ការមិនអើពើនឹងជំងឺផ្លូវចិត្តពីដំបូងអាចឱ្យអ្នកជំងឺស្លាប់

ការមិនអើពើនឹងជំងឺផ្លូវចិត្តពីដំបូងអាចឱ្យអ្នកជំងឺស្លាប់

មនុស្ស​រាប់​រយ​នាក់​រង់ចាំ​បើក​ថ្នាំ​និង​ទទួល​សេវា​ប្រឹក្សា​យោបល់​ជំងឺ​ផ្លូវ​ចិត្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ឬ​ហៅ​កាត់​ថា​មន្ទីរពេទ្យ​រុស្ស៊ី។ ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​លោក មាស ជុងឆៃ ដែល​បាន​អះអាង​ថា​ខ្លួន​មើល​ឃើញ​ស្រមោល​ខ្មៅ​និង​វិញ្ញាណ​នៅ​ក្នុង​ផ្ទះ​របស់​លោក។ បុរស​មាឌ​មាំ សម្បុរ​ស​ដែល​ពុំ​អាច​មើល​នឹង​ភ្នែក​ទទេ​ដឹង​ថា មាន​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​នោះ បន្ត​ទាំង​ជឿជាក់​ថា​នេះ​ជា​អំពើ​ធ្មប់។

លោក មាស ជុងឆៃ រៀបរាប់​ថា៖«‍តាម​ខ្ញុំ​រហូត​ដល់​ខ្ញុំ​ភ័យ​ពេក ធ្លាក់​ពី​លើ​ផ្ទះ​បាក់​ជើង។ វា​មាន​ដំបូល​មួយ វា​ត្រូវ​ធ្លាក់​ទៅ​ក្រោម​ទៀត ដោយ​ខ្ញុំ​យក​ជើង​ទាំង​ពីរ​ទ្រ អុក​ទៅ​ខ្ទាំ អត់​មាន​ប៉ះពាល់​ក្បាល។ ប៉ុន្តែ​ពេល​នោះ​ឯង ខ្ញុំ​ចង់​លោត​ទៅ​ជាន់​ក្រោម​ទៀត ធ្លាក់​ឱ្យ​ងាប់​ហ្មង ភ័យ​ពេក។ ប៉ុន្តែ​មិនមែន​សសៃ​ប្រសាទ​ទេ។ គឺ​វា​មក​ចូល​ក្នុង​ផ្ទះ អើត​ក​អើត​អី គឺ​តាម​មើល ចូល​ក្នុង​ផ្ទះ​យើង​មួយ​សេរី​ហ្មង សូម្បី​ទូរទស្សន៍​អត់​មាន​ភ្លើង​ក៏​បើក​មាន​ភ្លើង​ដែរ»។

បុរស​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ​បាន​មក​ទទួល​ការ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ក្រោយ​ក្រុម​គ្រួសារ​ជំរុញ​បន្ទាប់​ពី​លោក​រវើរវាយ​រហូត​ចង់​សម្លាប់​ខ្លួន។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នកស្រី​ព្រំ សារី ម្តាយ​របស់​លោក​មាស ជុងឆៃ អ្នក​ជំងឺ​ផ្លូវ​ចិត្ត។

អ្នក​ឯកទេស​ផ្នែក​វិកល​វិទ្យា​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត វេជ្ជបណ្ឌិត បេន បូនី មាន​ប្រសាសន៍​ថា​ទាំង​នេះ​គឺ​ជា​បញ្ហា​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​បន្ត​ជួប​ប្រទះ។

វេជ្ជបណ្ឌិត បេន បូនី​ មាន​ប្រសាសន៍​ថា៖ «គាត់​និយាយ​ម្នាក់​ឯង​ហ្នឹង​បាន​ន័យ​ថា គាត់​លឺ​សំឡេង​ហ្នឹង​តែ​ម្នាក់​ឯង​ទេ។ សញ្ញា​ទាំងអស់​ហ្នឹង​អ្នក​ស្រុក​យើង មើល​ទៅ​ថា​ខ្មោច​ចូល។ តែ​ហ្នឹង​ជា​សញ្ញា​ជំងឺ​វិកល​ចរិត មាន​ការ​ប្រែ​ប្រួល​ក្នុង​ខួរ​ក្បាល។ តាម​ពិត​សម័យ​នេះ​គួរ​តែ​ជម្រះ​មន្ទិល​សង្ស័យ​ថា អត់​មាន​ខ្មោច ព្រាយ​អី​ទេ គឺ​មាន​តែ​នៅ​ក្នុង​គំនិត ការ​សន្មត់ ប៉ុន្តែ​ជំងឺ​វិកល​ចរិត​ជា​ការ​ពិត ព្រោះ​វិទ្យាសាស្ត្រ​រក​ឃើញ ថា​វា​មាន​ការ​ប្រែប្រួល​ក្នុង​ខួរ​ក្បាល»។

វេជ្ជបណ្ឌិត បេន បូនី អ្នកឯកទេសផ្នែកវិកលវិទ្យានៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
វេជ្ជបណ្ឌិត បេន បូនី អ្នកឯកទេសផ្នែកវិកលវិទ្យានៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

លោក​វេជ្ជបណ្ឌិត បេន បូនី បន្ត​ថា អ្នក​ជំងឺ​ផ្លូវ​ចិត្ត​គឺ​អាច​សម្គាល់​ផ្សេងៗ​គ្នា ទៅ​តាម​អាការៈ​មួយ​ចំនួន​ដូច​ជា​ឈឺ​ក្បាល រសេះ​រសោះ​ក្នុង​ខ្លួន អស់​កម្លាំង​ល្ហិតល្ហៃ ថប់ៗ​ណែន​ទ្រូង ពិបាក​ដក​ដង្ហើម បេះដូង​ដើរ​ញាប់ ពិបាក​ក្នុង​ការ​គិត ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត ពិបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា ជួប​បញ្ហា​អី​មិន​អាច​ដោះ​បាន ភ័យ​ខ្លាច។ល។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា លុះ​ត្រា​អាការៈ​ជំងឺ​ទាំង​នេះ​កើត​មាន​ចាប់​ពី​៤​សប្តាហ៍​ឡើង​ទៅ ទើប​អាច​ថា​បុគ្គល​នោះ​មាន​តម្រុយ​ជំងឺ​ផ្លូវចិត្ត។

និយាយ​ដោយ​មិន​ស្ទាក់​ស្ទើរ អ្នក​ឯកទេស​ជំងឺ​ផ្លូវ​ចិត្ត​ដែល​មាន​បទពិសោធ​ជាង​២០​ឆ្នាំ​រូប​នេះ​បន្ត​ថា ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ពុំ​ទាន់​អាច​ចែក​ដាច់​ពី​ជំងឺ​ផ្លូវ​ចិត្ត​និង​អបិយ​ជំនឿ ទើប​ជា​រៀង​រាល់​ឆ្នាំ ភាគី​ពាក់ព័ន្ធ​តែង​ប្រារព្ធ​ទិវា​សុខភាព​ផ្លូវ​ចិត្ត​ពិភពលោក​៧ មេសា ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​គ្រប់​គ្នា​បើក​ចិត្ត​ទទួល​ស្ដាប់​និង​ផ្ដល់​ការ​ប្រឹក្សា​ដល់​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត។

ជំងឺ​ផ្លូវ​ចិត្ត​មាន​៣​ប្រភេទ រួម​មាន​ជំងឺ​ថប់​បារម្ភ ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ជំងឺ​វិកល​ចរិត។ មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​ទាំង​នេះ​មាន​កត្តា​៣​យ៉ាង​សំខាន់​ដូចជា​កត្តា​សង្គម ដូចជា​បញ្ហា​ស្នេហា សេដ្ឋកិច្ច។ ទី​២ កត្តា​ជីវសាស្ត្រ មាន​ដូចជា​ការ​ប្រើ​ប្រាស់​ថ្នាំ ការ​សេព​គ្រឿង​ស្រវឹង ឬ​គ្រឿង​ញៀន។ កត្តា​ចុងក្រោយ គឺ​កត្តា​ចិត្តសាស្ត្រ ដែល​ជា​កត្តា​កំណត់​ការ​ធំ​លូតលាស់​របស់​មនុស្ស​ម្នាក់ៗ​ឬ​របៀប​របប​នៃ​ការ​ចិញ្ចឹម​បីបាច់​របស់​គ្រួសារ​មួយ​ទៅ​លើ​កូន​ម្នាក់ៗ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​វេជ្ជបណ្ឌិត យឹម សុបុត្រា ប្រធាន​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​និង​ការ​បំពាន​គ្រឿង​ញៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

ក្រៅ​ពី​ជ្រើសរើស​ការ​ទៅ​ទទួល​សេវា​នៅ​មន្ទីរពេទ្យ អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ក៏​អាច​ព្យាបាល តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ដែរ។ នេះ​បើ​តាម​លោក ស៊ិន គង់ សាស្ត្រចារ្យ​ផ្នែក​ទស្សនវិជ្ជា​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហនុរាជ។

សាស្រ្តាចារ្យ​រូប​នេះ​បន្ត​ថា មនុស្ស​ម្នាក់ៗ​ពិបាក​នឹង​គេច​ចេញ​ពី​បញ្ហា​ផ្លូវ​ចិត្ត​ក្នុង​កម្រិត​ដំបូង​ណាស់ តែ​ពួក​គេ​គួរ​តែ​រៀន​ប្រតិបត្តិ​នៅ​ក្នុង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​កុំ​ឱ្យ​ជំងឺ​នេះ​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ។

លោក ស៊ិន គង់ សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
លោក ស៊ិន គង់ សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

បើ​តាម​លោក ស៊ិន គង់ ទាំង​ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​និង​វេជ្ជសាស្ត្រ​បាន​បែង​ចែង​ជំងឺ​ផ្លូវ​ចិត្ត​ជា​៣ ដំណាក់កាល​ដូច​គ្នា។

លោក​បន្ត៖ «បើសិន​នៅ​ក្នុង​កម្រិត​ទាំង​បី​នេះ តាម​ព្រះ​ពុទ្ធ​សាសនា អាច​ព្យាបាល​បាន។ ប៉ុន្តែ​បើ​យើង​ឆ្លុះ​បញ្ចាំង​ពី​ចិត្ត​វិទ្យា លោក​ខាង​លិច​វិញ ឧទាហរណ៍​កម្រិត​ទី​៣ ត្រូវ​ប្រើ​ថ្នាំ មាន​ន័យ​ថា​ដើម្បី​ឱ្យ​ប្រព័ន្ធ​ប្រសាទ​ស្ងប់ ទាល់​តែ​ប្រើ​ថ្នាំ​មួយ​រយៈ ទប់​អ័រម៉ូន​របស់​គាត់ កុំ​ឱ្យ​មាន​ប្រតិកម្ម​ខ្លាំង។ ស្ងប់​ផ្លូវ​កាយ​ហ្នឹង​ហើយ បាន​យក​វិធីសាស្ត្រ​តាម​ព្រះ​ពុទ្ធ​សាសនា​ទៅ​អនុវត្ត»។

លោក ស៊ិន គង់ ពន្យល់​ពី​វិធីសាស្ត្រ​អប់រំ​និង​ព្យាបាល​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ដូច្នេះ​ថា៖ «វិធីសាស្ត្រ​តាម​ព្រះ​ពុទ្ធ​សាសនា​មាន​៣​(វិធី) ជំងឺ​ផ្លូវ​ចិត្ត​ថ្នាក់​ដំបូង វិតក្កមកិលេស​នេះ ព្យាបាល​តាម​សីល ដោយ​អប់រំ​បុគ្គល​ម្នាក់​ហ្នឹង​តាម​រយៈ​វិន័យ ក្រម​សីលធម៌ ពី​គុណ​តម្លៃ ពី​សេចក្តី​ល្អ ពី​គុណ​ប្រយោជន៍ ហើយ​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ជា​ហូរ​ហែរ​បន្តិច​ម្តងៗ វិតក្កមកិលេស​នឹង​ថម​ថយ។ ហើយ​កម្រិត​ទី​២ គឺ​(ព្យាបាល) សមាធិ មាន​វិធី​ដល់ ៤០​(យ៉ាង)​ដែល​ធ្វើ​យ៉ាង​ណា​ឱ្យ​បុគ្គល​ម្នាក់​ហ្នឹង មាន​លំនឹង​ក្នុង​ចិត្ត ធ្វើ​ឱ្យ​ចិត្ត​របស់​គាត់​ជា​ចិត្ត​ស្រាល​ជា​ចិត្ត​ទន់។ និង​កម្រិត​ចុង​ក្រោយ​ សំខាន់​ជាង​គេ គឺ​បញ្ញា​ដែល​បណ្តុះ​តាម​វិបស្សនា រៀន​យល់​តាម​របត់​ជុំវិញ ពី​ធម្មជាតិ ពី​ការ​កើត​រលត់​តាម​ច្បាប់​ធម្មជាតិ​ហូរ​ហែរ​ចឹង​ទៅ គាត់​អាច​យក​អា​ហ្នឹង​ទៅ​ទប់​រឿង​ហ្នឹង​បាន»។

តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០១៥​មាន​មនុស្ស​ជិត​៨០​ម៉ឺន​នាក់ (៧៨៨ ០០០) បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត​ក្នុង​ពិភពលោក​ព្រោះ​តែ​ជំងឺ​ផ្លូវ​ចិត្ត។ ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ មាន​អ្នក​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ប្រមាណ​៤​សែន​នាក់ ភាគ​ច្រើន​ជា​មនុស្ស​ពេញ​វ័យ អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ។

លោក​វេជ្ជបណ្ឌិត បេន បូនី ណែនាំ​អ្នក​ដែល​គិត​ថា​ខ្លួន​មាន​បញ្ហា​ផ្លូវ​ចិត្ត ទោះ​ស្ថិត​ក្នុង​កម្រិត​ណា​គឺ​ត្រូវ​តែ​ទៅ​ទទួល​ការ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ការ​មិន​ចាប់​អាម្មណ៍​នឹង​ជំងឺ​នេះ​បណ្ដោយ​រហូត​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ អាច​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវិត​និង​ជីវភាព​អ្នក​ជំងឺ​ផ្លូវ​ចិត្ត៕

ចែករំលែកតាម៖