អាហារព្យាបាលថ្មីធ្វើពីត្រី សម្រាប់ព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ

អាហារព្យាបាលថ្មីធ្វើពីត្រី សម្រាប់ព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ

កុមារកំពុងញ៉ាំនំនូទ្រីក

នៅ​កម្ពុជា មាន​កុមារ​ប្រមាណ ២,៦ ភាគរយ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា កំពុង​មាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ស្រួចស្រាវ​ធ្ងន់ធ្ងរ។ ដើម្បី​ព្យាបាល​ដល់​កុមារ​ទាំង​នេះ អាហារ​ព្យាបាល​ដែល​អាច​ញ៉ាំ​បាន​ភ្លាមៗ ត្រូវ​បាន​ផ្តល់​ឲ្យ​កុមារ​យក​ទៅ​ញ៉ាំ​នៅ​តាម​ផ្ទះ ហើយ​ប្រសិន​បើ​ពុំ​មាន​អាហារ​បែប​នេះ​ទេ កុមារ​ជាច្រើន​នាក់​ប្រហែល​ជា​ចាំ​បាច់​ត្រូវ​នៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ នេះ​បើ​យោង​តាមសេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ដាក់​ឱ្យ​ដំណើរ​ការ​ទីតាំង​ផលិត​នំនូទ្រីក (Nutrix) កាលពី​ថ្ងៃទី​១៧ ខែធ្នូ កន្លង​ទៅ​នេះ។

យូនីសេហ្វ (UNICEF) វិទ្យាស្ថាន​ស្រាវជ្រាវ​បារាំង​ដើម្បី​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (IRD) សាកល​វិទ្យាល័យ​កូផេនហេហ្គិន (Copenhagen University (CU)) និងក្រុមហ៊ុន Danish Care Foods (DCF) ដាណឺម៉ាក សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ផលិត​នំបំពង់​ធ្វើ​ពី​ត្រី​ញ៉ាំ​សម្រាប់​ព្យាបាល​កុមារ​បាន​ភ្លាម​ៗ ឈ្មោះ​ថានូទ្រីក (Nutrix)។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ប្រសាសន៍​ថា នំ​នេះ​នឹង​ជួយ​ធានា​ឱ្យ​មាន​ផលិតផល​ក្នុង​ស្រុក​សម្រាប់ព្យាបាល​កុមារ ២៥​នាក់​ក្នុង​១​ឆ្នាំ​ដែល​កំពុង​ជួប​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ស្រួចស្រាវ​ធ្ងន់ធ្ងរ។

នាយក​ស្តីទី​អង្គការយូនីសេហ្វប្រចាំ​តំបន់​អាស៊ី និងប៉ាស៊ីហ្វិច លោកស្រី វីវៀនណា ប៊េលម៉ុងតេ (Wivina Belmonte) បាន​មានប្រសាសន៍​ថា ជា​រៀងរាល់​ឆ្នាំ​កុមារ​នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក​អាយុក្រោម​៥​ឆ្នាំ ជាង៥លាននាក់ មាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ស្រួចស្រាវ​ធ្ងន់ធ្ងរ ដែលខ្លះ​ឈាន​ទៅ​ដល់​ការបាត់បង់​ជីវិត​ផង​ដែរ។ លោកស្រី​បន្ថែមថា ប្រទេសកម្ពុជា ជាប្រទេសទី២​នៅ​ក្នុង​តំបន់​ដែល​កំពុង​ផលិត​ដោយ​ខ្លួន​ឯង​នូវអាហារ​សម្រាប់​ព្យាបាល​ដែលអាច​ប្រើប្រាស់​បាន​ភ្លាមៗ។

មន្ត្រីពាក់ព័ន្ធកំពុងចុះត្រួតពិនិត្យការផលិតនំនូទ្រីក
មន្ត្រីពាក់ព័ន្ធកំពុងចុះត្រួតពិនិត្យការផលិតនំនូទ្រីក

នំនូទ្រីក (Nutrix) ត្រូវ​បាន​ផ្សំ​ឡើង​ពីគ្រឿង​ផ្សំ​ក្នុងស្រុក​ដែល​តម្រូវ​ទៅតាម​រសជាតិ​ដែល​កុមារ​កម្ពុជា​ចូលចិត្ត ដើម្បីបង្កើន​ភាព​អាច​ទទួល​យក​បាន​ក្នុង​ការទទួល​ការព្យាបាល និងការបន្ត​ទទួល​ការ​ព្យាបាល។ បើ​តាមសេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បុគ្គលិក​សុខាភិបាល​នឹង​ជួប​ជាមួយ​កុមារ​ដែល​ទទួល​បាន​នំ​សម្រាប់​ព្យាបាល​ប្រភេទ​ថ្មី​នេះ​ជា​រៀង​រាល់ខែ ដើម្បី​តាម​ដាន​ការអភិវឌ្ឍ និងការ​លូតលាស់​របស់​ពួកគេ៕

ចែករំលែកតាម៖