ក្រសួងគ្រោងបង្កើតសាលាជំនាន់ថ្មីនៅតាមខេត្តដើម្បីជំរុញការសិក្សាមុខជំនាញSTEM

ក្រសួងគ្រោងបង្កើតសាលាជំនាន់ថ្មីនៅតាមខេត្តដើម្បីជំរុញការសិក្សាមុខជំនាញSTEM

សិស្សនៃសាលាជំនាន់ថ្មីនៅវិទ្យាល័យព្រះស៊ីសុវត្ថិ​ (រូបភាពពីលោក សម្យ កំសាន្ដ)

មហោស្រព​ជាតិ​លើក​ទី៤​នៅ​កម្ពុជា​ស្តី​ពី​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​ឬ​ហៅ​ថា​ STEM​ ត្រូវ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១​ដល់​ទី៣​ ខែ​មីនា​ ឆ្នាំ២០១៨។​ កម្មវិធី​រយៈពេល​៣ថ្ងៃ​នេះ​ទទួល​បាន​ការ​ចូលរួម​ពី​សិស្ស​វិទ្យាល័យ​រដ្ឋ​និង​ឯកជន​ សាកលវិទ្យាល័យ​ និង​ក្រុមហ៊ុន​ ក៏​ដូចជា​ ស្ថាប័ន​ជំនាញ​មួយ​ចំនួន​ដែល​ធ្វើ​ទាក់ទង​ជំនាញ​នេះ​ សរុប​ចំនួន​៨៥ស្តង់។​

សិស្ស​វិទ្យាល័យ​នៅ​កម្ពុជា​មួយ​ចំនួន​ ដែល​មាន​សមត្ថភាព​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​បាន​ដាក់​បង្ហាញ​ស្នាដៃ​របស់​ពួកគេ​ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​នេះ​ដណ្តើម​យក​ជ័យលាភី​ផង​ដែរ។​ គម្រោង​ល្អ​ជាង​គេ​ចំនួន​៣​នឹង​ទទួល​បាន​ថវិកា​ខ្នាត​តូច​ពី​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រែ​ក្លាយ​គំនិត​របស់​គេ​ឱ្យ​ទៅ​ជា​សកម្មភាព​ជាក់ស្តែង។​

យុវជន​ ទន់​ យូឡេង​ សិស្ស​ថ្នាក់​ទី​១១​នៃ​សាលា​ជំនាន់​ថ្មី​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ បាន​ដាក់​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ផ្តាច់​ភ្លើង​ដោយ​ស្វ័យ​ប្រវត្តិ។​ ឧបករណ៍​នេះ​អាច​បញ្ជា​ផ្តាច់​ភ្លើង​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ចាក​ចេញ​ពី​ផ្ទះ​ ទោះ​បី​ភ្លេច​បិទ​ចរន្ត​អគ្គិសនី។​

យុវជន​វ័យ​១៦​ឆ្នាំ​រូប​នេះ​រៀបរាប់​ថា​ បន្ទាប់​ពី​បាន​ចូល​រៀន​នៅ​សាលា​ជំនាន់ថ្មី​មក​ រូប​គេ​មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន​ ហើយ​អ្វី​ជា​លទ្ធផល​គឺ​ក្រុម​របស់​ពួកគេ​អាច​ច្នៃ​ឧបករណ៍​ផ្តាច់​ភ្លើង​ដោយ​ស្វ័យ​ប្រវត្តិ​នេះ។​

យុវជន​រូប​នេះ​បន្ថែម​ថា​ មុន​ពេល​ដែល​គេ​ចូល​រៀន​នៅ​ក្នុង​សាលា​នេះ​ គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​សិក្សា​នោះ​ទេ។​ តែ​បន្ទាប់​ពី​បាន​ចូល​រៀន​ក្នុង​សាលា​នេះ​ធ្វើ​ឱ្យ​គេ​ស្រឡាញ់​ការ​សិក្សា​ ព្រោះ​នៅ​ក្នុង​សាលា​មាន​បណ្ណាល័យ​ស្អាត​ សៀវភៅ​សម្បូរ​បែប​ មាន​កុំព្យូទ័រ​ស្រាវជ្រាវ​ និង​ជា​ពិសេស​បន្ទប់​ពិសោធ។​

យុវជន​ ទន់​ យូឡេង​ បញ្ជាក់​ថា៖​ «វា​ខុស​គ្នា​ត្រង់​ថា​ កាល​ពី​មុន​ខ្ញុំ​ច្រើន​ធ្វើ​ឡេះ​ខេះ​  តែ​ឥឡូវ​យើង​ចាប់​ផ្តើម​ផ្តោត​ទៅ​លើ​ការ​រៀន។​ ពួក​យើង​អត់​ផ្តោត​ច្រើន​ទេ​ នៅ​សាលា​ហ្នឹង​គឺ​យើង​ចេះ​តែ​ម្តង។​ ទៅ​ដល់​ផ្ទះ​យើង​មិន​បាច់​ធ្វើ​អ្វី​ក៏​បាន​ដែរ។​ ពេល​មក​ដល់​ផ្ទះ​គ្រាន់​មើល​ធ្វើ​កិច្ចការ​ផ្ទះ​តិច​តួច​ទៅ​បាន​ហើយ។​ នៅ​សាលា​យើង​ចេះ​អូតូម៉ាទិក​(ដោយ​ស្វ័យ​ប្រវត្តិ)​តែ​ម្តង​ ព្រោះ​វា​ទៅ​ដល់​៧​ទៅ​៨​ម៉ោង​នៃ​ការ​រៀន​ តែ​សាលា​ធម្មតា​រៀន​តែ​៣​ទៅ​៤ម៉ោង​យើង​ត្រូវ​ការ​រៀន​នៅ​ផ្ទះ​ខ្លួន​ឯង​ទៀត។​ គឺ​ពេល​ព្រឹក​ចូល​មក​ម៉ោង​៧​និង​២០នាទី​ ចេញ​ម៉ោង​១១កន្លះ​ ហើយ​ឱ្យ​យើង​ញាំ​បាយ​ម៉ោង​១១កន្លះ​ ដល់​ម៉ោង​១២​  ហើយ​ពេល​រសៀល​ចូល​វិញ​ម៉ោង​១កន្លះ​ និង​ចេញ​វិញ​នៅ​ម៉ោង​៤»។​

លោក​ ចាន់​ សុផល​ គ្រូបង្រៀន​មុខវិទ្យា​រូបវិទ្យា​នៅ​វិទ្យាល័យ​បឹង​ត្របែក​ដែល​បាន​នាំ​សិស្ស​មក​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​ដែរ​នោះ​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​ការ​បង្រៀន​សិស្ស​ឱ្យ​ចេះ​អនុវត្ត​ផ្ទាល់​គឺ​ពិបាក​ដោយសារ​កង្វះ​បន្ទប់​ពិសោធ​និង​គ្រូបង្រៀន​ជំនាញ​ដែល​មាន​លទ្ធភាព​ធ្វើ​ពិសោធ​ឱ្យ​សិស្ស​មើល​នៅ​តាម​សាលា។​ លោក​ស្នើ​ឱ្យ​ក្រសួង​បង្កើត​សាលា​ជំនាន់​ថ្មី​នេះ​ឱ្យ​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​

លោកគ្រូ​ ចាន់​ សុផល​ មាន​ប្រសាសន៍​ថា៖​ « បើ​តាម​ខ្ញុំ​ធ្លាប់​ចុះ​ទៅ​តាម​សាលា​ផ្សេងៗ​ ខ្ញុំ​ថា​ អត់​ខ្វះ​ទេ​សម្ភារៈ​ គឺ​ទី​មួយ​គឺ​ខ្វះ​ធនធាន​សម្រាប់​ផ្តល់​ឱ្យ​គាត់​ចេះ​ប្រើ។​ សម្រាប់​ស្រុក​ខ្មែរ​សម្ភារៈ​គឺ​អត់​ខ្វះ។​ សម្រាប់​ស្រុក​ខ្មែរ​ប្រើ​តាម​គំនិត​លទ្ធភាព​ស្រុក​ខ្មែរ​គឺ​អត់​ខ្វះ​ ប៉ុន្តែ​ខ្វះ​ ខ្វះ​ការ​បង្ហាញ​ឱ្យ​គាត់​ចេះ​ប្រើ​របស់​ទុក​តែ​នៅ​ក្នុង​ហិប។»​

បណ្ឌិត​សភាចារ្យ​ ហង់​ ជួន ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មាន​ប្រសាសន៍​ថា​ មហោស្រព​ជាតិ​ស្តី​ពី​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ការ​សិក្សា​ជំនាញ​STEM​ នៅ​កម្ពុជា។​ លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ជំនាញ​ STEM​ ដែល​ផ្តោត​លើ​ការ​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​នៅ​ពេល​អនាគត។​

លោក​ ហង់​ ជួនណារ៉ុន​មាន​ប្រសាសន៍​ថា៖​ «សំខាន់​ដោយសារ​តែ​សម្រាប់​កម្ពុជា​ គឺ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ ហើយ​ត្រូវ​ការ​បង្កើត​នូវ​សេដ្ឋកិច្ច​ថ្មី​ ដូចជា​អេឡិចត្រូនិក​ ការ​កែ​ច្នៃ​ម្ហូប​អាហារ​ ក៏​ដូចជា​ការ​ធានា​សុខភាព​សុវត្ថិភាព​ស្បៀង​ជា​ដើម។​ ចឹង​ការ​រៀន​បែប​ STEM​ ហ្នឹង​គឺ​សំខាន់​ ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​ ដើម្បី​បង្កើត​ការងារ​ធ្វើ​ថ្មី​ ដើម្បី​ឱ្យ​យុវជន​មាន​បំណិន​ មាន​ជំនាញ​គ្រប់គ្រាន់​ ដើម្បី​សម្រាប់​អនាគត​របស់​ពួក​គេ»។​

លោក​រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា​ បើ​ទោះ​ជា​ការ​សិក្សា​ជំនាញ​STEM​ មាន​សារៈសំខាន់​សម្រាប់​យុវជន​ជំនាន់​ថ្មី​នៅ​កម្ពុជា​ តែ​បច្ចុប្បន្ន​ការ​បណ្តុះបណ្តាល​ជំនាញ​នេះ​ផ្តោត​តែ​ក្នុង​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ​ ដោយ​ឡែក​នៅ​ជន​បទ​មិន​ទាន់​មាន​នោះ​ទេ។​ លោក​ថា​ ក្រសួង​គ្រោង​នឹង​បង្កើត​សាលា​ជំនាន់​ថ្មី​ ដែល​បង្រៀន​ជំនាញ​STEM​ប្រមាណ​២០០សាលា​ផ្សេង​ទៀត​នៅ​កម្ពុជា។​

បណ្ឌិត​សភាចារ្យ​ ហង់​ ជួន ណារ៉ុន​ បញ្ជាក់​ថា៖​ «ជា​ការ​ពិត​នៅ​តាម​ទី​ជនបទ​ យើង​ឃើញ​ថា​មាន​ការ​ខ្វះ​ខាត​បើ​ប្រៀបធៀប​ជាមួយ​ទីក្រុង។​ ទាំង​គ្រូ​ក៏​នៅ​មាន​កម្រិត​ ទាំង​បន្ទប់​ពិសោធក៏​នៅ​មាន​កម្រិត។​ ប៉ុន្តែ​ក្រសួង​នឹង​បង្កើត​សាលា​គំរូ​ជំនាន់​ថ្មី​ប្រមាណ​ជា​២០០សាលា​ នៅ​គ្រប់​ខេត្ត​ក្រុង​ ផ្តោត​លើ​STEM​ហ្នឹង។​ ចឹង​ខ្ញុំ​ចង់​បញ្ជ្រាប​ឱ្យ​យុវជន​យើង​បាន​យល់»។​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បង្កើត​សាលា​ជំនាន់​ថ្មី​គំរូ​ដំបូង​គេ​នៅ​កម្ពុជា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្នុង​ឆ្នាំ​២០១៦។​ សាលា​នេះ​មាន​គោលដៅ​បង្រៀន​ជំនាញ​STEM​ ដល់​សិស្ស​ ជា​ពិសេស​គឺ​ពង្រឹង​សមត្ថភាព​គ្រូ​ជំនាញ​ ដើម្បី​ធ្វើ​ជា​គំរូ​សម្រាប់​សាលា​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។​

សិស្សចូលរួមមហោស្រពជាតិលើកទី៤នៅកម្ពុជាស្តីពីវិទ្យាសាស្ត្រនិងវិស្វកម្មឬហៅថា STEM
សិស្សចូលរួមមហោស្រពជាតិលើកទី៤នៅកម្ពុជាស្តីពីវិទ្យាសាស្ត្រនិងវិស្វកម្មឬហៅថា STEM

លោក​ សម្យ​ កំសាន្ត​ នាយករង​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ទទួល​បន្ទុក​សាលា​ជំនាន់​ថ្មី​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​បើក​ដំណើរការ​ជាង​២ឆ្នាំ​មក​នេះ​ សាលា​មាន​ការ​ប្រែប្រួល​ទាំង​ការ​អប់រំ​នៃ​ការ​សិក្សា​របស់​សិស្ស​ ទាំង​ឥរិយាបថ​នៃ​ការ​សិក្សា​របស់​សិស្ស។​ លោកគ្រូ​បន្ថែម​ថា​ ប្រសិន​បើ​គោលដៅ​បង្កើន​ចំនួន​សាលា​ជំនាន់ថ្មី​បាន​សម្រេច​មែន​ នឹង​ធ្វើ​ឱ្យ​ការ​សិក្សា​របស់​កម្ពុជា​ប្រែ​មុខ​មាត់​ទៅ​លើ​គុណភាព​នៅ​លើ​ឆាក​អន្តរជាតិ។​

លោក​ សម្យ​ កំសាន្ត​ មាន​ប្រសាសន៍​ថា៖​ «ការ​អនុវត្ត​នៃ​កម្មវិធី​នេះ​វា​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឬ​អាច​ធ្វើ​ឱ្យ​គុណភាព​នៃ​ការ​អប់រំ​ហ្នឹង​វា​ប្រែប្រួល​ ទាំង​គុណភាព​នៃ​ការ​សិក្សា​របស់​សិស្ស​ បាន​ន័យ​ថា​ សិស្ស​អាច​ចាប់​ផ្តើម​គិត​អំពី​មុខវិទ្យា​វិទ្យាសាស្រ្ត​ មួយ​ផ្នែក​ទៀត​នោះ​យើង​ឃើញ​មាន​ការ​ប្រែ​ប្រួល​ផ្នែក​វិទ្យាសាស្រ្ត​ ឥរិយាបថ​នៃ​ការ​សិក្សា​ពី​របៀប​សិក្សា​ជា​ដើម។​ ដូច្នេះ​ជា​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ ដែល​ឯកឧត្តម​រដ្ឋមន្រ្តី​គាត់​សង្ឃឹម​ដែរ​នោះ​គឺ​ថា​ យើង​មាន​សាលា​បែប​នេះ​២០០សាលា​បន្ថែម​ទៀត​ ដូច្នេះ​បើសិន​បើ​គោលដៅ​នោះ​បាន​សម្រេច​ពិត​មែន​យើង​ឃើញ​ថា​ ធ្វើ​ឱ្យ​វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា​យើង​នឹង​ ប្រែ​មុខ​មាត់​ទៅ​លើ​គុណភាព​នៅ​លើ​ឆាក​អន្តរជាតិ»។​

លោក​បន្ថែម​ថា​ ចាប់​តាំង​ពី​សាលា​នេះ​បើក​ដំណើរការ​រយៈពេល​ជាង​២ឆ្នាំ​ មាន​សិស្ស​សាលា​ជំនាន់​ថ្មី​ ជាង​៦០​នាក់​បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់​អាស៊ាន​និង​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ លើ​មុខ​ជំនាញ​វិទ្យាសាស្រ្ត​នេះ​ ហើយ​ភាគ​ច្រើន​នៃ​សិស្ស​ទាំងអស់​ទទួល​បាន​លទ្ធផល​ល្អ។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ សម្យ​ កំសាន្ត​ អះអាង​ថា​ ការ​បើក​ដំណើរការ​សាលា​ជំនាន់​ថ្មី​នេះ​គឺ​មិន​ងាយ​ស្រួល​នោះ​ទេ​គឺ​ត្រូវ​ចំណាយ​ពេល​វេលា​យូរ។​ លោក​បន្ថែម​ថា​ កត្តា​សំខាន់ៗ​មួយ​ចំនួន​ដែល​ជំរុញ​ឱ្យ​សាលា​ជំនាន់​ថ្មី​នេះ​អាច​ដំណើរការ​បាន​ចាំបាច់​ត្រូវ​ការ​ថវិកា​ច្រើន​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សាលា​ បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ជា​គ្រូ​បង្រៀន​ ការ​គ្រប់គ្រង​ និង​ការ​សហការ​ពី​អាណា​ព្យាបាល។​

រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ លោក​ ហង់​ ជួន​ ណារ៉ុន​ បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ការ​បណ្តុះ​បណ្តាល​វិទ្យាសាស្រ្ត​ STEM​ នៅ​កម្ពុជា​ថា​ជា​ផ្នែក​មួយ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ជំនាន់​ថ្មី​ បាន​ទទួល​ចំណេះដឹង​ពិត​ប្រាកដ​សម្រាប់​កសាង​សង្គម​ឱ្យ​មាន​ភាព​រីកចម្រើន។​

លោក​ ហង្ស​ ជួន​ ណារ៉ុន​ បាន​បញ្ជាក់​ថា៖​ «យុវជន​នៅ​អាស៊ាន​ គឺ​យុវជន​យើង​ប្រមាណ​ជា​២០​ទៅ​៣០%​ ដែល​បាន​សិក្សា​នៅ​តាម​សាលា​ហ្នឹង​គឺ​អាច​ប្រកួត​ប្រជែង​គេ​បាន​ ហើយ​អ្នក​ខ្លះ​អាច​មាន​ចំណេះវិជ្ជា​លឿន​ជាង​គេ​ទៀត។​ ក៏​ប៉ុន្តែ​នៅ​មាន​អ្នក​ផ្សេង​ទៀត​៧០%​ ដែល​យើង​ត្រូវ​ពង្រឹង។​ ពង្រឹង​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​គ្រូ​ បង្កើត​ឱ្យ​មាន​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​គរុកោសល្យ​២​ ដើម្បី​បណ្តុះ​បណ្តាល​គ្រូ​ឱ្យ​បាន​មាំ​ ហើយ​យើង​ពង្រឹង​វិធីសាស្រ្ត​បង្រៀន​ ហើយ​គ្រូ​ហ្នឹង​គាត់​មាន​វិធីសាស្រ្ត​បង្រៀន​ល្អ​ មិនមែន​បង្រៀន​តែ​មុខ​ជំនាញ​ទេ​គឺ​ធ្វើ​ឱ្យ​មាន​ការ​ទាក់​ទាញ។​ ហើយ​ម្យ៉ាង​វិញ​ទៀត​ឱ្យ​ចេះ​អនុវត្ត​ ចឹង​យើង​បង្កើត​សាលា​ជំនាន់​ថ្មី»។​

ចែករំលែកតាម៖