“ដំណើរស្វែងរកការពិត” គឺជាបេសកកម្មមួយដែលត្រូវបានបង្កើតឡើងដើម្បីចងក្រងប្រវត្តិទីតាំងភូមិសាស្ត្រនៅទូទាំងប្រទេសកម្ពុជា។ បេសកកម្មនេះត្រូវបានបង្កើតឡើងដោយបណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថាន អ៊ិនធឺរេដ។
ដំណាក់កាលទីមួយដែលមានឈ្មោះថា “គម្រោងសង្គ្រោះឯកសារជាតិដែលចាស់ទ្រុឌទ្រោម” បានដំណើរការទៅដោយជោគជ័យកាលពីឆ្នាំ២០១៧ និងបានធ្វើការផ្ទៀងផ្ទាត់ឯកសារប្រវត្តិសាស្ត្រជាមួយនឹងទីតាំងប្រវត្តិសាស្ត្រសំខាន់មួយចំនួននៅទូទាំងរាជធានីខេត្តទាំង២៥ទូទាំងប្រទេស។
លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង មានប្រសាសន៍ថា៖ «ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានទៅជួយសង្គ្រោះឯកសារជាតិដែលចាស់ទ្រុឌទ្រោម ខ្លះពុកផុយហើយហ្នឹង ព្រោះឯកសារខ្លះមានអាយុកាលតាំងពីចុងសតវត្សទី១៩ គឺជាង១០០ឆ្នាំហើយ។ ភាគច្រើនជាភាសាបារាំង មួយចំនួនជាភាសាខ្មែរ។ យើងបានរកឃើញឯកសារនោះ បានជួយសង្គ្រោះ បាន scan (ថតចម្លង) ទុកដាក់បានច្រើនហើយ លែងប្រឈមនឹងការពុកផុយហើយ យើងចាប់ផ្តើមចុះទៅផ្ទៀងផ្ទាត់ ទីតាំងប្រវត្តិសាស្ត្រ ដោយផ្អែកលើឯកសារហ្នឹង មើលទីតាំងជាក់ស្តែងថាមានការប្រែប្រួលអត់»។
លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង មានប្រសាសន៍ថា មកដល់ឆ្នាំ២០១៨ ក្រុមការងារលោកបន្តបេសកកម្មនេះដោយចុះទៅទីតាំងភូមិសាស្ត្រផ្សេងទៀតនៅទូទាំងប្រទេសដែលឱ្យឈ្មោះថា “ដំណើរស្វែងរកការពិត”។

លោកបណ្ឌិតសភាចារ្យឱ្យដឹងថា ក្នុងរយៈពេល២០ឆ្នាំគឺចាប់ឆ្នាំ១៩០៤ដល់ឆ្នាំ១៩២៤ បារាំងបានស្រាវជ្រាវនិងចងក្រងឯកសារទីតាំងភូមិសាស្ត្រទាំងមូលរបស់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែជិត១០០ឆ្នាំមកនេះនៅពុំទាន់មានការចងក្រងនិងស្រាវជ្រាវជាផ្លូវការណាមួយម្តងទៀតនោះទេ។
លោកបណ្ឌិត ស៊ន សំណាង បន្ថែមថា មូលហេតុនេះហើយដែលនាំឱ្យលោកចាប់ផ្តើមគម្រោងស្វែងយល់និងសរសេរពីប្រវត្តិភូមិសាស្ត្រខ្មែរនេះ បើទោះជាលោកបានចូលនិវត្តទៅហើយក្ដី។ លោកបញ្ជាក់ថា បេសកកម្មក៏មានគំនិតចង់បណ្តុះគំនិតអ្នកបន្តវេននិងបន្សល់ស្នាដៃដល់កូនខ្មែរជំនាន់ក្រោយផងដែរ។
លោកមានប្រសាសន៍ថា៖ «គេឱ្យសម្រាកហើយ តែមិនទាន់សម្រាកកើតទេ ដោយសារនៅតែបន្តបណ្តុះបណ្តាលអ្នកបន្តវេន ប្អូននិស្សិតថ្នាក់បរិញ្ញាបត្រ ដល់ថ្នាក់បណ្ឌិតហ្នឹង ដើម្បីឱ្យពួកគេមានសមត្ថភាពពិតប្រាកដជាពិសេសសមត្ថភាពក្នុងការស្រាវជ្រាវ ក្នុងការសរសេរ ទុកជាមរតក។ ពីព្រោះមានតែវិធីហ្នឹងទេ ដែលអាចនឹងបង្កើតការយល់ដឹងអំពីអតីតកាលនិងអំពីបច្ចុប្បន្ននៃប្រទេសកម្ពុជា»។
លោកស្រី គង់ គឹមជី គឺជានិស្សិតផ្នែកអក្សរសាស្ត្រនិងជាគ្រូបង្រៀននៅសាលាបឋមសិក្សាសឡា។ លោកស្រីបានចូលរួមដំណើរទស្សនកិច្ចផ្ទៀងផ្ទាត់ទីតាំងប្រវត្តិសាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៨ ក្រោមការដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ស៊ន សំណាង។
លោកស្រីលើកឡើងថា ដំណើរបេសកម្មនេះគឺបានជួយពង្រឹងសមត្ថភាពខ្លួនយ៉ាងច្រើន ហើយលោកស្រីនឹងចែករំលែកចំណេះដឹងទាំងនេះដល់សិស្សានុសិស្សរបស់លោកស្រីផងដែរ។
លោកស្រីមានប្រសាសន៍ថា៖ «ជាប្រវត្តិសាស្រ្តហ្នឹង ឱ្យក្មេងជំនាន់ក្រោយដឹងថា ទីហ្នឹងមានដើមចឹងពិតមែន ហើយវាមានឈ្មោះចឹងពិតមែន កុំឱ្យដាច់និរន្តរភាពយើង។ ដូចជាព្រឹកម៉ិញយើងមក សាកលវិទ្យាល័យតាកែវ កំពតយើងហ្នឹង ឃើញថា វាបាត់នូវអគារ បាត់អីអ៊ីចឹង… ដែលមិនអាចឱ្យពួកយើង មើលឃើញដល់ជំនាន់ពួកយើង»។

លោក ទ្រី ប៊ុនអ៊ី និស្សិតថ្នាក់បណ្ឌិតផ្នែកប្រវត្តិវិទ្យានៃវិទ្យាស្ថានអ៊ីនធឺរេដ លើកឡើងថា បេសកកម្មនេះជួយលោកឱ្យលោកចងចាំកាន់តែច្បាស់នូវអ្វីដែលលោកបានរៀនក្នុងថ្នាក់។
លោកមានប្រសាសន៍ថា៖ «មកមើលទីតាំងផ្ទាល់ អនុវត្តផ្ទាល់នេះ វាកាន់តែបញ្ជាក់ថែមទៀត នូវអ្វីដែលយើងបានរៀននៅសាលានោះ ដើម្បីឱ្យយើងកាន់តែភ្លឺច្បាស់ថែមទៀត។ នេះជាអ្វីដែលខ្ញុំបានអនុវត្តផ្ទាល់ បានផ្ទៀងផ្ទាត់ទ្រឹស្តីជាមួយទីតាំងប្រវត្តិសាស្ត្រ វាស៊ីគ្នា ធ្វើឱ្យខ្ញុំត្រឡប់ទៅវិញពិនិត្យមើលសារឡើងវិញ យើងកាន់តែយល់ច្បាស់ថែមទៀត។ ពេលដែលយើងរៀនទ្រឹស្តីនៅសាលា គឺយើងអត់ទាន់ដឹងច្បាស់ទេ ហាក់ដូចជាការស្រមើស្រមៃ អ៊ីចឹងការចង់ចាំរបស់យើងក៏មិនសូវមានប៉ុន្មានដែរ»។
លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង ឱ្យដឹងថា តាមរយៈការចុះសិក្សាផ្ទាល់ពីប្រវត្តិទីតាំងភូមិសាស្ត្រនានាក្នុងកន្លងមក លោកសង្កេតឃើញទីតាំងភូមិសាស្ត្រមួយចំនួនបានកែប្រែឈ្មោះ ហើយក៏មានកន្លែងមួយចំនួនទៀតបានបាត់រូបរាងជាដើម។ លោកស្នើចង់ឱ្យមានការប្រែនិងកំណត់ទីតាំងទាំងឡាយដែលខុស ឱ្យមកជាត្រូវតាមឯកសារប្រវត្តិសាស្ត្រវិញ ដើម្បីចៀសវាងការបាត់បង់អត្តសញ្ញាណដើម៕