ធ្វើដូចម្តេចដើម្បីបានវិញ្ញាបនបត្រស្តង់ដាបន្លែសរីរាង្គ?

ធ្វើដូចម្តេចដើម្បីបានវិញ្ញាបនបត្រស្តង់ដាបន្លែសរីរាង្គ?

ពិធីប្រគល់វិញ្ញាបនបត្រសរីរាង្គស្តង់ដារសហភាពអឺរ៉ុបសម្រាប់បន្លែនិងផ្លែឈើ

វិញ្ញាបនបត្រ​បញ្ជាក់​ស្ដង់ដា​សរីរាង្គ​គឺ​ជា​ភស្តុតាង​ឬ​អំណះអំណាង​ដែល​ងាយស្រួល​ចំណាំ​និង​អាច​ទុកចិត្ត​បាន​សម្រាប់​អ្នក​ទិញ​ក្នុង​ការ​សម្គាល់​បែង​ចែក​បន្លែ​សរីរាង្គ​ពី​បន្លែ​ធម្មតា​ទូទៅ។ ក៏​ប៉ុន្តែ​នីតិវិធី​នៃ​ការ​ស្នើ​សុំ​និង​ទទួល​បាន​វិញ្ញាបនបត្រ​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ។

លោក នាង ថៃ គឺ​ជា​ប្រធាន​ផ្នែក​គ្រប់​គ្រង​គុណភាព​ផលិតផល​របស់​សហករណ៍​សរីរាង្គ​ខ្មែរ​។ សហករណ៍​សរីរាង្គ​ខ្មែរ​គឺ​ជា​ក្រុមហ៊ុន​កម្ពុជា​ដំបូង​គេ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្ដង់ដា​អឺរ៉ុប​សម្រាប់​បន្លែ​និង​ផ្លែឈើ​កាល​ពី​ឆ្នាំ​២០១៧។

លោក នាង ថៃ បាន​ឱ្យ​ដឹង​ថា សហករណ៍​សរីរាង្គ​ខ្មែរ​បាន​ចំណាយ​រយៈពេល​៥​ឆ្នាំ​ក្នុង​ការ​រៀបចំ​ខ្លួន​អនុវត្ត​គោលការណ៍​របស់​ស្តង់ដា​និង​ការ​ដាក់​ពាក្យ​ស្នើ​សុំរហូត​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ថា​ ផលិតផល​កសិកម្ម​របស់​ខ្លួន​ជា​ផលិតផល​សរីរាង្គ​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ពេល​នេះ។

លោក នាង ថៃ បញ្ជាក់​ថា ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ស្ដង់ដា​សរីរាង្គ គេ​ត្រូវ​ពិចារណា​ចាប់​តាំង​ពី​ការ​ជ្រើសរើស​ទីតាំង​ដាំ​ដុះ របៀប​ដាំ​ដុះ ធាតុ​ចូល​កសិកម្ម​ដែល​ប្រើប្រាស់ និង​របៀប​វេច​ខ្ចប់។

លោក​រៀបរាប់​បន្ត​ថា នៅ​ពេល​ចាប់​ផ្តើម​ធ្វើ​កសិកម្ម កសិករ​ត្រូវ​ស្វែង​រក​ទីតាំង​ដែល​មិន​ជះ​ឥទ្ធិពល​ពី​សារធាតុ​គីមី ភាគ​ច្រើន​គេ​ជ្រើសរើស​ធ្វើ​នៅ​តាម​ចង្កេះ​ភ្នំ ព្រោះ​មិន​មាន​សារធាតុ​គីមី​ហូរ​ចូល។ ដោយ​ឡែក ផ្ទៃ​ដី​ដែល​ធ្លាប់​ប្រើ​សារធាតុ​គីមី ត្រូវ​ទុក​ចោល​រយៈពេល​៣​ឆ្នាំ​ទើប​អាច​ចាប់​ផ្តើម​អនុវត្ត​ស្តង់ដា​​សរីរាង្គ​បាន។ លោក​បន្ថែម​ថា អ្វី​ជា​ឧបសគ្គ​ចម្បង​សម្រាប់​ក្រុមហ៊ុន​លោក​ គឺ​ការ​ការពារ​ដំណាំ​ពី​សត្វ​ល្អិត​ចង្រៃ ត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ក្នុង​ការ​ដក​ស្មៅ​ក្នុងចម្ការ​បន្លែ​និង​ចាប់​ដង្កូវ និង​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ឱ្យ​យល់​ពី​ស្តង់ដា​សរីរាង្គ។

លោក នាង ថៃ និយាយ​ថា៖ «បើ​គាត់​អត់​យល់​ពី​ស្តង់ដា​សរីរាង្គ​បាន​ន័យ​ថា គាត់​មិន​ដឹង​ថា អនុវត្ត​បែប​ម៉េច​ទេ ចឹង​យើង​ត្រូវ​ការ​បណ្តុះ​បណ្តាល​គាត់។ ចឹង​ត្រូវ​ចំណាយ​លុយ​មួយ​ដុំ​ទៀត​ហើយ​ដើម្បី​ពន្យល់​គាត់​ឱ្យ​គាត់​បាន​យល់​ពី​តាម​បែប​សរីរាង្គ​ហ្នឹង​គេ​អនុវត្ត​របៀប​ម៉េច។ ផល​លំបាក​មួយ​ទៀត​គឺ​យើង​ត្រូវ​បង្កើត​ប្រព័ន្ធ​លេខ​កូដ ឱ្យ​គាត់​ដឹង​ថា ប្រព័ន្ធ​តឹកតាង ការ​តាម​ដាន​ផលិតផល​ពី​ចម្ការ​គាត់​រហូត​ទៅ​ដល់ ការ​លក់​នៅ​លើ​ទីផ្សារ​ហ្នឹង​ថា តើ​គាត់​មាន​ប្រព័ន្ធ​តាម​ដាន​ត្រឹម​ត្រូវ​អត់»?

លោក នាង ថៃ បញ្ជាក់​បន្ថែម​ថា ប្រព័ន្ធ​តាមដាន​នេះ​គឺ​ត្រូវ​កត់ត្រា​លម្អិត​ដោយសារ​វា​មាន​សារៈសំខាន់​ក្នុង​ការ​រៀបចំ​ឯកសារ​ក្នុង​ការ​ស្នើ​សុំ​វិញ្ញាបនបត្រ​ស្ដង់ដា​សរីរាង្គ។

លោក គ្រី វង្សសុជាតិ ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៅ​ក្រុមហ៊ុន Control union ដែល​ជា​ស្ថាប័ន​ចេញ​វិញ្ញាបនបត្រ​សរីរាង្គ​ស្ដង់ដា​អឺរ៉ុប​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ការ​អនុវត្ត​យក​ស្តង់ដា​សរីរាង្គ​គឺ​មិន​ងាយ​ស្រួល​នោះ​ទេ សម្រាប់​ក្រុមហ៊ុន​ផលិត​បន្លែ​និង​ផ្លែឈើ។ លោក​ថា ដើម្បី​ទទួល​បាន​ស្តង់ដា​នេះ​ ដំបូង​ក្រុមហ៊ុន​ឬ​សហគ្រាស​កសិកម្ម​ទាំងអស់​ត្រូវ​ស្វែង​រក​សេវា​បណ្តុះ​បណ្តាល​ស្តង់ដា​នេះ​ពី​ស្ថាប័ន​ជំនាញ បន្ទាប់​មក​ត្រូវ​យក​ទៅ​អនុវត្ត​ក្នុង​កសិដ្ឋាន​ឬ​ចម្ការ។

លោក គ្រី វង្សសុជាតិ បន្ថែម​ថា៖ «ហើយ​កត្តា​សំខាន់​មួយ​ទៀត​គឺ​កត្តា​ទៅ​លើ​ការ​ប្រើប្រាស់​កាក​សំណល់។ កាក​សំណល់​ជា​ទូទៅ​កាក​សំណល់​ផ្ទះ​បាយ គេ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ទេ ដោយសារ​តែ​មាន​ប្រឡូក​ប្រឡាក់​ច្រើន សូម្បី​តែ​សាប៊ូ ទឹក​ដែល​សល់​ពី​ការ​លាង​ចាន ក៏​គេ​មិន​ឱ្យ​យក​ទៅ​ប្រើ​នៅ​លើ​ដំណាំ ហើយ​គេ​ប្រើ​នៅ​ក្នុង​លក្ខខណ្ឌ​សរីរាង្គ​ដែរ ព្រោះ​សាប៊ូ គេ​ចាត់​ទុក​ជា​សារធាតុ​គីមី​មួយ​ដែរ ហើយ​មួយ​ទៀត​ប្រយ័ត្ន​បំផុត​គឺ​ការ​លេច​ធ្លាយ​នៃ​កាក​សំណល់​ចេញ​ពី​បង្គន់​និង​បន្ទប់​ទឹក​របស់​មនុស្ស​យើង​ដែល​ប្រើប្រាស់ គឺ​មិន​ថា​ជា ទឹក​ងូត ឬ​ជា​លាមក»។

មន្រ្តី​ជំនាញ​រូប​នេះ​បន្ថែម​ថា ក្រោយ​ការ​កត់ត្រា​ពី​សកម្មភាព​និង​ចុះ​វាយ​តម្លៃ​ផ្ទៃ​ក្នុង​ក្រុមហ៊ុន​រួច មន្រ្តី​សវនករ​របស់​ក្រុមហ៊ុន​ដែល​ចេញ​វិញ្ញាបនបត្រ​នឹង​ត្រួត​ពិនិត្យ​លើ​ឯកសារ​ដែល​ក្រុមហ៊ុន​កសិកម្ម​បញ្ជូន​ទៅ រួច​ចុះ​ទៅ​ពិនិត្យ​ដល់​ចម្ការ​និង​យក​សំណាក​ចៃដន្យ​ទៅ​ពិសោធ​នៅ​មន្ទីរ​ពិសោធ​ស្តង់ដា។

លោក គ្រី វង្សសុជាតិ បន្ថែម​ថា៖ «មន្រ្តី​សវនករ​គាត់​នឹង​ចុះ​ត្រួត​ពិនិត្យ​ចម្ការ​ឬ​កសិដ្ឋាន​ទាំង​មូល​ជាក់ស្តែង​ ក្រែង​លោ​ឃើញ​ភស្តុតាង​អ្វី​មួយ ដែល​បញ្ជាក់​ថា មាន​ប្រើប្រាស់​ក្នុង​កសិដ្ឋាន ហើយ​ពិនិត្យ​មើល​ទីតាំង​ដែល​ស្នាក់​នៅ​របស់​កសិករ​ក៏​ដូចជា​កម្មករ ដែល​ស្នាក់នៅ​ក្នុង​កសិដ្ឋាន តើ​វា​ជះ​ឥទ្ធិពល​ដល់​កន្លែង​ដាំ​ដុះ​ដែរ​ឬ​អត់? ក្នុង​អំឡុងពេល​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ វិធីសាស្រ្ត​របស់​ក្រុមហ៊ុន​ខ្ញុំ ខុស​ប្លែក​ពី​ក្រុមហ៊ុន​គេ​បន្តិច  ត្រង់​ថា ពួក​ខ្ញុំ​តម្រូវ​ឱ្យ​យក​សំណាក​ពី​ដំណាំ ជាក់ស្តែង​ក្នុង​កសិដ្ឋាន​ហ្នឹង លក្ខណៈ​ចៃដន្យ​ដើម្បី​យក​ទៅ​ធ្វើ​ពិសោធ​នៅ​ស្រុក​ក្រៅ។ មូលហេតុ​ដែល​ខាង​ខ្ញុំ​ផ្ញើរ​ទៅ​មន្ទីរ​ពិសោធ​នៅ​ស្រុក​ក្រៅ​ព្រោះ​ថា ក្នុង​នីតិវិធី​នៃ​ការ​អនុវត្ត​ការងារ​សវនកម្ម​ឬ​វិញ្ញាបនបត្រកម្ម​សម្រាប់​ចេញ​ស្តង់ដា​បញ្ជាក់​លើ​ស្តង់ដារ​ផលិតផល​អន្តរជាតិ​បែប​នេះ គឺ​យើង​ត្រូវ​ជ្រើសរើស​មន្ទីរ​ពិសោធ​ដែល​មាន​លក្ខណៈ​អន្តរជាតិ ហើយ​ប្រទេស​កម្ពុជា​យើង​មិន​ទាន់​មាន​នោះ​ទេ»។

សកម្មភាពចុះត្រួតពិនិត្យទីតាំងដាំដុះបន្លែ
សកម្មភាពចុះត្រួតពិនិត្យទីតាំងដាំដុះបន្លែ

បុរស​កូន​កាត់​ចិន​រូប​នេះ​បាន​ពន្យល់​បន្ថែម​ថា ក្រៅ​ពី​ការ​រៀបចំ​ឯកសារ​និង​ការ​អនុវត្ត​ការ​ដាំ​ដុះ​ទៅ​តាម​ស្ដង់ដា ការ​ប្រ​មូល​ផល ការ​រក្សា​ទុក ការ​ដឹក​ជញ្ជូន និង​ការ​វេច​ខ្ចប់​បន្លែ​រហូត​ដល់​ការ​ដាក់​លក់​នៅ​លើ​ទីផ្សារ គឺ​ចាំបាច់​ត្រូវ​មាន​ការ​កត់ត្រា​ជា​អក្សរ​តាម​ជំហាន​នីមួយៗ។

លោក គង់ ស៊ីណា អ្នក​គ្រប់​គ្រង​ផ្សារ​សហករណ៍​សរីរាង្គ​ខ្មែរ​មាន​ប្រសាសន៍​ថា មុន​នឹង​យក​មក​ដាក់​លក់​នៅ​លើ​ទីផ្សារ បន្លែ​ផ្លែឈើ​ទាំងអស់​ចាំបាច់​ត្រូវ​បាន​ដឹក​ជញ្ជូន ការ​រក្សាទុក ការ​វេចខ្ចប់ និង​ការ​ចែក​ចាយ​ទៅ​តាម​ស្តង់ដាផលិតផល​សរីរាង្គ​ដែល​បាន​កំណត់។ លោក​បន្ថែម​ថា ក្រៅ​ពី​នោះ​បុគ្គលិក​ទាំងអស់​ត្រូវ​យល់ដឹង​ពី​ចំណេះដឹង​ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​ចំណី​អាហារ ដើម្បី​ឱ្យ​យល់​ដឹង​ពី​ការ​លាង​សម្អាត​បន្លែ​និង​ដឹង​ពី​អាយុកាល​បន្លែ ហើយ​គ្រប់​ផលិតផល​ទាំងអស់​ត្រូវ​មាន​បិទ​តែម​ដែល​ជា​ស្លាក​សញ្ញា​សរីរាង្គ​របស់​សហភាព​អឺរ៉ុប។

អ្នក​គ្រប់គ្រង​ផ្សារ​សហករណ៍​សរីរាង្គ​ខ្មែរ​រូប​នេះ​អះអាង​ទៀត​ថា ដោយសារ​ការ​អនុវត្ត​តាម​ស្ដង់ដា​​សរីរាង្គ​នេះ​មាន​ការ​លំបាក​និង​តឹងរ៉ឹង​ដូចនេះ ទើប​ធ្វើ​ឱ្យ​បន្លែ​ប្រភេទ​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​បន្លែ​ទូទៅ​ដែល​លក់​នៅ​លើ​ទីផ្សារ។

ឯកសារ​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា ការ​អនុវត្ត​វិធីសាស្រ្ត​សរីរាង្គ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្សសត្វ បរិស្ថាន និង​កាត់​បន្ថយ​ការ​ចំណាយ៕

ចែករំលែកតាម៖