បទពិសោធថតរូបពីអ្នកជាប់ពានរង្វាន់ Sony World Photography Awards

បទពិសោធថតរូបពីអ្នកជាប់ពានរង្វាន់ Sony World Photography Awards

បេះដូង​អ្នក​ថត​រូប”​ គឺ​ជា​ពាក្យ​គន្លឹះ​បញ្ជាក់​ពី​ការ​លះបង់​ពេល​វេលា​របស់​អ្នក​ថត​រូប​មិន​ថា​ក្ដៅ​ឬ​ត្រជាក់​ អត់​ងងុយ​ អត់​បាយ​ និង​មិនមែន​សម្រាប់​ធ្វើ​អាជីវកម្ម​ឱ្យ​ទៅ​នរណា​ម្នាក់។​ ពាក្យ​គន្លឹះ​នេះ​គឺ​ជា​ការ​បង្កើត​ឡើង​របស់​លោក​ លី​ មិន​ ឬ​ភាគ​ច្រើន​ត្រូវ​បាន​ស្គាល់​ថា​ ឡា​ ម៉ូ។​

កើត​នៅ​ឆ្នាំ​១៩៧៧​ នៅ​ឃុំ​កំពង់ក្ដី​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ ក្នុង​គ្រួសារ​សាមញ្ញ​ដែល​មាន​ឪពុក​ជា​អ្នក​ចូលចិត្ត​ការ​ថត​រូប​កម្សាន្ត​ លោក​ ឡា​ ម៉ូ​ មាន​ឱកាស​កាន់​កាមេរ៉ា​តាំង​ពី​កុមារ។​ លោក​ ឡា​ ម៉ូ​ ទទួល​បាន​កេរ​ជា​កាមេរ៉ា​ប្រើ​ហ្វីល​ដែល​បន្សល់​ទុក​ពី​ឪពុក​លោក​ដែល​អនិច្ចកម្ម​ក្នុង​ឆ្នាំ​១៩៩៤។​ តាំង​ពី​នោះ​មក​ យុវជន​ ឡា​ ម៉ូ​ វិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយ​ជា​អ្នក​ជំនាញ​ថត​រូប​ជាមួយ​កាមេរ៉ា​ទំនើបៗ​ជា​បន្ត​បន្ទាប់​ ដោយ​មិន​បាន​ចូល​សាលា​ណា​នោះ​ទេ។​

លោក​ ឡា​ ម៉ូ​ លើក​ឡើង​ថា៖​ «ពី​ជំនាន់​មុន​មិន​មែន​មិន​ចង់​ទៅ​រៀន​ទេ​ ប៉ុន្តែ​អត់​មាន​សាលា។​ ទោះបី​មាន​សាលា​ក៏​វា​មាន​លក្ខណៈ​មួយ​ថា​មិន​ចំហរ​ដូច​បច្ចុប្បន្ន។​ បច្ចុប្បន្ន​មាន​សាលា​នេះ​សាលា​នោះ​គេ​បង្រៀន​ពី​ផ្នែក​ថត​រូប​ ពីជំនាន់មុន​គឺ​អត់​មាន​ទេ។​ អ៊ីចឹង​តម្រូវ​បង្ខំ​ចិត្ត​គឺ​ស្រាវជ្រាវ​ឯកសារ​បរទេស​ ចឹង​ទៅ​មាន​ការ​ពិបាក។​ ធម្មតា​បើ​គេ​បាន​ចូល​សាលា​គឺ​គេ​រៀន​ប្រហែល​១ឆ្នាំ​២ឆ្នាំ​គេ​ចេះ​ហើយ​ ហើយ​គេ​អាច​ចេញ​ថត​បាន​ហើយ។​ ប៉ុន្តែ​ចំពោះ​ខ្ញុំ​វិញ​ ខ្ញុំ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ប្រហែល​ជា​ដល់​៧ទៅ​៨ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​បាន​ខ្ញុំ​យល់​អំពី​ផ្នែក​ថត​រូប​នេះ​ឱ្យ​បាន​ច្បាស់។​ ចឹង​មាន​ការ​លំបាក​ខ្លាំង​ ចឹង​ក្មេង​ជំនាន់​ក្រោយ​នេះ​គឺ​មាន​ភាព​ងាយស្រួល​ជាង​មុន»

លោក ឡា​ ម៉ូ ម្ចាស់ពានរង្វាន់ Sony World Photography Awards
លោក ឡា​ ម៉ូ ម្ចាស់ពានរង្វាន់ Sony World Photography Awards

ឆ្លង​កាត់​ការ​ប្រឡូក​ក្នុង​វិស័យ​ថត​រូប​ជា​ច្រើន​ឆ្នាំ​មក​ លោក​ ឡា​ ម៉ូ​ បាន​ទទួល​ពាន​ជា​បន្ត​បន្ទាប់​ ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ ដោយ​រួម​មាន​ទាំង​ពាន​ក្រុមហ៊ុន​កាមេរ៉ា​ល្បីៗ​ដូចជា​ Canon​ Photomarathon​ Asia​ Champoinship។​ សមិទ្ធផល​ទាំង​នេះ​ ធ្វើ​ឱ្យ​លោក​អាច​ឈាន​ជើង​ទៅ​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​នា​ប្រទេស​ជប៉ុន​ ក៏​ដូចជា​មាន​កិត្តិយស​យក​ស្នាដៃ​រូប​ថត​លោក​ទៅ​ដាក់​តាំង​ពិព័រណ៌​នៅ​ចក្រភព​អង់គ្លេស​ផង​ដែរ។​

លោក​ ឡា​ ម៉ូ​ បាន​ចែក​រំលែក​បទពិសោធ​ផ្ទាល់​ខ្លួន​ ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​ប្រជែង​នីមួយៗ​ថា​ បេក្ខជន​ត្រូវ​យល់​ច្បាស់​ពី​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ប្រជែង​ជា​មុន​សិន។​ បន្ទាប់​មក​ចាប់ផ្ដើម​ផ្តោត​អារម្មណ៍​ទៅ​លើ​ប្រធានបទ​ រួច​ត្រូវ​ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​គណៈកម្មការ​ ថា​តើ​គាត់​ស្រលាញ់​រូប​បែប​ស​ខ្មៅ​ រូប​ថត​តាម​ផ្លូវ​ឬ​យ៉ាង​ណា។​ រីឯ​ការ​គិត​ពី​ប្លង់​ថត​ប្លែកៗ​គឺ​នៅ​ចុងក្រោយ​គេ​បង្អស់។​

ក្មេងបេះព្រលិត ថតដោយលោក ឡា ម៉ូ
ក្មេងបេះព្រលិត ថតដោយលោក ឡា ម៉ូ

ខុស​ប្លែក​ពី​អ្នក​ថត​រូប​ដទៃ​ដែល​ជ្រើសរើស​យក​វិស័យ​នេះ​ដើម្បី​រក​ចំណូល​ លោក​ ឡា​ ម៉ូ​ មាន​ទស្សន​វិស័យ​ផ្សេង​ គឺ​លោក​ប្រឡូក​ក្នុង​វិស័យ​នេះ​ដើម្បី​ផ្តិត​យក​រូប​ថត​មក​ទុក​មើល​ខ្លួន​ឯង​ ចែក​រំលែក​ស្នាដៃ​ទៅ​កាន់​មិត្តភក្ដិ​តាមរយៈ​បណ្ដាញ​សង្គម​ឱ្យ​គេ​យក​គំនិត​ច្នៃប្រឌិត​របស់​លោក​ទៅ​ពិចារណា។​ ជាពិសេស​លោក​ចង់​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ទេសភាព​និង​តំបន់​ទេសចរណ៍​ស្អាត​ដែរ។​

លោក​ ឡា​ ម៉ូ​ ក៏​បាន​ផ្ដាំ​ទៅ​យុវជន​ជំនាន់​ក្រោយ​ ជាពិសេស​អ្នក​ស្រឡាញ់​វិស័យ​ថត​រូប​ថា​ត្រូវ​ចេះ​រួបរួម​ និង​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​នាម​ជា​អ្នក​រួម​អាជីព​ឬ​ស្រឡាញ់​វិស័យ​រួម​គ្នា។​

លោក​ ឡា​ ម៉ូ​ សំណូមពរ​យ៉ាង​ដូច្នេះ​ថា៖​ «អ៊ីចឹង​គួរ​តែ​រួប​រួម​គ្នា​ កុំ​មាន​ការ​ចែក​ក្រុម​ ចែក​បក្ស​ ចែក​ពួក​ កុំ​ឱ្យ​មាន​គំនិត​ចឹង​ យើង​ត្រូវ​តែ​រួប​រួម​ចូល​គ្នា​ទាំងអស់​ ហើយ​ធ្វើ​ម៉េច​ចែក​រំលែក​គ្នា​ ដើម្បី​ឱ្យ​យើង​ខ្លាំង​ទាំងអស់​គ្នា​ ហើយ​ដើម្បី​ឱ្យ​យើង​បង្ហាញ​ពិភពលោក​ថា​ ស្រុក​ខ្មែរ​យើង​មាន​អ្នក​ថត​ពូកែៗ។​ អ៊ីចឹង​យើង​នៅ​តែ​ឈ្លោះ​គ្នា​បែងចែក​បក្ស​ពួក​ ចឹង​ធ្វើ​ឱ្យ​យើង​បាក់​កម្លាំង​ ចឹង​យើង​ត្រូវ​រួប​រួម​គ្នា​ទាំងអស់​មក​ ដើម្បី​យើង​មាន​កម្លាំង​មួយ​ធំ​ដើម្បី​ទៅ​ប្រកួត​ប្រជែង​ជាមួយ​ពិភពលោក​ទៀត»។​

អតីត​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​និង​ជា​អតីត​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ លោក​ ឡា​ ម៉ូ​ បច្ចុប្បន្ន​ជា​ម្ចាស់​អាជីវកម្ម​ម៉ាស៊ីន​ខាង​ផ្នែក​គ្រឿង​អលង្ការ​ វត្ថុ​សម្រាប់​តាំង​គ្រឿង​អលង្ការ​ និង​ច្នៃ​ម៉ូត​គ្រឿង​អលង្ការ។​

ជា​គន្លឹះ​ថត​រូប​ឱ្យ​ល្អ​ លោក​ ឡា​ ម៉ូ​ ផ្ដាំ​ថា​ យើង​ត្រូវ​សិក្សា​ឱ្យ​លម្អិត​ទៅ​លើ​បច្ចេកទេស​កាមេរ៉ា​ ពណ៌​ មុំ​ឬ​ជ្រុង​ ទិសដៅ​ពន្លឺ​ និង​ស្រមោល​ជា​ដើម៕​

ចែករំលែកតាម៖