សិក្ខាសាលាបញ្ហាផ្លូវចិត្ត បង្ហាញវិធីដោះស្រាយរួមគ្នាតាមបែបព្រះពុទ្ធសាសនា និងវេជ្ជសាស្ត្រ

សិក្ខាសាលាបញ្ហាផ្លូវចិត្ត បង្ហាញវិធីដោះស្រាយរួមគ្នាតាមបែបព្រះពុទ្ធសាសនា និងវេជ្ជសាស្ត្រ

លោក អៀង សុធារ៉ា លើក​ឡើង​ថា៖ «បច្ចុប្បន្ន​ឃើញ​មាន​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​នេះ ទាំង​ក្មេង​ទាំង​ចាស់ អត់​មាន​គិត​ថា ចាស់ គិត​ថា​ក្មេង​ទេ អត់​មាន​គិត​ថា​អ្នក​មាន អ្នក​ក្រ​ទេ អត់​មាន​គិត​ថា អ្នក​ចេះ​ច្រើន​ចេះ​តិច​ទេ…»។

ទាំង​នេះ គឺ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​ប្រធាន​សមាគមន៍​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា ជប៉ុន (CJBI) និង​ជា​អ្នក​ជោគជ័យ​ក្នុង​មុខ​ជំនាញ​ម្នាក់​នៅ​កម្ពុជា បាន​រៀបចំ​សិក្ខាសាលា​មួយ ដែល​មាន​ឈ្មោះ​ថា «ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ជំងឺ​ថប់បារម្ភ»។

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង ៤០០​នាក់ រួម​មាន​ទាំង​អ្នក​ជំនាញ​តាម​បែប​អាណាចក្រ និង​ពុទ្ធចក្រ ដែល​បាន​រួម​គ្នា​បកស្រាយ​នូវ​វិធីសាស្ត្រ​មួយ​ចំនួន ទាក់ទង​នឹង​បញ្ហា​នេះ។

លោក អៀង សុធារ៉ា ប្រធាន​សមាគម CJBI ដែល​ជា​អ្នក​ផ្តួចផ្តើម​ឱ្យ​មាន​កម្មវិធី​នេះ​ឡើង មាន​ប្រសាសន៍​ថា ជំងឺ​ផ្លូវ​ចិត្ត ដែល​កំពុង​លួចលាក់​បង្កប់​ក្នុង​ខ្លួន​ពលរដ្ឋ​កម្ពុជា​ជា​រៀង​រាល់​ថ្ងៃ អាច​ក្លាយ​ជា​ហានិភ័យ​មួយ​ក្នុង​ពេល​អនាគត ខណៈ​អ្នក​មាន​ជំងឺ​នេះ មាន​ការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ហេតុ​ដូច​នេះ លោក​រំពឹង​ថា សិក្ខា​សាលា​នេះ​នឹង​អាច​ជា​ចំណែក​មួយ​ចូលរួម​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ខ្មែរ។

លោក​មាន​ប្រសាសន៍៖ «ដោយ​មើល​ឃើញ​ចំនួន​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​ចេះ​តែ​កើ់ន​ឡើង​ជា​លំដាប់ ដូច្នេះ​ហើយ​ទើប​បង្កើត​កម្មវិធី​សិក្ខា​សាលា​នេះ​ឡើង​ក្នុង​បំណង​បី​យ៉ាង ទី៣។ ទី១ ដើម្បី​បញ្ជៀប​ការ​យល់​ដឹង​ពី​បញ្ហា​ផ្លូវ​ចិត្ត តាម​បែប​វេជ្ជសាស្ត្រ និង​តាម​បែប​ព្រះ​ពុទ្ធ​សាសនា។ ទី២ ដើម្បី​ឱ្យ​អាច​សិក្សា​ឈ្វេងយល់​ពី​ខ្លឹមសារ​អប់រំ​ចិត្ត​តាម​បែប​ព្រះ​ពុទ្ធ​សាសនា ។ និង​ទី​៣ អាច​ទទួល​បាន​និង​ទទួល​ស្គាល់​នូវ​ការ​ពិត​នៃ​ជីវិត ចេះ​រស់នៅ​តាម​ហេតុផល តាម​អរិយសច្ច​ទាំង​៤ និង​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត និង​ជំងឺ​ថប់​បារម្ភ តាម​បែប​វេជ្ជសាស្ត្រ​ផង និង​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ផង»។

លោក អៀង សុធារ៉ា ប្រធានសមាគម CJBI
លោក អៀង សុធារ៉ា ប្រធានសមាគម CJBI

តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ ជំងឺ​ផ្លូវ​ចិត្ត អាច​ទប់ស្កាត់ និង​ព្យាបាល​ទាំង​តាម​បែប​ព្រះ​ពុទ្ធ​សាសនា និង​តាម​បែប​វេជ្ជសាស្ត្រ។

អ្នក​ជំនាញ​អាណាចក្រ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា នាយ​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត និង​ការ​បំពាន​គ្រឿងញៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត បាន​លើក​ឡើង​ថា សុខភាព​ផ្លូវ​កាយ​ងាយ​ព្យាបាល​និង​ងាយ​ស្វែង​រក​រោគ​សញ្ញា​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ តែ​ចំពោះ​បញ្ហា​ផ្លូវ​ចិត្ត​វិញ គឺ​ពិបាក​នឹង​យល់​ណាស់ ដូច្នេះ​ហើយ លោក​ចង់​ឱ្យ​ពលរដ្ឋ​គ្រប់​គ្នា ងាក​មក​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ​ទាំងអស់​គ្នា។

លោក​បន្ត​ថា នៅ​ពេល​មាន​រោគ​សញ្ញា ផ្លូវ​ចិត្ត​កើត​ឡើង ទាមទារ​ឱ្យ​អ្នក​ជំងឺ ត្រូវ​ស្វែង​រក​វិធី​ព្យាបាល ដូចជា​ការ​ស្វែងរក​ការ​ប្រឹក្សា​យោបល់ ហើយ​បើ​ធ្ងន់ធ្ងរ គឺ​ទាមទារ​ការ​ប្រើប្រាស់​ថ្នាំ។

លោក​មាន​ប្រសាសន៍៖ «វិធី​ព្យាបាល​ចែក​ចេញ​ជា​ពីរ គឺ​វិធី​ព្យាបាល​ដោយ​ថ្នាំ និង​វិធី​ព្យាបាល​ដោយ​មិនមែន​ថ្នាំ។ ព្យាបាល​ដោយ​ថ្នាំ ជំងឺ​ថប់​បារម្ភ គេ​មាន​ថ្នាំ​គេ…​ទី​២ ការ​ព្យាបាល​ដោយ​ប្រឹក្សា ឬ​ហៅថា​ការ​ព្យាបាល​តាម​ពុទ្ធិ​អាកប្បកិរិយា។ គឺ​មាន​ន័យ​ថា ឬសគល់​នៃ​ការ​គិត ព្រោះ​មនុស្ស​យើង​មាន​ឬសគល់​នៃ​ការ​គិត»។

ចំណែក​ព្រះ​ភិក្ខុ​វជិរប្បញ្ញោ គូ សុភាព ជា​សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា មាន​សង្ឃដីកា​ថា ក្រៅ​តែ​ពី​វិធី​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ ព្រះ​ធម៌​បាន​ចូលរួម​ចំណែក​ច្រើន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​របស់​មនុស្ស​គ្រប់​គ្នា។ ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ត​ថា ការ​ជ្រើស​យក​ព្រះ​ពុទ្ធ​សាសនា ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ជា​ជម្រើស​មួយ ដែល​ប្រសើរ​សម្រាប់​មនុស្ស​គ្រប់​គ្នា។

ព្រះអង្គ​មាន​សង្ឃដីកា៖ «ព្រះ​ធម៌​ជួយ​បង្ហាញ​ផ្លូវ​ថា ក្នុង​ជីវិត​ហ្នឹង​ពេល​ខ្លះ​ជួប​រឿង​ល្អ ពេល​ខ្លះ​ជួប​មិន​ល្អ ពេល​ខ្លះ​ចំណេញ ពេល​ខ្លះ​ខាង​ឱ្យ​មនុស្ស​ចេះ​ព្រម​រៀន​ទទួល​ស្គាល់​ការ​ពិត​នៃ​ជីវិត ដែល​មាន​ទុក្ខ មាន​ការ​លំបាក​តាម​ផ្លូវ​ចិត្ត​ហ្នឹង»។

ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

មតិ​ពលរដ្ឋ​មួយ​ចំនួន លើក​ឡើង​ពី​ចំណេះដឹង​ដែល​ពួកគេ​ទទួល​បាន​ក្រោយ​ចូលរួម​សិក្ខាសាលា​នេះ៖

សិក្ខាកាមទី១៖ «ខ្ញុំ​យល់​ថា​វា​ជួយ​លើក​កម្ពស់​នៃ​ការ​យល់​ដឹង របស់​ប្រជាជន​ទូទៅ ពី​សុខភាព​ផ្លូវ​ចិត្ត កត្តា​នៃ​ការ​គិត អារម្មណ៍​ដែល​កើត​ឡើង​ពី​ការ​គិត​របស់​យើង។ ហើយ​ជា​ពិសេស បង្ហាញ​ពី​វិធីសាស្ត្រ​សាមញ្ញ​ដែល​ជួយ​ការពារ​ខ្លួន​យើង​ឱ្យ​មាន​សុខភាព​ល្អ»។

សិក្ខាកាមទី២៖ «យើង​ទទួល​បាន​ចំណេះដឹង​បន្ថែម ហើយ​ហ្នឹង​ស្វែងយល់​ពី​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​អ្នក​ដទៃ និង​ខ្លួនឯង​បាន ព្រោះ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា ខ្លួន​ដូចជា​មាន​អារម្មណ៍​ខុស​ប្រក្រតី»។

សិក្ខាកាមទី៣៖ «ក្នុង​ការ​មក​ចូលរួម​សិក្ខាសាលា​នេះ គឺ​យើង​យល់​បាន​ទាំង​ផ្នែក​វិទ្យាសាស្ត្រ ហើយ​និង​ផ្នែក​ពុទ្ធសាសនា​ទៀត។ ចឹង​យើង​អាច​ងើប​ចេញ​ពី​បង្ហាញ យើង​អាច​ដឹង​ខ្លួន​យើង​ថា ស្ថិត​ក្នុង​កម្រិត​ណាមួយ​នៃ​ជំងឺ​ថប់​បារម្ភ។ យើង​អាច​រក​ផ្លូវ​ព្យាបាល​ដោយ​ខ្លួនឯង ហើយ​យើង​ជួយ​ផ្តល់​យោបល់​ទៅ​អ្នក​ដទៃ ដែល​គាត់​មាន​បញ្ហា​នៅ​ជុំវិញ​ខ្លួន ព្រោះ​ជា​ទូទៅ យើង​តែង​មាន​ជំងឺ​ហ្នឹង គ្រាន់​តែ​តិច​ឬ​ក៏​ច្រើន»។

សិក្ខាសាលា​ស្តី​ពី​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ជំងឺ​ថប់​បារម្ភ គឺ​ជា​សិក្ខាសាលា​លើក​ទី​១៤​ហើយ​ដែល​មូលនិធិ​អៀង​បាន​រៀបចំ​ឡើង ក្រោម​ស្លាក​នៃ​ការ​ជម្រុញ​ឱ្យ​ប្រជាជន​កម្ពុជា​ទាំង​មូល​មាន​សុខភាព​ផ្លូវ​កាយ​ល្អ មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ ដើម្បី​មាន​សុភមង្គល​បុគ្គល គ្រួសារ និង​សង្គម​ទាំង​មូល។ ក្រោម​ការ​រៀបចំ​នេះ លោក អៀង សុធារ៉ា សង្ឃឹម​ថា អ្នក​ដែល​បាន​ចូលរួម​នឹង​អាច​យល់ ឬ​ដឹង​អំពី​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​តាម​បែប​ពុទ្ធចក្រ និង​អាណាចក្រ ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​ពួក​គេ​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្លូវ​ចិត្ត៕

ចែករំលែកតាម៖