បទពិសោធអ្នកនិពន្ធដែលចេះតែងប្រលោមលោកតាំងពីអាយុជាង១០ឆ្នាំ

បទពិសោធអ្នកនិពន្ធដែលចេះតែងប្រលោមលោកតាំងពីអាយុជាង១០ឆ្នាំ

សៀវភៅប្រលោមលោករឿង “ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់” (រូបភាពដោយលោក សួង ម៉ាក់)

ក្រុម​អ្នក​និពន្ធ​វ័យ​ក្មេង​មួយ​ក្រុម​កំពុង​រួម​គ្នា​ចែករំលែក​ក៏​ដូចជា​ណែនាំ​ដល់​យុវជន​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​នៅ​ថ្ងៃ​អនាគត។ សិក្ខា​សាលា​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៨ មាន​ការ​ចូលរួម​ពី​អ្នក​និពន្ធ​វ័យ​ក្មេង​ចំនួន​៥​រូប។ អ្នក​និពន្ធ​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​លោក សួង ម៉ាក់ ម្ចាស់​ស្នាដៃ​ប្រលោមលោក​រឿង “ព្រិល​ធ្លាក់​កណ្តាល​សមុទ្រ​ខ្សាច់” ដែល​ជា​រឿង​ទទួល​បាន​ការ​ពេញ​និយម​ពី​មហាជន។

ជា​កូន​អ្នក​លក់​នំ​បញ្ចុក​ក្នុង​ភូមិ លោក សួង ម៉ាក់ ចាប់​ផ្តើម​ចេះ​តែង​និពន្ធ​តាំង​ពី​មិន​ទាន់​គ្រប់​អាយុ ពោល​គឺ​មាន​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ។ មិន​ទាន់​គ្រប់​អាយុ​តែ​អាច​និពន្ធ​ជា​រឿង​ប្រលោមលោក​បាន​គឺ​ជា​រឿង​កម្រ​មាន ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​អ្នក​និពន្ធ​រូប​នេះ​ផ្ទាល់​នៅ​ពេល​នោះ ដោយសារ​រោងពុម្ព និង​កន្លែង​លក់​សៀវភៅ​ជា​ច្រើន​មិន​ហ៊ាន​ទទួល​យក​ស្នាដៃ​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​ទៅ​បោះពុម្ព​ផ្សាយ​ឡើយ។

មាន​ស្រុក​កំណើត​មក​ពី​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​ជា​អតីត​ខេត្ត​កំពង់ចាម លោក សួង ម៉ាក់ បាន​តាំង​ចិត្ត​ខិតខំ​រៀន​សូត្រ​ឱ្យ​ចប់​ចុង​ចប់​ដើម ទោះ​មាន​កត្តា​ជីវភាព​ខ្វះខាត​និង​ជួប​ការ​លំបាក​ក្នុង​គ្រួសារ​ក្ដី។ លោក​រៀបរាប់​ថា កត្តា​លំបាក​ទាំង​នោះ​មិន​បាន​ធ្វើ​ឱ្យ​លោក​បោះបង់​ចោល​ការសិក្សា​ទេ ប៉ុន្តែ​វា​បាន​ជំរុញ​ទឹក​ចិត្ត​របស់​លោក​ឱ្យ​កាន់​តែ​ខិតខំ​រៀនសូត្រ​រហូត​បាន​ជាប់​ជា​សិស្ស​ពូកែ​ផ្នែក​អក្សសាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​ចំណាត់ថ្នាក់​លេខ​២ ទាំង​នៅ​ថ្នាក់​ទី​៩​និង​នៅ​ថ្នាក់​ទី​១២។

បុរស​សម្បុរ​សណ្តែកបាយ​រូប​នេះ​លើក​ឡើង​ថា លោក​ចូលចិត្ត​អាន​សៀវភៅ​បែប​ប្រលោមលោក​និង​សៀវភៅ​ផ្សេង​ទៀត​តាំង​ពី​រៀន​នៅ​បឋមសិក្សា​មក​ម្លេះ។ រហូត​ដល់​ចូល​រៀន​នៅ​វិទ្យាល័យ លោក​ចាប់​ផ្តើម​សរសេរ​រឿង​និង​អត្ថបទ​ស្រាវជ្រាវ​ផ្សេងៗ​សម្រាប់​ឱ្យ​មិត្តភក្តិ​រួម​ថ្នាក់​អាន។

លោក​បន្ថែម​ថា នៅ​ឆ្នាំ​២០០២​ អំឡុង​ពេល​លោក​រៀន​ថ្នាក់​ទី​៩ លោក​បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​ផ្នែក​អក្សរសាស្រ្ត​ខ្មែរ​ចំណាត់ថ្នាក់​លេខ​២​ទូទាំង​ប្រទេស។ លោក​ថា ពេល​នោះ​ហើយ ដែល​លោក​សរសេរ​សៀវភៅ​រឿង​ប្រលោមលោក​ជា​ផ្លូវការ​គឺ​រឿង “វិញ្ញាណ​ស្នេហ៍​កម្ម”។ តែង​រួច​រាល់​ហើយ ប៉ុន្តែ​ត្រូវ​ប្រឈម​បញ្ហា​រក​កន្លែង​បោះពុម្ព​មិន​បាន។

លោក​រៀបរាប់​ដូច្នេះ​ថា៖ «និយាយ​រឿង​ហ្នឹង​ប្រាប់​ម៉ែ ថា​ចង់​យក​សៀវភៅ​ហ្នឹង​ទៅ​លក់​ឱ្យ​គេ បោះពុម្ព​ផ្សាយ​អ៊ីចឹង​ទៅ ហើយ​ម៉ែ​ក៏​គាត់​អត់​មាន​លុយ​ដែរ។ ប៉ុន្តែ​គាត់​សន្សំ​លុយ​បាន​ដូចជា​បួន​ម៉ឺន​រៀល​ធ្វើ​ដំណើរ​មក​ភ្នំពេញ។ ពេល​ធ្វើ​ដំណើរ​អ៊ីចឹង​បាន​ទៅ​កាន់​រោងពុម្ព​ហើយ​ដល់​ពេល​ដល់​រោងពុម្ព គេ​ណាត់​ជួប​គាត់​គិត​ថា​ខ្ញុំ​យក​ស្នាដៃ​ហ្នឹង​ទៅ​ដើម្បី​ជួល​គាត់​ដើម្បី​បោះពុម្ព​ផ្សាយ។ មាន​ន័យ​ថា​យើង​ត្រូវ​បង់​លុយ​ឱ្យ​គាត់​ដើម្បី​គាត់​បោះពុម្ព​អី​អ៊ីចឹង​ទៅ។ អ៊ីចឹង​បាន​ន័យ​ថា​យើង​យល់​ច្រឡំ​គ្នា ប៉ុន្តែ​គាត់​បាន​ណែនាំ​ដែរ​ថា​បើ​ចង់​លក់​ស្នាដៃ​ទាល់​តែ​ទៅ​លក់​នៅ​ផ្សារ​អូរឫស្សី។ ពេល​ហ្នឹង​ដោយសារ​គាត់​ឃើញ​ថា​យើង​អត់​មាន​លុយ​ដែរ​ ហើយ​មក​ពីរ​នាក់​ម្តាយ​និង​កូន​អ៊ីចឹង​ទៅ​គាត់​ក៏​ឱ្យ​លុយ​ពីរ​ម៉ឺន​រៀល​ដើម្បី​ជិះ​ម៉ូតូ​ឌុប»។

លោក សួង ម៉ាក់ ម្ចាស់ស្នាដៃប្រលោមលោករឿង “ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់”
លោក សួង ម៉ាក់ ម្ចាស់ស្នាដៃប្រលោមលោករឿង “ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់”

អ្នក​និពន្ធ​វ័យ​ក្មេង​ដដែល​បន្ត​ថា លោក​និង​ម្តាយ​បាន​ដើរ​សួរ​នាំ​តាម​តូប​លក់​សៀវភៅ​នៅ​ផ្សារ​អូរឫស្សី ហើយ​រឿង​របស់​លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ប៉ុន្តែ​ពួក​គេ​មិន​ហ៊ាន​ទិញ​ស្នាដៃ​ពី​លោក​នោះ​ទេ ព្រោះ​អ្នក​និពន្ធ​ក្មេង​ពេក​ខ្លាច​លក់​មិន​ដាច់។ លោក​បន្ត​ថា ម្ចាស់​តូប​លក់​សៀវភៅ​ចុង​ក្រោយ​បាន​ព្រម​ទទួល​យក​ស្នាដៃ​របស់​លោក​ទៅ​បោះពុម្ព​លក់ ប៉ុន្តែ​មិន​ទាន់​បាន​កំណត់​តម្លៃ​ព្រោះ​ជា​ការ​បោះពុម្ព​សាកល្បង។ ចំណែក​លោក​វិញ​គិត​ក្នុង​ចិត្ត​កាល​នោះ​ថា ស្នាដៃ​របស់​លោក ប្រសិន​បើ​គេ​ឱ្យ​តែ​ពីរ​ម៉ឺន​រៀល​ក៏​លោក​ព្រម​លក់​ដែរ។

រយៈពេល​៣​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​ព្រមព្រៀង​គ្នា​ថា​នឹង​ប្រគល់​ស្នាដៃ​ឱ្យ​គេ​បោះពុម្ព​នៅ​ឆ្នាំ​២០០២ ពោល​គឺ​នៅ​ឆ្នាំ​២០០៥​ទើប​សៀវភៅ​របស់​លោក​ត្រូវ​បាន​បោះពុម្ព​លក់​ជា​ផ្លូវការ។ ការ​ខកខាន​យូរ​នេះ ដោយ​លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «គាត់ផ្តាំ​តាម​មិត្តភក្តិ​ទេ ព្រោះ​តាម​ពិត​តាំង​ពី​ឆ្នាំ​២០០២​ រហូត​ដល់​ឆ្នាំ​២០០៥ ហើយ​បី​ឆ្នាំ​ហើយ​ដែល​គាត់​ព្យាយាម​ទាក់ទង​យើង ប៉ុន្តែ​យើង​មិន​មាន​លេខ​ទំនាក់ទំនង មិនមាន​លេខ​ទូរសព្ទ​អី​កាល​ហ្នឹង​អ៊ីចឹង​ទៅ​គាត់​ពិបាក​ទាក់ទង​យើង។ តាម​ពិត​គាត់​ចង់​បោះពុម្ព​តាំង​ពី​យូរ។ ដល់​ហើយ​មាន​មិត្តភក្តិ​ខ្ញុំ​ម្នាក់​គាត់​ទៅ​ទិញ​សៀវភៅ​ហ្នឹង​ទៅ គាត់​សួរ​ថា​ហេតុអី​បាន​ដឹង​មាន​លក់​សៀវភៅ​នៅ​ហ្នឹង។ អ៊ីចឹង​ទៅ​គាត់​ក៏​ផ្តាំ​តាម​មិត្តភក្តិ​ខ្ញុំ​ថា បើ​ស្គាល់​អ្នក​និពន្ធ​ប្រាប់​ឱ្យ​ទៅ​ជួប​គាត់​ដើម្បី​យក​ប្រាក់​ថ្លៃ​និពន្ធ​អីចឹង​ណាហើយ​នៅ​ពេល​ទៅ​ជួប​គាត់​នៅ​ថ្ងៃ​បន្ទាប់​ហ្នឹង​គាត់​ក៏​បាន​ឱ្យ​ប្រាក់​ចំនួន​៥០​ដុល្លារ​មក​ខ្ញុំ ហើយ​ពេល​ហ្នឹង​រំភើប​ចិត្ត​មែន​ទែន ព្រោះ​អត់​គិត​ថា ស្នាដៃ​ខ្លួន​ឯង​លក់​បាន​៥០​ដុល្លារ​ហ្នឹង ព្រោះ​កាល​ហ្នឹង​ធ្លាប់​គិត​ថា​ប្រសិន​បើ​គាត់​ឱ្យ​តែ​ពីរ​ម៉ឺន​អី​ក៏​យក​ដែរ​ព្រោះ​យើង​មិន​ដឹង​តម្លៃ»។

លោក សួង ម៉ាក់ បន្ថែម​ថា៖ «ហើយ​ពេល​ហ្នឹង​ក៏​អរគុណ​គាត់​ទៅ ហើយ​ប្រាក់ ៥០​រៀល ហ្នឹង​វា​ជា​ប្រាក់​ដំបូង​ដែល​បាន​ពី​ស្នាដៃ​និពន្ធ​ស្នាដៃ​ដំបូង​ហ្នឹង ហើយ​ក៏​ប្រគល់​ជូន​ម៉ែ​ទាំងអស់​ដែរ»

អ្នក​និពន្ធ​វ័យ​ក្មេង​រូប​នេះ​លើក​ឡើង​ថា នៅ​ពេល​ចំនួន​អ្នក​អាន​កាន់​តែ​កើន​ឡើង ការ​ចាប់​អារម្មណ៍​ទៅ​លើ​ស្នាដៃ​របស់​លោក​ក៏​កើន​ឡើង​ដែរ។ ចំណែក​តម្លៃ​ស្នាដៃ​របស់​លោក​កើន​ពី ២០​ម៉ឺន​រៀល​ឬ​៥០​ដុល្លារ​មក​ដល់​២​លាន​រៀល​ឬ​៥០០​ដុល្លារ​ក្នុង​មួយ​រឿង។ ប៉ុន្តែ​បច្ចុប្បន្ន​លោក​មាន​លទ្ធភាព​យក​ទៅ​បោះពុម្ព​ដោយ​ខ្លួន​ឯង មិន​បាច់​លក់​ស្នាដៃ​ទៅ​ឱ្យ​រោងពុម្ព ឬ​តូប​លក់​សៀវភៅ​ដូច​កាល​ពី​មុន​ទៀត​នោះ​ទេ។

លោក សួង ម៉ាក់ បន្ត​ថា អ្វី​ដែល​បណ្តាល​ឱ្យ​លោក​ក្លាយ​ជា​អ្នក​និពន្ធ​អាជីព​ដូច​បច្ចុប្បន្ន​គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ប៉ុន្តែ​ជា​ការ​ខិតខំ​ប្រឹងប្រែង​និង​ការ​ស្រឡាញ់​អាជីព​នេះ​តាំង​ពី​តូច​មក​តែ​ម្តង។

ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ លោក សួង ម៉ាក់ បាន​និពន្ធ​ប្រលោមលោក​ជិត​១០​រឿង និង​អត្ថបទ​សារវ័ន្ត​ភាសាខ្មែរ​សម្រាប់​សិស្ស​ពូកែ​ថ្នាក់​ទី​១២។ ក្រៅ​ពី​ស្នាដៃ​ជា​ភាសា​ជាតិ លោក​ក៏​ត្រៀម​បោះពុម្ព​រួម​គ្នា​ជាមួយ​បរទេស​ជា​ភាសា​អង់គ្លេស​និង​បារាំង​ផង​ដែរ។

បច្ចុប្បន្ន លោក សួង ម៉ាក់ មិន​ត្រឹម​តែ​ជា​អ្នក​និពន្ធ​រឿង​ប្រលោមលោក​និង​អត្ថបទ​សម្រាប់​សិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​កិច្ចការ​ជា​ច្រើន​ទៀត ដូចជា​សរសេរ​អត្ថបទ​សម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ឯកជន​និង​ជា​អ្នក​សរសេរ​រឿង​សម្រាប់​ថត​ខ្សែរភាពយន្ត​ទៀត​ផង។

និស្សិត​ឆ្នាំ​ទី​ពីរ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លោក ហុង ឌីណា ដែល​ធ្លាប់​បាន​អាន​ស្នាដៃ​របស់​លោក សួង ម៉ាក់ លើក​ឡើង​ថា ស្នាដៃ​របស់​លោក​ល្អ ព្រោះ​មាន​អត្ថន័យ​អប់រំ និង​ចំណេះដឹង​លាយឡំ​ជាមួយ​គ្នា។ លោក​ប្រាប់​ពី​មូលហេតុ​ដែល​លោក​ចូល​ចិត្ត​អាន​សៀវភៅ​ដូច្នេះ​ថា៖ «សម្រាប់​គោល​បំណង​ការ​អាន​ហ្នឹង​ព្រោះ​ស្រលាញ់​ការ​និពន្ធ​ហ្នឹង។ ព្យាយាម​អាន​ឱ្យ​បាន​ច្រើន​ដើម្បី​បណ្តុះ​គំនិត​ខ្លួន​ឯង​ហ្នឹង ធ្វើ​ម៉េច​ដើម្បី​ឱ្យ​ការ​សរសេរ​ទៅ​ល្អ»

ក្រុម​អ្នក​និពន្ធ​វ័យ​ក្មេង​រួម​ទាំង​លោក សួង ម៉ាក់ បាន​ផ្ដាំផ្ញើ​ដល់​យុវជន​ដែល​មាន​បំណង​ក្លាយ​ជា​អ្នក​និពន្ធ​ថា ពួកគេ​ត្រូវ​រៀន​អាន សង្កេត និង​ស្តាប់​ឱ្យ​បាន​ច្រើន។ លើស​ពី​នេះ ពួក​គេ​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពី​ប្រភេទ​រឿង​ដែល​ខ្លួន​ត្រូវ​សរសេរ​និង​គប្បី​ចូលរួម​សិក្ខា​សាលា ឬ កម្មវិធី​ដែល​និយាយ​អំពី​ការ​តែង​និពន្ធ ព្រម​ទាំង​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​និពន្ធ​ជើង​ចាស់​ឱ្យ​បាន​ច្រើន៕

ចែករំលែកតាម៖