក​មក​ចុះ​ឈ្មោះ​ស្វែង​រក​ការងារ​ជិត​មួយ​ម៉ឺន​នាក់​នៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ប៉ុន្តែចន្លោះ​ត្រឹម២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការងារ។ នេះ​បើ​តាម​អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ លោក ហៃ ហ៊ុនឡេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ខែ​តុលា​កន្លង​ទៅ។

លោក ហៃ ហ៊ុនឡេង ពន្យល់​អំពី​មូលហេតុ​នៃ​ការ​ទទួល​បាន​ការងារ​ធ្វើ​យ៉ាង​ដូច្នេះ៖ «ស្តែង​ចេញ​ពី​តម្រូវការ​សិន បាន​ន័យ​ថា​ផ្នែក​ត្រូវ​ការ​បុគ្គលិក​ជា​ទូទៅ​ជំនាញ​ឬ​ក៏​ប្រភេទ​ការងារ ដូច​ខ្ញុំ​បញ្ជាក់​(អ៊ី)​ចឹង គឺ​មាន​តម្រូវការ​ផ្តោត​ទៅ​លើ​ជំនាញ​ជាក់លាក់ មិនមែន​ចេះ​តែ​រើស​បុគ្គលិក​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ និង​អ្វី​ដែល​ជា​លទ្ធភាព​របស់​គាត់​នោះ​ទេ។ (អ៊ី)​ចឹង ហើយ​អ្នក​ស្វែងរក​ការងារ​ជួប​ជាមួយ​នឹង​ឱកាស​ការងារ​គាត់​ ​នៅ​មាន​បញ្ហា​ប្រឈម​ទៅ​លើ​សមត្ថភាព​ជា​ចម្បង បាន​ន័យ​ថា ទី១​គឺ​ភាព​មិន​ទាន់​ស៊ី​គ្នា​រវាង​តម្រូវការ​នៃ​ជំនាញ​នៅ​ក្នុង​ទីផ្សារ​ការងារ»។

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ
លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ

ក្នុង​ចំណោម​យុវជន​កម្ពុជា​មាន​៧០%​ដែល​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ។ នេះ​គឺ​ជា​កម្លាំង​ពលកម្ម​ដ៏​ធំធេង។ ដូច្នេះ វា​ទាមទារ​ឱ្យ​មាន​ការ​គាំទ្រ​សព្វ​គ្រប់​បែប​យ៉ាង​ដើម្បី​ឱ្យ​កម្លាំង​ដែល​មាន​ស្រាប់​ប្រកប​ដោយ​សក្តានុពល​ទាំង​នេះ​មាន​វិជ្ជា​ជីវៈ រួម​ទាំង​សមត្ថភាព​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ការងារ​បច្ចុប្បន្ន។ នេះ​បើ​តាម​ប្រធាន​លេខាធិការដ្ឋាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ លោក សុំ មនោរម្យ។

ប្រសាសន៍​លោក សុំ មនោរម្យ៖ «យើង​ចង់​ឱ្យ​យុវជន​ទាំងអស់ គាត់​ចូលរួម​ស្វែង​យល់​អំពី​ព័ត៌មាន​ការងារ​ផង ក៏​ដូចជា​ស្វែង​យល់​សក្តានុពល​ការងារ​ដែល​មាន​នៅ​កម្ពុជា​ដែល​កំពុង​ត្រូវ​ការ​ជ្រើសរើស​កម្មករ​និយោជិត ក៏​ដូចជា​បុគ្គលិក​យ៉ាង​សម្បូរ​បែប។ ដែល​នេះ​គឺ​ជា​ចំណុច​សំខាន់​ណាស់​ដែល​យើង​មិន​ចង់​ឱ្យ​យុវជន​របស់​យើង​នៅ​ខាង​ក្រៅ មិន​បាន​ស្វែងយល់​ពី​កាលានុវត្តភាព​ពិត​ប្រាកដ ដែល​បណ្តាញ​ក្រុមហ៊ុន​និង​សហគ្រាស​ទាំងអស់​បាន​កំពុង​ស្វែងរក​កម្មករ​ដើម្បី​ទៅ​បម្រើ​ការងារ»។

(ខាងធ្វេង) លោកហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ និង(ខាងស្តាំ) លោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃ GMAC
(ខាងធ្វេង) លោកហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ និង(ខាងស្តាំ) លោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃ GMAC

គួរ​រំឭក​ផង​ដែរ​ថា ប្រមាណ​ជាង​១​លាន​នាក់​នៃ​ប្រជាជន​កម្ពុជា​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​វាយនភណ្ឌ។ អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) លោក កាំង ម៉ូនីកា បាន​ឱ្យ​ដឹង​ថា វិស័យ​វាយនភណ្ឌ​នៅ​តែ​មាន​ទីផ្សារ​សម្រាប់​ពលរដ្ឋ​កម្ពុជា ប៉ុន្តែ​ពលរដ្ឋ​ប្រទេស​នេះ​ទាមទារ​ឱ្យ​បង្កើន​ផលិតភាព​ខ្លួន​ដើម្បី​ធានា​បាន​ទីផ្សារ​របស់​ខ្លួន។

ប្រសាសន៍លោក កាំង ម៉ូនីកា៖ «[អ៊ី]ចឹង​ការងារ​វា​ត្រូវ​ផ្សាភ្ជាប់​ជាមួយ​នឹង​ផលិតភាព​ការងារ ជាពិសេស​នៅ​ក្នុង​បរិបទ​នៅ​ក្នុង​វិស័យ​[កាត់ដេរ]​យើង​ខ្ញុំ។ ខ្ញុំ​គិត​ថា ហើយ​ វា​មិន​ខុស​ពី​វិស័យ​របស់​បងប្អូន​នៅ​ទីនេះ​ដែរ ព្រោះ​ផលិតភាព​ការងារ​វា​មាន​សារសំខាន់ នៅ​ក្នុង​ការ​ធានា​នូវ​ភាព​ប្រកួត​ប្រជែង​ក្រុមហ៊ុន​សហគ្រាស​របស់​យើង»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​រៀបចំ​បង្កើត​វេទិកា​ការងារ​ជា​បន្ត​បន្ទាប់​នៅ​ទីតាំង​ស្នាក់ការ​រាជធានី​ខេត្ត ក៏​ដូចជា​សហការ​ជាមួយ​សង្គម​ស៊ីវិល វិស័យ​ឯកជន បង្កើត​ពិព័រណ៌​ការងារ​ថ្នាក់​ជាតិ​ជារៀងរាល់​ឆ្នាំ។ គោល​បំណង​នៃ​ការ​បង្កើត​វេទិកា​ទាំង​នេះ គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ឱកាស​ការងារ តម្រូវការ​ទីផ្សារ ក៏​ដូចជា​ណែនាំ​ផលិតភាព​ការងារ​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​បណ្តុះ​បណ្តាល​ទីភ្នាក់ងារ​ជាតិ​មុខរបរនិង​ការងារ។

បើ​តាម​ប្រភព​ដដែល សម្រាប់​ឆ្នាំ​២០១៨​នេះ ឱកាស​ការងារ​គ្រប់​ប្រភេទ​ប្រមាណ​២​ម៉ឺន​មុខ​តំណែង​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​សហគ្រាស​ធំៗ​ជាង​១៣០​មក​ពី​វិស័យ​សំខាន់ៗ​ដូចជា៖ ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច ទូរគមនាគមន៍​ជាដើម៕

ចែករំលែកតាម៖