វិទ្យាល័យព្រះស៊ីសុវត្ថិជាថ្នាលអប់រំទំនើបដំបូងបំផុតនៅកម្ពុជា

វិទ្យាល័យព្រះស៊ីសុវត្ថិជាថ្នាលអប់រំទំនើបដំបូងបំផុតនៅកម្ពុជា

ក្លោងទ្វារវិទ្យាល័យព្រះស៊ីសុវត្ថិ

សំឡេង​ជួង​បញ្ជាក់​ថា​ដល់​ម៉ោង​កំណត់​ចូល​សាលា។​ សិស្ស​រាប់​ពាន់​នាក់​ប្រញាប់​ប្រញាល់​ត្រឡប់​ចូល​ថ្នាក់​រៀន​របស់​ខ្លួន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។​ វិទ្យាល័យ​ដែល​មាន​អាគារ​ពីរ​ជាន់​ចំនួន​១០​ក្នុង​រចនាបទ​បែប​សំណង់​អគារ​រដ្ឋបាល​សម័យ​បារាំង​ ពណ៌​ពង​មាន់​ខ្ចី​នេះ​ ទទួល​សិស្ស​មក​សិក្សា​នៅ​ទីនេះ​ជាង​១០០ឆ្នាំ​មក​ហើយ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ។​

ប្រធាន​សមាគម​អ្នក​ប្រវត្តិសាស្រ្ត​កម្ពុជា​ដែល​បាន​ស្រាវជ្រាវ​និង​ចង​ក្រង​ប្រវត្តិ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ លោក​សាស្រ្តាចារ្យ​បណ្ឌិត​ ស៊ន​ សំណាង​ បាន​ឱ្យ​ដឹង​ថា​ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៨៧៣​ ក្នុង​សតវត្ស​ទី​១៩​ ដោយ​អាណា​និគម​និយម​បារាំង​និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ សាលា​ស៊ីសុវត្ថិ​ ឬ​សាលា​បារាំង​-ខ្មែរ។​

លោក​បណ្ឌិត​ ស៊ន​ សំណាង​ រំលឹក​ពី​ប្រវត្តិ​នៃ​សាលា​នេះ​ថា៖​ «បារាំង​គេ​បង្កើត​សាលា​នេះ​ក្នុង​គោល​បំណង ​បណ្តុះ​បណ្តាល​កូន​សិស្ស​យើង​សម្រាប់​ធ្វើ​ជា​ជំនួយ​ការ​ក្នុង​កិច្ចការ​រដ្ឋបាល​របស់​គេ​ ដោយ​ឱ្យ​ឈ្មោះ​ថា​ អនុវិទ្យាល័យ​អ្នក​បកប្រែ​(ឱ្យ​កូន​ខ្មែរ​រៀន​ភាសា​បារាំង)​ ហើយ​ពេល​យើង​ចេះ​ ទៅ​ធ្វើ​អ្នក​បក​ប្រែ​គេ​ ខ្ទង់​ឆ្នាំ​១៨៧០​ជាង។​  ព្រោះ​បារាំង​គេ​ត្រូវ​ការ​កូន​សិស្ស​យើង​ចេះ​ភាសា​បារាំង​ជួយ​បក​ប្រែ​គេ​ ជា​ជំនួយ​ការ​ផ្នែក​រដ្ឋបាល។​ ក្រោយ​មក​សាលា​ហ្នឹង​វា​វិវឌ្ឍ​មក​ជា​សាលា​បឋម​សិក្សា​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩០៥​ ឬ​គេ​ហៅថា​ សាលា​បឋម​សិក្សា​ជាន់​ខ្ពស់​ គឺ​នៅ​ដើម​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​ ព្រោះ​ព្រះបាទ​នរោត្តម​សុគត​នៅ​ឆ្នាំ​១៩០៤​ ហើយ​ព្រះបាទ​ស៊ីសុវត្ថិ​ឡើង​គ្រង​រាជ​្យ​នៅ​ឆ្នាំ​១៩០៥​ ចឹង​ដាក់​ឈ្មោះ​ព្រះបាទ​ស៊ីសុវត្ថិ»។​

អ្នក​ស្រាវជ្រាវ​រូប​នេះ​បន្ត​ថា​បន្ទាប់​ពី​មាន​ការ​រីក​ចម្រើន​ នៅ​ឆ្នាំ​១៩១១​ សាលា​នេះ​ក៏​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​អនុ​វិទ្យាល័យ​ស៊ីសុវត្ថិ​ ហើយ​នៅ​ពេល​នោះ​កម្ពុជា​ មាន​តែ​អនុ​វិទ្យាល័យ​មួយ​គត់។​ លុះ​ដល់​ឆ្នាំ​១៩៣៥​និង​១៩៣៦​ អនុ​វិទ្យាល័យ​នេះ​ត្រូវ​បាន​ប្តូរ​ទៅ​ជា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ស្រប​ពេល​ដែល​អនុ​វិទ្យាល័យ​មួយ​ចំនួន​នៅ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់។​

ញញឹម​បន្តិច​ សាស្រ្តាចារ្យ​សម្បុរ​ស​ មាឌ​ស្តើង​រាង​ខ្ពស់​រូប​នេះ​ ពន្យល់​បន្ថែម​ទៀត​ថា​ នៅ​ឆ្នាំ​ដដែល​នោះ ​វិទ្យាល័យ​នេះ​បង្រៀន​ដល់​ថ្នាក់​បាក់ឌុប​ ដោយ​គេ​ឱ្យ​ឈ្មោះ​ថា​ ថ្នាល​បណ្តុះ​បណ្តាល​វីរជន​ទំនើប​ ហើយ​ការ​សិក្សា​ភាគ​ច្រើន​ជា​ភាសា​បារាំង​ លើក​លែង​តែ​មុខវិជ្ជា​ភាសាខ្មែរ​មួយ​តែ​ប៉ុណ្ណោះ។​

ទីធ្លាវិទ្យាល័យព្រះស៊ីសុវត្ថិ
ទីធ្លាវិទ្យាល័យព្រះស៊ីសុវត្ថិកំពុងរៀបចំឡើងវិញ

ចាប់​តាំង​ពី​ពេល​នោះ​មក​សាលា​បណ្តុះ​បណ្តាល​នៅ​កម្ពុជា​ត្រូវ​បាន​បែង​ចែក​ជា​៣ប្រភេទ​គឺ​ទី១​ វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ជា​ថ្នាល​បណ្តុះ​បណ្តាល​វីរជន​ទំនើប​ ទី២​សាលា​បាលី​ជា​ថ្នាល​បណ្តុះ​បណ្តាល​វីរជន​ប្រពៃណី​ជា​ព្រះ​សង្ឃ​អ្នក​បួស​ និង​ទី៣​ សាលា​វត្ត​កែប្រែ​ថ្មី ​សម្រាប់​បណ្តុះ​បណ្តាល​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​ចេះ​ចំណេះដឹង​មូលដ្ឋាន​រយៈពេល​៣ឆ្នាំ​គឺ​ថ្នាក់​ទី១២​ ថ្នាក់​ទី១១​ និង​ថ្នាក់​ទី១០​ឬ​ស្មើ​នឹង​ថ្នាក់​ទី១​ ទី២​ និង​ទី៣​នា​ពេល​បច្ចុប្បន្ន។​ អ្នក​រៀន​ចប់​សាលា​វត្ត​អាច​បន្ត​សិក្សា​ថ្នាក់​អនុ​វិទ្យាល័យ​បាន។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​សាស្រ្តាចារ្យ​ ស៊ន​ សំណាង។​

សាស្រ្តាចារ្យ​បណ្ឌិត​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រោយ​មក​សិស្ស​ដែល​រៀន​ចប់​អនុ​វិទ្យាល័យ​នៅ​តាម​បណ្តា​ខេត្ត​ អាច​បន្ត​ប្រឡង​ចូល​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​នៅ​ភ្នំពេញ។​ ប្រសិន​បើ​ប្រឡង​មិន​ជាប់​ សិស្ស​ទាំង​នោះ​ត្រូវ​ទៅ​ចូល​រៀន​សាលា​ជំនាញ​គឺ​សាលា​ដែក​នៅ​ខណ្ឌ​ឫស្សីកែវ​ដែល​បច្ចុប្បន្ន​ជា​សាកល​វិទ្យាល័យ​ការពារ​ជាតិ។​

លោក​បណ្ឌិត​ ស៊ន​ សំណាង​ បន្ថែម​ថា​ ចូល​ដល់​របប​លោក​សេនា​ប្រមុខ​ លន់​ នល់​ ឈ្មោះ​សាលា​នេះ​ត្រូវ​បាន​លុប​ចោល​ ដោយ​ដាក់​ឈ្មោះ​ថា​ អនុ​វិទ្យាល័យ​ និង​បឋម​សិក្សា​ភ្នំដូនពេញ។​ រហូត​ដល់​ចប់​របប​ប៉ុលពត​ ពលរដ្ឋ​នៅ​ហៅ​សាលា​នេះ​ថា​ជា​អនុ​វិទ្យាល័យ​ និង​បឋម​សិក្សា​ភ្នំដូនពេញ​ដដែល។​ ប៉ុន្តែ​សាលា​នេះ​ បាន​ប្តូរ​ឈ្មោះ​មក​ជា​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​វិញ​នៅ​ឆ្នាំ​១៩៩៣​ ក្រោយ​ពី​អតីត​ព្រះមហាក្សត្រ​ព្រះ​បរម​រតនកោដ្ឋ​ ព្រះបាទ​នរោត្ដម​ សីហនុ​ ទ្រង់​យាង​ចូល​ប្រទេស​កម្ពុជា​វិញ។​

រយៈពេល​ជាង​១០០​ឆ្នាំ​មក​នេះ​ វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​បាន​បណ្ដុះ​ធនធាន​មនុស្ស​ជា​ច្រើន​សម្រាប់​កម្ពុជា។​ លោក​ ប៉ាត់​ ស៊ុយគ្រី​ ​អតីត​សិស្ស​ម្នាក់​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជា​អតីត​មន្រ្តីមន្ត្រី​រដ្ឋបាល​​ព្រៃ​ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​អ្នក​ស្រាវជ្រាវ​ស្ម័គ្រចិត្ត​កម្ពុជា។​

លោក​ ប៉ាត់​ ស៊ុយគ្រី​ រំលឹក​ពី​ប្រវត្តិ​នៃ​ការ​សិក្សា​របស់​លោក​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ថា​ កាល​ជំនាន់​លោក​ ការ​ប្រឡង​ចូល​រៀន​អាហារ​រូបករណ៍​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​គឺ​មិន​ងាយ​ស្រួល​នោះ​ទេ។​ លោក​ថា​ អ្នក​ដែល​ប្រឡង​ជាប់​ លុះ​ត្រា​តែ​ជា​សិស្ស​ ពូកែៗ​ប្រចាំ​អនុ​វិទ្យាល័យ​នានា។​

លោក​ ប៉ាត់​ ស៊ុយគ្រី​ បាន​រំលឹក​យ៉ាង​ដូច្នេះ​ថា៖​ «សាលា​ស៊ីសុវត្ថិ​នេះ​ជា​សាលា​មួយ​ដែល​ធំ​ជាង​គេ​ មាន​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​លំដាប់​សិស្ស​ចូល​រៀន។​ [ការ​ប្រឡង​ចូល​រៀន]​ពិបាក​ណាស់​ យើង​ត្រូវ​ប្រឡង​មួយ​ស្រុក​ខ្មែរ​ ដើម្បី​ទៅ​ចូល​រៀន​នៅ​សាលា​ព្រះ​ស៊ីសុវត្ថិ​ហ្នឹង។​ ហើយ​នៅ​សម័យ​ហ្នឹង​អ្នក​ដែល​បាន​ចូល​រៀន​ សុទ្ធ​តែ​ជា​អ្នក​[រៀន​បាន]​គ្រាន់​បើ​ ព្រោះ​គេ​បាន​ជ្រើសរើស​ខ្លាំង​ ជា​អ្នក​ពូកែ​ក្នុង​អំឡុង​ឆ្នាំ​១៩៥៤។​ ហើយ​ពេល​ដែល​ចូល​រៀន​ហ្នឹង​បាន​មក​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ពូកែៗ​ ដែល​គេ​មក​ពី​តាម​បណ្តា​ខេត្ត​ អ្នកណា​រៀន​ពូកែ​គេ​ជ្រើសរើស​ឱ្យ​ទៅ​រៀន​នៅ​អាហារ​រូបករណ៍​ មាន​ន័យ​ថា​ នៅ​ក្នុង​សាលា​ហ្នឹង​សុទ្ធ​តែ​ជា​អ្នក​ពូកែៗ​ តែ​ម្តង​ អ្នក​ចេញ​មក​ពី​ខេត្ត​លេខ១​ លេខ២​ អី​ហ្នឹង​ បាន​ចូល​មក​សាលា​ហ្នឹង​បាន»។​

លោក ប៉ាត់ ស៊ុយគ្រី អតីតសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ
លោក ប៉ាត់ ស៊ុយគ្រី អតីតសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ទឹក​មុខ​ពោរពេញ​ដោយ​មោទនភាព​ អតីត​សិស្ស​និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​អ្នក​ស្ម័គ្រចិត្ត​ខ្មែរ​វ័យ​៧៩ឆ្នាំ​ រូប​នេះ​បន្ថែម​ថា​ ក្រោយ​ពី​ការ​ប្រឡង​ដ៏​តឹងតែង​ អតីត​សិស្ស​ទាំងអស់​ត្រូវ​ឆ្លង​កាត់​ការ​សិក្សា​ដ៏​តឹងរ៉ឹង​ផង​ដែរ​ ដូចជា​សិស្ស​ទាំងអស់​ត្រូវ​គោរព​វិន័យ​សាលា​ ចាប់​តាំង​ពី​ម៉ោង​គេង​ ការ​ហូប​ និង​ពេល​សិក្សា​ក្រៅ​ម៉ោង​សិក្សា។​ លោក​ថា​ កត្តា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​សិស្ស​ដែល​ចេញ​ពី​សាលា​នេះ​មាន​សមត្ថភាព​ខ្ពស់។​

លោក​ ប៉ាត់​ ស៊ុយគ្រី​ រំលឹក​ពី​បទ​ពិសោធ​ក្នុង​សាលា​ថា៖​ «គេ​មាន​កន្លែង​បោក​ខោ​អាវ​ឱ្យ​យើង​ នៅ​តាម​គ្រែ​ដាក់​ជា​គ្រែ​ដែក​រៀងៗ​ខ្លួន។​ ខោ​អាវ​គេ​យក​ទៅ​បោក​មួយ​សប្តាហ៍​ម្តង​ គេ​បោក​អ៊ុត​រួច​ហើយ​អស់​ ជួន​កាល​យើង​ទៅ​យក​ខ្លួន​ឯង​ជួន​កាល​គេ​យក​ឱ្យ​យើង​នៅ​តាម​គ្រែ​រៀងៗ​ខ្លួន។​ តាម​ដែល​យើង​រៀន​នៅ​ក្នុង​ហ្នឹង​គឺ​ក្នុង​មួយ​ថ្ងៃ​យើង​ត្រូវ​ទៅ​តាម​ របៀប​នៃ​ការ​រៀន​ហ្នឹង​ ព្រលឹម​ឡើង​ត្រូវ​ភ្ញាក់​ម៉ោង​៥កន្លះ។​ នាំ​គ្នា​ទៅ​ងូត​ទឹក​ ប្រហែល​ជា​ម៉ោង​៥​ជិត​៦​ហ្នឹង​ បាន​គេ​វាយ​អាគាំង​ហៅ​ចូល​ទៅ​ញ៉ាំ​បបរ​ ញ៉ាំ​បបរ​រួច​គេ​ឱ្យ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ពែមីណង់​ (ឬ​បន្ទប់​សិក្សា​ត្រៀម​ចូល​ថ្នាក់)។​ មាន​បន្ទប់​គេ​សម្រាប់​ឱ្យ​រៀន​នៅ​ទី​ហ្នឹង​ពេល​ចូល​រៀន​ហ្នឹង​គឺ​មិន​អោយ​ដើរ​រហេត​រហូត​ទេ​ គឺ​គេ​មាន​ស៊ែមីណង់​ មើល​ថែទាំ​យើង​នៅ​ក្នុង​សាល​ហ្នឹង​ អត់​មាន​ចេញ​ចូល​រហេត​រហូត​ទេ»។​

បន្ថែម​លើ​វិន័យ​សិក្សា​ដ៏​តឹងរ៉ឹង​ ការ​ជួយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​សិស្ស​ខ្លួន​ឯង​ក៏​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​គុណភាព​សិក្សា​នៅ​សាលា​នេះ​មាន​គុណភាព​ខ្ពស់​ផង​ដែរ។​ លោក​ ប៉ាត់​ ស៊ុយគ្រី​ ឱ្យ​ដឹង​ថា​ ក្រៅ​ពី​ការ​សិក្សា​ សិស្ស​អាហារ​រូបករណ៍​ដែល​រៀន​ពូកែ​ជាង​គេ​មាន​តួនាទី​ធ្វើ​ជា​ប្រធាន​និង​ត្រូវ​មាន​សមត្ថភាព​បង្រៀន​លំហាត់​ត្រៀម​ប្រឡង​ដល់​សិស្ស​ក្នុង​ថ្នាក់។​

លោក​ ប៉ាត់​ ស៊ុយគ្រី​ រៀបរាប់​ថា៖​ «គ្រាន់​តែ​ដឹង​ថា​ ឥឡូវ​គ្រូ​ឱ្យ​ប្រធានបទ​អ្វី​សម្រាប់​ថ្នាក់​នោះ​ ចឹង​គ្រាន់​តែ​ឃើញ​ភ្លាម​យើង​ឡើង​ពន្យល់​ប្រាប់​គ្នា​យើង​ភ្លាម​ ឥឡូវ​ថា​ មាន​របៀប​ដោះស្រាយ​យ៉ាង​ម៉េច​ខ្លះ​នៅ​ក្នុង​លំហាត់​នេះ​ នៅ​សម័យ​ហ្នឹង​គឺ​ជួយ​គ្នា​ ដូចថា​ កូន​សិស្ស​ណា​រៀន​ខ្សោយ​ចឹង​ នាំ​គ្នា​ជួយ​គ្នា​ហើយ​អត់​មាន​ប្រកាន់​គ្នា​ទេ។​ ទោះ​មាន​អ្នក​ពូកែ​ឬ​មិន​ពូកែ​ក៏​ដោយ​គឺ​នៅ​ជាមួយ​គ្នា​ ដើម្បី​ជួយ​គ្នា។​ នៅ​ពេល​ហ្នឹង​មាន​សៀវភៅ​ច្រើន​គឺ​សៀវភៅ​ក្នុង​បណ្ណាល័យ។​ ពេល​រៀន​ចំណោត​ អីចឹង​អត់​មើល​សៀវភៅ​តែ​មួយ​ទេ​ គឺ​មើល​សៀវភៅ​៣​ ទៅ​៤​ក្បាល​ ខុស​គ្នា»។​

វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ជា​វិទ្យាល័យ​មួយ​ដែល​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា​ ទាំង​ក្នុង​សម័យ​អាណា​និគម​និយម​បារាំង​ សម័យ​សង្គមរាស្ត្រ​និយម​ និងបច្ចុប្បន្ន។​ ក្រៅ​ពី​លោក​ ប៉ាត់​ ស៊ុយគ្រី​ សាលា​នេះ​បាន​បណ្តុះ​បណ្តាល​វីរជន​ឆ្នើមៗ​ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ជា​អ្នក​ទទួល​បាន​ការងារ​និង​តួនាទី​ខ្ពស់ៗ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ ឯកជន​ ក៏​ដូចជា​ម្ចាស់​មុខ​ជំនួញ​ធំៗ​ ដូចជា​ លោក​ ហង់​ ជួន​ ណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បច្ចុប្បន្ន​ លោក​ ហ៊ុន​ ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​នាយករដ្ឋមន្រ្តី​កម្ពុជា​ និង​ឥស្សរជន​ជាន់​ខ្ពស់​ជាច្រើន​រូប​ទៀត។​

ប្រធាន​ក្រុម​ស្រាវជ្រាវ​ស្ម័គ្រចិត្ត​ខ្មែរ​លោក​ ប៉ាត់​ ស៊ុយគ្រី​ បង្ហាញ​ក្តី​រំពឹង​ថា​ អតីត​សិស្ស​ទាំងអស់​នឹង​សហការ​គ្នា​ជួយ​ជ្រោមជ្រែង​ចែក​រំលែក​ចំណេះដឹង​ក៏​ដូចជា​បទពិសោធ​ផ្សេងៗ​ដល់​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ឱ្យ​មាន​សមត្ថភាព​ច្បាស់​លាស់​ដូច​ពួក​គាត់៕​

ចែករំលែកតាម៖