តើកសិករខ្មែរគួរធ្វើដូចម្តេចដើម្បីកុំឱ្យរងគ្រោះដោយសារបន្លែធ្លាក់ថ្លៃ?

តើកសិករខ្មែរគួរធ្វើដូចម្តេចដើម្បីកុំឱ្យរងគ្រោះដោយសារបន្លែធ្លាក់ថ្លៃ?

កសិករ​កាត់​បន្លែស្ពៃតឿ

កសិករ​មួយ​ក្រុម​ក្នុង​ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល​កំពុង​កាត់​បន្លែ​បណ្ដើរ​ពិភាក្សា​គ្នា​បណ្ដើរ​ពី​បញ្ហា​ទីផ្សារ​បន្លែ​ខាត់ណា​និង​ស្ពៃតឿ​ដែល​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​នៅ​ផ្សារ​ដើម​គ។ លោក លី ខេង វ័យ​២៣​ឆ្នាំ​ជា​កសិករ​ដាំ​បន្លែ​និង​ជា​អ្នក​ដឹក​បន្លែ​ទៅ​លក់​ផ្ទាល់​នៅ​ទីផ្សារ​ដើមគ​រៀបរាប់​ថា ស្ទើរ​តែ​រៀងរាល់​ឆ្នាំ​នៅ​ពេល​ដល់​ខែ​កក្កដា​គឺ​បន្លែ​ចាប់​ផ្តើម​ធ្លាក់​ថ្លៃ​ជា​ញឹកញាប់។

លោក​ថា នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨ បន្លែ​ស្ពៃ​តឿ​និង​ខាត់ណា​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​រហូត​ដល់​៤០០​ទៅ​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ស្ទើរ​តែ​មិន​មាន​ឈ្មួញ​ចុះ​ទិញ​ដល់​កន្លែង​ដូច​មុន​នោះ​ទេ ដែល​តម្រូវ​ឱ្យ​កសិករ​ត្រូវ​កាត់​លក់​នៅ​លើ​ទីផ្សារ​ខ្លួនឯង។

លោក លី ខេង មាន​ប្រសាសន៍​ថា៖ «បន្លែដូចជាស្ពៃតឿ កាត់រាល់ថ្ងៃតម្លៃ ពី១៥០០​រៀល ទៅ២០០០​រៀល [ក្នុងមួយគីឡូក្រាម] គឺរួចខ្លួន។ យើងចំណេញដែរតែ​តិចតួចគ្រាន់ទប់ទល់ តែ​ឥឡូវនេះ ម្ចាស់ចម្ការ ខាតមែនទែនហ្មង លង់​ខ្លួនកាត់​ឱ្យតែ​អស់ពីដី»

មិនមែន​តែ​លោក លី ខេង ម្នាក់​ឯង​នោះ​ទេ​ដែល​ជួប​បញ្ហា​តម្លៃ​បន្លែ​ធ្លាក់​ចុះ​នេះ។ កសិករ​ដាំ​បន្លែ​ក្នុង​ឃុំ​នេះ​បាន​អះអាង​ស្រដៀង​គ្នា​ថា ការ​ដាំ​ដំណាំ​បន្លែ​នេះ​ជួន​កាល​ជួប​ថ្លៃ​ខ្លាំង​ហើយ​បន្លែ​មាន​អាយុកាល​ពី​២​ទៅ​៣​ខែ ទទួល​បាន​ប្រាក់​ចំណេញ​៤​ទៅ​៥​លាន​រៀល តែ​បើ​ធ្លាក់​ចុះ​ថោក​វិញ​គឺ​ខាត​បង់​ខ្លាំង។ កសិករ​ទាំង​នោះ​បន្ថែម​ថា ពេល​ខ្លះ​គឺ​លក់​មិន​ដាច់​ត្រូវ​ដឹក​យក​ទៅ​ចាក់​ចោល។

លោក លី ខេង កសិករ​ដាំ​បន្លែ​និង​ជា​អ្នក​ដឹក​បន្លែ​ទៅ​លក់​ផ្ទាល់​នៅ​ទីផ្សារ​ដើមគ
លោក លី ខេង កសិករ​ដាំ​បន្លែ​និង​ជា​អ្នក​ដឹក​បន្លែ​ទៅ​លក់​ផ្ទាល់​នៅ​ទីផ្សារ​ដើមគ

កសិករ​មួយ​រូប​ទៀត​គឺ​លោក ខៀវ វ៉ន មាន​ប្រសាសន៍​ថា តាម​បទពិសោធ​ក្នុង​ការ​ដាំ​បន្លែ​ច្រើន​ឆ្នាំ​កន្លង​មក ការ​ដាំ​ដុះ​បន្លែ​ជា​មធ្យម​ត្រូវ​ចំណាយ​ដើម​ទុន​ចន្លោះ​ពី​៤​លាន​រៀល​ទៅ​ជាង​១០​លាន​រៀល​ក្នុង​ផ្ទៃដី​កន្លះ​ហិកតា។ លោក​បន្ថែម​ថា កសិករ​ត្រូវ​ចំណាយ​ទៅ​លើ​ការ​រៀបចំ​ដី គ្រាប់​ពូជ ថ្នាំ​សម្លាប់​សត្វ​ល្អិត កម្លាំង​ពលកម្ម​លើក​រង ដក​ស្មៅ កាត់​បន្លែ ជាដើម ក្នុង​មួយ​ថ្ងៃ​ក្នុង​កម្លាំង​ពលកម្ម​ម្នាក់​ត្រូវ​ចំណាយ​ចាប់​ពី​ជាង​២​ម៉ឺន​រៀល​ដល់​៣​ម៉ឺន​រៀល។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​គាំទ្រ​ផលិតកម្ម​គ្រាប់​ពូជ​បន្លែ​នៅ​ស្ថានីយ​ស្រាវជ្រាវ​ដំណាំ​បន្លែ​ក្បាល​កោះ​របស់​អង្គការ​អភិវឌ្ឍន៍​កសិកម្ម​ពិភពលោក (FAO) បាន​ប៉ាន់​ប្រមាណ​ថា ប្រទេស​កម្ពុជា​ត្រូវ​ការ​ការ​ផ្គត់ផ្គង់​បន្លែ​រហូត​ដល់​៤៩០០០០​តោន​ក្នុង​មួយ​ឆ្នាំ  ដើម្បី​បំពេញ​តម្រូវ​ការ​ហូប​ចុក​ក្នុង​ប្រទេស ខណៈ បន្លែ​ប្រមាណ​៧០​ភាគរយ​ត្រូវ​បាន​បំពេញ​តម្រូវការ​តាមរយៈ​ការ​នាំ​ចូល។ កត្តា​នេះ​គឺ​ជា​ការ​ហូរ​ចេញ​នូវ​ធនធាន​រូបិយវត្ថុ​ទៅ​ក្រៅ​ប្រទេស​និង​បាត់​បង់​ឱកាស​រក​ចំណូល​សម្រាប់​កសិករ​ខ្មែរ។

ស្ថិតិ​នៃ​ការ​ដាំ​ដុះ​បន្លែ​ដែល​ប្រមូល​និង​ចង​ក្រង​ដោយ​នាយកដ្ឋាន​ផែនការ​និង​ស្ថិតិ​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ផ្ទៃដី​ដាំ​ដុះ​បន្លែ​គ្រប់​ប្រភេទ​ធ្លាក់​ចុះ​៣០៦៩ (ជាង​៣​ពាន់) ហិកតា ដោយ​នៅ​ឆ្នាំ​២០១៦ ផ្ទៃដី​ដាំ​ដុះ​បន្លែ​គ្រប់​ប្រភេទ​មាន​រហូត​ដល់ ១២៥៨១ (ជាង​១​ម៉ឺន​២​ពាន់) ហិកតា ខណៈ​ផ្ទៃ​ដី​ដាំ​ដុះ​បន្លែ​នៅ​ឆ្នាំ​២០១៧ មាន​ត្រឹម​តែ​៩៥១២ (ជិត​១​ម៉ឺន) ហិកតា​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ កសិករ​ដាំ​បន្លែ​ជា​ច្រើន​រូប​ក្នុង​ខេត្ត​កណ្តាល​អះអាង​ស្រដៀង​គ្នា​ថា ពួក​គាត់​មិន​បាន​ដឹង​ពី​តម្លៃ​ទីផ្សារ និង​ប្រភេទ​ដំណាំ​ដែល​ត្រូវ​ដាំ​ដុះ មុន​នឹង​ពួក​គាត់​ចាប់​ផ្តើម​ដាំ​នោះ​ទេ គឺ​ដាំ​តាម​គ្នា​តែ​ប៉ុណ្ណោះ។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា កសិករ​គួរ​កែ​ទម្លាប់​ពី​ការ​ដាំ​បន្លែ​តាម​ប្រពៃណី គឺ​ការ​ដាំ​បន្លែ​តាម​គ្នា​និង​ការ​ដាំ​ដែល​មិន​បាន​សិក្សា​ពី​ទីផ្សារ។ លោក​បន្ថែម​ថា កសិករ​ត្រូវ​ដាំ​ដុះ​ឱ្យ​ត្រូវ​ទីផ្សារ​ជាពិសេស​រដូវ​បុណ្យ​ទាន​ដែល​មាន​តម្រូវការ​ខ្ពស់។

លោក ហ៊ាន វណ្ណហន បាន​ឱ្យ​ជា​យោបល់​ថា៖ «[ដាក់]​កាលវិភាគ​ឱ្យ​បាន​ច្បាស់លាស់។ តើ​បន្លែ​ខែ​ណា​ត្រូវ​ការ​ច្រើន? បន្លែ​ខែ​ណា​ត្រូវ​ការ​តិច? ជាទូទៅ​បន្លែ​ដែល​ត្រូវ​ផ្គត់​ផ្គង់​ត្រូវ​ឱ្យ​វា​មាន​ថេរ។ ថេរ​យ៉ាង​ម៉េច គឺ​យើង​ត្រូវ​សម្លឹង​មើល​ថា តើ​បន្លែ​របស់​យើង​ត្រូវ​ផ្គត់​ផ្គង់​ទៅ​ក្នុង​ទីផ្សារ​ណា? ហើយ​ការ​ដែល​ទៅ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​នោះ​មាន​អ្នកណា​ខ្លះ​ដែល​ដាំ។ ហើយ​បើ​គេ​ដាំ​អ្វី? តើ​យើង​គួរ​ដាំ​អ្វី? ហើយ​បើ​ដាំ​ជាន់​គ្នា វា​ផ្ទួន​គ្នា ប្រភេទ​តែ​មួយ អាហ្នឹង​វា​ធ្វើ​ឱ្យ​តម្លៃ​បន្លែ​ហ្នឹង​វា​ធ្លាក់​ចុះ។ មួយ​ទៀត​នៅ​ពេល​ដែល​ខែ​ដែល​វា​ដាច់ (មិន​មាន​បន្លែ​ឬ​ខ្សត់​បន្លែ)​ឧបសគ្គ​ដែលវាដាំបន្លែមិនល្អ អ៊ីចឹងយើងលៃលកយ៉ាងម៉េច​នៅ​តែ​រក្សាឱ្យបន្លែយើងផ្គត់ផ្គង់បាន​ក្នុងបរិមាណថេរ»

លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

មន្រ្តី​ជំនាញ​រូប​នេះ​បន្ថែម​ថា ដោយ​ឡែក​ប្រភេទ​បន្លែ​ដែល​កសិករ​ខ្មែរ​គួរ​ដាំ​គឺ​ប្រភេទ​បន្លែ​ឆាប់​រលួយ ព្រោះ​បន្លែ​ប្រភេទ​នេះ​ពិបាក​នឹង​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ លោក​បន្ថែម​ថា ជម្រើស​ដ៏​ល្អ​សម្រាប់​កសិករ​គឺ​សិក្សា​ពី​គោលការណ៍​ដាំ​ដុះ​បន្លែ​សុវត្ថិភាព ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ។

លោក ហ៊ាន វណ្ណហន មាន​ប្រសាសន៍​ថា៖ «ការ​ផលិត​ត្រូវ​មាន​ការ​ចុះ​បញ្ជី ត្រូវ​មាន​ការ​ឃ្លាំ​មើល ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ ត្រូវ​មាន​ការ​បញ្ជាក់ ដែល​បិទ​តែម​នៅ​លើ​បន្លែ​ថា​បន្លែ​ហ្នឹង​ជា​បន្លែ GAP (បន្លែ​សុវត្ថិភាព) ឬ​ក៏​បន្លែ​ហ្នឹង​ជា​បន្លែ Organic (បន្លែសរីរាង្គ)​ជាដើម។ ចឹង​ការ​ជំរុញ​នេះ​នឹង​ធ្វើ​ការ​ជ្រើស​រើស​អ្នក​ទិញ អ្នក​ហូប គាត់​វិល​មក​គាំទ្រ មក​និយម​បន្លែ​នៅ​ក្នុង​ស្រុក​ច្រើន​ជាង​ខាង​ក្រៅ​ព្រោះ​គាត់​នឹង​ទុក​ចិត្ត​ជាង​មាន​អ្នក​ពិនិត្យ មាន​អ្នក​ឃ្លាំ​មើល តាំង​ពី​ពេល​ដាំ​រហូត​ពេល​ប្រមូល​ផល»។

លោក ប៊ុន ទួនស៊ីម៉ូណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល​មាន​ប្រសាសន៍​ថា ពី​មុន​កសិករ​ជួប​បញ្ហា​ការ​បញ្ជា​ទិញ​នៅ​មាន​កម្រិត ដោយសារ​ដំណាក់កាល​ដំបូង​ក្រសួង​បណ្តុះ​បណ្តាល​កសិករ​រួច​ឱ្យ​កសិករ​និង​ក្រុមហ៊ុន​ចរចា​គ្នា​ក្នុង​ការ​ដាំ​ដុះ​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​មួយ​ចំនួន។ លោក​ថា ក្រុមហ៊ុន​ខ្លះ​ចោទ​កសិករ​ថា យក​បន្លែ​គីមី បន្លំ​ធ្វើ​ជា​បន្លែ​ធម្មជាតិ ហើយ​ក្រុមហ៊ុន​ខ្លះ​ត្រូវ​ឱ្យ​កសិករ​ដាំ​បន្លែ​ដែល​ខ្លួន​ត្រូវ​ការ​តែ​ដី​កសិករ​មិន​សម​នឹង​ប្រភេទ​ដំណាំ។ ទាំង​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​បរាជ័យ។

ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះ​បន្ថែម​ថា បច្ចុប្បន្ន​មន្ទីរ​បាន​ប្រើ​យុទ្ធសាស្រ្ត​ថ្មី ដោយ​បង្កើត​កម្មវិធី​ជំនួប​រវាង​អ្នក​លក់ អ្នក​ទិញ អ្នក​ផ្គត់​ផ្គង់​ជី និង​ថ្នាំ​ពុល​ធម្មជាតិ ដើម្បី​ឱ្យ​អ្នក​ទាំង​នោះ​បាន​ជជែក​គ្នា។ លោក​បន្ថែម​ថា ជំនួប​នេះ​នឹង​ជួយ​សម្រួល​ច្រើន​ដល់​កសិករ។

លោក ប៊ុន ទួនស៊ីម៉ូណា មាន​ប្រសាសន៍​ថា៖ «មន្ទីរកសិកម្មមានគម្រោងមួយសហការ​ជាមួយនឹងស្ថានទូត​ជប៉ុនយើងបង្កើតជា​មជ្ឈមណ្ឌលត្រួតពិនិត្យបន្លែសុវត្ថិភាព។ អ៊ីចឹងមជ្ឈមណ្ឌលដែល​ជប៉ុនជួយដើម្បីត្រួតពិនិត្យបន្លែសុវត្ថិភាព គឺយើងត្រួតពិនិត្យទៅលើបន្លែដែលកសិករផលិតបាន បន្លែក្រុមហ៊ុនដែលផលិត មុននឹងវេច​ខ្ចប់នាំចេញយើងអាចត្រួតពិនិត្យហើយ យើងអាចចេញ​ជា ឡូហ្គោ​(ផ្លាក​សញ្ញា) ឱ្យទៅបញ្ជាក់ថា​បានត្រួតពិនិត្យនៅ​មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ចេញ​ពីមជ្ឈមណ្ឌល​ត្រួតពិនិត្យគុណភាពឱ្យហើយដើម្បីបង្កើននូវភាពជឿជាក់ មានឡូហ្គោ មានស្ថាប័នទទួលខុសត្រូវច្បាស់លាស់»

លោក ប៊ុន ទួនស៊ីម៉ូណា បន្ថែម​ថា ក្នុង​ចំណោម​កសិករ​ដែល​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​ពី​កសិកម្ម​បន្លែ​សុវត្ថិភាព​២០០០​នាក់ មាន​តែ​២០០​ទៅ​៣០០​នាក់​តែ​ប៉ុណ្ណោះ​ដែល​បាន​អនុវត្ត​ការ​ដាំ​ដុះ​បន្លែ​ប្រភេទ​នេះ។ លោក​ជំរុញ​ឱ្យ​កសិករ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​បន្ថែម​ទៀត ដោយ​កុំ​បារម្ភ​ពី​កង្វះ​ទីផ្សារ ព្រោះ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៣​បាន​កំពុង​ទិញ​បន្លែ​ប្រភេទ​នេះ ជាមួយ​គ្នា​នោះ​មាន​ក្រុមហ៊ុន​បារាំង​មួយ​កំពុង​សិក្សា​ពី​បន្លែ​កម្ពុជា ដើម្បី​ទិញ​យក​លក់​បន្ត​ផង​ដែរ។

កសិករ​នៅ​ក្នុង​ខេត្ត​កណ្ដាល លោក លី ខេង បាន​បង្ហាញ​ក្តី​រំពឹង​ថា ប្រសិន​បើ​មាន​ការ​ចុះ​អប់រំ​ពី​ការ​ដាំ​ដុះ​បន្លែ មាន​ក្រុមហ៊ុន​ចុះ​កុងត្រា​ទិញ​ក្នុង​តម្លៃ​សមរម្យ មាន​ការ​គាំពារ​ពី​រាជរដ្ឋាភិបាល​នៅ​ពេល​ដែល​ដំណាំ​របស់​ពួក​គាត់​ខូច នោះ​ពួក​គាត់​នឹង​មិន​ពិបាក​ដូច​បច្ចុប្បន្ន​ទៀត​នោះ​ទេ៕

ចែករំលែកតាម៖