ស្ករត្នោតខ្មែរពិសេសត្រង់មិនមានបន្សល់កាកសំណល់ប៉ះពាល់ដល់សុខភាព

ស្ករត្នោតខ្មែរពិសេសត្រង់មិនមានបន្សល់កាកសំណល់ប៉ះពាល់ដល់សុខភាព

ស្ករត្នោត

ស្ករ​ត្នោត​ជា​ប្រភេទ​ស្ករ​ម្យ៉ាង​រម្ងាស់​ចេញ​ពី​ទឹក​ត្នោត​ផ្អែម​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​អស់​រយៈពេល​ជា​យូរ​ណាស់​មក​ហើយ។ មុន​នឹង​ទទួល​បាន​ស្ករ​ត្នោត កសិករ​ត្រូវ​ឡើង​ត្នោត​ដើម្បី​គាប​ផ្កា​ត្នោត​យក​ទឹក​មក​រម្ងាស់​នៅ​លើ​ភ្លើង​រយៈពេល​ច្រើន​ម៉ោង ដោយ​កូរ​រហូត​ក្លាយ​ជា​ស្ករ​ខាប់​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ជាប់​មាត់។

ខេត្ត​ដែល​ផលិត​ស្ករ​ត្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ដូចជា ខេត្ត​កណ្តាល កំពង់ស្ពឺ ព្រៃវែង​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត។ ក្នុង​ចំណោម​ខេត្ត​ទាំង​នេះ ផលិតផល​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន ទទួល​ស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្រ្ត GI (Geographical Identification) កាល​ពី​ឆ្នាំ​២០១០ ក្រោម​កិច្ច​ព្រមព្រៀង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) ហើយ​ស្ករ​ត្នោត​ដែល​ផលិត​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​មិន​អាច​ប្រើ​ឈ្មោះ​នេះ​បាន​នោះ​ទេ។

រសជាតិ​ផ្អែម​ឆ្ងាញ់​របស់​ស្ករ​ត្នោត​កំពង់ស្ពឺ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​តាមរយៈ​ក្រុមហ៊ុន​ខន់ហ្វីរ៉ែល (Confirel) ហើយ​អតិថិជន​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ​បាន​ទទួល​ស្គាល់​គុណភាព​និង​រសជាតិ​នេះ។

ឱសថបណ្ឌិត ហៃ លីអៀង អគ្គនាយកក្រុមហ៊ុនខន់ហ្វីរ៉ែល
ឱសថបណ្ឌិត ហៃ លីអៀង អគ្គនាយកក្រុមហ៊ុនខន់ហ្វីរ៉ែល

ឱសថបណ្ឌិត ហៃ លីអៀង អគ្គនាយក​ក្រុមហ៊ុន​ខន់ហ្វីរ៉ែល មាន​ប្រសាសន៍​ថា ក្រៅ​ពី​ជា​ក្រុមហ៊ុន​ដែល​ផលិត​ឱសថ​ដំបូង​គេ​នៅ​កម្ពុជា ខន់ហ្វីរ៉ែល​ក៏​ជា​ក្រុមហ៊ុន​កែច្នៃ​ផលិតផល​ក្នុង​ស្រុក​ឱ្យ​ក្លាយ​ទៅ​ជា​ផលិតផល​ដែល​មាន​គុណភាព​ល្អ​ចែកចាយ​នៅ​លើ​ទីផ្សារ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​ផលិតផល​ស្ករ​ត្នោត​ត្រូវ​បាន​កែច្នៃ​ជា​ផលិតផល​សម្រាប់​បរិភោគ​ជាច្រើន​ប្រភេទ​ដូចជា ស្ករ​គ្រាប់ ស្ករ​សូកូឡា ស្ករ​កញ្ចប់​សម្រាប់​ឆុង​កាហ្វេ និង​ផលិតផល​ផ្សេងៗ​ទៀត​ដោយ​មាន​ការ​វេច​ខ្ចប់​ទៅ​តាម​ស្តង់ដា។

ឱសថបណ្ឌិត​រូប​នេះ​បន្ថែម​ថា នៅ​ឆ្នាំ​២០០៥​ជា​ឆ្នាំ​ដំបូង​ដែល​ស្ករ​ត្នោត​កម្ពុជា​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ទាំង​រសជាតិ​និង​គុណភាព ដោយ​គេ​ចាត់​ទុក​ជា​ផលិតផល​ល្អ​លេខ​មួយ​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

លោក ហៃ លីអៀង មាន​ប្រសាសន៍​ថា៖ «គេ​ចាត់​ទុក​ជា​ផលិតផល​លេខ​មួយ នូវ​ផលិតផល​ធម្មជាតិ organic ​លេខ​មួយ​នៅ​ប្រទេស​អឺរ៉ុប។ យើង​បាន​ទទួល​ពាន​មាស ហើយ​បន្ទាប់​មក​ទៀត​ស្ករ​ត្នោត​យើង​ដដែល​ហ្នឹង​ក៏​បាន​ទទួល​នូវ​ពាន​មាស នៅ​ឆ្នាំ​២០១៦ នៅ​ក្នុង​ទីក្រុង​តូក្យូ​ជា​ផលិតផល​ឆ្នើម ហើយ​ថ្មីៗ​នេះ ចុង​ឆ្នាំ​២០១៧ យើង​បាន​ប្រទេស​ក្នុង​អាស៊ាន​ចាត់​ទុក​ជា​ផលិតផល​ឆ្នើម»។

លោក ហៃ លីអៀង បន្ថែម​ទៀត​ថា ជា​ធម្មតា​ក្នុង​ស្ករ​គេ​កំណត់​បរិមាណ​ជាតិ​ស្ករ​ជា​១០០​ភាគ ហើយ​អាំងស៊ុយលីន​(កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម)​របស់​សារពាង្គកាយ​មនុស្ស​ចាប់​យក​បាន​តែ​៦០%​ប៉ុណ្ណោះ។ ដូច្នេះ​សារធាតុ​ស្ករ​ដែល​នៅ​សល់​៤០​ភាគរយ​ទៀត​នឹង​បញ្ចេញ​ទៅ​ក្នុង​សារពាង្គកាយ​មនុស្ស។ កាក​សំណល់​ដែល​នៅ​សល់​ប្រមាណ​ជា​៤០​ភាគរយ​ទៀត​អាច​នឹង​បង្ក​ទៅ​ជា​ជំងឺ​ផ្សេងៗ​ដូចជា​ទឹក​នោម​ផ្អែម​ជា​ដើម។

ទឹកស៊ីរ៉ូស្ករត្នោត
ទឹកស៊ីរ៉ូស្ករត្នោត

ឱសថបណ្ឌិត​រូប​នេះ​សង្កត់​ធ្ងន់​ថា ដោយ​ឡែក​នៅ​ក្នុង​ស្ករ​ត្នោត​ខ្មែរ​មាន​លក្ខណៈ​ពិសេស​ជាង​ស្ករ​ធម្មតា។ ពិសេស​ត្រង់​ថា អាំងស៊ុយលីន​(កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម) របស់​សារពាង្គកាយ​មនុស្ស​ចាប់​យក​ស្ករ​បាន​តែ​៦០%​ដូចគ្នា តែ​សមាសធាតុ​ស្ករ​ត្នោត ដែល​នៅ​សល់​៤០​ភាគរយ​ទៀត​នឹង​ទៅ​បំពេញ​តម្រូវការ​រាង្គកាយ​តាម​ក្រោយ​ទៀត គឺ​មិន​បញ្ចេញ​ទៅ​ក្នុង​សារពាង្គកាយ​ភ្លាមៗ​ដូច​ស្ករ​ធម្មតា​នោះ​ទេ។

ឱសថបណ្ឌិត ហៃ លីអៀង ពន្យល់​ដូច​នេះ​ថា៖ «យើង​ដឹង​ហើយ​នៅ​ក្នុង​ខ្លួន​យើង​គ្មាន​ធុង​សំរាម​ទេ។ (អ៊ី)ចឹង​ជាតិ​ស្ករ​ហ្នឹង​វា​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ផលិតផល​ផ្សេងៗ​ទៀត​ដើម្បី​បង្កើត​នូវ​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​យើង។ ស្ករ​ត្នោត​យើង​ហ្នឹង​ដោយសារ​តែ​វា​មាន​ស្ករ​ទៅ​មុន​និង​ស្ករ​ទៅ​ក្រោយ។ វា​ធ្វើ​ឱ្យ​ស្ករ​ដែល​ទៅ​ក្រោយ​ហ្នឹង​វា​មិន​នៅ​សេសសល់​យក​ទៅ​បោះ​ចោល​ទេ។ ក្រៅ​ពី​នោះ​ទៀត​ នៅ​ក្នុង​ស្ករ​ត្នោត​យើង​ហ្នឹង​ វា​ខុស​ពី​ស្ករ​ធម្មតា ដែល​វា​អត់​មាន​អ្វី​សោះ ក្រៅ​តែ​ពី​ជាតិ​ស្ករ។ នៅ​ក្នុង​ស្ករ​យើង​ហ្នឹង​[ស្ករ​ត្នោត] វា​មាន​ដូចជា​ជាតិ​រ៉ែ ជាតិ​ម៉ាញ៉េស្យូម ជាពិសេស​ជាតិ​ ច្រើន​ជាង​គេ Polyphenols (ដែល​មាន​តួនាទី​ស្រដៀង​ទៅ​នឹង​អុកស៊ីដង់​ជួយ​ដល់​សារពាង្គកាយ​ទប់ស្កាត់​ភាព​ចាស់​ជ្រីវជ្រួញ) ដោយ​សារធាតុ​ទាំងអស់​ហ្នឹង​ហើយ​ដែល​គេ​ទទួល​ស្គាល់​ថា ស្ករ​ត្នោត​យើង​មិន​មែន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់ គ្មាន​អ្វី​ប្រដូច​បាន​នោះ​ទេ គឺ​ធំ​បំផុត​ទៀត​ ឆ្ងាញ់​ហើយ​ផ្តល់​សុខភាព​ ហ្នឹង​ដែល​យើង​មិន​ដឹង»។

ឱសថបណ្ឌិត ហៃ លីអៀង បន្ថែម​ថា គុណ​តម្លៃ​នៃ​ស្ករ​ត្នោត​ខ្មែរ​ស្ទើរ​តែ​គ្មាន​អ្វី​មក​ប្រដូច​បាន តែ​អ្វី​ជា​ការ​ព្រួយ​បារម្ភ​គឺ​ការ​យក​ស្ករ​ត្នោត​សុទ្ធ​ទៅ​លាយនឹង​វត្ថុ​ធាតុ​ដើម​ផ្សេងៗ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់។

ឱសថបណ្ឌិត​រូប​នេះនិយាយ​ថា៖ «សព្វថ្ងៃ​យើង​កំពុង​យក​ស្ករ​ត្នោត​ដែល​ផ្តល់​សុខភាព​ហ្នឹង​ឱ្យ​ក្លាយ​ទៅ​ជា​ស្ករ​ត្នោត​ដែល​មាន​ជាតិ​ពុល។ ហ្នឹង​គឺ​ជា​ទោស​ធ្ងន់​ណាស់ និយាយ​ឱ្យ​មែនទែន​ទៅ​គឺ​ជា​ទោស​ធ្ងន់​ណាស់​មិនមែន​ត្រឹម​តែ​ស្ករ​ត្នោត​ក្លែងក្លាយ​ធម្មតា​ទេ ពីព្រោះ​យើង​ធ្វើ​ដោយ​ចេតនា»។

រដ្ឋធម្មនុញ្ញ​មាត្រា​៧២​ចែង​ថា រដ្ឋាភិបាល​ត្រូវ​ហាម​ឃាត់ ត្រូវ​ផ្តន្ទាទោស​ជា​ទម្ងន់​ដល់​ជន​ណា​ដែល​នាំ​ចូល​ផលិតផល​ទំនិញ​ក្លែងក្លាយ ហួសរ​យៈពេល​ប្រើ​ដែល​ប៉ះពាល់​ដល់​សុខភាព​និង​ជីវិត​អ្នក​ប្រើប្រាស់។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក ហៃ លីអៀង បាន​បង្ហាញ​ក្តី​បារម្ភ​ថា ស្ករ​ត្នោត​នៅ​កម្ពុជា​អាច​ជួប​បញ្ហា​ប្រឈម ដោយសារ​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​ការ​ផលិត​ព្រោះ​មិន​មាន​យុវជន​ជំនាន់​ក្រោយ​ស្នង​ជំនាញ​នេះ។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​មាន​តែ​រដ្ឋាភិបាល​ដែល​អាច​ពង្រឹង​វិធានការ​ច្បាប់​ដើម្បី​ទប់ស្កាត់​ការ​ផលិត​ផលិតផល​ស្ករ​ត្នោត​ក្លែងក្លាយ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ជួយ​គាំទ្រ​ស្ករ​ត្នោត​សុទ្ធ ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផលិត៕

ស្ដាប់បទសម្ភាសទាំងស្រុង​ជាមួយឱសថបណ្ឌិត ហៃ លីអៀង៖

ចែករំលែកតាម៖