National Geographic រំពឹង​​ថា​​ពលរដ្ឋ​​កម្ពុជា​​​កាន់តែ​​ច្រើន​​នឹង​​ដាក់ពាក្យ​​ស្នើ​សុំ​​ប្រាក់​​ឧបត្ថម្ភ​​ពី​​កម្មវិធី​​ខ្លួន

National Geographic រំពឹង​​ថា​​ពលរដ្ឋ​​កម្ពុជា​​​កាន់តែ​​ច្រើន​​នឹង​​ដាក់ពាក្យ​​ស្នើ​សុំ​​ប្រាក់​​ឧបត្ថម្ភ​​ពី​​កម្មវិធី​​ខ្លួន

លោក Yannick Kuehl (ឆ្វេង) នាយកជាន់ខ្ពស់នៃ National Geographic Society ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី How to Become a National Geographic Explorer

National Geographic ដែល​ជា​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ធំ​មួយនៅ​អាមេរិក​សង្ឃឹម​ថា​នឹងមាន​ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​ដាក់ពាក្យ​​ស្នើ​សុំ​ប្រាក់​ឧបត្ថម្ភ (Grant) ​ពី​កម្មវិធី​របស់​ខ្លួន​បន្ទាប់​ពី​ស្ថាប័ន​នេះ​បាន​មកផ្សព្វផ្សាយ​អំពី​កម្មវិធី National Geographic Explorer ជាលើក​ដំបូង​នៅ​កម្ពុជា។

កាល​ពីថ្ងៃ​ទី​១៩ ខែតុលា National Geographic បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី How to Become a​ National Geographic Explorer ឬ​របៀប​ក្លាយជា​អ្នក​រុករក​របស់​ National Geographic។

លោក Yannick Kuehl នាយក​ជាន់ខ្ពស់​នៃ National Geographic Society ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​មានប្រសាសន៍​ថា កន្លងមក​ស្ថាប័ន​លោក​ទទួល​បាន​ពាក្យស្នើសុំ​ភាគច្រើន​មកពី​អាមេរិក កាណាដា និង​បណ្ដាប្រទេស​នៅ​អាមេរិក​ខាង​ជើ ក៏ប៉ុន្តែ​នៅ​តំបន់​ផ្សេង​ទៀត​នៅមាន​តិចតួច​នៅឡើយ។

លោក​បន្ថែម​ថា៖ «យើង​កំពុង​តែ​ព្យាយាម​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ពាក្យ​ស្នើ​សុំ​មក​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​ហើយ​នោះ​ជា​មូលហេតុ​មួយ​ដែល​ខ្ញុំ​មក​ទី​នេះ​នា​ថ្ងៃនេះ។ ឧទាហរណ៍​យើង​ចង់​ឃើញ​ពាក្យ​ស្នើ​សុំ​កាន់តែ​ច្រើន​ចេញ​ពី​ប្រទេស​កម្ពុជា»

សិក្ខាសាលា​ស្ដីពី How to Become a National Geographic Explorer ឬរបៀបក្លាយជាអ្នករុករករបស់ National Geographic
សិក្ខាសាលា​ស្ដីពី How to Become a National Geographic Explorer ឬរបៀបក្លាយជាអ្នករុករករបស់ National Geographic

យោងតាម​លោក Yannick Kuehl ប្រាក់ឧបត្ថម្ភ​របស់​ National Geographic ត្រូវ​បានបែងចែក​ជា​៣​ប្រភេទ​គឺ Early Career Grant ​ឬ​អ្នក​ទើបចាប់​ផ្ដើម​អាជីពដែល​អាច​ទទួល​បាន​ទឹកប្រាក់​ចន្លោះ​ពី​៥​ពាន់​ទៅ​១ម៉ឺន​ដុល្លារ Explorer Grant ឬ​​អ្នក​រុករកដែល​មាន​បទពិសោធ​ដែល​អាច​ទទួល​ទឹកប្រាក់​ចន្លោះ​ពី​១ម៉ឺន​ទៅ៣ម៉ឺន​ដុល្លារ និង​ Requests for Proposals ឬ​ពាក្យ​ស្នើ​សុំ​ថវិកា​សម្រាប់​គម្រោង​ណាមួយ​ដែល​អាច​ទទួល​បាន​ទឹក​ប្រាក់​ដល់​១៣​ម៉ឺន​ដុល្លារ។ ប្រាក់​ឧបត្ថម្ភ​ទាំង​៣​ប្រភេទ​នេះត្រូវ​ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​ការ​​អភិរក្ស ការសិក្សា​អប់រំ ការសិក្សា​ស្រាវជ្រាវ ការរៀបរាប់​ប្រាប់​រឿង​អ្វីមួយ ឬ​បច្ចេកវិទ្យា។

លោក Yannick Kuehl បញ្ជាក់​ថា អ្នក​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ក្នុង​ប្រភេទ​ណាមួយ​នឹង​ក្លាយ​ទៅ​ជា National Geographic Explorer ដែល​នឹង​មាន​ទំនាក់ទំនង​នៅ​ក្នុង​បណ្ដាញ​របស់ National Geographic និង​ National Geographic Explorer ផ្សេង​ទៀត។

«​ខ្ញុំ​សង្ឃឹម​ថា [សិក្ខាសាលា​]ថ្ងៃនេះ​នឹង​ជំរុញ​ទឹកចិត្តអ្នក​​ ហើយ​មួយ​ចំនួន​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ប្រាក់​ឧបត្ថម្ភ​របស់​យើង»

លោក Yannick Kuehl ឱ្យ​ដឹង​ដែរ​ថា National Geographic នឹង​រៀបចំ​សិក្ខាសាលា​ស្ដីពី​របៀប​សរសេរ​ពាក្យ​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ​នាពាក់កណ្ដាល​ឆ្នាំ​២០១៩ ដើម្បី​ជំរុញ​ការ​សរសេរ​ពាក្យ​ស្នើ​សុំ​ឱ្យ​កាន់​តែ​ល្អ៕

លោក Yannick Kuehl នាយក​ជាន់ខ្ពស់​នៃ National Geographic Society ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី How to Become a National Geographic Explorer
លោក Yannick Kuehl នាយក​ជាន់ខ្ពស់​នៃ National Geographic Society ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី How to Become a National Geographic Explorer
ចែករំលែកតាម៖