ឪពុកម្តាយគប្បីលើកទឹកចិត្តកូន ខណៈពួកគេមានអារម្មណ៍តានតឹង

ឪពុកម្តាយគប្បីលើកទឹកចិត្តកូន ខណៈពួកគេមានអារម្មណ៍តានតឹង

ម្ដាយនិងកូនចូលរួមក្នុងសិក្ខាសិលាស្ដីពីសុខភាពកុមារ

ការ​លើក​ទឹក​ចិត្ត​កូន​តូច ខណៈ​ពួក​គេ​មាន​អារម្មណ៍​តាន​តឹង ឬ​ខឹង​ក្រេវក្រោធ មិន​ព្រម​ស្តាប់​តាម​បង្គាប់​នោះ គឺ​ជា​ដំណោះស្រាយ​ដំបូង​បង្អស់​ដែល​អាណា​ព្យាបាល​គប្បី​អនុវត្ត។ ការ​អនុវត្ត​នេះ គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កែប្រែ​ពួក​គេ​ឱ្យ​ក្លាយ​ទៅ​ជា​កូន​ល្អ មនុស្ស​ល្អ​នា​ពេល​អនាគត។ នេះ​បើ​តាម​ការ​អះអាង​ដោយ​អ្នក​ជំនាញ​ផ្នែក​អប់រំ​កុមារ​តូច។​

ដោយ​ឡែក ការ​ដាក់​ទោស​ទន្ទ​ដោយ​ប្រើ​ហឹង្សា ឬ​ការ​ស្រែក​សម្លុត​ព្រមាន​កូន​តូច ខណៈ​ពួក​គេ​បាន​បង្កើត​នូវ​កំហុស គឺ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព​មិន​ល្អ​និង​ធ្វើ​ឱ្យ​កុមារ​មាន​ការ​ចងចាំ​ដក់​ជាប់​ក្នុង​ចិត្ត ព្រម​ទាំង​អាច​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នូវ​ផល​អវិជ្ជមាន​ជា​ច្រើន​ទៀត​ដូចជា ការ​ភ័យ​ខ្លាច ឆាប់​ខឹង​ក្រេវក្រោធ កាន់​តែ​មាន​ភាព​តាន​តឹង​ក្នុង​ខ្លួន ឬ​ពេល​ខ្លះ​ស្រែក​ឡូឡា​មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ​ជា​ដើម។ ពិសេស​ទៀត​នោះ​កុមារ​ក៏​អាច​រង​ផល​ប៉ះពាល់​ទៅ​ដល់​សតិ​អារម្មណ៍ ឬ​ប្រព័ន្ធ​ខួរក្បាល​ថែម​ទៀត​ផង។

លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច​ស៊ីជីដា​កម្ពុជា៖ «ខ្ញុំ​ជឿ​ថា អ្នក​ណា​ក៏​ត្រូវ​ការ​កម្លាំង​ចិត្ត ក្តី​ស្រឡាញ់​ដែរ តែ​ផ្ទុយ​ទៅ​វិញ​បើ​យើង​បន្ទោស​គាត់ ស្តី​ឱ្យ​គាត់ គឺ​គាត់​លែង​ហ៊ាន​[ធ្វើ]​ហើយ ថ្ងៃ​ក្រោយ​ចេះ​កុហក​ចេះ​អី​ទៀត កូន​ក្មេង ហេតុអី​បានជា​ចេះ​កុហក​ អត់​ទំនប់​ចិត្ត​លើ​ឪពុក​ម្តាយ​ តើ​គាត់​ខ្លាច​ការ​ស្តី​បន្ទោស ខ្លាច​ម៉ាក់​វ៉ៃ (អ៊ី)ចឹង ថ្ងៃ​ក្រោយ​គាត់​ចេះ​កុហក​ទៀត។ (អ៊ី)ចឹង វា​មាន​រឿង​ច្រើន (អ៊ី)ចឹង​បាន​សូម​ឱ្យ​របៀប​ដែល​យើង​ចិញ្ចឹម​កូន​ប្រើ​ឱ្យ​អស់​នូវ​សេចក្តី​ស្រឡាញ់ ប្រើ​ឱ្យ​អស់​នូវ​ការ​សរសើរ​ចោល​ទេ ប៉ុន្តែ​ជា​ការ​សរសើរ​លើក​ទឹក​ចិត្ត​គាត់​ខំ​ប្រឹង​ប្រែង»។

លោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា
លោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា

ភាព​តានតឹង គឺ​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​ដែល​អាច​កើត​ឡើង ចំពោះ​កុមារ​គ្រប់​ពេល​ទាំងអស់ ប្រសិនបើ​អាណា​ព្យាបាល​មិន​បាន​យល់​អំពី​សញ្ញា​នៃ​ភាព​តានតឹង​របស់​កូន​តូច​ដែល​មិន​ទាន់​ចេះ​និយាយ​នោះ។​

វេជ្ជបណ្ឌិត សេង សាម៉ន ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក៖ «ពេល​ដែល​ប្រឈម​មុខងារ​ជាមួយ​ហ្នឹង​នឹង​ការ​គំរាម​កំហែង គឺ​វា​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​គាត់ ជាពិសេស​រាងកាយ បញ្ញា​ និង​អារម្មណ៍ ការ​បាត់បង់​សមត្ថភាព​អី​ផ្សេងៗ ហើយ​នឹង​ការ​ចងចាំ​របស់​គាត់​មាន​ភាព​ថយចុះ ឬ​ក៏​ការ​ភ័យ​ខ្លាច​របស់​គាត់​មាន​ការ​កើន​ឡើង ទាក់ទង​នឹង​អារម្មណ៍»។

វេជ្ជបណ្ឌិត​ជំនាញ​សុខភាព​កុមាររូប​នេះ​បាន​ស្នើ​ឱ្យ​មាតា​បិតា​ត្រូវ​កត់​សម្គាល់​អំពី​សញ្ញា​នៃ​ភាព​តាន​តឹង​របស់​កុមារ​តាមរយៈ​ចង្វាក់​បេះដូង​ដើរ​លឿន មាន​ភាព​ភ័យ​ខ្លាច សម្ពាធ​ឈាម​ឡើង យំ​មិន​ឈប់ មិន​រវល់​លេង​អ្វី​ទាំងអស់ ទឹក​មុខ​ស្ងួត ចេញ​រោគ​សញ្ញា​ក្រហម​ពេញ​មុខ​មាត់ ហើយ​មាន​ភាព​រញ៉េរញ៉ៃ​ជាដើម៕

ចែករំលែកតាម៖