រមណីយដ្ឋានប្រវត្តិសាស្ត្រម្លេចជាប្រភពធនធានលើសពីក្តីរំពឹងរបស់ពលរដ្ឋ

រមណីយដ្ឋានប្រវត្តិសាស្ត្រម្លេចជាប្រភពធនធានលើសពីក្តីរំពឹងរបស់ពលរដ្ឋ

រមណីយដ្ឋានប្រវត្តិសាស្ត្រម្លេច

ផ្ទៃ​បឹង​លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក​ព័ទ្ធ​ដោយ​ជួរ​ភ្នំ​ធំៗ អម​ដោយ​ព្រៃព្រឹក្សា​ខៀវ​ស្រងាត់ រមណីយដ្ឋាន​ទំនប់​ទឹក​ម្លេច​គឺ​ជា​ឋានសួគ៌​អាថ៌​កំបាំង​មួយ​ស្ថិត​ជាប់​ព្រំប្រទល់​ខេត្ត​កំពត​និង​ខេត្ត​តាកែវ ក្នុង​ទឹក​ដី​ឃុំ ជ្រេស ស្រុក​ជុំគិរី ខេត្ត​កំពត។

លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជាង​៥០០​ហិកតា​និង​អាច​ផ្ទុក​ទឹក​ប្រមាណ​ជាង​១១​លាន​ម៉ែត្រ​គូប បឹង​ម្លេច​គឺ​ជា​ប្រភព​ទឹក​មិន​ចេះ​រីង​ស្ងួត​សម្រាប់​ប្រជាកសិករ​ធ្វើ​ស្រែ​ចម្ការ​មិន​ថា​រដូវ​ប្រាំង​ឬ​រដូវ​វស្សា រួម​នឹង​ផល​នេសាទ។

ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ មិន​ត្រឹម​តែ​ប៉ុណ្ណេះ រមណីយដ្ឋាន​នេះ​ក៏​ជា​ប្រភព​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ។ នេះ​បើ​តាម​ប្រធាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ក្នុង​ទំនប់​ទឹក​ម្លេច លោក ឯម មី។

ខណៈ​លើក​ឡើង​ពី​សារប្រយោជន៍​លើស​ពី​ក្តី​រំពឹង​របស់​ខ្លួន បុរស​សម្បុរ​ស្រអែម​វ័យ​ជាង​៦០​ឆ្នាំ​រូប​នេះ​រៀបរាប់​បន្ត​ថា ទំនប់​បឹង​នេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ដៃ​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៦ នា​សម័យ​ខ្មែរ​ក្រហម។ ក្រោយ​រង​ផល​ប៉ះពាល់​ដោយ​សង្គ្រាម ទំបន់​នេះ​ត្រូវ​បាន​ខូចខាត​ខ្ទេចខ្ទី។

ដោយ​មើល​ឃើញ​ពី​សារប្រយោជន៍​នៃ​បឹង​នេះ ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ក៏​បាន​រួម​គ្នា​ជួសជុល​និង​កសាង​ទំនប់​នេះ​ឡើង​វិញ សម្រាប់​ផ្ទុក​ទឹក​ប្រើប្រាស់​ក្នុង​ការ​ស្រោចស្រព​ស្រែ​ចម្ការ ខណៈ​ជា​ប្រភព​ទឹក​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​តំបន់។

លោក ឯម មី រៀបរាប់​ពី​កា​រួម​គ្នា​ស្តារ​ទំនប់​ម្លេច​ឡើង​វិញ​យ៉ាង​ដូច្នេះ៖ «យើង​រែក​ដោយ​បង្គី ខ្លះ​សែង ខ្លះ​ស្លាប់ ខ្លះ​រស់ ក្នុង​នេះ​ច្រើន​ណាស់។ យើង​ដាក់​ឈើ​ដើរ​រែក​ផង​សែង​ផង ហើយ​ម្ហូប​អាហារ​មិន​បាន​គ្រប់​គ្រាន់​ទេ ហូប​អត់​ឃ្លាន ដល់​មក​ធ្វើការ​សង់​រោង​មក​ស្នាក់នៅ​ហ្នឹង ដើម្បី​ធ្វើ​ម្លេច​ហ្នឹង»។

(ខាងឆ្វេង) លោកស្រី អូច សម្បូរ បេឡាក្នុងសហគមន៍ និង (ខាងស្ដាំ) លោក ឯម មី ប្រធាន​សហគមន៍
(ខាងឆ្វេង) លោកស្រី អូច សម្បូរ បេឡាក្នុងសហគមន៍ និង (ខាងស្ដាំ) លោក ឯម មី ប្រធាន​សហគមន៍

លោក ឯម មី ឱ្យ​ដឹង​ដែរ​ថា ទំនប់​ទឹក​ម្លេច​ត្រូវ​បាន​បែង​ចែក​ជា​៤​បន្លាយ​មេ ដោយ​អាច​ស្រោចស្រព​ស្រូវ​រដូវ​ប្រាំង​ជិត​១០០០​ហិកតា​និង​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ចំនួន​១២៥៨​គ្រួសារ ដោយ​ស្មើ​នឹង​ជាង​៦០០០​នាក់។ ទំនប់​ទឹក​នេះ​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​បន្លាយ​តូចៗ​ទៅ​ដល់​ភូមិ​ស្រុក និង​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​តែ​ម្តង។

លោក​បន្ថែម​ថា ដើម្បី​ថែរក្សា​ធនធាន​ទាំង​នេះ​ឱ្យ​បាន​គង់វង្ស រូប​លោក​រួម​នឹង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បាន​រួម​គ្នា​ចង​ក្រង​ជា​សហគមន៍​មួយ​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ធនធាន​ទឹក ដើម្បី​ថែរក្សា​ទំនប់​ទឹក​ម្លេច​នេះ​ឱ្យ​មាន​និរន្តរភាព​ទៅ​ថ្ងៃ​អនាគត​ទៀត​ផង។

លោក​មាន​ប្រសាសន៍​ថា៖ «ចែក​ចាយ​បាន​ទៅ​ប្រើប្រាស់ មាន​អ្នក​ចាំ មាន​អ្នក​ថែ​គ្រប់​មុខ​ទាំងអស់ ហើយ​រដ្ឋាភិបាល​ក៏​បាន​ប្រគល់​ឱ្យ​សហគមន៍​អ្នក​គ្រប់គ្រង… ក្រោយ​មក​ក៏​ចងក្រង​ជា​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ដែល​មាន​ក្រុម​ខ្ញុំ​ប៉ុន្មាន​នាក់​ហ្នឹង»។

លោក​ស្រី អូច សម្បូរ បេឡា​ក្នុង​សហគមន៍​និង​ជា​ពលរដ្ឋ​ដែល​ទទួល​ផល​ពី​ទំនប់​ទឹក​ម្លេច​នេះ​លើក​ឡើង​ថា បច្ចុប្បន្ន​កុំ​តែ​បាន​សហគមន៍​និង​ការ​ស្រុះស្រួល​គ្នា​រវាង​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ថែរក្សា​ទំនប់​នេះ ម្លេះ​សម​ទំនប់​នេះ​នឹង​ត្រូវ​បាត់បង់។ លោកស្រី​អះអាង​ថា ការ​បាត់បង់​ទំនប់​នេះ​នឹង​បង្ក​ហានិភ័យ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ដូចជា​ខ្វះ​ទឹក​ធ្វើ​ស្រែ​ចម្ការ​ក្នុង​រដូវ​ប្រាំង​ឬ​ត្រូវ​ជន​លិច​នៅ​ក្នុង​រដូវ​វស្សា។

លោកស្រី​មាន​ប្រសាសន៍៖ «ផល​ប្រយោជន៍​ពី​អាង​ម្លេច​នេះ មាន​ច្រើន តាំង​ពី​ដំណាំ​ដាំ​ដុះ​ស្រូវ​ពោត​សណ្តែក​ការ​ប្រើប្រាស់​ទឹក​ទាំង​មនុស្ស​ទាំង​សត្វ​ទាំងអស់»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​ម្ហូប​អាហារ​នៅ​ទំនប់​ទឹក​ម្លេច អ្នកស្រី សុខ ស្រីម៉ៅ បាន​លើក​ឡើង​ដែរ​ថា ក្រៅ​ពី​ទទួល​ផល​ពី​វិស័យ​កសិកម្ម អ្នកស្រី​ផ្ទាល់​ក៏​អាច​ទាញ​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ផង​ដែរ។ អ្នកស្រី​ចង់​ឱ្យ​មាន​ការ​ចូលរួម​ការពារ​ធនធាន​ដែល​មាន​ស្រាប់​នេះ​ឱ្យ​បាន​ល្អ​និង​ចេះ​កែប្រែ​ធនធាន​ទាំង​នោះ​ឱ្យ​ទៅ​ជា​ប្រយោជន៍​ដូច​ទំនប់​ទឹក​ម្លេច​នេះ។

អ្នកស្រី សុខ ស្រីម៉ៅ មាន​ប្រសាសន៍​ថា៖ «ដូច​ជា​រដូវ​យើង​ចូល​ឆ្នាំ ភ្ជុំ ចូល​ឆ្នាំ​ចិន​អី​ហ្នឹង​ណា និយាយ​រួម​នៅ​ម្លេច​ហ្នឹង ឱ្យ​តែ​ខែ​បុណ្យ​ទាន​គឺ​មាន​មនុស្ស​ហើយ។ ដូច​ថា គ្នា​សម្រាក​ពី​ការងារ​អ៊ីចឹង​គេ​មក​ដើរ​លេង»

ទិដ្ឋភាព​រួម​នៃ​រមណីយដ្ឋាន​ទំនប់​ទឹក​ម្លេច​គឺ​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ទាក់ទាញ​ចិត្ត​មួយ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​និង​ក្រៅ​តំបន់​ឱ្យ​មក​ទស្សនា​កម្សាន្ត។ ម៉្យាង​បើ​ក្រឡេក​មក​មើល​បរិស្ថាន​នៃ​ទី​រមណីយដ្ឋាន​ទំនប់​ទឹក​ម្លេច​នេះ​វិញ ពិត​ជា​មាន​អនាម័យ​ទាំង​ក្នុង​ទឹក​ទាំង​នៅ​លើ​គោក ព្រោះ​ក្រៅ​ពី​ការ​បោស​សម្អាត រើស​សំរាម​ដាក់​ក្នុង​ធុង គឺ​នៅ​មាន​ការ​បើក​ទ្វារ​ទឹក​បង្ហូរ​ចេញ​តាម​រដូវ​ទៀត ម៉្លោះ​ហើយ​ធ្វើ​ឱ្យ​ផ្ទៃ​ទឹក​ស្ថិត​ក្នុង​ភាព​ថ្លា​ឃ្វង់។

ប្រធាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ក្នុង​ទំនប់​ទឹក​ម្លេច លោក ឯម មី មាន​ប្រសាសន៍​ថា នេះ​ក៏​ព្រោះ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជា​សហគមន៍​ដែល​ចូលរួម​អភិរក្ស​ថែរក្សា។

ភ្ញៀវទេសចរណ៍ថតរូបអនុស្សាវរីយ៍នៅរមណីយដ្ឋានប្រវត្តិសាស្ត្រម្លេច
ភ្ញៀវទេសចរណ៍ថតរូបអនុស្សាវរីយ៍នៅរមណីយដ្ឋានប្រវត្តិសាស្ត្រម្លេច

ជា​ភ្ញៀវ​ទេសចរណ៍​ម្នាក់​ដែល​មក​ដល់​រមណីយដ្ឋាន​ទំនប់​ទឹក​ម្លេច​នេះ​ជា​លើក​ដំបូង លោកស្រី គង់ គឹមជី បាន​លើក​ឡើង​ថា ខ្លួន​ពិត​ជា​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​មក​ដល់​តំបន់​នេះ។ នៅ​ពេល​ឃើញ​ទិដ្ឋភាព​រមណីយដ្ឋាន​ដែល​ពោរពេញ​ដោយ​ភាព​ស្រស់​ស្អាត​បែប​នេះ លោកស្រី​រំពឹង​ថា នឹង​មាន​ការ​ចូលរួម​ថែរក្សា​ការពារ​តំបន់​បែប​ប្រវត្តិសាស្ត្រ​ដទៃ​ទៀត​ឱ្យ​ដូច​តំបន់​ដែល​ខ្លួន​បាន​មក​ដល់​នេះ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «និយាយ​ទៅ​ថា ខ្យល់​នៅ​ហ្នឹង​វា​ល្អ​បរិសុទ្ធ​ដោយសារ​គ្មាន​ការ (បំពុល) ខ្ញុំ​ទទួល​អារម្មណ៍​ថា ត្រជាក់​ស្រួល វា​ដូច​ស្រស់ស្រាយ​អារម្មណ៍​មែន​ទែន។ ដូច​នៅ​ជុំវិញ​ហ្នឹង​អត់​ទាន់​មាន​ការ​បំពុល​អី​ផ្សេងៗ វា​មាន​តែ​បរិយាកាស​ដូច​ជា​ភ្នំ ទឹក​អីចឹង។ ចឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា ត្រជាក់​ចិត្ត​ប្លែក​អារម្មណ៍​ជាង​យើង​នៅ​ទីក្រុង»។

ស្រដៀង​គ្នា​ដែរ កញ្ញា រិទ្ធី គុល្លីកា ភ្ញៀវ​ទេសចរ​ម្នាក់​ទៀត​ដែល​បាន​មក​ទស្សនា​តំបន់​នេះ​ចំនួន​២​ដង​មក​ហើយ ហើយ​បាន​អះអាង​ថា ខ្លួន​នៅ​តែ​បន្ត​មក​ទស្សនា​តំបន់​នេះ​ម្តង​ទៀត​បើ​មាន​ឱកាស ដោយ​នឹង​នាំ​មក​ជាមួយ​ក្រុម​គ្រួសារ​មក​ជាមួយ​ផង។ ការ​អះអាង​យ៉ាង​ដូច្នេះ​ព្រោះ​តែ​ខ្លួន មាន​ចិត្ត​កោត​សសើរ​ចំពោះ​វីរៈភាព​របស់​ប្រជា​សហគមន៍​ដែល​បាន​រួម​គ្នា​អភិរក្ស​រមណីដ្ឋាន​ទំនប់​ទឹក​ម្លេច​នេះ។

កញ្ញា​និយាយ៖ «កន្លែង​ហ្នឹង​គឺ​យើង​មើល​ទៅ​ធំ​ល្វីង​ល្វើយ ហើយ​មាន​ទឹក​ច្រើន […] ដែល​វា​អាច​ជួយ​ដល់​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​ប្រជាកសិករ​បាន​ច្រើន។ ហើយ​មើល​ទៅ​គឺ​អស្ចារ្យ ដែល​គិត​ថា វា​គឺ​ជា​អ្វី​មួយ ដែល​កើត​ឡើង​ដោយ​ការ​សាមគ្គី​គ្នា ដើម្បី​លើក​ទំនប់​នេះ​មក គឺ​វា​អស្ចារ្យ​មែន​ទែន»

ចែករំលែកតាម៖