បុរសជាធនធានសំខាន់ក្នុងការលើកកម្ពស់ស្ត្រី

បុរសជាធនធានសំខាន់ក្នុងការលើកកម្ពស់ស្ត្រី

កិច្ច​ពិភាក្សាអំពីតួនាទីរបស់បុរស ក្នុង​ឱកាស​ប្រារព្ធ​ទិវានារីអន្តរជាតិក្នុង​ឆ្នាំ​២០១៨

កំណាព្យ​ស្ដី​អំពី​តួនាទី​បុរស​ចំពោះ​ស្ត្រី​ ដែល​មាន​ចំណង​ជើង​ថា​ “សុភមង្គល​គ្រួសារ​ខ្ញុំ”​ ត្រូវ​បាន​សូត្រ​នៅ​ក្នុង​ទិវា​នារី​អន្តរជាតិ​លើក​ទី​១០៧​ ឆ្នាំ​២០១៨​ ក្រោម​ប្រធានបទ​ “ស្ត្រី​រួម​គ្នា​ថែរក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍ​ជាតិ”​ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​កូរ៉េ​កាល​ពី​ដើម​ខែ​មីនា​ ឆ្នាំ២០១៨។​

អ្នក​សម្រប​សម្រួល​បណ្ដាញ​បុរស​នៃ​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GADC)​ លោក​ អ៊ុត​ ប៊ុនឈឿន​ សង្កេត​ឃើញ​ថា​ ការ​លើក​កម្ពស់​ស្ត្រី​ពី​សំណាក់​បុរស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ។​ យ៉ាង​ណា​មិញ​ ក្រុម​អ្នក​ជំនាញ​បណ្ដាញ​បុរស​ទាំងអស់​ក៏​កំពុង​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​រំកិល​ចំណេះដឹង​ទៅ​កាន់​ក្រុម​បុរស​ដទៃ​ទៀត​ទាក់ទង​អំពី​ការ​លើក​កម្ពស់​ស្ត្រី​ពី​មាន​កម្រិត​ ឱ្យ​ទៅ​ជា​លក្ខណៈ​ទូលំ​ទូលាយ។​

លោក​ អ៊ុត​ ប៊ុនឈឿន​ ដែល​បាន​ចុះ​អប់រំ​ប្រជាពលរដ្ឋ​តាម​សហគមន៍​ផ្ទាល់​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖​ «គាត់​មិន​មែន​លំបាក​ធ្វើ​ទេ​ ប៉ុន្តែ​គាត់​មិន​បាន​ធ្វើ។​ មូលហេតុ​ដោយសារ​ផ្នត់​គំនិត​ចាស់​ហ្នឹង​នៅ​ប្រចាំ​ ខ្ញុំ​សុំ​លើក​ឧទាហរណ៍​ថា​ដូច​ការងារ​ផ្ទះ​អ៊ីចឹង​ ពេល​ខ្លះ​គាត់​នៅ​តែ​យល់​ថា​ជា​ការងារ​របស់​ស្ត្រី។​ ប៉ុន្តែ​យើង​អប់រំ​គាត់​ គាត់​យល់​ថា​មិនមែន​ជា​ការងារ​ស្ត្រី​បន្ត​ទៅ​ទៀត​ទេ​ ប៉ុន្តែ​សកម្មភាព​របស់​គាត់​ហាក់​ដូចជា​ផ្លាស់ប្ដូរ​តិចតួច។​ អ៊ីចឹង​យើង​ព្យាយាម​ engage​ បាន​ន័យ​ថា​ភ្ជាប់​គាត់​បន្តិច​ម្ដងៗ​ឱ្យ​គាត់​យក​ការ​យល់​របស់​គាត់​ហ្នឹង​ដើម្បី​បំប្លែង​សកម្មភាព​គាត់​ទៅ​តាម​ការ​យល់​របស់​គាត់​ដែរ»។​

លោក​ អ៊ុត​ ប៊ុនឈឿន អ្នក​សម្រប​សម្រួល​បណ្ដាញ​បុរស​នៃ​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GADC)​
លោក​ អ៊ុត​ ប៊ុនឈឿន អ្នក​សម្រប​សម្រួល​បណ្ដាញ​បុរស​នៃ​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GADC)​

ជាង​នេះ​ទៅ​ទៀត​ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ លោកស្រី​ គឹម​ ស៊ីផាត់​ បាន​លើក​ឡើង​ថា​ ស្ត្រី​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ទាំង​សេដ្ឋកិច្ច​គ្រួសារ​ទាំង​សង្គម​ ប៉ុន្តែ​ស្ត្រី​មិនអាច​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ​បាន​ទេ​ បើ​មិន​មាន​ការ​សហការ​និង​ជួយ​ជ្រោមជ្រែង​ពី​បុរស។​ ពោល​គឺ​ស្ត្រី​មិន​អាច​កាត់​ផ្ដាច់​ចេញ​ពី​បុរស​ ហើយ​បុរស​ក៏​មិន​អាច​កាត់​ផ្ដាច់​ចេញ​ពី​ស្ត្រី​បាន​ដែរ។​

លោកស្រី​អគ្គនាយក​រូប​នេះ​បន្ត​ថា​ ប្រទេស​កម្ពុជា​មាន​ថ្នាក់​ដឹកនាំ​ភាគ​ច្រើន​ជា​បុរស​ ដូច្នេះ​បុរស​ជា​ធនធាន​ដែល​ត្រូវ​ចាប់​ផ្ដើម​លើក​កម្ពស់​ឱ្យ​តម្លៃ​និង​ផ្ដល់​អាទិភាព​ឱ្យ​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ឬ​បញ្ចេញ​យោបល់​មុន​គេ។​

លោកស្រី​ គឹម​ ស៊ីផាត់​មាន​ប្រសាសន៍​ថា៖​ «នៅ​ក្នុង​គ្រួសារ​នីមួយៗ​ បុរស​លោក​ជា​មេ​គ្រួសារ​ អ៊ីចឹង​ជា​ទម្លាប់​របស់​យើង​កន្លង​មក​ គឺ​គ្រួសារ​មួយ​ចំនួន​ បុរស​លោក​មិន​សូវ​ឱ្យ​តម្លៃ​លើ​ស្ត្រី​ទេ។​ អ៊ីចឹង​ដើម្បី​ឈាន​ទៅ​រក​សមភាព​យេនឌ័រ​សម្រាប់​ប្រទេស​កម្ពុជា​គឺ​ចាប់​ផ្ដើម​ពី​បុរស​និង​ក្មេង​ប្រុស​ ហើយ​និង​ថ្នាក់​ដឹកនាំ​ជាបុរស​ដើម្បី​គាត់​យល់​គាត់​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ឥរិយាបថ​ ហើយ​បែរ​មក​គាំទ្រ​ ផ្ដល់​ឱកាស​ និង​លើក​កម្ពស់​ស្ត្រី​ ដោយ​គាត់​យល់​ថា​ស្ត្រី​ ក្មេងស្រីគឺជាកូន គឺជាភរិយា គឺជាម្ដាយ ជាមាតា ជាសាច់ ជា​ឈាម ជាបង ជាប្អូនរបស់គាត់»

គម្រោងលើកកម្ពស់ស្ត្រីពីបុរសនៃអង្គការ GADC នេះផ្ដោតសំខាន់ទៅលើ៣តំបន់គឺស្រុកបាកាន ខេត្ត​ ពោធិ៍សាត់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងស្រុកបាភ្នំ ខេត្តព្រៃវែង ដោយសរុប​ប្រមាណ​ជាង៣០ឃុំ។

បុគ្គលិកផ្នែកទំនាក់ទំនងសហគមន៍នៃអង្គការ GADC ប្រចាំខេត្តកំពង់ឆ្នាំង លោក ជិម សារិទ្ធ ចែក​​រំលែកបទពិសោធដែលលោកបាននិង​កំពុងធ្វើជាមួយក្រុមគ្រួសារថា លោកតែងផ្ដល់​អាទិភាព​ឱ្យ​ភរិយា​ជាអ្នកសម្រេចក្នុងរឿងគ្រួសារមុនគេ មិនថាជារឿងតូចឬរឿងធំនោះទេ ដោយសារ​តែ​​លោក​ចង់ឱ្យ​ភរិយា​បានចូលរួមក្នុងការសម្រេចចិត្តជាមួយស្វាមីដែរ។

លោក ជិម សារិទ្ធ លើកឡើងថា៖ «យើងឃើញបុរសភាគច្រើនគាត់តែងតែសម្រេចចិត្តធ្វើអីហើយ ប្រពន្ធ​មិន​អាចឱ្យនេះ[សម្រេច]ទេ ទោះប្រពន្ធមិនចង់ក៏គាត់ត្រូវតែធ្វើដែរ អាហ្នឹងវាជាកត្តាមិនល្អទេ​ព្រោះអី​យើង​អត់​ផ្ដល់តម្លៃឱ្យគ្នា ព្រោះការចាប់ដៃគ្នាជាជីវិតគូស្វាមី​ភរិយាត្រូវតែ​ផ្ដល់តម្លៃឱ្យគ្នា​ទៅ​វិញ​ទៅមក វាមិនមែន​យក​មកធ្វើជាទាសករសម្រាប់ខ្លួន​ឯងទេ។ បើសិនជាយើងគិតថា បើគាត់​ដូចជា​យើងវិញ ហើយគាត់ចាត់​ទុក​យើងជាទាសករវិញក៏យើងពិបាករស់នៅដូចគ្នាដែរ អ៊ីចឹងយើង​ត្រូវតែ​ផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក»

បន្ថែមពីនេះទៀតដែរ ស្វាមីនិងឪពុកដែលជាបុរសគំរូក្នុងភូមិរូបនេះក៏បានផ្ចុងផ្ដើមឱ្យកូនស្រី​របស់​លោក​បាន​​រៀនសូត្រ​ចេះ​ដឹងដូចកូនប្រុសដែរ ហើយសព្វថ្ងៃនេះ​កូនស្រី​លោកមាន​ចំណេះដឹង​ខ្ពស់​ជាង​កូនប្រុស​ថែម​​ទៀត​ផង។

លោក ជិម សារិទ្ធ បុគ្គលិកផ្នែកទំនាក់ទំនងសហគមន៍នៃអង្គការ GADC
លោក ជិម សារិទ្ធ បុគ្គលិកផ្នែកទំនាក់ទំនងសហគមន៍នៃអង្គការ GADC

ស្ត្រីវ័យ៥៦ឆ្នាំ រស់នៅ​ភូមិ​ស្ពានគ្រង​ ឃុំ​ចំណាក្រោម​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ លោកស្រី ខៀវ ឃឿម បច្ចុប្បន្នជាទីប្រឹក្សាឃុំនិងជាកសិករ។ លោកស្រីបញ្ជាក់ថា ស្ត្រីនៅក្នុងភូមិស្ពានគ្រងមិនដែលជួបប្រទះ​នឹង​បញ្ហា​រើសអើងនិងមិនឱ្យតម្លៃ​ពី​បុរស​នោះទេ។ ជាក់ស្ដែង បុរសតែងជួយការងារស្ត្រី មិនថាជាការងារ​ផ្ទះឬការងារទូទៅ។

លោកស្រី ខៀវ ឃឿម លើកឡើងអំពីស្ថានភាពក្រុមគ្រួសារ​របស់លោកស្រី​យ៉ាង​ដូច្នេះ​ថា៖ «នៅក្នុងរង្វង់ក្រុមគ្រួសារក៏ដូចជាអ្នកក្រៅនៅក្នុងភូមិឃុំអត់មានអីទេគឺមានការ​គាំទ្រដូចថា​មាន​សិទ្ធិ​សេរីភាពគ្រប់គ្រាន់ក្នុងការនិយាយស្ដី ក្នុងការបញ្ចេញមតិយោបល់ ក្នុង​ការ​ឈរ​ឈ្មោះឱ្យគេបោះឆ្នោត ហើយ​និយាយឱ្យចំទៅវាអត់មានអី។ ចំពោះរូបខ្ញុំផ្ទាល់ក៏អ៊ីចឹងដែរ ធ្លាប់​ថា​នៅពេលដែលគេ​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំសង្កាត់ ខ្ញុំអាចសុំប្ដីខ្ញុំឈរឈ្មោះបេក្ខជននឹងគេ ហើយ​ក៏​ប្រជាជនគាំទ្របោះឆ្នោតឱ្យក៏បានធ្វើជា​ក្រុម​ប្រឹក្សាឃុំសង្កាត់ដូចគេដែរ»

តួនាទី​របស់​បុរស១ក្នុងចំណោមតួនាទីទាំង៥ទៅលើស្ត្រីគឺបុរសត្រូវប្រគល់ភាពជាធំឱ្យ​ស្ត្រី​ក្នុងការ​សម្រេច​ចិត្ត គ្រប់គ្រងគ្រួសារ លុយកាក់ និងកូនចៅ។ នេះបើតាមការដកស្រង់​ចេញពីសៀវភៅយល់ដឹង​អំពី​ជីវិត​អាពាហ៍​ពិពាហ៍រៀបរៀងដោយភិក្ខុវជិរប្បញ្ញោ គូ សុភាព បោះពុម្ពផ្សាយក្នុងឆ្នាំ២០១៧។

អ្នក​សម្រប​សម្រួល​បណ្ដាញបុរសនៃអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) លោក អ៊ុត ប៊ុនឈឿន បាន​លើក​ជាឧទាហរណ៍ស្ដីពីតួនាទីបុរសក្នុងការលើកកម្ពស់ស្ត្រីថា៖ «ដើម្បីលើក​កម្ពស់ស្ត្រី​តាមរយៈ​ការទទួល​ស្គាល់និងការគាំទ្រភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅតាមឃុំសង្កាត់ ឬមួយក៏អាជ្ញាធរមូលដ្ឋាន បើសិនជា​បុរស​មានការគាំទ្រពួកគាត់ គឺជាការលើកកម្ពស់ ផ្ដល់​ឱកាស​ពួកគាត់អាចធ្វើការងារហ្នឹងបាន។ ឧទាហរណ៍​ថាស្ត្រីអាចជាប់ជាក្រុមប្រឹក្សាឃុំ ប៉ុន្តែ​បើសិនជាស្វាមីរបស់​គាត់មិនអាច​ទទួលយក​បាននូវ​ការងារ​របស់ស្ត្រីឬក៏មិនចង់​ឱ្យប្រពន្ធគាត់​ធ្វើ​ចឹងទេ ប្រហែលជាការលើកកម្ពស់ហ្នឹងមិនមានទេ។ ហើយ​ហាក់​ដូចជាការ​បន្ទោសបង្អាប់​ចំពោះ​ស្ត្រី​ទៅវិញ ចឹងគាត់ត្រូវតែយល់ដឹង​អំពីតួនាទីរបស់ស្ត្រីក្នុងការ​អភិវឌ្ឍ​សង្គម ក៏ដូចជា​ការរក្សា​សន្តិភាព​នៅក្នុងប្រទេសយើង គឺត្រូវតែមានស្ត្រីដើរជាមួយនឹងបុរស បុរសដើរ​ជាមួយ​​នឹងស្ត្រី​ដូចគ្នា»

ក្នុងខណៈដែលបុរសត្រូវបានអប់រំណែនាំឱ្យទទួលស្គាល់នូវសក្ដានុពលរបស់ស្ត្រី លោក អ៊ុត ប៊ុនឈឿន ក៏បានសំណូមពរស្ត្រីទាំងអស់​គួរតែចេះស្គាល់ពីភាព​ខ្លាំងរបស់​ខ្លួនដែល​មានតាំង​ពី​កំណើត រួចអភិវឌ្ឍ​ភាព​ខ្លាំងឱ្យទៅជាសកម្មភាពជាក់ស្ដែង ដើម្បីបង្ហាញឱ្យបុរសបានឃើញថា អ្វីក៏​ស្ត្រី​​អាចធ្វើបានដែរ ហើយក៏​ទំនុក​ចិត្តរបស់ស្ត្រីម្នាក់គឺអាចធ្វើឱ្យស្ត្រីដទៃទៀតរឹងមាំតាមបាន៕

ចែករំលែកតាម៖