ផ្សោតកម្ពុជាកើនឡើងជាលើកដំបូងតែនៅប្រឈមការគំរាមកំហែង

ផ្សោតកម្ពុជាកើនឡើងជាលើកដំបូងតែនៅប្រឈមការគំរាមកំហែង

សត្វផ្សោតនៅខេត្តក្រចេះ (រូបភាពពី WWF)

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​នៅ​កម្ពុជា បាន​កើន​ឡើង​វិញ​រហូត​ដល់​៩២ក្បាល បន្ទាប់​ពី​សត្វ​ទឹក​ប្រភេទ​នេះ​ស្ទើរ​តែ​ជិត​ផុត​ពូជ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ។

ការ​ស្រាវជ្រាវ​ដែល​បាន​ធ្វើ​ឡើង​រួម​គ្នា​ដោយ​រដ្ឋបាល​ជលផល​និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ហៅ​កាត់​ថា WWF បាន​ចាត់​ទុក​ថា នេះ​ជា​កំណើន​ដំបូង​បង្អស់​ក្នុង​កំណត់​ស្រាវជ្រាវ​របស់​ខ្លួន​ជាង​២០ឆ្នាំ​មក​នេះ។

លោក អេង ជាសាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​មាន​ប្រសាសន៍​ថា ការ​សិក្សា​ទៅ​លើ​ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​នៅ​កម្ពុជា​នា​ពេល​ចុង​ក្រោយ​នេះ​គឺ​ទទួល​បាន​លទ្ធផល​ល្អ។ ក្នុង​នោះ​សម្រាប់​ឆ្នាំ២០១៧ សត្វ​ផ្សោត​ត្រូវ​បាន​រក​ឃើញ​ថា​មាន​៩២ក្បាល​ក្នុង​កម្រិត​ជឿជាក់​បាន​៩៥ភាគរយ ខណៈ​ចំនួន​ប៉ាន់​ប្រមាណ​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី​៨០​ទៅ​១០៦ក្បាល។

លោក អេង ជាសាន មាន​ប្រសាសន៍​ថា៖ «អត្រា​ស្លាប់​២% អត្រា​កំណើន​ប្រហែល​ជា១%។ ប៉ុន្តែ​អ្វី​ដែល​បាន​លើក​ឡើង​ហ្នឹង គឺ​គិត​ក្នុង​រយៈពេល​១០ឆ្នាំ​ទេ គឺ​ពី​ឆ្នាំ២០០៧​ដល់​ឆ្នាំ២០១៧។ តែ​បើ​យើង​ប្រៀបធៀប​ទៅ​រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ វា​វិជ្ជមាន​ច្រើន​ជាង។ ដូច្នេះ​នៅ​ឆ្នាំ​២០១៥​មាន​៨០ក្បាល ជា​មធ្យមភាគ ដល់​២០១៧ ឡើង​ដល់​៩២ក្បាល។ នេះ​ជា​ការ​សិក្សា​សហការ​រួម​គ្នា​រវាង​ដៃគូ​មាន​ការ​ចូលរួម​ពី​សកលវិទ្យាល័យ​ល្បីៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក អ្នក​បច្ចេកទេស​ចូលរួម ក្រោម​ការ​សម្រប​សម្រួល​ពី​អង្គការ WWF»។

លោក អេង ជាសាន អះអាង​បន្ថែម​ទៀត​ថា កំណើន​ជា​ប្រវត្តិសាស្ត្រ​នេះ​ក៏​ព្រោះ​តែ​មាន​ការ​ចុះ​ល្បាត​ដ៏​មាន​ប្រសិទ្ធភាព​ពី​សំណាក់​ក្រុម​ឆ្មាំ​ទន្លេ​និង​ការ​រឹបអូស​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដែល​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​សត្វ​ផ្សោត​ងាប់។

លោក សេង ទៀក នាយកអង្គការ WWF
លោក សេង ទៀក នាយកអង្គការ WWF

បើ​តាម​អង្គការ WWF ក្នុង​អំឡុង​ពេល​ជាង​២ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​អភិរក្ស​បាន​ដក​ហូត​មង​នេសាទ​ខុស​ច្បាប់​ពី​តំបន់​ជម្រក​សត្វ​ផ្សោត​ស្នូល​ ប្រវែង​៣៥៨គីឡូមែត្រ។ ចំនួន​មង​នេសាទ​ខុស​ច្បាប់​នេះ​មាន​ប្រវែង​ស្ទើ​រតែ​ស្មើ​ទ្វេ​ដង​នៃ​ប្រវែង​ខ្សែ​ទន្លេ​ជម្រក​របស់​សត្វ​ផ្សោត​ដែល​មាន​ប្រមាណ​១៩០គីឡូម៉ែត្រ។ ជាង​នេះ​ទៅ​ទៀត ប្រភព​ដដែល​បន្ត​ថា ក្នុង​រយៈពេល​ដូច​គ្នា​នេះ ក្រុម​អ្នក​អភិរក្ស​ក៏​រឹបអូស​សន្ទូច​ខុស​ច្បាប់​បាន​ជាង​២ម៉ឺន​ម៉ែត្រ​លើ​ដង​ទន្លេ​នេះ​ផង​ដែរ។ អ្វី​ទាំង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កត្តា​ចម្បង​ដែល​នាំ​ឱ្យ​សត្វ​ផ្សោត​បាន​ស្លាប់។

នាយក​អង្គការ WWF លោក សេង ទៀក បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ ថវិកា​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​នោះ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​១៤​ម៉ឺន​ដុល្លារ ត្រូវ​បាន​ចំណាយ​សម្រាប់​ការ​ការពារ​និង​អភិរក្ស​សត្វ​ផ្សោត​នៅ​ទន្លេ​មេគង្គ​ឱ្យ​មាន​កំណើន​ឡើង​វិញ។

លោក សេង ទៀក បន្ត​ថា លទ្ធផល​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ២០១៧ នៃ​ការ​កើន​ឡើង​ចំនួន​ផ្សោត​គឺ​ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ព្រោះ​ប្រភេទ​សត្វ​ផ្សោត​ដ៏​កម្រ​នេះ​ក៏​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។

លោក សេង ទៀក ប្រសាសន៍​ថា៖ «សត្វ​ផ្សោត​គឺ​ជា​ចំណែក​មួយ​នៃ​ផលិតផល​ថ្មី ផលិតផល​ទេសចរណ៍ ដែល​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​យ៉ាង​សកម្ម ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទៅ​លើ​ការ​ទាញ​អ្នក​ទេសចរ ដើម្បី​ទៅ​ទស្សនា​ក្នុង​តំបន់​ហ្នឹង… បើ​យើង​កាត់​ត្រឹម​៥% នៃ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​នៅ​តំបន់​សៀមរាប មក​ទស្សនា​សត្វ​ផ្សោត ហើយ​ពន្យារ​ការ​ស្នាក់នៅ​តែ​១អាទិត្យ​ទៀត​ ខ្ញុំ​ជឿ​ថា នឹង​បាន​ផលប្រយោជន៍​ច្រើន»។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​តំបន់​អភិរក្ស​និង​ការពារ​សត្វ​ផ្សោត ដោយ​ហាម​ប្រាម​ការ​ប្រើប្រាស់​មង​នេសាទ​នៅ​ក្នុង​តំបន់​ស្នូល​នៃ​ដែន​ជម្រក​សត្វ​ផ្សោត​ដែល​លាត​សន្ធឹង​ប្រវែង​១៩០គីឡូម៉ែត្រ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ចន្លោះ​ពី​ទី​រួម​ខេត្ត​ក្រចេះ​និង​ព្រំ​ប្រទល់​ប្រទេស​ឡាវ​ក្នុង​គោល​បំណង​ការពារ​សត្វ​ផ្សោត​ពី​ការ​ជាប់​ដោយ​ចៃដន្យ​ទៅ​នឹង​មង​នេសាទ​ផង​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ សេង ទៀក។

លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល អ្នកសម្របសម្រួលការងារអភិរក្សជាមួយអង្គការ WWF
លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល អ្នកសម្របសម្រួលការងារអភិរក្សជាមួយអង្គការ WWF

យោង​តាម​ឯកសារ​ស្តី​ពី​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ក្នុង​ឆ្នាំ២០១៧ សត្វ​ផ្សោត Irrawaddy Brevirostris ឬ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​គឺ​ជា​សត្វ​ផ្សោត​ទឹក​សាប​មួយ​ប្រភេទ​ក្នុង​ចំណោម​សត្វ​ផ្សោត​ទឹក​សាប​សរុប​ចំនួន​៧ប្រភេទ​ក្នុង​ពិភពលោក។ សត្វ​ផ្សោត​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ចលករ​នៃ​សុខភាព​របស់​ប្រព័ន្ធ​ទន្លេ​មេគង្គ​ដែល​ប្រជាជន​ប្រមាណ​៦០លាន​នាក់​កំពុង​ពឹង​អាស្រ័យ​ សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ជាង​នេះ​ទៅ​ទៀត​ សត្វ​ផ្សោត​ទន្លេ​មេគង្គ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ជា​រតនសម្បតិ្តជាតិ​មាន​ជីវិត​សម្រាប់​វិស័យ​ទេសចរណ៍​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត របាយការណ៍​របស់​រដ្ឋបាល​ជលផល​បង្ហាញ​ថា ចំនួន​សត្វ​ផ្សោត​ដែល​មិន​ទាន់​កំណត់​អត្តសញ្ញាណ​មាន​ការ​កើន​ឡើង​ពី​ចំនួន​១៣ក្បាល​ក្នុង​ឆ្នាំ២០១៥ ទៅ​១៨ក្បាល​ក្នុង​ឆ្នាំ២០១៧។ ក្នុង​នោះ​កូន​ផ្សោត​ចំនួន​១២ក្បាល ត្រូវ​បាន​កត់​ត្រា​ក្នុង​ឆ្នាំ២០១៥ ចំនួន​១១ក្បាល​ត្រូវ​បាន​កត់​ត្រា​ក្នុង​ឆ្នាំ២០១៦ និង​កូន​ផ្សោត​ចំនួន​៩ក្បាល​ត្រូវ​បាន​កត់ត្រា​ក្នុង​ឆ្នាំ២០១៧ ខណៈ​ចំនួន​សត្វ​ផ្សោត​១៧ក្បាល ត្រូវ​បាន​ស្លាប់​ក្នុង​រយៈពេល​ដូច​គ្នា​នេះ។

លោក ផៃ សុម៉ានី អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល ​អ្នក​សម្របសម្រួល​ការងារ​អភិរក្ស​ជាមួយ​អង្គការ WWF បាន​ឱ្យ​ដឹង​ថា បើ​ទោះ​បី​ជា​ចំនួន​សត្វ​ផ្សោត​មាន​ការ​កើន​ឡើង​ក៏​ដោយ ក៏​លោក​ទាមទារ​ឱ្យ​មាន​ការ​អភិរក្ស​បន្ថែម​ទៀត ដោយសារ​ផ្សោត​ទាំង​នេះ​ក៏​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​សកម្មភាព​មនុស្ស​និង​ធម្មជាតិ​ដូច​ជា​ការ​ជាប់​មង​នេសាទ ការ​បំពុល ការ​បោក​គ្រាប់​បែក​កែច្នៃ​ដើម្បី​ធ្វើ​នេសាទ​ខុស​ច្បាប់ សកម្មភាព​នាវាចរណ៍ និង​ការ​សាងសង់​វារីអគ្គិសនី​ជាដើម៕

ចែករំលែកតាម៖