រួមគ្នាធ្វើឱ្យខ្សែភាពយន្តខ្មែរមានភាពអស្ចារ្យម្តងទៀត

រួមគ្នាធ្វើឱ្យខ្សែភាពយន្តខ្មែរមានភាពអស្ចារ្យម្តងទៀត

វាគ្មិននៅកម្មវិធី «តោះនាំគ្នាធ្វើឱ្យខ្សែភាពយន្តខ្មែរមានភាពអស្ចារ្យម្តងទៀត ឬ Let’s make Cambodia films great again»

«តោះ​នាំ​គ្នា​ធ្វើ​ឱ្យ​ខ្សែភាពយន្ត​ខ្មែរ​មាន​ភាព​អស្ចារ្យ​ម្តង​ទៀត ឬ Let’s make Cambodia films great again» គឺ​ជា​ប្រធានបទ​នៃ​កិច្ចពិភាក្សា​មួយ​ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី​ក្រសួង​វប្បធម៌ ផលិតករ​ភាពយន្ត ម្ចាស់​ផលិតកម្ម សិស្ស​និស្សិត និង​សាធារណជន។

លោក សំ បញ្ញា មន្ត្រី​សម្របសម្រួល​សាធារណៈ​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍ មាន​ប្រសាសន៍​ថា វេទិកា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក៏​ព្រោះ​តែ​វិស័យ​ខ្សែភាពយន្ត​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​ការ​ធ្លាក់​ចុះ​និង​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្លួន​ដូច​ទស្សវត្ស​ឆ្នាំ​៦០។ លោក​ថា វិស័យ​ភាពយន្ត​ខ្មែរ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា ហើយ​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​បាន​នា​សម័យ​មុន។

ស្ថិត​ក្នុង​វ័យ​ប្រមាណ​ជាង​២០ឆ្នាំ បុរស​សម្បុរ​ជ្រះ​ទឹក​មុខ​ជា​កូន​ចៅ​ចិន​រូប​នេះ​បន្ត​ថា លោក​ចង់​ឱ្យ​វេទិកា នេះ​មាន​ការ​ជជែក​ផុសផុល​ពី​អ្នក​ពាក់ព័ន្ធ ដើម្បី​បង្ហាញ​ពី​បញ្ហា​ប្រឈម​និង​ស្វែង​រក​ដំណោះស្រាយ សម្រាប់​ជា​ចំណែក​ជួយ​ជំរុញ​ឱ្យ​ភាពយន្ត​ខ្មែរ​មាន​សន្ទុះ​ឡើង​វិញ។

លោក សំ បញ្ញា និយាយ​ថា៖ «មិនមែន​ចង់​តែ​ពញ្ញាក់​អារម្មណ៍​ផលិតករ​ទេ តែ​ក៏​ចង់​ពញ្ញាក់​អារម្មណ៍​ដល់​ទស្សនិកជន​ក៏​ដូច​ជា​មហាជន​ទូទៅ​ដែរ ឱ្យ​គាត់​ស្វែង​យល់​ថា​ខ្សែភាពយន្ត​ខ្មែរ​យើង​ធ្លាប់​ឡើង​ចំណុច​កំពូល។ ប៉ុន្តែ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន ខ្សែភាពយន្ត​យើង​មិន​ទាន់​ដល់​ចំណុច​ហ្នឹង​ទេ។ ចឹង​តើ​ពួក​យើង​ទាំងអស់​គ្នា អាច​ចូលរួម​បែប​ណា​ខ្លះ ដើម្បី​ជួយ​លើក​ខ្សែភាពយន្ត​យើង​ឱ្យ​ឡើង​ដល់​ចំណុច​កំពូល​ហ្នឹង​វិញ»។

លោក សំ បញ្ញា មន្ត្រីសម្របសម្រួលសាធារណៈនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍
លោក សំ បញ្ញា មន្ត្រីសម្របសម្រួលសាធារណៈនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

តាម​ឯកសារ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ភាពយន្ត​ខ្មែរ​បាន​ចាប់​កំណើត​ឡើង​តាំង​ពី​ចុង​សម័យ​អាណា​និគម​និយម​បារាំង។ ភាពយន្ត​ដំបូង​គឺ​ជា​ស្នា​ព្រះហស្ថ​របស់​ព្រះបរមរតនកោដ្ឋ ព្រះបាទ​នរោត្ដម សីហនុ។

ខ្សែភាពយន្ត​ខ្មែរ​ដែល​ត្រូវ​បាន​ផលិត​នា​សម័យ​នោះ​ពិសេស​ក្នុង​ទស្សវត្ស​ទី​៦០​បាន​ទទួល​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​ខ្មែរ​និង​ចែកចាយ​ទៅ​ក្រៅ​ប្រទេស។ ក៏​ប៉ុន្តែ​ក្រោយ​ពេល​កម្ពុជា​ឆ្លង​កាត់​សង្គ្រាម​អស់​រយៈពេល​ជាច្រើន​ទស្សវត្ស​កន្លង​មក​នេះ ភាពយន្ត​ខ្មែរ​បាន​ធ្លាក់​ចុះ​ស្ទើរ​ហៅ​លែង​ឮ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​ចូលរួម​ក៏​ដូចជា​ប្រធានបទ​នៃ​កិច្ចពិភាក្សា លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​ខ្សែភាពយន្ត​ខ្មែរ​មាន​ភាព​ល្បីល្បាញ​ម្តង​ទៀត​លុះ​ត្រា​តែ​បណ្តុះ​ធនធាន​មនុស្ស​ឱ្យ​ចេះ​ជំនាញ​នេះ​ឱ្យ​បាន​ច្បាស់លាស់​ឱ្យ​បាន​ច្រើន។ លោក​ថា បច្ចុប្បន្ន​កម្ពុជា​ពុំ​ទាន់​មាន​សាលា​ណា​ដែល​បង្រៀន​ជំនាញ​ផលិត​ខ្សែភាពយន្ត​នៅ​ឡើយ​ទេ។

ផលិតករ​ជើង​ចាស់​រូប​នេះ​បន្ត​ថា ផលិតករ​ភាពយន្ត​ទាំងអស់​គួរ​តែ​មាន​ការ​សហការ​គ្នា ដើម្បី​ផលិត​ភាពយន្ត​មួយ​ឱ្យ​ល្អ​ជៀសវាង​ការ​ផលិត​តែ​ឯង​ខ្វះ​ដើម​ទុន ឧបករណ៍​ និង​បច្ចេកទេស​ផ្សេងៗ។

លោក​បន្ថែម​ថា៖ «បើសិន​ជា​យើង​ជម្នះ​ឧបសគ្គ​នឹង​អស្ចារ្យ ដូច្នេះ​ទ្រឹស្តី How to make great film? (ធ្វើ​ ភាពយន្ត​ដែល​អស្ចារ្យ​របៀប​ម៉េច) សំណួរ​មក​(អម្បាញ់)​មិញ យើង​ត្រូវ​វិភាគ។ កត្តា​ចាំបាច់​ដែល​យើង​អាច​ជម្នះ​បាន​ហ្នឹង​ស្អី​គេ? យក​មក​បញ្ចូល​គ្នា​រួច​ពិភាក្សា។ Film (ភាពយន្ត) មួយ​ដែល​ល្អ​ត្រូវ​ផលិត​ធនធាន​មនុស្ស ផលិត​អ្នក​ដឹកនាំ​រឿង បណ្តុះ​បណ្តាល​អ្នក​ថត អ្នក​កាត់​ត អ្នក​ដឹកនាំ​ឱ្យ​បាន​ល្អ។ អ៊ីចឹង​កត្តា​៥ ចម្បង​ហ្នឹង​គឺ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ចឹង​វា​លែង​ទៅ​ឧបសគ្គ​ហើយ»។

ពិភាក្សា លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា
លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា

ផលិតករ​វ័យ​ក្មេង​នៃ​ខ្សែភាពយន្ត «វិបល្លាស រចនា» កញ្ញា សុធា អ៊ីណេស បាន​លើក​ឡើង​ដែរ​ថា បើ​ទោះ​ជា​កម្ពុជា​នៅ​ខ្វះ​ធនធាន​ទាំង​នេះ តែ​ក្នុង​នាម​កញ្ញា​ជា​ផលិតករ​ម្នាក់​នឹង​ព្យាយាម​ជន្នះ​ដើម្បី​ធ្វើ​ឱ្យ​ភាពយន្ត​ខ្មែរ​មាន​ភាព​អស្ចារ្យ​ម្តង​ទៀត។ កញ្ញា​បន្ត​ថា គេ​អាច​ធ្វើ​ឱ្យ​មាន​ភាព​អស្ចារ្យ​ក្នុង​វិស័យ​ភាពយន្ត​ម្តង​ទៀត​បាន​តាមរយៈ​ការ​ផលិត​ខ្សែភាពយន្ត​ដែល​មាន​គុណភាព ផ្តល់​សារ​អប់រំ និង​ជា​ភាពយន្ត​ដែល​មាន​គំនិត​ច្នៃប្រឌិត​ថ្មីៗ​សម្រាប់​ទស្សនិកជន​របស់​ខ្លួន។

មិន​ខុស​គ្នា​នេះ​ដែរ លោក ជុំ សុភា ម្ចាស់​ផលិតកម្ម​រាហ៊ូ​លើក​ឡើង​ថា ដើម្បី​ជួយ​ជំរុញ​វិស័យ​នេះ​ឱ្យ​មាន​សន្ទុះ ផលិតករ​ខ្លួន​ឯង​ផ្ទាល់​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើត​ស្នាដៃ​ហើយ​ត្រូវ​ចាត់​ទុក​ភាពយន្ត​ជា​បេះដូង​និង​ជា​អាយុ​ជីវិត​របស់​ខ្លួន។

ប្រធាន​នាយកដ្ឋាន​សិល្បៈភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ លោក ប៉ុក បូរក្ស ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​លើក​ឡើង​ថា ដើម្បី​រួម​ចំណែក​ជួយ​ផលិតករ​ឱ្យ​មាន​លទ្ធភាព​បង្កើត​ភាពយន្ត​ទទួល​បាន​ជោគជ័យ ក្រសួង​បាន​ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​ស្នើ​សុំ​មិន​យក​ពន្ធ​ពី​ការ​ផលិត​ភាពយន្ត​រយៈពេល​១០​ឆ្នាំ។ លោក​ថា ការ​លើកលែង​ពន្ធ​នេះ​នឹង​ជួយ​បន្ថយ​ការ​ចំណាយ​មួយ​ផ្នែក​របស់​ផលិតករ៕

ចែករំលែកតាម៖