លោក ធន់ ហ៊ិន ចំណាយ​ពេល​មួយ​ជីវិត​ជាមួយការងារ​ការទូត​និង​ចងក្រង​សៀវភៅ

លោក ធន់ ហ៊ិន ចំណាយ​ពេល​មួយ​ជីវិត​ជាមួយការងារ​ការទូត​និង​ចងក្រង​សៀវភៅ

លោក ធន់ ហ៊ិន អតីតសាស្ត្រាចារ្យភាសាបារាំង

ដំណើរ​ជីវិត​ជា​កូន​កសិករ​ដែល​បាន​តស៊ូ​រៀនសូត្រ​ជោគជ័យ​រហូត​ក្លាយ​ជា​សាស្ត្រាចារ្យ​ភាសា​បារាំង​និង​ក្រោយ​មក​ក្លាយ​ជា​មន្ត្រី​ការទូត​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ផង​គឺ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ។ ពេល​ខ្លះ​ត្រូវ​ទៅ​រៀន​នៅ​សាលា​ដោយ​វេចខ្ចប់​បាយ​ទៅ​ជាមួយ​ផង។ ការសិក្សា​ចេះ​តែ​បន្ត​លូតលាស់​ដោយសារ​ការ​តស៊ូ​ព្យាយាម​រហូត​ទទួល​បាន​បណ្ណ​សរសើរ​ជា​សិស្ស​ឆ្នើម​ផ្នែក​ភាសា​បារាំង​ទៀត​ផង។

កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​១៩៤៥ លោក ធន់ ហ៊ិន មាន​ស្រុក​កំណើត​នៅ​ឃុំ​ជាង​ទង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ អតីត​គ្រូ​ភាសា​បារាំង​និង​ជា​អតីត​មន្ត្រី​ការ​ទូត​រូប​នេះ​មាន​ប្រសាសន៍​ថា លោក​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​អង្គរកា នៅ​ពេល​លោក​មាន​អាយុ​៧​ឆ្នាំ និង​ក្រោយ​មក​ចូល​រៀន​បន្ត​ថ្នាក់​មធ្យម​សិក្សា​នៅ​វិទ្យាល័យ​ព្រះ​ឧទ័យ ក្រុង​ដូនកែវ។ លុះ​ដល់​ពាក់​កណ្តាល​ទសវត្ស​ឆ្នាំ​១៩៦០ លោក​បាន​ប្រឡង​ជាប់​ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា។

នៅ​ឆ្នាំ​១៩៧១ លោក​បាន​ប្រឡង​ជាប់​ជា​គ្រូបង្រៀន​មធ្យម​សិក្សា​បឋមភូមិ ផ្នែក​ភាសា​បារាំង។ នៅ​ចន្លោះ​ឆ្នាំ​១៩៧៣​ដល់​ឆ្នាំ​១៩៧៥ លោក ធន់ ហ៊ិន បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​បារាំង​នៅ​វិទ្យាល័យ​សន្តិភាព​ក្នុង​ខេត្ត​កំពង់ស្ពឺ។

បុរស​ចំណាស់​ដែល​មាន​សម្បុរ​សណ្តែកបាយ​និង​សក់​ស្កូវ​មួយៗ​រូប​នេះ​បន្ថែម​ថា ក្នុង​ជីវិត​ជា​អ្នក​សិក្សា​តាំង​ពី​ថ្នាក់​បឋម​រហូត​ចប់​វិទ្យាល័យ​កាល​ជំនាន់​នោះ គឺ​មាន​អនុស្សាវរីយ៍​ខ្លះ​ធ្វើ​ឱ្យ​លោក​ចងចាំ​មិន​អាច​បំភ្លេច​បាន។

លោក​មាន​ប្រសាសន៍​ថា៖ «ដើរ​ទៅ​រៀន​ហ្នឹង ចម្ងាយ​ប៉ុន្មាន​គីឡូ​ដែរ ចម្ងាយ​១​គីឡូម៉ែត្រ ហើយ​មាន​មិត្តភក្តិ​ខ្លះ​ចម្ងាយ​បី​គីឡូ។ ព្រលឹម​ឡើង​ត្រូវ​ចេញ​មក​ហើយៗ​ស្ពាយ​បាយ​កញ្ចប់​មក​ហើយ។ អ៊ីចឹង​សួរ​ថា​ម្តាយ​ហ្នឹង​ឡើង​ដាំ​បាយ​ពី​ម៉ោង​ប៉ុន្មាន? លោកគ្រូ​ធ្លាប់​វេច​បាយ​កញ្ចប់​ទៅ​រៀន​ទេ? មាន​ដែរ»

ក្រៅ​ពី​ការ​រៀន​សូត្រ លោក ធន់ ហ៊ិន ក៏​ឆ្លៀត​ពេល​ដើម្បី​ជួយ​ការងារ​ឪពុកម្តាយ​ដូចជា​ជួយ​ច្រូត​កាត់ ដក​ស្ទូង និង​ឃ្វាលគោ​ជាដើម។ ដោយសារ​លោក​ចូលចិត្ត​អាន​សៀវភៅ​និង​រៀន​ភាសា​បារាំង​ផង ស្ទើរ​រាល់​ពេល​លោក​ទៅ​ឃ្វាលគោ​គឺ​តែង​តែ​ស្ពាយ​សៀវភៅ​ទៅ​ជាមួយ​ដើម្បី​អាន​បានជា​ចំណេះ។

អតីត​គ្រូ​ភាសា​បារាំង​និង​ជា​អតីត​មន្ត្រី​ទូត​រូប​នេះ អាច​និយាយ​និង​ប្រើប្រាស់​ភាសា​មួយ​ចំនួន​បាន​យ៉ាង​ល្អ​ដូចជា​ភាសា​បារាំង អង់គ្លេស អេស្ប៉ាញ និង​ព័រទូហ្គាល់។ ចំណែក​ភាសា​ផ្សេង​ទៀត​ដូចជា​ភាសា​ថៃ រុស្ស៊ី អ៊ីតាលី និង​វៀតណាម លោក​អាច​ស្គាល់​និង​យល់​បាន​ខ្លះ​ដែរ។

ដោយសារ​ប្រទេស​កម្ពុជា​ត្រូវ​ប្ដូរ​របប​ដឹកនាំ​នៅ​ឆ្នាំ​១៩៧៥ នៅ​ពេល​ក្រុម​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច លោក ធន់ ហ៊ិន ត្រូវ​បាន​ខ្មែរ​ក្រហម​ជម្លៀស​ទៅ​កាន់​ភូមិ​មួយ​ក្នុង​ខេត្ត​កំពង់ចាម។

លោក​លើក​ឡើង​ថា ក្នុង​សម័យ​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ដើម​ឆ្នាំ​១៩៧៩ លោក​ក៏​មិន​ខុស​ពី​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​នោះ​ទេ​គឺ​ត្រូវ​ធ្វើការ​ធ្ងន់ធ្ងរ​ដោយ​ប្រើ​កម្លាំង ប៉ុន្តែ​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់ ម្យ៉ាង​ត្រូវ​រស់​នៅ​ដោយ​ភាព​ភ័យ​ខ្លាច។

ក្រោយ​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​បញ្ចប់​នៅ​ខែ​មករា ឆ្នាំ​១៩៧៩ លោក​បាន​សម្រេច​មក​រស់នៅ​ភ្នំពេញ។ នៅ​ខែ​ឧសភា ឆ្នាំ​១៩៧៩ លោក​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ការ​បរទេស ហើយ​នៅ​ឆ្នាំ​ដដែល​នេះ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើ​ជា​មន្ត្រី​ទូត​ជា​លើក​ដំបូង​នៅ​ទីក្រុង​ម៉ូស្គូ នៃ​សហភាព​សូវៀត ព្រម​បាន​ជួយ​បង្កើត​ការិយាល័យ​ព័ត៌មាន​នៅ​ទីក្រុង​ស្តុកខុល្ទ (Stockholm) ប្រទេស​ស៊ុយអែត។

ចាប់​ពី​ឆ្នាំ​១៩៨០ លោក​ត្រូវ​បាន​ផ្លាស់​ទៅ​ធ្វើ​ជា​មន្ត្រី​ការ​ទូត​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​មាន​ដូចជា​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា និង​បាន​ចូលរួម​កិច្ចប្រជុំ​នៅ​ក្រៅ​ប្រទេស​ជាមួយ​គណៈប្រតិភូ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​រហូត​ដល់​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ ជា​មន្ត្រី​ការ​ទូត​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​និង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។ នៅ​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៧ លោក ធន់ ហ៊ិន ត្រូវ​រាជរដ្ឋាភិបាល​បញ្ជូន​ទៅ​ធ្វើ​ជា​មន្ត្រី​ការទូត​ប្រចាំ​ប្រទេស​រុស្ស៊ី​ជា​ថ្មី​ម្តង​ទៀត ហើយ​លោក​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០៨។

លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី សេរី វុទ្ធី នៅ​ឆ្នាំ​១៩៨១ ហើយ​មាន​កូនស្រី​ម្នាក់​ប៉ុណ្ណោះ។

ក្រៅ​ពី​បទពិសោធ​ជា​គ្រូ​បង្រៀន​ភាសា​បារាំង​និង​មន្ត្រី​ការទូត លោក​បាន​ចំណាយពេល​ជាច្រើន​លើ​ការងារ​ស្រាវជ្រាវ​អក្សរសាស្ត្រ​ខ្មែរ​និង​វប្បធម៌​អរិយធម៌​ឥណ្ឌាខ្មែរ។ អត្ថបទ​ជាច្រើន​ដែល​ជា​ស្នាដៃ​ប្រែ​សម្រួល​រៀបរៀង​ឡើង​វិញ​និង​តែង​និពន្ធ​របស់ លោក ធន់ ហ៊ិន រួម​មាន​រឿង​រាមាយណៈ​ដែល​មាន​៩ភាគ សៀវភៅ​ស្តី​ពី​ការ​ប្រើ​រាជសព្ទ​ក្នុង​ភាសាខែ្មរ សៀវភៅ​និយាយ​ពី​វេយ្យាករណ៍​ខ្មែរ សៀវភៅ​សាស្ត្រា ផ្គរ​ផ្តាំ​ក្តាម អត្ថបទ​ពុទ្ធ​ទំនាយ និង​ឥន្ទ​ទំនាយ។

សៀវភៅ​សង្ខេប​រឿង​មហា​ភារតៈ
សៀវភៅ​សង្ខេប​រឿង​មហា​ភារតៈ

លើស​ពី​នេះ មាន​បទានុក្រម​នៃ​រឿង​រាមាយណៈ សៀវភៅ​បែប​ទស្សន​វិជ្ជា​ឈ្មោះ​ថា អភិសមាចារ​ដែល​និយាយ​ពី​ច្បាប់​ផ្សេងៗ និង​ជា​ពិសេស​គឺ​សៀវភៅ​សង្ខេប​រឿង​មហា​ភារតៈ​មាន​កម្រាស់​ជាង​១​ពាន់​ទំព័រ ដែល​ទើប​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៨ ព្រម​ទាំង​សៀវភៅ​មួយ​ចំនួន​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​និយាយ​គ្រប់​គឺ​មិន​គ្រប់​ទេ ការងារ​សម្រាប់​សង្គម​ជាតិ​យើង​នោះ មិន​ចេះ​ចប់​ទេ នៅ​មាន​ច្រើន​ណាស់។ ប៉ុន្តែ​អា​ហ្នឹង​ទុក​ឱ្យ​គេ​អ្នក​ក្រោយ​ទៅ ខ្ញុំ​គ្រាន់​តែ​សរសេរ​អា​ហ្នឹង​ទុក​ជា​គំរូ​ផង ជា​សម្បត្តិ​វប្បធម៌​ផង ជា​សៀវភៅ​សម្រាប់​សិក្សា​ផង»

លោក បូ ពៅ ជា​នាយក​ប្រតិបត្តិ​អង្គការ​អប់រំ​យុវជន​ដើម្បី​ការ​អភិវឌ្ឍ​និង​សន្តិភាព។ លោក​បាន​អាន​ស្នាដៃ​ជា​ច្រើន​របស់​លោក ធន់ ហ៊ិន ជាពិសេស​លោក​កំពុង​ជក់​ចិត្ត​ជាមួយ​ស្នាដៃ​ដែល​ទើប​នឹង​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​ចុងក្រោយ​គេ​គឺ​សៀវភៅ​រឿង មហា​ភារតៈ។

លោក បូ ពៅ មាន​ប្រសាសន៍​ថា លោក​ស្គាល់​លោក​សាស្ត្រាចារ្យ ធន់ ហ៊ិន តាមរយៈ​ស្នាដៃ​សៀវភៅ​របស់​លោក​តែ​ម្តង។ លោក​បន្ត​ថា ស្នាដៃ​របស់​លោក ធន់ ហ៊ិន ពិសេស​រឿង​មហា​ភារតៈ គឺ​ជា​ស្នាដៃ​ដែល​កូន​ខ្មែរ​មិន​គួរ​មើល​រំលង​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖ «គាត់​ចងក្រង​សៀវភៅ​ទុក​ហ្នឹង ប្រហែល​ជា​គាត់​ចង់​ឱ្យ​កូន​ខ្មែរ​ងាក​ទៅ​ពិចារណា​អំពី​គុណធម៌ អំពី​រាជធម៌ អំពី​ករណីយកិច្ច​របស់​អ្នក​ដឹកនាំ។ ហើយ​ខ្លួនឯង​ដែល​ជា​រាស្ត្រ​សាមញ្ញ​ក៏​ត្រូវ​តែ​យល់ ក៏​ត្រូវ​តែ​ប្រតិបត្តិ​ខ្លួន​ជា​ពលរដ្ឋ​ម្នាក់​ដែល​មាន​សីលធម៌ ជា​ពលរដ្ឋ​ម្នាក់​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម។ ហើយ​ការ​ដឹកនាំ សម័យ​នោះ​គេ​ហៅ​នគរ ការ​ដឹកនាំ​ស្រុក​ទេស​នេះ គេ​ទាមទារ​ឱ្យ​អ្នក​ដឹកនាំ​ហ្នឹង​ជា​មនុស្ស​ដែល​មាន​គុណធម៌​ដ៏​ឧត្តុង​ឧត្តម»

នាយក​ប្រតិបត្តិ​អង្គការ​រូប​នេះ​ពេញចិត្ត​នឹង​ស្នាដៃ​របស់ លោក ធន់ ហ៊ិន រហូត​ធ្វើ​ឱ្យ​លោក​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​អាន​ស្នាដៃ​របស់​អតីត​សាស្ត្រចារ្យ​ភាសា​បារាំង​រូប​នេះ​ទៀត​ផង។ លោក​ឱ្យ​ដឹង​ថា ជា​ជំហាន​បន្ត លោក​នឹង​ប្រមូល​គ្រប់​ស្នាដៃ​និពន្ធ ចង​ក្រង និង​ប្រែ​សម្រួល​ដោយ​លោក ធន់ ហ៊ិន មក​រក្សា​ទុក ហើយ​បែង​ចែក​គ្នា​សិក្សា​ស្រាវជ្រាវ​និង​ធ្វើ​ការ​ចែករំលែក​នូវ​ទស្សនវិជ្ជា​ល្អៗ​ចេញ​ពី​ស្នាដៃ​ទាំង​នោះ ដើម្បី​ពង្រីក​ចំណេះដឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

ងាក​ទៅ​លោក ធន់ ហ៊ិន វិញ ទោះ​បី​ជា​លោក​មាន​វ័យ​ជ្រេ​និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ក្ដី លោក​ប្ដេជ្ញា​បន្ត​ចង​ក្រង​សៀវភៅ​បន្ថែម​ទៀត​សម្រាប់​កូន​ខ្មែរ។ លោក​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ខិតខំ​សិក្សា​ស្វែង​យល់​ពី​វប្បធម៌​អរិយធម៌​ជាតិ​និង​ជួយ​លើក​តម្កើង​និង​ថែរក្សា​ឱ្យ​គង់វង្ស៕

ចែករំលែកតាម៖