ប្រធានCJBI គ្រោងបង្កើតមណ្ឌលព្យាបាលជំងឺផ្លូវចិត្តដែលប្រតិបត្តិទាំងតាមពុទ្ធសាសនានិងវេជ្ជសាស្ត្រ

ប្រធានCJBI គ្រោងបង្កើតមណ្ឌលព្យាបាលជំងឺផ្លូវចិត្តដែលប្រតិបត្តិទាំងតាមពុទ្ធសាសនានិងវេជ្ជសាស្ត្រ

លោក អៀង សុធារ៉ា ប្រធានសមាគមន៍ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ជប៉ុន (CJBI)

បច្ចុប្បន្ន កម្ពុជា មាន​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ជា​ច្រើន រួម​មាន​ស្ថាប័ន​រដ្ឋ និង​ឯកជន ដូចជា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត មន្ទីរពេទ្យ​កាល់ម៉ែត អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ (TPO) ជាដើម។ ប៉ុន្តែ​បើ​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​នៃ​មន្ទីរពេទ្យ​ទាំង​នោះ ជា​រួម​គឺ​បម្រើ​សេវា​ប្រឹក្សា និង​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​តែ​មួយ​មុខ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​ជំងឺ​ផ្លូវ​ចិត្ត​ផ្នែក​អាណាចក្រ និង​ពុទ្ធិចក្រ​អះអាង​ថា ជំងឺ​ផ្លូវ​ចិត្ត​អាច​ការពារ និង​ព្យាបាល រួម​គ្នា​តាម​បែប​ព្រះពុទ្ធ​សាសនា និង​វេជ្ជសាស្ត្រ។ តែ​បើ​ក្រឡេក​មក​មជ្ឈមណ្ឌល​ដែល​មាន​បម្រើ​សេវា​ទាំង​ពីរ​នេះ​រួម​គ្នា​នៅ​ពុំ​ទាន់​មាន​នោះ​ទេ​នៅ​កម្ពុជា។

ឆ្លើយ​តប​ទៅ​នឹង​ភាព​ឆក​ល្វែង​នេះ ប្រធាន​សមាគមន៍​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា ជប៉ុន​ (CJBI) លោក អៀង សុធារ៉ា នៅ​ក្នុង​សិក្ខា​សាលា​ស្តី​អំពី​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ជំងឺ​ថប់​បារម្ភ កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ បាន​ប្រកាស​ថា ខ្លួន​គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត ដោយ​ប្រតិបត្តិ​តាម​បែប​ពុទ្ធសាសនា និង​វេជ្ជសាស្ត្រ​រួម​បញ្ចូល​គ្នា។

លោក អៀង សុធារ៉ា មាន​ប្រសាសន៍​ថា៖ «គម្រោង​នេះ ចេញ​នៅ​ឆ្នាំ ២០២០។ ដោយសារ​តែ​យើង​មើល​ឃើញ​ថា ប្រជាជន​កម្ពុជា​យើង​ទាំង​ក្មេង​ទាំង​ចាស់ គឺ​ពុំ​សូវ​បាន​យល់ច្បាស់​អំពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ហ្នឹង​ទេ ជំងឺ​ផ្លូវ​ចិត្ត​ហ្នឹង ក៏​អត់​សូវ​យល់​ដែរ។ អ្នក​ផ្តល់​សេវា អ្នក​ផ្តល់​ប្រឹក្សា​ហ្នឹង​គឺ​ដាច់​ពី​គ្នា គឺ​ពេទ្យ​គាត់​ផ្តល់​ដោយ​ពេទ្យ​ទៅ ហើយ​ខាង​ព្រះ​សង្ឃ លោក​ផ្តល់​តាម​បែប​ព្រះ​សង្ឃ​ទៅ។ ចឹង​បើ​យើង​មាន​កន្លែង​មួយ​ដែល​ព្រះ​សង្ឃ និង​លោកគ្រូ​ពេទ្យ​ជំនាញ ធ្វើការ​ជាមួយ​គ្នា ពិត​ជា​កន្លែង​មួយ​ដែល​ជួយ​ដល់​ប្រជាជន​កម្ពុជា​យើង​បាន​ច្រើន»។

កញ្ញា ទេព លាងអាង ជា​យុវជន​ម្នាក់​ដែល​បាន​ចូលរួម​សិក្ខា​សាលា​នោះ បាន​សាទរ​នឹង​ការ​លើក​ឡើង​របស់​លោក​ប្រធាន​CJBI​នោះ។ ស្រ្តី​វ័យ​ជាង​២០​ឆ្នាំ​រូប​នេះ​បន្ត​ថា ប្រសិន​បើ​មាន​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​បែប​នេះ​ពិត​មែន នោះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល និង​ចំណេញ​ពេលវេលា​ដល់​អ្នក​ដែល​ចង់​ស្វែង​រក​សេវា​ទាំង​ពីរ​ខណៈ​នាង​ក៏​យល់​ស្រប​នឹង​ការ​លើក​ឡើង​ថា នៅ​កម្ពុជា​បច្ចុប្បន្ន អត្រា​នៃ​អ្នក​កើត​ជំងឺ​ផ្លូវ​ចិត្ត​កំពុង​កើន​ឡើង។

កញ្ញា និយាយ៖ «ប្រសិន​បើ​មាន​បង្កើត​មជ្ឈមណ្ឌល​បែប​ហ្នឹង​លាយ​ឡំ​គ្នា មជ្ឈមណ្ឌល​មួយ​មាន​ខាង​វេជ្ជសាស្ត្រ មាន​ខាង​ពុទ្ធសាសនា ជំនឿ​ការ​អប់រំ។ បើសិន​ដាក់​នៅ​កន្លែង​តែ​មួយ​ទៅ គឺ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​ចង់​ទៅ​ធ្វើការ​តាំង​សមាធិ វិបស្សនា​អប់រំ​ចិត្ត​អី​ផ្សេងៗ គឺ​ងាយស្រួល​សម្រាប់​គាត់ អត់​ចំណាយ​ពេល​វេលា​ច្រើន ហើយ​នៅ​កន្លែង​ហ្នឹង​មាន​ក្រុម​គ្រូពេទ្យ​ទៀត…»។

វេជ្ជបណ្ឌិត យឹម សុបុត្រា នាយផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
វេជ្ជបណ្ឌិត យឹម សុបុត្រា នាយផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

វេជ្ជបណ្ឌិត យឹម សុបុត្រា នាយផ្នែក​ជំងឺ​ផ្លូវ​ចិត្ត និង​ការ​បំពាន​គ្រឿងញៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត គាំទ្រ​ចំពោះ​គម្រោង​មណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​ដែល​មាន​ទម្រង់​រូបភាព​ថ្មី​នេះ។ គាំទ្រ​ក៏​ដោយសារ ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​រួម​គ្នា​តាម​បែប​អាណាចក្រ និង​ពុទ្ធចក្រ គឺ​មាន​ប្រសិទ្ធភាព​ខ្លាំង បើ​ធៀប​ទៅ​នឹង​ការ​ព្យាបាល​តែ​មួយ​មុខ។ អ្នក​ជំនាញ និង​ជា​សាស្រ្តាចារ្យ​ខាង​ជំងឺ​ផ្លូវ​ចិត្ត​រូប​នេះ​បន្ត​ថា ការ​បង្កើត​មជ្ឈមណ្ឌល​នេះ គឺ​ជម្រើស​ល្អ​ដែល​អាច​ចូលរួម​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​បាន​ច្រើន​ទៅ​ថ្ងៃ​អនាគត។

វេជ្ជបណ្ឌិត យឹម សុបុត្រា អះអាង​យ៉ាង​ដូច្នេះ​ថា៖ «បើសិន​ជា​បុគ្គល​មួយ​មាន​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត ព្យាបាល​តែ​ផ្នែក​ឱសថ​តែ​ម្យ៉ាង ដោយ​គ្មាន​ការ​ប្រឹក្សា ខ្ញុំ​ចង់​មាន​ន័យ​ថា បើ​ទោះ​ជា​ប្រឹក្សា​តាម​បែប​វេជ្ជសាស្ត្រ បើ​ទោះ​ជា​ប្រឹក្សា​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ក៏​ដោយ អត់​មានៗ ចឹង​មួយ​ក្រុម​ហ្នឹង ប្រៀប​ធៀប​មួយ​មួយ​ក្រុម​មួយ​ទៀត ដែល​ព្យាបាល​ជាមួយ​ឱសថ​ជា​វេជ្ជសាស្ត្រ​ហើយ តែ​អម​ជាមួយ​នឹង​ការ​ប្រឹក្សា បើ​ទោះ​ជា​ប្រឹក្សា​ហ្នឹង​តាម​បែប​វេជ្ជសាស្ត្រ​ក្តី បើ​ទោះ​ជា​ប្រឹក្សា​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ក្តី ខ្ញុំ​គិត​ថា ក្រុម​ចុងក្រោយ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​លទ្ធផល​ល្អ អាច​ជា​សះស្បើយ​ពី​ជំងឺ​ផ្លូវ​ចិត្ត​បាន​ច្រើន»។

ក្នុង​នាម​ជា​អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ចិត្ត និង​ជា​មន្ត្រី​នៃ​ក្រសួង​សុខាភិបាល វេជ្ជបណ្ឌិត យឹម សុបុត្រា ប្រកាស​ជំហរ​ក្នុង​ការ​ចូលរួម​គាំទ្រ​ឱ្យ​គម្រោង​នេះ​អាច​ដំណើរការ​បាន​ឆាប់​រហ័ស។ ជាមួយ​គ្នា​ដែរ​បុរស​វ័យ​រាង​ខ្ពស់ សម្បុរ​សណ្តែកបាយ​ដែល​ជា​អ្នកជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ត​រូប​នេះ​ក៏​ផ្តាំ​ផ្ញើរ​ដល់​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ទាំងអស់​ថា ក្រៅ​អំពី​ការ​ស្វែង​រក​សេវា​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ អ្នក​ជំងឺ​គួរ​តែ​កុំ​ភ្លេច​ស្វែង​រក​វិធី​ព្យាបាល​តាម​បែប​ព្រះ​ពុទ្ធ​សាសនា ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​របស់​ខ្លួន។

កត្តា​៣​យ៉ាង​សំខាន់ៗ​ដែល​នាំ​ឱ្យ​មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត។ កត្តា​ទាំង​នោះ​រួម​មាន កត្តា​សង្គម កត្តា​ជីវសាស្ត្រ និង​កត្តា​ចិត្តសាស្ត្រ។ កត្តា​សង្គម​ដូចជា បញ្ហា​ស្នេហា សេដ្ឋកិច្ច ជាដើម។ រីឯ​កត្តា​ជីវសាស្ត្រ​វិញ​ដូចជា ការ​ប្រើប្រាស់​ថ្នាំ គ្រឿងញៀន ការ​សេព​គ្រឿង​ស្រវឹង។ល។ ចំនែក​ឯ​កត្តា​ចិត្តសាស្ត្រ​នោះ គឺ​កត្តា​កំណត់​ការ​ធំ​លូតលាស់​របស់​មនុស្ស​ម្នាក់ៗ របៀប​របប​នៃ​ការ​ចិញ្ចឹម​បីបាច់​របស់​គ្រួសារ​មួយ​ទៅ​លើ​កូន​ម្នាក់ៗ។ នេះ​បើ​យោង​តាម​ឯកសារ​នៃ​សមាគម​ចិត្តសាស្រ្ត​សហរដ្ឋ​អាមេរិក។

លោក អៀង សុធារ៉ា សង្ឃឹម​ថា គម្រោង​បង្កើត​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ដែល​ប្រតិបត្តិ​រួម​គ្នា​តាម​ពុទ្ធសាសនា និង​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​របស់​ខ្លួន នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សាធារណជន ពិសេស​រដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​បង្កើត​ឱ្យ​មជ្ឈមណ្ឌល​នេះ​អាច​ដំណើរការ​បាន​ឆាប់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ​ទាំង​មូល៕

ចែករំលែកតាម៖