អ្នកជំនាញ៖ វិស័យកសិកម្មកម្ពុជាដល់ពេលត្រូវធ្វើទំនើបកម្ម

អ្នកជំនាញ៖ វិស័យកសិកម្មកម្ពុជាដល់ពេលត្រូវធ្វើទំនើបកម្ម

នៅ​ក្នុង​វេទិកា​ស្រូវ​អង្ករ​លើក​ទី៦​ កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០១៨​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ វេង​ សាខុន​ បាន​ឱ្យ​ដឹង​ថា​ វិស័យ​កសិកម្ម​នៅ​កម្ពុជា​មាន​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់​ ពិសេស​ការ​កើន​ឡើង​នូវ​គ្រឿង​យន្ត​កសិកម្ម​សម្រាប់​ធ្វើ​ជា​មធ្យោបាយ​ភ្ជួរ​រាស់​ដាំ​ដុះ។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ វេង​ សាខុន​ អះអាង​ថា​ ទោះ​បី​ការ​ប្រើប្រាស់​គ្រឿង​យន្ត​កសិកម្ម​មាន​ការ​កើន​ឡើង​ តែ​ស្ថាន​ភាព​ផលិត​ភាព​នៅ​អន់​ថយ​ ដែល​ទាមទារ​ឱ្យ​មាន​ការ​កែប្រែ​ឥរិយាបទ​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​ស្រូវ​បន្ថែម​ទៀត។​ លោក​បន្ត​ថា​ កសិកម្ម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នៅ​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​នៅ​ឡើយ​ ដូច​នេះ​ទំនើបកម្ម​វិស័យ​កសិកម្ម​គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​ត្រូវ​ដោះស្រាយ។​

លោក​ វេង​ សាខុន​ មាន​ប្រសាសន៍​ថា៖​ «គ្រឿង​ចក្រ​កសិកម្ម​៩៣%​លើ​ដី​ស្រូវ​វស្សា​ ៩៥%​ ទៅ​៩៧%​ លើ​រដូវ​ប្រាំង​ ប៉ុន្តែ​បើ​យើង​វិភាគ​ឱ្យ​បាន​ស៊ី​ជម្រៅ​ទៅ​ នៅ​តែ​បន្ត​ដើរ​ក្រោយ​គោ​ មិន​ទាន់​ជិះ​គោ​នេះ​មិន​ទាន់​ឈាន​ដល់​ទំនើបកម្ម​កសិកម្ម​នោះ​ទេ។​ នៅ​ដើរ​ក្រោយ​គោ​នៅ​ឡើយ​ ប្រើប្រាស់​កម្លាំង​ពលកម្ម​ខ្លាំង​ណាស់​ ដែល​បញ្ជា​គោយន្ត។​ ដូច្នេះ​មិន​ទាន់​ធ្វើ​ទំនើបកម្ម​កសិកម្ម​ទេ។​ ទី១​ដើម្បី​ធ្វើ​ទំនើបកម្ម​កសិកម្ម​បាន​ គឺ​បញ្ហា​ការ​ចាត់​ចែង​ទឹក​ ទី២​ការ​រួម​បញ្ចូល​ក្បាល​ដី​ស្រែ​ឱ្យ​ធំ​ ដើម្បី​បញ្ចូល​គ្រឿង​ចក្រ​ ដើម្បី​ផលិត​ឱ្យ​ទាន់​សភាពការណ៍​របស់​យើង»។​

(ពីស្ដាំមកឆ្វេង) លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ លោក​ សុខ​ ពុទ្ធិវុធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​
(ពីស្ដាំមកឆ្វេង) លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ លោក​ សុខ​ ពុទ្ធិវុធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក​ សុខ​ ពុទ្ធិវុធ​ បាន​ឱ្យ​ដឹង​ថា​ ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម​សំដៅ​ទៅ​លើ​ចង្វាក់​ផលិតកម្ម​ទាំង​មូល​ដែល​ឆ្លើយ​តប​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ រាប់​ចាប់​ពី​ការ​ដាំ​ដុះ​ ការ​ប្រមូលផល​ ការ​ទុក​ដាក់​ ការ​កែ​ច្នៃ​ផលិតផល​ និង​ទីផ្សារ។​ លោក​ សុខ​ ពុទ្ធិវុធ​ យល់​ស្រប​ថា​ ប្រព័ន្ធ​កសិកម្ម​កម្ពុជា​ពិត​ជា​ត្រូវ​ការ​ធ្វើ​ទំនើបកម្ម​ ដើម្បី​ធានា​នូវ​និរន្តភាព​វិស័យ​កសិកម្ម។​

បុរស​សម្បុរ​ស​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ​ បាន​បង្ហាញ​ពី​ផែនការណ៍​ថា​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ កំណត់​តំបន់​ដាំ​ដុះ​ស្រូវ​ប្រកប​ដោយ​ចីរភាព​ ដោយ​កំណត់​តំបន់​ដាំ​ដុះ​នៅ​ក្នុង​ខេត្ត​ជុំវិញ​បឹង​ទន្លេ​សាប​ និង​ខេត្ត​តាម​ដង​ទន្លេ​មេគង្គ​ក្រោម។​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​វ័យ​ក្មេង​រូប​នេះ​បន្ត​ថា​ ជា​មួយ​គ្នា​នោះ​ ស្ថាប័ន​លោក​ក៏​បាន​មើល​ឃើញ​ទិស​ដៅ​ ដើម្បី​កំណត់​ទីតាំង​ភូមិសាស្រ្ត​ផលិតកម្ម​ ក្នុង​ការ​ឈាន​ទៅ​ចុះ​បញ្ជី​សម្គាល់​ភូមិសាស្រ្ត​ផលិតផល​ ដើម្បី​ធានា​ថា​ផលិតផល​ទាំង​នោះ​ មាន​ការ​ទទួល​ស្គាល់​ពី​ទីផ្សារ។​

លោក សុខ ពុទ្ធិ វុធ និយាយថា «តើ​យើង​បាន​បែង​ចែក​ កំណត់​ដីធ្លី​កសិកម្ម​យើង​នេះ​បាន​ច្បាស់​លាស់​ឬ​នៅ? ហើយ​យើង​និយាយ​ពី​គុណភាព​ដី ស្ថានភាព​ដីដំណាំ​ស្រូវ​នេះ​បាន​ច្បាស់​លាស់ហើយឬនៅ? ហើយត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឱ្យ​ការ​គ្រប់​គ្រង​ដី​នេះ​បាន​កាន់​តែល្អ​ថែម​ទៀត​ ។ ចំណុច​មួយ​ទៀត​ផ្តល់​ប្រ​យោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​ឱ្យ​បាន​ច្រើន​»។​

អ្នក​ជំនាញ​ខាង​កសិកម្ម​ លោក​ តាំង​ ឆុងងី​ ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​កម្មវិធី​ពិភាក្សា​ពី​ផលិតកម្ម​កសិកម្ម​ឬ​ការ​ដាំ​ដុះ​ស្រូវ​ នៅ​ក្នុង​វេទិកា​ស្រូវ​អង្ករ​លើកទី៦ បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​នៅ​ខ្វះ​ខាត​អ្នក​បច្ចេកទេស​កសិកម្ម​ចុះ​ទៅ​មូល​ដ្ឋាន​បង្រៀន​បច្ចេកទេស​ដល់​កសិករ​ ​ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​កសិកម្ម​កម្ពុជា​នៅ​អន់​ថយ។​ លោក​បាន​ស្នើ​ឱ្យ​និស្សិត​រៀន​មុខ​វិជ្ជា​កសិកម្ម​ ត្រូវ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ចំណេះ​និង​ជំនាញ។​

អ្នក​ជំនាញ​ខាង​កសិកម្ម​រូប​នេះ​បន្ត​ថា​ ការ​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​នឹង​ជួយ​ឱ្យ​កម្ពុជា​ រីក​ចម្រើន​សេដ្ឋកិច្ច​ តាម​រយៈ​ការ​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវ​ការ​បញ្ជា​ទិញ​ស្រូវ​អង្ករ​ពី​បរទេស​ ព្រោះ​ចំនួន​ការ​បញ្ជា​ទិញ​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

វេទិកាស្រូវអង្ករកម្ពុជាលើកទី៦ ការសម្ភោធម៉ាកវិញ្ញាតកម្ម«ម្លិះអង្គរ» និងមហាសន្និបាតសហព័ន្ទស្រូវអង្ករកម្ពុជា ប្រចាំឆ្នាំ២០១៧
វេទិកាស្រូវអង្ករកម្ពុជាលើកទី៦ ការសម្ភោធម៉ាកវិញ្ញាតកម្ម«ម្លិះអង្គរ» និងមហាសន្និបាតសហព័ន្ទស្រូវអង្ករកម្ពុជា ប្រចាំឆ្នាំ២០១៧

ដំណោះស្រាយ​មួយ​ទៀត​ ក្នុង​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​ គឺ​ប្រជា​កសិករ​ត្រូវ​តែ​មាន​ការ​សហការ​គ្នា​ ចែក​រំលែក​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទិន​នឹង​ស្រូវ​អង្ករ​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ មូល​ ម៉ឺន​ ប្រធាន​សហគមន៍​ជ្រៃ​សាមគ្គី​បង្កើន​ផល​ នៅ​ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់ដំបង។​

លោក​ មូល​ ម៉ឺន​ បាន​និយាយ​ថា៖​ «យើង​ធ្វើ​អ្វី​ក៏​ដោយ​យើង​តែង​តែ​ប្រជុំ ប្រជុំ​ហៅ​គាត់​មក​ ចូលរួម​ ប្រជុំ​ដូច​ថា​ ស្រូវ​ចឹង​យើង​ដាក់​តម្លៃ​នេះ​ តម្លៃ​នោះ​ ដូចថា​ ១តោន​៣លាន​ យើង​ជូន​គាត់​៣លាន​ ហើយ​យើង​ប្រជុំ​មក​ដូចថា​ ដាក់​សហគមន៍​ហ្នឹង​មួយ​តោន​ប៉ុន្មាន​ សម្រេច​លើ​គាត់​តែ​ម្តង»។​

សហគមន៍​ជ្រៃ​សាមគ្គី​បង្កើន​ផល​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​លេខ​មួយ​ក្នុង​ការ​ផលិត​ពូជ​ស្រូវ​ល្អ​ជាង​គេ​នៅកម្ពុជា​ កាល​ពី​ឆ្នាំ​២០១៧​ ផលិត​ពូជ​ស្រូវ​បាន​១៥០តោន​ ហើយ​នៅ​ឆ្នាំ​បន្ទាប់​សហគមន៍​នេះ​ប្តេជ្ញា​ផលិត​ឱ្យ​បាន​រហូត​ដល់​៣០០តោន។​

យោង​តាម​របាយការណ៍​បណ្តោះ​អាសន្ន​ក្រសួង​កសិកម្ម​រុក្ខា​ ប្រមាញ់​ និង​នេសាទ​ នៅ​ឆ្នាំ​២០១៧​ កម្ពុជា​ប្រមូល​ផល​ស្រូវ​វស្សា​បាន​ចំនួន​៧ ១៨៤ ៩០៦​ តោន​ លើស​ឆ្នាំ​២០១៦​ចំនួន​ ៣២៧ ០៩៩​ តោន​ ដែល​ដាំ​ដុះ​នៅ​ផ្ទៃ​ដី​ជាង​៣លាន​ហិកតា។​ តែ​បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​លើក​ឡើង​ក្នុង​វេទិកា​ស្រូវ​អង្ករ​លើកទី៦​ បាន​ឱ្យ​ដឹង​ថា​ ទិន្នផល​ប្រមូលផល​ឆ្នាំ​នេះ​មាន​ខ្ទង់​១០ម៉ឺន​តោន៕​

ចែករំលែកតាម៖