ដំណើរជីវិតអ្នកចងក្រងវគ្គអប់រំនិងសៀវភៅ OPERACY

ដំណើរជីវិតអ្នកចងក្រងវគ្គអប់រំនិងសៀវភៅ OPERACY

លោក Christopher Lee អ្នកចងក្រងវគ្គអប់រំនិងសៀវភៅ OPERACY

Do everything with love” ឬ ជា​ភាសាខ្មែរ​មាន​ន័យ​ថា “ធ្វើ​អ្វី​គ្រប់​យ៉ាង​អម​ជាមួយ​នឹង​ក្ដី​ស្រឡាញ់” គឺ​ជា​ពាក្យ​ស្លោក​ដែល​លោក Christopher Lee តែង​តែ​និយាយ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន។

កើត​នៅ​ឆ្នាំ​១៩៤៥ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី លោក Christopher Lee ឬ​ហៅ​ទូទៅ​ថា CHRIS មាន​ម្ដាយ​ឪពុក​ជា​ជនជាតិ​ចិន ដោយ​ម្ដាយ​ជា​មេ​ផ្ទះ និង​ឪពុក​ជា​អ្នក​ជំនួញ។ លុះ​ដល់​បាន​អាយុ​១៤​ឆ្នាំ លោក​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​រស់នៅ និង​រៀន​នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​នឹង​បងស្រី​ដែល​រៀន​នៅ​ទីនោះ​ស្រាប់ ហើយ​លោក​ក៏​បាន​បន្ត​ទៅ​សិក្សា​នៅ​ប្រទេស​ដទៃៗ​ទៀត។

ឆ្លង​តាម​បទពិសោធ​ក្នុង​ជីវិត​ជាង​៥០​ឆ្នាំ តាមរយៈ​ការ​អាន​សៀវភៅ​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​សាសនា បុគ្គល​ជោគជ័យ​ក្នុង​ពិភពលោក ក៏​ដូចជា​ការ​ទំនាក់ទំនង​នានា​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ពិសេស​គ្រួសារ លោក CHRIS ក៏​បាន​ប្រមូល​ផ្ដុំ​គំនិត​ចងក្រង​បាន​ជា​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​សម្រាប់​មនុស្ស​ទូទៅនិង​បាន​ឱ្យ​ឈ្មោះ​ថា OPERACY។

វគ្គ​បណ្តុះ​បណ្តាល OPERACY នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ប្រទេស​ហ្វីលីពីនក្នុង​ឆ្នាំ​១៩៩២និង​បាន​មក​ដល់​កម្ពុជានៅ​ឆ្នាំ​១៩៩៦ ដែល​លោក CHRIS ជា​អ្នក​បង្រៀន​ផ្ទាល់។

បន្ទាប់​ពី​លោក​បាន​ចែក​រំលែក​ចំណេះដឹង​នេះ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់ នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ផ្សេង​គ្នា​មក សិស្សៗ​របស់​លោក​ក៏​ចាប់​ផ្ដើម​ជំរុរុញ​លោក​ឱ្យ​ចង​ក្រង​វគ្គ​នេះ​ជា​សៀវភៅ។

នៅ​ក្នុង​ឆ្នាំ​២០០៤ លោក CHRIS ក៏​សម្រេច​ចិត្ត​រៀបចំ​ចងក្រង​សៀវភៅ OPERACY នេះ​ឡើង។ សរសេរ​បណ្តើរ បង្រៀន​បណ្តើរ លោក CHRIS អ្នក​ជំនាញ​ខាង​ផ្នែក​ជំនាញ​ទន់​រូប​នេះ បាន​ប្រើ​ពេល​១០​ឆ្នាំ ក្នុង​ការ​សម្រិត​សម្រាំង​សៀវភៅ​ដែល​បង្រៀន​ពី​តថភាព​ជីវិត​មនុស្ស​មួយ​ក្បាល​នេះ​ចប់។

ក្នុង​ឆ្នាំ​២០១៤ OPERACY ជា​ភាសា​អង់គ្លេស​បាន​ចេញ​ផ្សាយ ខណៈ​ភាសា​ទី​២​នៃ​សៀវភៅ​នេះ​គឺ​ធ្វើ​ឡើង​៤​ឆ្នាំ​បន្ទាប់​ពី​សៀវភៅ OPERACY ត្រូវ​បាន​លក់និង​ទទួល​បាន​ប្រជាប្រិយភាព​ជា​ខ្លាំង។ ភាសា​ទី​២​នោះ​គឺ​ភាសាខ្មែរ។ ការ​បោះពុម្ព​នោះគឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​អ្នក​អាន ដែល​មាន​ឧបសគ្គ​លើ​ផ្នែក​ភាសា​បរទេស។ លោក CHRIS បញ្ជាក់​ផង​ដែរ​ថា OPERACY គឺ​ត្រូវ​សម្រាប់​មនុស្ស​គ្រប់​វ័យ សម្រាប់​ការ​រៀន និង​ស្វែងយល់​ពី​ខ្លួន​ឯង។

លោក​និយាយ៖ «យើង​បង្រៀន OPERACY នេះ​ចាប់​ពី​ក្មេង​អាយុ​៨​ឆ្នាំ គឺ​ថ្នាក់​ទី​២ ថ្នាក់​ទី​៣ រហូត​ដល់​ថ្នាក់​សាកល​វិទ្យាល័យ គឺ​និស្សិត។ ហើយ​យើង​បង្ហាត់​បង្ហាញ​មនុស្ស​ចាស់​ផង​ដែរ ដូចជា​អ្នក​មាន​វ័យ​ស្របាល​នឹង​ខ្ញុំ គឺ​ខ្ទង់​៧០​ឆ្នាំ​ផង​និង​លើស​នេះ។ យើង​ក៏​បង្រៀន​ព្រះ​សង្ឃ អ្នក​កាន់​សាសនា​ឥស្លាម និង​អ្នក​កាន់​សាសនា​គ្រឹស្ដ។ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​និយាយ​ថា​ពួក​គេ​ទាំងអស់​គ្នា​គឺ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ ពីព្រោះ​អ្វី​ដែល​យើង​បាន​រៀន​ពី OPERACY គឺ​បន្ស៊ាំ​យើង​ទៅ​នឹង​សាសនា​ដែល​មនុស្ស​ប្រកាន់​ខ្ជាប់​ទាំងអស់ បន្សាំ​យើង​ទៅ​នឹង​សង្គម​និង​សេដ្ឋកិច្ច។ ហើយ​យើង​បង្ហាត់​គ្រប់​គ្នា​បែប​នេះ​អម​ជាមួយ​នឹង​ការ​គោរព។»

លោក Chris កំពុងបង្រៀនសិស្ស
លោក Chris កំពុងបង្រៀនសិស្ស

ខុស​ពី​អ្នក​ចងក្រង​សៀវភៅ​ដទៃ​ដែល​ច្រើន​តែ​ជ្រើសរើស​ចំណុច​គោល​តែ​មួយ​មក​រៀបរាប់ បុរស​វ័យ​៧៣​ឆ្នាំ​រូប​នេះ​សម្រេច​ចិត្ត​យក​ចំណុច​៣​សំខាន់ៗ​មក​ដាក់​បញ្ចូល​គ្នា​នៅ​ក្នុង​សៀវភៅ OPERACY ដែល​មាន​ជំពូក​សរុប​ចំនួន​១៤ គឺ​ក្ដី​ស្រឡាញ់ ជីវិត និងភាព​ជា​អ្នក​ដឹកនាំ ដោយសារ​លោក​គិតថា​មនុស្ស​ម្នាក់​មិន​អាច​សម្រេច​អ្វី​មួយ​បាន​ដោយ​ជោគជ័យ​នោះ​ទេ ប្រសិន​បើ​មិន​មាន​ចំណុច​ទាំង​៣​នោះ​ដើរ​ទន្ទឹម​គ្នា។

លោក​មាន​ប្រសាសន៍៖ «ក្ដី​ស្រឡាញ់​គឺ​ជា​អ្វី​ដែល​បង្កើត​ជីវិត។ ប្ដី​និង​ប្រពន្ធ ប្រុស​និង​ស្រី លង់​ស្រឡាញ់​គ្នា​រួច​បង្កើត​បានជា​កូន។ ត្រូវ​ទេ? ហើយ​ខ្ញុំ​ជឿ​លើ​ព្រះ ខ្ញុំ​ជឿ​ថា ជីវិត​បាន​បង្កើត​មក​ជា​កាដូ កាដូ​នៃ​ក្ដី​ស្រឡាញ់ កាដូ​ដែល​ខ្ពស់​ជាងគេ​បំផុត​គឺ​ជីវិត។ ដូច្នេះ​យើង​ត្រូវ​តែ​ទទួល​យក​វា យើង​ត្រូវ​តែ​ថែ​រក្សា​វា។ ត្រូវ​ទេ? ហើយ​មួយ​ទៀត​គឺ​ភាព​ជា​អ្នក​ដឹកនាំ។ អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​ល្អ​ម្នាក់​បាន​ទេ បើសិន​អ្នក​មិន​ស្រឡាញ់​មនុស្ស​ដែល​អ្នក​ដឹកនាំ មនុស្ស​ដែល​អ្នក​ធ្វើការ​ជាមួយ។ ប្រសិន​បើ​អ្នក​ជា​អ្នក​នយោបាយ អ្នក​ត្រូវ​ស្រឡាញ់​ប្រជាពលរដ្ឋ​របស់​អ្នក។ ប្រសិន​បើ​អ្នក​ជា​គ្រូបង្រៀន​ដែល​ជា​អ្នក​ដឹកនាំ​ប្រចាំ​ថ្នាក់ អ្នក​ត្រូវ​ស្រឡាញ់​សិស្ស​របស់​អ្នក។ ហើយ​ប្រសិន​បើ​អ្នក​ជា​ឪពុក​ម្ដាយ ហើយ​មិន​បាន​ផ្ដល់​ក្ដី​ស្រឡាញ់​ឱ្យ​កូនៗ នោះ​ពួក​គេ​មិន​អាច​រីក​ចម្រើន​បាន​ទេ។ ដូច្នេះ ក្ដី​ស្រឡាញ់​គឺ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ដឹកនាំ​ខ្ពស់​បំផុត។»

ជា​សិស្ស​ម្នាក់​ដែល​បាន​រៀន OPERACY ជាមួយ​លោក Christopher Lee និង​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក រហូត​បាន​ក្លាយ​ជា​គ្រូ​បង្រៀន OPERACY ជា​ភាសាខ្មែរ លោកស្រី ប៉ែន បុប្ផា រៀបរាប់​ថា លោក Chris ជា​ជនជាតិ​ឥណ្ឌូនេស៊ី​សាមញ្ញ​ម្នាក់​ដែល​ស្រឡាញ់​មនុស្ស​គ្រប់​គ្នានិង​តែងតែ​ចង់​ជួយ​មនុស្ស​គ្រប់​គ្នា ជាពិសេស​គឺ​លោក​បាន​ផ្ដល់​ក្ដី​ស្រឡាញ់​ជា​ច្រើន​មក​កាន់​ប្រទេស​កម្ពុជា។

គ្រូ​ឧទ្ទេស OPERACY ដែល​បាន​ទទួល​ស្គាល់​ពី​លោក CHRIS រូប​នេះ​លើក​ឡើង​ថា OPERACY ជា​កញ្ចក់​ឆ្លុះ​ជីវិត​លោកស្រី។ ស្រ្តី​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ​បន្ត​ថា នៅ​មុន​ពេល​ដែល​លោកស្រី​រៀន OPERACY លោកស្រី​តែង​តែ​គិត​ថាខ្លួនឯង​ជោគជ័យ ខ្លួន​ល្អ​ជាង​គេ ប៉ុន្តែ​ពេល​ស្គាល់ OPERACY ទើប​លោកស្រី​ដឹង​ថា ការ​គិត​នោះ​គឺ​គ្រាន់​តែ​ជា​ជ្រុង​មួយ​នៃ​ការ​ពិត​ប៉ុណ្ណោះ។

លោកស្រី ប៉ែន បុប្ផា លើក​ឡើង៖ «ក្រោយ​ពី​រៀន OPERACY ទើប​ខ្ញុំ​មើល​ឃើញ ទើប​ខ្ញុំ​យល់​ច្បាស់​ថា បើ​ចង់​ផ្លាស់ប្ដូរ​អ្នក​ដទៃ ចង់​និយាយ​ថា​បើ​យើង​មើល​ឃើញ​អ្វី​យើង​មិន​សប្បាយ​ចិត្ត យើង​ទើស ដូរ​ខ្លួនឯង​មុន​សិន។ (អ៊ី)ចឹង​ខ្ញុំ​ចាប់​ផ្ដើម​ពី​ផ្លាស់ប្ដូរ​ខ្លួនឯង ផ្លាស់ប្ដូរ​ការ​គិត ផ្លាស់ប្ដូរ​ទាំង​ការ​និយាយ​ស្ដី ផ្លាស់ប្ដូរ​ទាំង​ការ​អនុវត្ត​សកម្មភាព​ផ្សេងៗ ផ្លាស់ប្ដូរ​ទម្លាប់​ជាពិសេស។ និយាយ​ឱ្យ​សាមញ្ញ ពេល​ខ្លះ​ទម្លាប់​រាង​ប្រកាន់​ដូរ​មក​វិញ​ថា ទៅ​ប្រកាន់​ធ្វើ​អី​អ្នក​ផ្សេង​គេ​ខុស​ពី​យើង យើង​ក៏​ខុស​ពី​គេ​ដែរ​បាន​យើង​ត្រូវ​ការ​មក​ជាមួយ​គ្នា ធ្វើការ​ជាមួយ​គ្នា​អី(អ៊ី)ចឹង​ទៅ។»

លោកស្រី ប៉ែន បុប្ផា គ្រូឧទ្ទេស OPERACY
លោកស្រី ប៉ែន បុប្ផា គ្រូឧទ្ទេស OPERACY

អ្នក​ចងក្រង​វគ្គ​អប់រំ​និង​សៀវភៅ OPERACY លោក CHRIS លើក​ឡើង​ថា មនុស្ស​ទាំងអស់​ត្រូវ​ការ OPERACY ប៉ុន្តែ​អ្នក​ខ្លះ​មិន​ចាំបាច់​រៀន OPERACY នេះ​ទេ ពីព្រោះ​ពួក​គេ​កំពុង​តែ​អនុវត្ត OPERACY នោះ​ដោយ​ផ្ទាល់​រួច​ហើយ។ ជាក់ស្ដែង​ដូចជា​អ្នក​ប្រាជ្ញ ឬ​អ្នក​ជោគជ័យ​មួយ​ចំនួន​ដែល​លោក​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​វគ្គ​អប់រំនិង​សៀវភៅ​របស់​លោក។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា វគ្គ​អប់រំ​និង​សៀវភៅ OPERACY មាន​គុណ​សម្បត្តិ​ធំៗ​៤ គឺ​ទី​១​​អភិវឌ្ឍ​ផ្នត់​គំនិត​វិជ្ជមាន​ដើម្បី​ឱ្យ​មាន​ផលិតភាព​ការងារ​កាន់​តែ​ប្រសើរ ទី​២​អភិវឌ្ឍ​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​និង​ក្រុម​ការងារ ទី​៣​បង្កើន​ភាព​អត់ធ្មត់ មិន​ងាយ​បោះបង់​អ្វី​ចោល​ដោយ​ងាយ និង​ទី​៤ ការ​ប្រែ​ក្លាយ​ទៅ​ជា​មនុស្ស​ជោគជ័យ​ដែល​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​ទាំង​ក្នុង​ផ្ទះនិង​ក្រៅ​ផ្ទះ។

ក្រៅ​ពី​សៀវភៅ OPERACY នេះ លោក Christopher Lee បាន​សរសេរ​និង​ចេញ​ផ្សាយ​នូវ​សៀវភៅ​មួយ​ទៀត​ទាក់ទង​អំពី​ត្រី​នៅ​អាង​ត្រី​ទឹក​សាប​ប្រចាំ​ប្រទេស​អូស្ត្រាលី។ លោក​ក៏​គ្រោង​នឹង​សរសេរ​សៀវភៅ​បន្ថែម​ទៀតដូចជា​សៀវភៅ​និយាយ​អំពី​អ្នក​នេសាទ និង​និយាយ​អំពី​សត្វ​ត្រី ហើយ​លោក​ក៏​នឹង​នៅ​តែ​បន្ត​ធ្វើ​ការ​កែសម្រួល​សៀវភៅ OPERACY ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ៕

ចែករំលែកតាម៖