ការលើកកម្ពស់ការអប់រំនៅកម្រិតបឋមសិក្សាធ្វើឱ្យកុមារចេះអានតាំងពីតូច

ការលើកកម្ពស់ការអប់រំនៅកម្រិតបឋមសិក្សាធ្វើឱ្យកុមារចេះអានតាំងពីតូច

«នឹង​ស្លឹក​ខ្លួន​ឯង​មាន​រៀង​វែង​ ហើយ​ស្តើង​ មិន​គួរ​ឱ្យ​ស្រឡាញ់​សោះ​ កូន​ឬស្សី​ តែង​និយាយ​ដដែលៗ​ខ្ញុំ​មិន​ចូលចិត្ត​ស្លឹក​ដូច​នេះ​ទេ​ ចង់​បាន​ស្លឹក​ជា​មាស​ ប្រហែល​ជា​ល្អ​ដាច់​គេ។​ រុក្ខា​ទេវតា​ថែរក្សា​ព្រៃ​នោះ​ ក៏​ធ្វើ​ឱ្យ​ស្លឹក​របស់​វា​ក្លាយ​ជា​មាស​ដូច​ប្រាថ្នា។​ ថ្ងៃ​មួយ​មាន​បុរស​ម្នាក់​ចូល​ព្រៃ…»​

នេះ​ជា​ការ​អាន​រឿង​និទាន​ដ៏​ស្ទាត់​ជំនាញ​របស់​ក្មេង​ស្រី​ម្នាក់​ មាន​វ័យ​ ១០ ឆ្នាំ​ រៀន​ថ្នាក់​ទី៦​ នៅ​សាលា​បឋម​សិក្សា​ដំបែរ​ ក្នុង​ស្រុក​ដំបែរ​ ខេត្ត​ត្បូង​ឃ្មុំ​ ដែល​ទទួល​បាន​ការ​លើក​ទឹកចិត្ត​និង​ការ​ពង្រឹង​សមត្ថភាព​ តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ក្នុង​ថ្នាក់​បឋម​សិក្សា។​

កុមារី​ វ៉ុន​ តាំងវ៉ាន​ ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យលាភី​អាន​អត្ថបទ​ថ្នាក់​ជាតិ​ក្នុង​ចំណោម​កុមារ​ជា​ច្រើន​ទូទាំង​ប្រទេស​ សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ទិវា​ជាតិ​អំណាន​ ១១​ មីនា​ ២០១៨​ ក្រោម​ប្រធានបទ​ “អំណាន​ជា​កំណប់​វិជ្ជា​មហាសាល”​ រៀបចំ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​

ស្ថិត​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ប្រមាណ​ជាង​១០​នាក់​ ដែល​កំពុង​ហាត់​សម​អាន​អត្ថបទ​ ក្នុង​សាល​ប្រជុំ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ កុមារី​មាឌ​តូច​សម្បុរ​ស​រូប​នេះ​រៀបរាប់​ថា​ ការ​អាន​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​ជួយ​ឱ្យ​ខ្លួន​អាច​យល់​ពី​អត្ថន័យ​នៃ​អត្ថបទ​នីមួយៗ​ និង​ចង់​ចាំ​បាន​ច្បាស់​លាស់​ ជា​ពិសេស​នោះ​គឺ​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ នៅ​ពេល​ដែល​ខ្លួន​យល់​ច្បាស់​ពី​វិធីសាស្ត្រ​នៃ​ការ​អាន។​

កុមារី​ វ៉ុន​ តាំងវ៉ន​ និយាយ​ថា៖​ «សំខាន់!​ ព្រោះ​អាច​ឱ្យ​យើង​ដឹង​ថា​ អត្ថបទ​ហ្នឹង​មាន​ន័យ​ម៉េច​អាច​ឱ្យ​យើង​ចង​ចាំ​ រួច​ទៅ​សប្បាយ​ ពេល​យល់​ពី​អត្ថន័យ​ក្នុង​រឿង​ហ្នឹង​ច្បាស់។​ ជួយ​ឱ្យ​ប្រទេស​យើង​កាន់​តែ​មាន​អ្នក​អាន​ តៗ​ទៅ​ កុំ​ឱ្យ​អស់​អ្នក​អាន»។​

កុមារី វ៉ុន តាំងវ៉ាន ជ័យលាភីថ្នាក់ជាតិ អានអត្ថបទ ក្នុងទិវាជាតិអំណាន
កុមារី វ៉ុន តាំងវ៉ាន ជ័យលាភីថ្នាក់ជាតិ អានអត្ថបទ ក្នុងទិវាជាតិអំណាន

ជា​កូន​ពៅ​ក្នុង​គ្រួសារ​ក្នុង​ចំណោម​បងប្អូន​បួន​នាក់​ កុមារី​ វ៉ុន​ តាំងវ៉ាន​ រៀបរាប់​បន្ត​ថា​ ទិវា​អំណាន​ជា​រៀងរាល់​ឆ្នាំ​និង​ការ​បង្ហាត់​បង្រៀន​នៅ​ក្នុង​សាលា​គឺ​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឱ្យ​ខ្លួន​ខិតខំ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ក្នុង​ការ​អាន។​

អង្គុយ​រំពៃ​មើល​កូនស្រី​ពី​ខាង​ក្រៅ​ឆាក​ ក្នុង​អារម្មណ៍​ត្រេកអរ​ បង្ហាញ​ភាព​នឹក​ស្មាន​មិន​ដល់​ចំពោះ​ជ័យ​ជំនៈ​របស់​កូន​ អ្នកស្រី​ ហំ​ ដារ៉ា​ ជា​ម្តាយ​កុមារី​ វ៉ុន​ តាំងវ៉ាន​ មាន​ប្រសាសន៍​ថា​ កូនស្រី​អ្នកស្រី​ជា​កុមារ​ម្នាក់​ ដែល​រៀន​ពូកែ​និង​ចេះ​អាន​អក្សរ​តាំង​ពី​ថ្នាក់​ទី២។​ ស្ត្រី​វ័យ​៥០ឆ្នាំ​រូប​នេះ​ បន្ត​ទៀត​ថា​ អ្វី​ទាំង​នេះ​គឺ​ជា​សមត្ថភាព​របស់​គេ​ដែល​មាន​ស្រាប់​ ស្រប​ពេល​ទទួល​បាន​ការ​អប់រំ​ល្អ​នៅ​សាលារៀន។​

ស្រប​ពេល​រីករាយ​នឹង​ភាព​ជោគជ័យ​របស់​កូនស្រី​ អ្នកស្រី​ ហំ​ ដារ៉ា​ ចង់​ឃើញ​កុមារ​ដទៃ​មាន​សមត្ថភាព​ ដូច​កូន​អ្នកស្រី​ដែរ​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ល្អ​ពី​ក្រុម​គ្រួសារ​និង​សាលា​ ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព​ក្នុង​ការ​អាន​តាំង​ពី​តូចៗ។​

អ្នកស្រី​ ហំ​ ដារ៉ា​ និយាយ​ថា៖​ «សំខាន់​ណាស់​អ្នកគ្រូ!​ សម្រាប់​កូន​ខ្ញុំ​ផ្ទាល់​និង​សិស្សា​នុសិស្ស​ទាំងអស់​គ្នា​ប្រកួត​ប្រជែង​ ដើម្បី​អនាគត​របស់​វា​ រាល់​ថ្ងៃ​ហ្នឹង​វា​ប្រឹង​ណាស់។​ យើង​មើល​ទៅ​ថា​ វា​អត់​សំខាន់​ចាំបាច់​ពិបាក​សូត្រ​ ពិបាក​អាន​អី​ តែ​ការ​ពិត​ពិបាក​ជាទី​បំផុត»។​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ហង់​ ជួនណារ៉ុន​ បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​អប់រំ​ យុវជន​ និង​កីឡា​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​ ឆ្នាំ​២០១៨​ថា​ ការ​ពង្រឹង​គុណភាព​អប់រំ​កម្រិត​បឋម​សិក្សា​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន​ ដើម្បី​ឈាន​ទៅ​រក​ការ​ពង្រឹង​គុណភាព​អប់រំ​ក្នុង​កម្រិត​មធ្យម​ ឧត្ដម​ និង​ក្រោយ​ឧត្ដម​សិក្សា។​

លោក​សង្កត់​ធ្ងន់​ថា​ ការ​លើក​កម្ពស់​ការ​អប់រំ​នៅ​កម្រិត​បឋម​សិក្សា​មិន​ត្រឹម​តែ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្ទេរ​ចំណេះដឹង​ពី​គ្រូ​ទៅ​សិស្សា​នុសិស្ស​ប៉ុណ្ណោះ​ទេ​ តែ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក៏​បាន​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​ការ​ពង្រឹង​វិន័យ​ ក្រម​សីលធម៌​ បំណិន​ របៀប​ធ្វើ​ការងារ​ជា​ក្រុម​ជា​ដើម​ សំដៅ​ធ្វើ​យ៉ាង​ណា​បណ្ដុះ​កុមារ​តូចៗ​ឱ្យ​ក្លាយ​ជា​ធនធាន​ប្រកប​ដោយ​គុណភាព​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​កម្ពុជា​នា​ពេល​អនាគត​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។​

លោក​មាន​ប្រសាសន៍​ថា៖​ «ការ​ប្រមូល​កុមារ​ដល់​វ័យ​សិក្សា​ ការ​សាង​សង់​អាគារ​សិក្សា​ ការ​ផ្តល់​គ្រូ​បង្រៀន​ ការ​ផ្តល់​ថវិកា​ ដំណើរការ​សាលារៀន​ ការ​ផ្តល់​អាហារ​រូបករណ៍​ដល់​សិស្ស​ក្រីក្រ​ ជាពិសេស​នារី​ជា​ដើម​ បាន​បង្ក​លក្ខណៈ​ឱ្យ​កុមារ​ មាន​លទ្ធភាព​កាន់​តែ​ច្រើនក្នុង​ការ​ទទួល​បាន​ការ​អប់រំ។​ បច្ចុប្បន្ន​ កុមារ​ មាន​អាយុ​ ៥ឆ្នាំ​ បាន​ចូល​រៀន​នៅ​ថ្នាក់​មត្តេយ្យ​សិក្សា​ គ្រប់​រូបភាព​ បាន​កើន​ឡើង​ដល់​៦៨,៥ភាគរយ​ កុមារី​ ៦៩,៧ភាគរយ។​ អត្រា​ពិត​នៃ​ការ​សិក្សា​នៅ​ថ្នាក់​បឋម​សិក្សា​សាធារណៈ​និង​ឯកជន​ មាន​ចំនួន​៩៧,៨ភាគរយ​ ស្ថិត​ក្នុង​ស្តង់ដា​និង​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ក្នុង​តំបន់»។​

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា

យោង​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គិត​មក​ដល់​ឆ្នាំ២០១៧​ កម្ពុជា​ មាន​សាលា​រដ្ឋ​និង​ឯកជន​សរុប​ចំនួន​១៤១៨៩​ ក្នុង​នោះ​ជិត​៩០ភាគរយ​ជា​សាលា​មត្តេយ្យ​និង​បឋម​សិក្សា។​ របាយការណ៍​ដដែល​បាន​ឱ្យ​ដឹង​ដែរ​ថា​ ចំពោះ​ចំនួន​សិស្ស​គ្រប់​កម្រិត​ទូទាំង​ប្រទេស​វិញ​គឺ​មាន​ប្រមាណ​ ៣,៣​លាន​នាក់​ ខណៈ​សិស្ស​ស្រី​មាន​ជិត​៥០ភាគរយ។​

សង្គម​ស៊ីវិល​សាទរ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​បង្កើន​ការ​ទទួល​បាន​និង​គុណភាព​សេវា​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ភាព​ល្អ​ប្រសើរ។​

ការ​សិក្សា​របស់​អង្គការ​ Save​ the​ Children​ បាន​បង្ហាញ​ថា​ នៅ​ពេល​កុមារ​មាន​ឯកសារ​អាន​ដែល​សមស្រប​នឹង​អាយុ​របស់​ពួកគេ​ អាច​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​ផ្នែក​ភាសា​ វាក្យសព្ទ​ ចំណង់​ក្នុង​ការ​អាន​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចាប់ផ្តើម​អាន​នៅ​សាលា។​

យោង​តាម​ទិន្នន័យ​ដើម​ឆ្នាំ២០១៧​របស់​អង្គការ​ Save​ the​ Children​ដដែល​ ធ្វើ​ឡើង​ជាមួយ​គ្រួសារ​នៅ​ភូមិ​បណ្តែតទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ឆ្នាំ​២០១៧​បាន​បង្ហាញ​ថា​ មាន​ខ្នង​ផ្ទះ​ចំនួន​៩ភាគរយ​ ប៉ុណ្ណោះ​ដែល​មាន​សៀវភៅ​អាន​សម្រាប់​កុមារ​អាយុ​០-៦ឆ្នាំ។​ លើស​ពី​នេះ​ទៅ​ទៀត​ មាន​អ្នក​ថែទាំ​កុមារ​តែ​២ភាគរយ​ ប៉ុណ្ណោះ​ដែល​អាន​សៀវភៅ​ឱ្យ​កុមារ​អាយុ​ក្រោម​៣ឆ្នាំ​ស្តាប់។​

ទិន្នន័យ​ដដែល​ឱ្យ​ដឹង​ដែរ​ថា​ មាន​គ្រួសារ​តែ​៦ភាគរយ​ប៉ុណ្ណោះ​ដែល​ជាវ​សៀវភៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​ ដោយសារ​តែ​សៀវភៅ​សម្រាប់​កុមារ​មាន​តម្លៃ​ខ្ពស់​ ហើយ​ពិបាក​នឹង​ទៅ​ដល់​ទីតាំង​លក់​ឯកសារ​អាន​ដែល​សមស្រប​នឹង​អាយុ​កុមារ។​

អង្គការ​សង្គម​ស៊ីវិល​ចំនួន៣​ ដែល​ធ្វើ​ការ​លើ​ការ​អប់រំ​ និង​កុមារ​ រួម​មាន​ អង្គការ​ Save​ the​ Children​ អង្គការ​ទស្សនៈ​ពិភពលោក​ និង​អង្គការ​ស៊ីប៉ា​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា​ បច្ចុប្បន្ន​ សៀវភៅ​ខ្មែរ​ភាគច្រើន​ដែល​មាន​លើ​ទីផ្សារ​និង​នៅ​តាម​សាលារៀន​ មិន​សមស្រប​នឹង​អាយុ​កុមារ​ទាក់ទង​នឹង​វាក្យសព្ទ​ ប្រធានបទ​ និង​ទ្រង់ទ្រាយ​អក្សរ​នោះ​ទេ។​

អង្គការ​ទាំង​នេះ​លើក​ឡើង​ថា​ ដើម្បី​ជួយ​កុមារ​ជំនាន់​ក្រោយ​ឱ្យ​បាន​សិក្សា​រៀន​សូត្រ​និង​អភិវឌ្ឍន៍​សក្តានុពល​របស់​ពួកគេ​បាន​ពេញលេញ​ រាជរដ្ឋាភិបាល​គួរ​បង្កើន​ធនធាន​និង​ការ​វិនិយោគ​សម្រាប់​ការ​បង្កើត​សម្ភារៈ​លេង​និង​អាន​ដែល​សមស្រប​នឹង​កុមារ​អាយុ​ ០-៦ឆ្នាំ​ ជា​ពិសេស​បង្កើន​ការ​ទទួល​បាន​ធនធាន​អំណាន​សម្រាប់​កុមារ​តូច​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​និង​ពិបាក​ទៅ​ដល់។​ លើស​ពី​នេះ​ រដ្ឋាភិបាល​ក៏​គួរ​បង្កើត​គោលការណ៍​ណែនាំ​ថ្នាក់​ជាតិ​ស្តី​ពី​ការ​កំណត់​កម្រិត​សៀវភៅ​សម្រាប់​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ ដើម្បី​ធានា​ថា​រាល់​សៀវភៅ​ដែល​បាន​បោះពុម្ព​សម្រាប់​កុមារ​តូច​ទើប​នឹង​រៀន​អាន​ដំបូង​អាយុ​(០-៣ឆ្នាំ)​និង​កុមារ​តូច​ចេះ​អាន​ខ្លះ​ (អាយុ​៤ឆ្នាំ​ដល់​ថ្នាក់​ទី៣)៕​

ចែករំលែកតាម៖