សិល្បករសហសម័យជំរុញការប្រើឧបករណ៍ធ្វើពីផ្ដៅតាមរយៈស្នាដៃរបស់ខ្លួន

សិល្បករសហសម័យជំរុញការប្រើឧបករណ៍ធ្វើពីផ្ដៅតាមរយៈស្នាដៃរបស់ខ្លួន

(ខាងស្ដាំ) លោក ឯម រៀម សិល្បករសហសម័យ

«ផ្លែ​ឈើទាល»​ មាន​កម្ពស់​ជិត​២ម៉ែត្រ​និង​បណ្តាយ​ដល់​៤ម៉ែត្រ​កន្លះ​ ត្រូវ​បាន​រចនា​ឡើង​ពី​ផ្តៅ​សម្រាប់​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៌​ «ដំណើរ​ត្រាច់ចរសិល្បៈ»​ នៅ​ក្នុង​បរិវេណ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ កាល​ពី​ចុង​ខែ​មីនា​ ឆ្នាំ​២០១៨។​

លោក​ ឯម​ រៀម​ ជា​សិល្បករ​សហ​សម័យ​ដែល​មាន​ទេពកោសល្យ​មួយ​រូប​និង​ធ្លាប់​ឆ្លង​កាត់​ការ​សិក្សា​នៅ​ប្រទេស​បារាំង។​ លោក​បាន​យក​ផ្ដៅ​មក​ចាក់​ជា​រូប​ផ្លែ​ឈើទាល​ដ៏​ធំ​បែប​នេះ​ ដើម្បី​រម្លឹក​ពី​កុមារភាព​របស់​ខ្លួន។​

លោក​និយាយ​ថា៖​ «ពី​តូចៗ​ យើង​លេង​អាហ្នឹង​ ដល់​ពេល​ឥឡូវ​ យើង​ធ្វើ​ឱ្យ​ធំ​ យើង​ក៏​អាច​ចូល​លេង​ក្នុង​ហ្នឹង។​ ឃើញ​ទេ​វា​មាន​ប្រហោង​ធំ​ យើង​អាច​អង្គុយ​ ដេក​ ហើយ​នៅ​ក្នុង​ហ្នឹង​ប្រៀប​ ការ​ចាក់​ (ផ្តៅ)​ ដូច​សំបុក​ចាប​ចឹង​ ដែល​នៅ​ក្នុង​ហ្នឹង​ មាន​ភាព​កក់​ក្តៅ​ បិទ​បាំង​អ្វី​មួយ។​ បើ​និយាយ​ពី​ភាសា​កូន​ក្មេង​ យើង​លេង​បិទ​ពួន»។​

ពាក់​អាវ​យឺត​វាល​ក្លៀក​ សក់​ពណ៌​ទង់ដែង​ សិល្បករ​ខ្មែរ​ដែល​មាន​ស្នាដៃ​ផ្នែក​ចម្លាក់​ គំនូរ​ និង​ស្នាដៃ​សហសម័យ​ជា​ច្រើន​រូប​នេះ​រៀបរាប់​ថា​ ក្រៅ​ពីការ​រម្លឹក​ដល់​កុមារភាព​របស់​ខ្លួន​ ការ​ដែល​លោក​ជ្រើសរើស​ផ្តៅ​ ព្រោះ​តែ​ផ្តៅ​ជា​វត្ថុ​ធាតុ​ដើម​ដ៏​មាន​សារៈសំខាន់​និង​មាន​អំណោយផល​ច្រើន​ដល់​ការ​ច្នៃ​ប្រឌិត​តាម​បែប​សិល្បៈ​សហ​សម័យ។​

លោក​បន្ត៖​ «យើង​ចង់​ធ្វើ​ចម្លាក់​ក៏​បាន​ អី​ក៏​បាន​ វា​មាន​លក្ខណៈ​ទន់​អាច​ពត់​បាន​ ហើយ​ផ្តៅ​ជា​វត្ថុ​ធាតុ​ដើម​មួយ​ឱ្យ​មាន​និរន្តរភាព។​ យើង​អាច​ដាំ​ យើង​អាច​កាប់​បាន​ រយៈពេល​ ៥ឆ្នាំ​ បើ​យើង​យក​ឈើ​ យក​ថ្ម​ យក​អី​មក​ ហាក់​បី​ដូច​យើង​សិល្បករ​យើង​បំផ្លាញ​បរិស្ថាន»។​

សិល្បករ​ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​និង​គ្រឿង​អលង្ការ​ផង​ដែរ​នោះ​ ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ងាក​មក​ប្រើប្រាស់​ផ្តៅ​ដែល​ជា​វត្ថុ​ធាតុ​ដើម​នៅ​ក្នុង​ស្រុក​និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​សុខភាព។​

លោក​ ឯម​ រៀម​ រៀបរាប់​ថា៖​ «ងាក​មក​ស្រឡាញ់​ផ្តៅ​ ប្រើប្រាស់​ផ្តៅ​ ដែល​ជា​ទម្រង់​គ្រឿង​សង្ហារិម​បែប​សម័យ​ទំនើប។​ (គ្រឿង​សង្ហារិម​សម័យ​ទំនើប​ពី​ផ្តៅ)​ ខ្លះ​វា​ធំ​មែន​ តែ​ដាក់​តែ​មួយ​ គឺ​វា​ស្អាត​ ព្រោះ​វា​ជា​ចម្លាក់​ផង​ ជា​របស់​អង្គុយ​លេង​បាន។​ ចង់​ឱ្យ​ពលរដ្ឋ​យើង​បែរ​ត្រឡប់​មក​ប្រើ​វត្ថុ​ធាតុ​ដើម​នៅ​ក្នុង​ស្រុក​ ពី​ព្រោះ​ធម្មតា​ប្រជាពលរដ្ឋ​យើង​ ឱ្យ​តែ​របស់​មក​ពី​ស្រុក​គេ​ គឺ​វា​ល្អ​ វា​ស្អាត​ហើយ​ ក៏​ប៉ុន្តែ​បើ​និយាយ​ពី​គុណភាព​ សុទ្ធ​តែ​កម្ទេច​កម្ទី​ ហើយ​វា​អាច​ប៉ះពាល់​សុខភាព​យើង​ទៀត។​ គ្រឿង​សង្ហារិម​នាំ​ចូល​ខ្លះ​ ស្អាត​តែ​ពី​ខាង​ក្រៅ​ទេ»។​

ផ្នែក​ដើម​មាន​រាង​មូល​ ហើយ​សាច់​មួយ​ថ្នាំងៗ​រាង​ដូច​ស៊ីឡាំង។​ បំពង់​ដើម​ពី​ថ្នាំង​មួយ​ទៅ​ថ្នាំង​មួយ​ទៀត​មាន​ទំហំ​ខុសៗ​គ្នា​ និង​ផ្នែក​ខាង​ក្នុង​នៃ​ដើម​ជា​សម្បក​រលោង​មាន​ពណ៌​លឿង​ព្រឿងៗ​ មាន​លក្ខណៈ​រឹង​ហើយ​ស្វិត។​ លក្ខណៈ​បែប​នេះ​ អាច​ឱ្យ​គេ​អាច​យក​ផ្តៅ​ មក​កែច្នៃ​ជា​របស់​ប្រើប្រាស់​បាន​យ៉ាង​ច្រើន​ដូច​ជា​គ្រឿង​សង្ហារិម​ផ្សេងៗ​ តុ​ ទូ​ កៅអី​ សាឡុង​ជាដើម។​ លើស​ពី​នេះ​ ផ្តៅ​ក៏​អាច​កែច្នៃ​ជា​ឧបករណ៍​ផ្សេងៗ​ រួម​ទាំង​វត្ថុ​អនុស្សាវរីយ៍​ តូច​ ធំ​បាន​ដោយ​ងាយ​ ព្រោះ​តែ​លក្ខណៈ​អំណោយផល​ទាំង​នេះ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ឯម​ រៀម។​

ពលរដ្ឋ​ដែល​បាន​ចូលរួម​ទស្សនា​ពិព័រណ៌​ «ដំណើរ​ត្រាច់ចរ​សិល្បៈ»​ បង្ហាញ​ការ​យល់​ឃើញ​ចំពោះ​ផលិតផល​ធ្វើ​អំពី​ផ្តៅ។​

អ្នកស្រី​ សេង​ ដួងលីណា​ អាយុ​ ៣៥ឆ្នាំ​ ជា​ស្ត្រី​មេផ្ទះ៖​«ធម្មតា​ខ្ញុំ​ប្រើ​កាបូប​ផ្តៅ​ ក្នុង​ផ្ទះ​ខ្ញុំ។​ ប្រើ​ផ្តៅ​ទាំងអស់។​ គ្រាន់​តែ​យើង​ប្រើ​វា​ គឺ​មិន​អាច​ឱ្យ​ប៉ះ​ទឹក​អី​បាន​ ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់។​ ខ្ញុំ​ប្រើ​បាន​ច្រើន​ ដូចជា​កាបូប​ផ្តៅ​ សម្រាប់​ដាក់​ម្ហូប​ ហើយ​មាន​ជា​កៅអី​ គ្រឿង​សង្ហារិម​នៅ​ក្នុង​ផ្ទះ។​ ភាគ​ច្រើន​ ខ្ញុំ​ប្រើ​កាបូប​ ព្រោះ​វា​ទន់​ វា​ស្រាល​ ស្រូល​ប្រើ»។​

កញ្ញា សុង សៀនជីង និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
កញ្ញា សុង សៀនជីង និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

កញ្ញា​ សុង​ សៀនជីង​ និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង៖​ «មាន​លក្ខណៈ​ថា​ស្រួល​ម្យ៉ាង​ដែរ​ ព្រោះ​អី​វា​ស្រាល​ ចង់​លើក​ទៅ​ណា​ ក៏​បាន​ដែរ។​ យើង​អត់​ចាំបាច់​ប្រើ​មនុស្ស​ច្រើន​ ក្នុង​ការ​លើក។​ ចា!​ ទុក​ដាក់​របស់​របរ​ស្រួល​ដែរ​ ព្រោះ​(ផលិតផល​ធ្វើ​ពី)​ផ្តៅ​  វា​មាន​ប្រហោងៗ​ វា​អត់​សូវ​ហប់​ទេ​ ពេល​ខោ​អាវ​យើង​ដាក់​ចូល​ទៅ​ បើ​ខែ​ក្តៅ​ ដូច​ខែ​ ៤​អ៊ីចឹង​ វា​អត់​សូវ​ធុំ​ក្លិន។​ វា​ក៏​អាច​ធ្វើ​ជា​វត្ថុ​ដាក់​តាំង​នៅ​ក្នុង​ផ្ទះ​ផង​ដែរ»។​

កញ្ញា​បន្ត៖​ «ឥឡូវ​យើង​ចូលចិត្ត​ប្រើ​តែ​ប្លាស្ទិក​ ដល់​ពេល​ចឹង​ទៅ​ បរិស្ថាន​យើង​ក៏​អាប់អួរ​ទៅ​តាម​ហ្នឹង​ដែរ​ ព្រោះ​ប្លាស្ទិក​ ពេល​ប្រើ​យូរ​ឆ្នាំ​ទៅ​ វា​ក្លាយ​ទៅ​ជា​សំរាម​ ជ័រ​អត់​រលួយ​ទេ។​ ប៉ុន្តែ​ផ្តៅ​ខូច​ទៅ​ វា​មាន​ពណ៌​ស្រអាប់​ អត់​សូវ​ភ្លឺ​ វា​រលួយ​ ក្លាយ​ទៅ​ជា​សារធាតុ​ផ្សេងៗ​ទៀត​ ជួយ​ដល់​ជីវជាតិ​ដី»។​

ផ្តៅ​គឺ​ជា​រុក្ខជាតិ​វល្ល​មាន​ស្លឹក​តូចៗ​ពណ៌​ខៀវ​ស្រងាត់​ មាន​គុម្ព​ធំៗ​ និង​ បន្លា​ស្រួចៗ​ តែង​ដុះ​ប្រប​តាម​គុម្ពោត​ព្រៃ​ និង​តាម​ជ្រលង​ភ្នំ​នានា។​ វា​ជា​អនុផល​ព្រៃ​ឈើ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មហា​តំបន់​មេគង្គ​ ព្រោះ​វា​គាំទ្រ​ដល់​ជីវភាព​រស់នៅ​ តាមរយៈ​ការ​ផ្តល់​ជា​អាហារ​ ជា​សម្ភារៈ​សម្រាប់​ធ្វើ​ទី​ជម្រក។​ បន្ថែម​ពី​នេះ​ វា​ជា​វត្ថុ​ធាតុ​ដើម​ផ្គត់ផ្គង់​សម្រាប់​កែ​ច្នៃ​ជា​ផលិតផល​យ៉ាង​ច្រើន​ប្រភេទ​សម្រាប់​ប្រើប្រាស់​ក៏​ដូច​ជា​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។​

កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ទ្វីប​អាស៊ី​ដែល​សម្បូរ​ទៅ​ដោយ​ផ្តៅ​ធម្មជាតិ​ប្រមាណ​២០ប្រភេទ​ខុសៗ​គ្នា។​ រុក្ខជាតិ​ផ្តៅ​ចំនួន​៦៥ប្រភេទ​ត្រូវ​បាន​កត់ត្រា​ទុក​ថា​ មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឡាវ​ និង​វៀតណាម។​ នេះ​បើ​តាម​សៀវភៅ​ស្តី​ពី​ផ្តៅ​ដំបូង​សម្រាប់​ទន្លេ​មេគង្គ​មាន​ឈ្មោះ​ថា​ ប្រព័ន្ធ​ចំណាត់ថ្នាក់​អេកូឡូស៊ី​និង​ការ​គ្រប់គ្រង​ផ្តៅ​ក្នុង​ប្រទេស​ទាំង៣​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ WWF​ និង​ក្រុម​អ្នក​រុក្ខវិទូ​នៅ​ទីក្រុង​ញូវយ៉ក​ ផ្សព្វផ្សាយ​ក្នុង​ឆ្នាំ​២០១៤។​

របាយការណ៍​របស់​អង្គការ​ WWF​ បាន​ឱ្យ​ដឹង​ថា​ គ្រឿង​សង្ហារិម​ធ្វើ​ពី​ផ្តៅ​ទទួល​បាន​ការ​ពេញ​និយម​នៅ​ទ្វីប​អឺរ៉ុប​ អាមេរិក​ និង​កាណាដា។​ ក្នុង​មួយ​ឆ្នាំៗ​ ការ​ជួញដូរ​ផលិតផល​គ្រឿង​សង្ហារិម​ធ្វើ​ពី​ផ្តៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ​៤ពាន់​លាន​ដុល្លារ​អាមេរិក។​

សិល្បករ​ខ្មែរ​និង​ពលរដ្ឋ​ដែល​និយម​ប្រើប្រាស់​ផ្តៅ​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ងាក​មក​ប្រើប្រាស់​របស់​របរ​ដែល​ធ្វើ​ពី​ផ្ដៅ​វិញ​ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​និង​លើក​តម្តើង​ផលិតផល​ក្នុង​ស្រុក​ ខណៈ​ផលិតផល​ធ្វើ​អំពី​ផ្តៅ​មាន​តម្លៃ​ទាប​ជាង​បើ​ធៀប​ទៅ​នឹង​ផលិតផល​ដទៃ​ទៀត៕​

ចែករំលែកតាម៖