ពលរដ្ឋភ្ញាក់ផ្អើលនឹងផលិតផលក្លែងក្លាយដ៏ច្រើនលើសលុបដែលខ្លួនកំពុងប្រើ

ពលរដ្ឋភ្ញាក់ផ្អើលនឹងផលិតផលក្លែងក្លាយដ៏ច្រើនលើសលុបដែលខ្លួនកំពុងប្រើ

ផលិតផលក្លែងក្លាយដែលត្រូវកម្ទេចចោល

នេះ​ជា​សំឡេង​ពលរដ្ឋ​ជជែក​គ្នា​ ខណៈ​ពួក​គាត់​បាន​ឃើញ​ផ្ទាល់​ភ្នែក​ការ​កិន​កម្ទេច​ផលិតផល​ក្លែងក្លាយ​ជាង​១០០​តោន​ នៅ​បរិវេណ​តំបន់​ជើងឯក​ ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ដើម​ខែ​មេសា​ ឆ្នាំ​២០១៨។​

ពលរដ្ឋ​មួយ​ចំនួន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​នឹង​ផលិតផល​ក្លែង​ក្លាយ​ដ៏​ច្រើន​លើសលុប​ដែល​កំពុង​ត្រូវ​បាន​គ្រឿងចក្រ​បើក​លើ​កិន​កម្ទេច​ចោល​ ដោយសារ​ទាំង​នេះ​ជា​ផលិតផល​ដែល​ពួក​គាត់​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ។​

អង្គុយ​លើ​ជើងម៉ា​ពណ៌​ស​តម្រៀប​ជា​ជួរ​ក្រោម​រោង​វេទិកា​ដែល​មាន​មនុស្ស​ជា​ច្រើន​រយ​នាក់​ អ្នកស្រី​ ប្រាក់​ សុផល​ លើក​ឡើង​ថា​ បើ​ពុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ អ្នកស្រី​មិន​ដឹង​ថា​ផលិតផល​ទាំង​នេះ​ក្លែងក្លាយ​ដែរ​ព្រោះ​តែ​វា​ដូច​ខ្លាំង​ទៅ​នឹង​របស់​ពិត។​

ពាក់​មួក​ក្រណាត់​បិទ​បាំង​ផ្ទៃ​មុខ​ពី​កម្តៅ​ថ្ងៃ​ស្ត្រី​វ័យ​៦០ឆ្នាំ​រូប​នេះ​បន្ត​ថា​ យន្តការ​បង្ក្រាប​របស់​សមត្ថកិច្ច​នេះ​ពិត​ជា​បាន​ជួយ​ប្រជាពលរដ្ឋ​ច្រើន​ ព្រោះ​អាជ្ញាធរ​ដឹង​ថា​អ្វី​ទៅ​ជា​របស់​សុទ្ធ​ឬ​ក្លែងក្លាយ។​

អ្នកស្រី​ ប្រាក់​ សុផល​ មាន​ប្រសាសន៍​ថា៖​ «ផលិតផល​ពេល​ខ្លះ​ប្រើ​ ពេល​ខ្លះ​អត់​ដែរ​ ប៉ុន្តែ​ពេល​ដែល​យើង​ប្រើ​ យើង​អត់​ដឹង​ទេ​ ថា​លើស​ប៉ុណ្ណា។​ យើង​មើល​តែ​កាល​បរិច្ឆេទ​ អត់​ដឹង​ថា​ដូរ​ឬ​មិន​ដូរ។​ ដល់​ពេល​អ្នក​បច្ចេកទេស​ រក​ឃើញ​ចឹង​ល្អ​មែន​ទែន​ល្អ​ខ្លាំង​ហ្មង»។​

អ្នកស្រី ប្រាក់ សុផល អាជីវករលក់គ្រឿងទេសក្នុងសង្កាត់ជើងឯក
អ្នកស្រី ប្រាក់ សុផល អាជីវករលក់គ្រឿងទេសក្នុងសង្កាត់ជើងឯក

ខិតប័ណ្ណ​ផ្សព្វផ្សាយ​ជា​សាធារណៈ​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(CCCC)​ បាន​ឱ្យ​ដឹង​ថា​ ផលិតផល​ក្លែងក្លាយ​គឺ​សំដៅ​ទៅ​លើ​ផលិតផល​ខូច​គុណភាព​ ផលិតផល​បន្លំ​គុណភាព​ ផលិតផល​វេច​ខ្ចប់​ឬ​ស្តុក​ទុក​មិន​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស។​

ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ទៀត​ថា​ គេ​ក៏​អាច​ចាត់​ទុក​ជា​ផលិតផល​ក្លែងក្លាយ​បាន​ផង​ដែរ​ ចំពោះ​ផលិតផល​ហួស​សុពលភាព​នៃ​ការ​ប្រើប្រាស់​ រួម​នឹង​ផលិតផល​នាំ​ចូល​និង​ផលិត​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច។​

មិន​ខុស​គ្នា​ពី​អ្នកស្រី​ ប្រាក់​ សុផល​ អាជីវករ​លក់​គ្រឿងទេស​ក្នុង​សង្កាត់​ជើងឯក​ អ្នកស្រី​ សោម​ កេន​ ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ក៏​បង្ហាញ​ពី​ការ​ហួស​ចិត្ត​ផង​ដែរ។​ អ្នកស្រី​ថា​ កន្លង​ទៅ​អ្នកស្រី​ធ្លាប់​តែ​ទទួល​ផលិតផល​មួយ​ចំនួន​ពី​ឈ្មួញ​ដឹក​តាម​ម៉ូតូ​យក​មក​លក់​បន្ត​ ហើយ​របស់​របរ​ដែល​ទទួល​លក់​នោះ​មួយ​ចំនួន​មាន​នៅ​ក្នុង​ចំណោម​ផលិតផល​ក្លែងក្លាយ​ដែល​សមត្ថកិច្ច​កំពុង​កិន​កម្ទេច​នេះ​ដែរ។​

ក្លាយ​ជា​អ្នក​លក់​ផលិតផល​ក្លែងក្លាយ​ដោយ​មិន​ដឹង​ខ្លួន​ ស្ត្រី​សម្បុរ​ស្រអែម​ រាង​ស្តើង​រូប​នេះ​ អះអាង​ថា​ ចាប់​ពី​ពេល​នេះ​ទៅ​ អ្នកស្រី​នឹង​ប្រុង​ប្រយ័ត្ន​ជាង​មុន​ ហើយ​ក៏​ឈប់​ប្រើប្រាស់​និង​បន្ត​លក់​របស់​ទាំងអស់​នេះ​ទៀត​ដែរ។​

អ្នកស្រី​បន្ត​ថា៖​ «ចាំ​មើល​ខ្ញុំ​ពិនិត្យ​មើល​សិន។​ ទៅ​ដល់​ផ្ទះ​ពិនិត្យ​មើល​ ចាំ​បោះចោល​ នៅ​សល់​តិច​ដែរ​ទេ​ ពីរ​បី​ខ្សែ​ប៉ុណ្ណឹង​ឯង។​ ព្រោះ​បារម្ភ​ខ្លាច​ក្មេងៗ​ យក​ទៅ​លាប​មាន​គ្រោះថ្នាក់»។​

លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ
លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ

យ៉ាង​ណា​មិញ​ ពលរដ្ឋ​នៅ​តែ​ពិបាក​ចែក​ដាច់​រវាង​ផលិតផល​ក្លែងក្លាយ​និង​ផលិតផល​ពិត​បើ​ទោះ​ពួក​គាត់​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​គំនរ​ផលិតផល​ក្លែងក្លាយ​ទាំង​នេះ​ក្តី។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ មៀច​ សុផាន់ណា​ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ។​

លោក​ មៀច​ សុផាន់ណា​ បន្ត​ថា​ ផលិតផល​ក្លែងក្លាយ​ទាំង​នេះ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ អ្នក​ប្រើប្រាស់​ ខាតបង់​ពេល​វេលា​និង​ប្រាក់​កាស​យ៉ាង​ច្រើន​ ខណៈ​ពួក​ឈ្មួញ​ដែល​ចរាចរ​ផលិតផល​ក្លែងក្លាយ​ទាំង​នេះ​អាច​រក​ប្រាក់​ចំណេញ​បាន​យ៉ាង​ច្រើន​លើសលុប។​

លោក​ មៀច​ សុផាន់ណា​ មាន​ប្រសាសន៍​ថា៖​ «ទោះបី​មាន​ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ពី​បណ្តា​សមត្ថកិច្ច​អ្នក​អនុវត្ត​ច្បាប់​យ៉ាង​ណា​ក៏​ដោយ​ ក៏​ជនល្មើស​នៅ​តែ​ព្យាយាម​បន្ត​ប្រព្រឹត្ត​ ពី​ព្រោះ​ថា​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ពី​សំណាក់​អង្គការ​អន្តរជាតិ​នានា​បាន​បង្ហាញ​ថា​ ឧក្រិដ្ឋជន​បាន​ចរាចរ​ចែក​ចាយ​លើ​ផលិតផល​ក្លែងក្លាយ​ដែល​មាន​ហានិភ័យ​ខ្ពស់​ បារី​ សុរា​ ឱសថ​ក្លែងក្លាយ​ និង​គ្រឿង​សម្អាង​ក្លែងក្លាយ​ជា​ដើម។​ គេ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​រាប់​រយ​ដង​ បើ​ប្រៀប​ធៀប​នឹង​បទល្មើស​ដទៃ​ទៀត។​ ហើយ​ចំពោះ​ការ​ដាក់​ទោស​ទណ្ឌ​ទៀត​សោត​ នៅ​មាន​កម្រិត​ស្រាល​នៅ​ឡើយ»។​

នៅ​ក្នុង​ឆ្នាំ​២០១៧​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​បង្ក្រាប​បទល្មើស​ចំនួន​១៩​ករណី​ រឹប​អូស​បាន​វត្ថុតាង​សរុប​ចំនួន​ជិត​៦រយ​តោន​(៥៩៧,៥តោន)​ ឃាត់​ខ្លួន​មនុស្ស​ចំនួន​៦នាក់​ រួច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។​ បទល្មើស​ទាំង​១៩​ករណី​នេះ​រួម​មាន​បទល្មើស​នាំ​ចូល​ ស្ដុក​ទុក​ និង​ចែកចាយ​ផលិតផល​ គ្រឿង​សម្អាង​ក្លែងក្លាយ​ខុសច្បាប់​នាំ​ចូល​ ស្ដុក​ទុក​និង​ចែកចាយ​សារធាតុ​គីមី​ខុស​ច្បាប់​ កែច្នៃ​និង​ចែកចាយ​ផលិតផល​ពី​សាច់​សត្វ​ដោយ​ខុស​ច្បាប់​ ផលិតផល​ទឹក​ស៊ីអ៊ីវ​ ទឹក​សៀង​ ទឹក​ម្ទេស​ ទឹក​ខ្មេះ​ ប្រេង​ខ្យល់​ និង​កែច្នៃ​គ្មាន​ស្ដង់ដា​និង​គ្មាន​អនាម័យ។​ល។​

រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា​៧២​ចែង​ថា​ រដ្ឋាភិបាល​ត្រូវ​ហាម​ឃាត់​ ត្រូវ​ផ្តន្ទាទោស​ជា​ទម្ងន់​ដល់​ជន​ណា​ដែល​នាំ​ចូល​ផលិតផល​ទំនិញ​ក្លែង​ក្លាយ​ ហួស​រយៈពេល​ប្រើ​ដែល​ប៉ះពាល់​ដល់​សុខភាព​និង​ជីវិត​អ្នក​ប្រើប្រាស់៕

ចែករំលែកតាម៖